ការលាបសក់ពណ៌ធ្វើឱ្យសក់ស្អាត ប៉ុន្ដែការលាបសក់ពណ៌ក៏មានផលប៉ះពាល់ដល់សក់ នៅពេលដែលសុភាពនារីមិនបានយកចិត្ដទុកដាក់នៅក្នុងការថែរក្សាឱ្យបានល្អនោះ។ ការលាបសក់ពណ៌ជារឿងមួយដែលងាយស្រួល ប៉ុន្ដែមានតែការថែរក្សាទេ ដែលលំបាក ហើយកាន់តែលំបាកនៅពេលដែលសក់របស់លោកលោកស្រីអ្នកនាងកញ្ញាមានបញ្ហា។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាង ការលុច្ស ដើម្បីពន្យល់អំពីវិធីថែរក្សាសក់ពណ៌។
សារៈប្រយោជន៍នៃការលាបពណ៌សក់
ជាការពិតណាស់ការលាបពណ៌សក់អាចបន្ថែមសោភ័ណភាពដល់ផ្ទៃមុខរបស់សុភាពនារីបានមួយកម្រិត ព្រោះធ្វើឱ្យសក់ មានពណ៌ស្អាត និងសមទៅតាមចិត្ដរបស់អ្នកលាប។ ចំពោះសុភាពនារីគ្រប់រូបបើសិនជាបានលាបពណ៌សក់ត្រូវតាមក្បួនខ្នាតនោះ ការលាបពណ៌សក់ប្រាកដជាធ្វើឱ្យសក់របស់លោកអ្នកមានភាពស្រស់ស្អាត រលោង អាចរក្សាពណ៌បានយូរ មិនមានបញ្ហាចំពោះស្បែកក្បាល និងសរសៃសក់ឡើយ។
ការថែរក្សាសក់ពណ៌
ដើម្បីឱ្យសក់ស្អាតស្ដ្រីគ្រប់រូបត្រូវតែជ្រើសរើសនូវផលិតផលដែលមានសារជាតិចិញ្ចឹមសរសៃសក់ និងការពារសក់។ ថ្នាំពណ៌លាបសក់ដែលគ្មានគុណភាព ធ្វើឱ្យសរសៃសក់បាត់បង់ជាតិទឹក និងជាតិប្រេង។ ដូចនេះមិត្ដនារីទាំងអស់ត្រូវប្រើប្រាស់ផលិត ផលសម្រាប់ចិញ្ចឹមសក់ ដើម្បីការពារកុំឱ្យសក់ខូច ធ្វើឱ្យសក់នៅតែស្អាតបែបធម្មជាតិ ជាពិសេសមិនត្រូវឱ្យសក់ត្រូវកម្ដៅថ្ងៃញឹកញាប់ពេក ព្រោះកម្ដៅថ្ងៃអាចធ្វើឱ្យសក់ខូចបាន។
ប្រការគួរចៀសវាងក្នុងការលាបពណ៌សក់
មានប្រភេទថ្នាំលាបសក់ប្រភេទខ្លះ នៅពេលលាបនៅលើសក់ គឺអាចធ្វើឱ្យស្បែកក្បាលរមាស់ឡើងក្រហមជាដើម ករណីទាំងនេះគឺកើតឡើងដោយសារតែគុណភាពនៃផលិតផលដែលមិនមានប្រភពច្បាស់លាស់។ ដើម្បីចៀសវាងចំពោះបញ្ហាទាំងនេះ សុភាពនារីគ្រប់រូបគួរតែប្រើប្រាស់ថ្នាំលាបសក់ដែលមានគុណភាព ជាថ្នាំដែលមានជាតិជំនួយដល់សក់ គ្មានជាតិគីមី។ ដើម្បីឱ្យសក់ស្អាត សុភាពនារីមិនត្រូវផ្លាស់ប្ដូរពណ៌សក់ញឹកញាប់ពេក។ ចំណែកឯការផ្លុំសក់ ឬគាបសក់ក៏មិនគួរញឹកញាប់ពេកនោះដែរ។ សុភាពនារីមិនត្រូវប្រើប្រាស់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ទេ ព្រោះធ្វើឱ្យសក់ផុយស្រួយបែកចុង ឆាប់បាក់ មានសរសៃ សក់ខ្លះគឺដាច់មកទាំងឫសតែម្ដង។
ដំបូន្មានអ្នកជំនាញ
ដើម្បីកុំឱ្យកើតមាននូវបញ្ហា មិត្ដនារីទាំងអស់គួរជ្រើសរើសផលិតផលដែលមានគុណភាព។ ដើម្បីឱ្យសក់ស្អាតមិត្ដនារីទាំងអស់គួរតែយកចិត្ដទុកដាក់ចំពោះសក់ឱ្យបានដិតដល់ មិនត្រូវធ្វេសប្រហែសឡើយ។ ហើយបើមានបញ្ហា ស្ដ្រីគ្រប់រូបគួរតែទៅពិភាក្សាជាមួយអ្នកជំនាញដើម្បីរកវិធីការពារ និងព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply