កុមារដែលនៅមានប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខនឹងជម្ងឺច្រើនប្រភេទ។ ជម្ងឺផ្លូវដង្ហើមជាបញ្ហាមួយគំរាម កំហែងដល់កុមារកម្ពុជាជាច្រើន។ ជម្ងឺផ្លូវដង្ហើមរួមមានជម្ងឺជាច្រើនដែលទាក់ទងនឹងផ្លូវដង្ហើមលើ និងផ្លូវដង្ហើមខាងក្រោមរបស់កុមារ ជាពិសេសជម្ងឺរលាកសួតកុមារ។ ជម្ងឺរលាកសួតកុមារ ប្រសិនបើយើងមិនបានព្យាបាលវាឱ្យបានទាន់ពេលវេលានោះទេ កុមារអាចស្លាប់បាន។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺរលាកសួតកុមារនេះ មកបកស្រាយជូនលោកអ្នកអានទុកជាការស្វែងយល់ និងដើម្បីបង្ការបុត្រធីតាលោកអ្នកពីជម្ងឺនេះ តាមរយៈបទសម្ភាស៍ជាមួយលោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ។
ជម្ងឺរលាកសួតកុមារ ជាអ្វី?
ជម្ងឺរលាកសួត គឺសំដៅដល់រលាកទៅលើសាច់សួតជាប្រភេទជម្ងឺមួយដែលងាយនឹងកើតចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ៥ឆ្នាំ។ ជម្ងឺនេះអាចឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀតបានដោយសារការដកដង្ហើម ដែលមានទំនាក់ទំនងនឹងបរិយាកាសខាងក្រៅ។ សួតមានទំហំធំ ប្រសិនបើលាតត្រដាងនៅខាងក្រៅប្រអប់ទ្រូង សួតមានទំហំប្រមាណជា២០០ម៉ែត្រ ការ៉េនៅលើមនុស្សពេញវ័យ។ ដូច្នេះសួតហាក់ដូចជានៅកណ្ដាលវាល ដែលអាចរងនូវធូលីដី បាក់តេរី ឧស្ម័ន និងមេរោគដែលមាន នៅក្នុងបរិយាកាស។
រោគសញ្ញាជម្ងឺរលាកសួតកុមារ
កុមារច្រើនមានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និងពិបាកដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំងមានទារ៉ាស៍ដែលជាសញ្ញាផតផ្នែកខាងក្រោមនៃឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះមើលឃើញច្បាស់នៅពេលកុមារដក ដង្ហើមចូល កុមារអាចមានស្វាយបបូរមាត់ និងអណ្ដាត។
មូលហេតុបង្កជម្ងឺរលាកសួត
ជម្ងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូលតែងតែមានប៉ះពាល់មេរោគទាំងនោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជម្ងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើមដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើតជម្ងឺរលាកសួតបាន។ គ្រប់ជម្ងឺរលាកសួត មិនមែនសុទ្ធតែអាចកើតឡើងដោយសារមេរោគបង្កនោះទេ ធូលីដី ឬសារធាតុគីមីដែលដកដង្ហើមចេញចូលក៏អាចជាដើមហេតុផងដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។
វិធីព្យាបាលជម្ងឺរលាកសួត
ដើម្បីធ្វើការព្យាបាលជម្ងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជម្ងឺរលាកសួតនេះបង្កមកពីមូលហេតុអ្វី ដើម្បីស្រួលធ្វើការព្យាបាល។ ដោយសារជម្ងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាលក៏ត្រូវអនុវត្ដទៅតាមមូលហេតុបង្កដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬក៏សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលជាទូទៅរួមមាន ៖
ផលវិបាករបស់ជម្ងឺរលាកសួត
ជម្ងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជម្ងឺរលាកសួតអាចបង្កឱ្យមានជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជម្ងឺទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។
វិធានការការពារជម្ងឺរលាកសួត
ដើម្បីការពារជម្ងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញត្រូវតែស្អាត និងមាន អនាម័យជានិច្ច។ នៅពេលទៅណាមកណាត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាននរណាម្នាក់នៅក្នុងក្រុម គ្រួសារមានជម្ងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារនៅក្បែរអ្នកជម្ងឺទាំងនោះទេ។ សូមឪពុកម្ដាយយកបុត្រធីតាដែលមានអាយុក្រោម ៥ឆ្នាំទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះអាចជួយឱ្យកូនរបស់លោកអ្នកមានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំងទប់ទល់នឹងមេរោគផ្សេងៗបានច្រើន ជាពិសេសកុមាអាចធន់នឹងជម្ងឺបាន។
មួយវិញទៀត ដោយសារតែជម្ងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជម្ងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជម្ងឺរបេង អ្នកជម្ងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំងដើម្បីបង្ការជម្ងឺរលាកសួត និងជម្ងឺ ផ្សេងៗពីកូនរបស់លោកអ្នក។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជម្ងឺកុមារ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply