បំបៅ​ទារក​ពេលយំ​នាំឱ្យ​ឈ្លក់

មានការ​កត់​សម្គាល់​ជាទូទៅ​មួយបាន​ឱ្យដឹង​ថា នៅពេល​ក្មេងយំ​ប្រាកដ​ជាឃ្លាន​បៅ។ ហេតុនេះ​ហើយ​ពេល​ទារក​កំពុង​តែ​ក្រេវ​ក្រោធ យំ​អណ្ដឺត​អណ្ដក ម្ដាយ​តែងតែ​បង្ខំ​ឱ្យកូន​បៅដោយ​មិនបាន​ចាប់​អារម្មណ៍​ចំពោះ​ផល​ប៉ះពាល់​ពេល​បំបៅ​ដោះ​ទារក ពេល​កំពុង​យំ​នោះទេ។ រហូត​មាន​ពេលខ្លះ​ធ្វើឱ្យ​ទារក​នោះ​ឈ្លក់​ទឹកដោះ​ស្ទើរតែ​ផុត​ដង្ហើម​ម្ដងៗ ដោយ​សារតែ​ការ​បង្ខិត​បង្ខំ​ទារក​ឱ្យ​ទទួល​យក​ទឹកដោះ​ពី​ម្ដាយ ដើម្បី​លួងលោម​កូន​កុំឱ្យ​យំ​បន្ដទៅ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាបយើង

ពេលនេះ​ទស្សនាវដ្ដី សុខភាព​យើង បាន​លើកយក​ផល​ប៉ះពាល់​ការ​បំបៅ​ទារក​ពេល​យំ​មក​បកស្រាយ​ជូន ដោយ​មាន​ការ​សហការណ៍​ពី​លោក​វេជ្ជបណ្ឌិត ពៅ លីណា ប្រធាន​ផ្នែក​គាំពារ​មាតា និង​ទារក នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។

ពេល​ទារក​ចាប់ផ្ដើម​យំ

ម្ដាយ​ម្នាក់ៗ​បានគិត​ថា នៅពេល​ដែលកូន​ស្រែកយំ​នោះ គឺកូន​របស់ខ្លួន​ប្រាកដ​ជាឃ្លាន។ ពេលនោះ​ហើយ​វិធី​ដើម្បី​លួង លោម និង​បញ្ឈប់​ការ​ស្រែកយំ​របស់​កូន​គឺការ​បំបៅ​ដោះ។ ប៉ុន្ដែ​ការ​បំបៅ​ទៀត​សោត​ស្ដ្រី​ជាម្ដាយ​មិនបាន​ចាប់​អារម្មណ៍​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​ផល​ប៉ះពាល់​ចំពោះ​ទារក​នោះឡើយ ដោយធ្វើ​យ៉ាងណា​ជំរុញ​មាត់កូន​ឱ្យ​បៀម​ក្បាលដោះ​ជានិច្ច។ ដោយ​ឡែក​ចំពោះ ទារក​មួយ​ចំនួន ទោះបីជា​ទទួលទាន​ទឹកដោះ​ម្ដាយ​ហើយ​នៅតែ​យំ​ស្រែក​ដដែល ទារក​នោះអាច​មាន​បញ្ហា​ផ្នែក​សុខភាព។

ផល​ប៉ះពាល់​ការ​បំបៅ​ទារក​ពេល​យំ

នៅពេល​ដែល​ទារក​កំពុងតែ​ស្រែក​យំហើយ​ម្ដាយ​ប្រញាប់​បំបៅ​កូនពេក ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ៖

1 . ពេលដែល​ទារក​យំនោះ វាបាន​បង្ហាញ​ពី​ប្រតិកម្ម​ប្រឆាំង​ដោយ​អារម្មណ៍​មិន​សប្បាយ​ចិត្ដ ហើយ​រើ​បម្រះ​គេចពី​ដោះ​ម្ដាយ ទោះបី​វា​ប្រឹងប្រែង​ទទួល​យក​ការ​បៅដោះ​ពី​ម្ដាយ​នោះ​សារជាតិ​ទឹកដោះ​មិនអាច​ចូលទៅ​សរីរាង្គ​ដោយ​ងាយ​ស្រួល​នោះទេ អាច​បណ្ដាល​ឱ្យ​ឈ្លក់ ក្អក អាច​ភើ​ចេញ​មកវិញ ដែល​គេ​ហៅថា ក្អួត ដែល​អាច​ឱ្យ​ទារក​អាច​ខូច​សុខភាព​ជាយថា​ហេតុ។

2 . បើទារក​ព្រមបៅ​ក៏បៅ​មិន​ស្និទ្ធ​ដែរ ហើយ​ការ​បៅ​របស់​ទារក​មិនបាន​ច្រើន និងមិន​ឆ្អែត​ដូចពេល​ដែល​មិន​ស្រែក​យំ​នោះ​ឡើយ។ ម្យ៉ាងទៀត​នៅពេល​យំ ទារក​បៅ​មិន​ស៊ប់​នឹង​ក្បាល​ដោះ ហើយ​ការហូរ​ទឹកដោះ​របស់​ម្ដាយ​ក៏មិន​បាន​បញ្ចេញ​គ្រប់គ្រាន់ សម្រាប់​ឱ្យ​ទារក​នេះ​ទទួល​យក ដោយ​សារ​តែ​ក្រពេញ​ទឹកដោះ​របស់​ម្ដាយ​មិនបាន​រំញោច​ដល់​ខួរក្បាល។

3 . ដើម្បី​ឱ្យ​ទារក​ទទួល​ទឹកដោះ​ម្ដាយ​បាន​គ្រប់គ្រាន់ ឬ​ពេញ​លេញ និង​សម្រួល​ដល់ការ​ទទួល​បានដល់​ការ​ចិញ្ចឹម​របស់​សរីរាង្គ​កាយ គួរតែ​រក​មូលហេតុ​លួងលោម​ទារក​ឱ្យ​បាត់យំ​សិន សឹម​បំបៅ​ទារក។ ពេលនោះ​ទឹកដោះ​នឹងរត់​ទៅ​ចិញ្ចឹម​សរីរាង្គ ផ្សេងៗ​បាន​ប្រសើរ ហើយ​ទារក​ក៏ឆាប់​ធំធាត់​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ទារក​ស្ថិត​ក្រោម​អាយុ​៦ខែ ម្ដាយ​ត្រូវយក​ចិត្ដទុក​ដាក់​ថែរក្សា​ទារក​ឱ្យបាន​ល្អ ត្រូវ​ជ្រើសរើស​ពេល​វេលា​សមស្រប​ដើម្បី​បំបៅ​ដោះ។ ព្រោះ​បើ​រង់ចាំ​ទាល់តែ​ទារក​យំខ្លាំង​ហើយ ទើប​បំបៅ​នោះអាច​ធ្វើឱ្យ​មានការ​ប៉ះពាល់ ដូចជា​ការ​ឈ្លក់ ក្អក អាច​បណ្ដាល​ឱ្យ​ទារក​ទទួល​យក​ទឹកដោះ​មិន​គ្រប់គ្រាន់ នាំឱ្យ​ទារក​រឹតតែ​យំ​កាន់តែ​ខ្លាំង​ថែមទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *