កុមារដែលមានអាយុក្រោម៣ឆ្នាំ គឺជាក្មេងតូចដែលមិនទាន់ចេះទំពាអាហារបានម៉ត់ល្អនោះទេ។ កុមារដែលមានវ័យប្រហែលនេះអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដែលលោកអ្នកមិនអាចស្មានដល់ ជាហេតុអាចធ្វើឱ្យស្លាប់បាន។ ហើយគ្រោះ ដែលតែងតែជួបប្រទះញឹកញាប់នោះ គឺការស្លាក់នូវវត្ថុផ្សេងៗដែលមាននៅជុំវិញខ្លួនរបស់កុមារ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ នឹងប្រាប់អំពីវិធីការពារការស្លាក់ចំពោះកុមារ ដើម្បីឱ្យលោកអ្នកបានជ្រាប និងការពារកុំឱ្យកើតមានបញ្ហាស្លាក់។
អ្វីទៅជាការស្លាក់?
ការស្លាក់គឺនៅពេលដែលមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងផ្លូវដង្ហើម ហើយធ្វើឱ្យស្ទះផ្លូវដង្ហើមមិនអាចដកដង្ហើមបាន។ ការស្លាក់ អាចបណ្ដាលឱ្យកុមារស្លាប់ភ្លាមៗ។
តើកុមារម្នាក់អាចរងគ្រោះបានយ៉ាងដូចម្ដេច?
ក្មេងម្នាក់អាចស្លាក់ចំណីអាហាររឹង គ្រាប់ផ្លែឈើ របស់របរតូចៗសម្រាប់លេង ឬវត្ថុរឹងផ្សេងៗទៀត។ ការស្លាក់ធ្វើឱ្យពិបាក ដកដង្ហើម និងអាចស្លាប់បាន។ គ្រប់វត្ថុដែលទំហំតូចជាង៣៥មីលីម៉ែត្រ សុទ្ធតែអាចធ្វើឱ្យក្មេងអាយុក្រោម៣ឆ្នាំស្លាក់បានយ៉ាងងាយ ហើយវត្ថុទាំងនោះមានដូចជា ៖
– ទឹកដោះគោ ចំពោះទារកដែលបៅដោយគ្មានអ្នកចាំមើល
– ចំណិតផ្លែឈើស្រស់ដែលរឹងៗ គ្រាប់ផ្លែឈើ សម្បកផ្លែឈើ
– ដុំសាច់តូចៗ ឬឆ្អឹង
– គ្រាប់ពោតដែលស្ងោរឬលីង ឬឈូស
– បំណែកប្លាស្ទិច ស្ករគ្រាប់ កញ្ចប់រុំស្ករគ្រាប់
– ឡេវ កាក់ សម្ភារៈសម្រាប់ដេរប៉ាក់
– សម្ភារៈសម្រាប់ក្មេងលេង។ល។
ផ្លូវដង្ហើមកុមារមានទំហំតូច ដែលងាយនឹងស្ទះជិត។ កុមារតូចៗចូលចិត្ដរើសរបស់ផ្សេងៗដាក់ចូលក្នុងមាត់ ដោយពុំបានដឹង ពីគ្រោះថ្នាក់ឡើយ។ ក្មេងអាចចេះទំពាអាហារបានល្អ នៅពេលដែលមានអាយុប្រហែល៤ឆ្នាំ។ ដូច្នេះមាតាបិតា អាណាព្យាបាល ឬអ្នកមើលថែរក្សាកុមារគួរគប្បីប្រុងប្រយ័ត្នជានិច្ច និងត្រូវចេះវិធីការពារដើម្បីកុំឱ្យកុមាររងគ្រោះដោយការស្លាក់ ជាពិសេសចំពោះ ក្មេងអាយុក្រោម៣ឆ្នាំ។
វិធីជួយសង្គ្រោះចំពោះកុមារស្លាក់
ប្រសិនបើក្មេងនោះមិនដកដង្ហើមទេ សូមសាកល្បងយកវត្ថុស្លាក់ចេញ ដោយលោកអ្នកត្រូវអង្គុយលើកៅអីមាំមួយ ដាក់ ក្មេងនោះដេកផ្កាប់លើភ្លៅទាំងពីររបស់លោកអ្នក ដោយឱ្យខាងក្បាលរាងទាបជាងទ្រូងបន្ដិច រួចទះខ្នងកុមារនោះ៤ដងត្រង់ចន្លោះ ស្លាបប្រចៀវទាំងពីរឱ្យខ្លាំងល្មមអាចបញ្ចេញវត្ថុស្លាក់នោះបាន។ រួចពិនិត្យមើលដង្ហើមឡើងវិញ ប្រសិនបើនៅតែគ្មានដង្ហើម សូម ទូរស័ព្ទហៅឡានពេទ្យជាបន្ទាន់។ បុគ្គលិកឡានពេទ្យនឹងអាចណែនាំលោកអ្នកថាត្រូវធ្វើអ្វីទៀតមុនពេលឡានពេទ្យទៅដល់។
ដំបូន្មានអ្នកជំនាញ
មាតាបិតា អាណាព្យាបាល ឬអ្នកមើលថែក្មេងត្រូវតាមមើលកូនរបស់លោកអ្នកជាប់ជានិច្ច។ ប្រសិនបើមានវត្ថុអ្វីមួយតូច ជាង៣៥មីលីម៉ែត្រ វាអាចធ្វើឱ្យក្មេងអាយុក្រោម៣ឆ្នាំស្លាក់បាន។ ត្រូវពិនិត្យមើលរបស់ក្មេងលេង ដែលអាចមានបំណែកតូចៗ ដែលក្មេងអាចដាក់ក្នុងមាត់ ច្រមុះ ឬត្រចៀកបាន។ លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវយកចិត្ដទុកដាក់បំផុតចំពោះកូនៗ របស់លោកអ្នក។
Leave a Reply