ការ​ធ្វើតេស្ដ​វាស់​កម្រិត​ជាតិស្ករ

គេអាច​ដឹងថា​បុគ្គល​ណាម្នាក់​កើត​ជម្ងឺ​ទឹក​នោមផ្អែម​តាមរយៈ​ការ​ធ្វើ​តេស្ដ​ជាតិស្ករ​នៅក្នុង​ឈាម​របស់​គេ។ ប៉ុន្ដែ​គេ​ក៏​អាច សម្គាល់​​តាម​រយៈ​សញ្ញា​សម្គាល់​មួយ​ចំនួន​ផងដែរ ដូចជា​ការ​បត់ជើង​តូច​ជា​ញឹក​ញាប់ ជា​ពិសេស​នៅ​ពេល​យប់ ការ​ស្រេកទឹក​ខុស​ពី​ធម្មតា ការ​វិល​មុខ ការឃ្លាន​ខុស​ពី​ធម្មតា ការ​អស់កម្លាំង​ខ្លាំង ការ​ស្រក​ទម្ងន់​ជា​ដើម។ រោគ​សញ្ញា​ទាំងនេះ​មិនអាច​សន្មត​មួយ​រយ​ភាគរយ​ថា​អ្នក​នោះ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ទេ វា​គ្រាន់តែ​ជា​រោគ​សញ្ញា​សង្ស័យ​ដើម្បី​ឱ្យ​ប្រាកដ លុះត្រា​ធ្វើ​តេស្ដ​ជាតិ​ស្ករនៅ​ក្នុង​ឈាម​ជា​មុន​​សិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
សម្រាប់​លេខនេះ​លោកវេជ្ជ​បណ្ឌិត សុខ ប៊ុណ្ណា អ្នក​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៃ​គ្លីនិក​ទឹកនោម​ផ្អែម អាយ​អ៊ឹមអាយ រៀបរាប់​​ជម្រាប​ជូន​លោកអ្នក​អំពី​ការ​ធ្វើ​តេស្ដ​ឈាម​វាស់​កម្រិត​ជាតិស្ករ តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង។

វិធី​ធ្វើតេស្ដ​ឈាម​រក​កម្រិត​ជាតិស្ករ​​មាន​វិធី​មួយ​ចំនួន​ដែលអាច​ឱ្យ​គេដឹង​ពី​កម្រិត​ជាតិស្ករ​នៅក្នុង​ឈាម​របស់​បុគ្គល​ម្នាក់ៗ ដូចជា ៖

1. ការ​ជួស​ឈាម ៖ ជា​ការ​ពិនិត្យ​នូវជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អ្នក​ជម្ងឺ​ធ្វើ​ដោយ​ឯង​ផ្ទាល់ ឬ​ក៏​អ្នកជំនាញ​នៅ​មន្ទីរ​ពិសោធន៍។

2. ការ​បូម​ឈាម ៖ ជាការ​ពិនិត្យ​ជាតិស្ករ​ក្នុង​គ្រាប់​ឈាម​អាច​ធ្វើឡើង​ដោយ​មន្ទីរ​ពិសោធន៍ ឬ​ខ្លួន​អ្នក​ជម្ងឺផ្ទាល់​ផងដែរ
ដោយ​ប្រើ​ឧបករណ៍​ដើម្បី​ធ្វើតេស្ដ​ឈាម។

ក្រៅពី​មធ្យោបាយ​ខាងលើ គេ​អាច​ពិនិត្យ​ជាតិស្ករ​តាមរយៈ​ការ​ធ្វើតេស្ដ​ទឹកនោម។ ការ​ពិនិត្យ​នេះ​មិន​សូវ​មាន​ភាព​ច្បាស់​លាស់​ដូច​ការ​ជួសឈាម និង​បូមឈាម​ទេ ដោយ​សារ​តែ​ជាតិស្ករ​ដែល​មាន​ក្នុង​ទឹកនោម​អាច​ធ្វើ​បាន​ចំពោះ​តែអ្នក​ជម្ងឺ​ដែល​មាន​កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុង​ឈាម​ទៅ​ហើយ។ ជា​ទូទៅ​ការ​ពិនិត្យ​ទឹកនោម​នេះ​អាច​ធ្វើឡើង​ដោយ​ងាយ និង​អស់​តម្លៃ​ថោក​ជាង​ការ​​ធ្វើ​តេស្ដទាំង​ពី​រខាង​លើ។ ការ​ធ្វើ​តេស្ដរ​កកម្រិត​ជាតិស្ករ​គួរធ្វើ​ឡើង​នៅពេល​មុន​ទទួល​ទាន​អាហារ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​​ជាក់​លាក់។ លទ្ធផល​ដែល​អាច​យក​ជាការ​បាន​អាស្រ័យ​លើ​វិធី​នៃការ​ធ្វើ​តេស្ដ​ផង​ដែរ។

1. លទ្ធផល​នៃការ​ធ្វើ​តេស្ដ​តាមរយៈ​ជួសឈាម

  • ចន្លោះ​ពី៧០​ទៅ​១១០mgldi ៖ ធម្មតា (គ្មានជម្ងឺ)
  • ចន្លោះ​ពី១១៥​ទៅ១២៦​mgldi ៖ ត្រៀម​កើត​ជម្ងឺ​ទឹកនោម​ផ្អែម
  • លើសពី​១២៦mgldi ៖ កើត​ជម្ងឺ​ទឹកនោម​ផ្អែម
  • 2. លទ្ធផល​នៃការ​ធ្វើតេស្ដ​តាមរយៈ​ការបូម​ឈាម

  • ចន្លោះ​ពី៤​ទៅ៦​ភាគរយ ៖ ធម្មតា
  • ចន្លោះ​ពី៦​ទៅ៧​ភាគរយ ៖ ត្រៀមកើត​ជម្ងឺ​ទឹកនោម​ផ្អែម
  • លើស​ពី៧​ភាគរយ ៖ មាន​ជម្ងឺ​ទឹកនោម​ផ្អែម
  • អត្ថប្រយោជន៍​នៃការ​ធ្វើ​តេស្ដ​រក​កម្រិត​ជាតិ​ស្ករ​សម្រាប់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ អាច​ជួយ​ឱ្យ​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​តាម​ដាន​ពី​ស្ថានភាព​ជម្ងឺ​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ព្រមទាំង​អាច​ជួយ​ឱ្យ​អ្នក​ជម្ងឺ​ស្វែងរក​នូវ​វិធី​សាស្ដ្រ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ជាតិ​ស្ករ​ឱ្យ​ស្ថិត​នៅ​កម្រិត​ធម្មតា។ ជា​ឧទាហរណ៍ ប្រសិន​​បើ​អ្នក​ជម្ងឺ​ដឹងថា​កម្រិត​ជាតិ​ស្ករ​របស់​ខ្លួន​ខ្ពស់ ពេល​នោះ​អ្នកជម្ងឺ​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ​ទាក់ទង​ទៅនឹង​របប​អាហារ ការ​ធ្វើ​លំហាត់​​ប្រាណ ការ​ប្រើប្រាស់​ឱសថ​ជាដើម។ ការ​ធ្វើ​តេស្ដ​អាច​ឱ្យ​អ្នក​ជម្ងឺ​កែប្រែ​របប​អាហារ ធ្វើ​លំហាត់​ប្រាណ ឬ​ប្រើប្រាស់​ឱសថ​ឱ្យបាន​​ត្រឹមត្រូវ​តាម វេជ្ជបញ្ជា​ឡើង​វិញ ឬ​បន្ដ​តាម​ដាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​ប៉ះ​ពាល់​សរីរាង្គ​ក្នុង​ខ្លួន​ទៅ​ថ្ងៃមុខ​ទៀត។

    ដំបូន្មានអ្នកជំនាញ​​

    ដើម្បី​គ្រប់គ្រង​ជម្ងឺ​ទឹកនោម​ផ្អែម​ឱ្យមាន​ប្រសិទ្ធភាព លោក​អ្នក​ត្រូវ​ពិនិត្យ​តាមដាន​កម្រិត​ជាតិ​ស្ករ​ឱ្យបាន​ជាប្រចាំ​ ធ្វើ លំហាត់​​ប្រាណ​ឱ្យបាន​ទៀងទាត់ និង​បរិភោគ​អាហារ​ណា​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព។ ជា​ពិសេស​ជាងនេះ​ទៅទៀត​នោះ​លោកអ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​ទឹកនោម​ផ្អែម ចៀស​វាង​ការ​ទិញ​ឱសថ​ប្រើប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​បន្ថែម​លើ​ជម្ងឺ​ដែល​មាន​ស្រាប់​នោះ​ទៀត។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

    Categories: , , ,

    Leave a Reply

    Your email address will not be published. Required fields are marked *