ខណៈពេលនេះបញ្ហាសេដ្ឋកិច្ចពិភពលោកនៅតែបន្ដជាប់គាំងពុំទាន់មានច្រកចេញណាមួយ សម្រាប់ជាដំណោះស្រាយនៅ ឡើយទេ។ មួយរយៈពេលចុងក្រោយនេះតម្លៃប្រេងសាំង និងម៉ាស៊ូតក្នុងប្រទេសកម្ពុជាហាក់បីដូចជាមានសន្ទុះឡើងវិញមិនសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកឡើយ។ កត្ដានេះកំពុងតែប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នាំឱ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូតបន្ដឡើងថ្លៃយ៉ាងគឃ្លើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនក្រឡេក មើលទីផ្សារប្រេងពិភពលោក។ប្រេងឡើងថ្លៃ ប្រជាពលរដ្ឋត្រដរខ្យល់
បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះ ធ្វើឱ្យកំណើននូវអ្នកវិនិយោគជាច្រើនបានចុះថយជាលំដាប់ ធ្វើឱ្យប្រទេសកម្ពុជាបានរងនូវសម្ពាធសាយភាយយ៉ាងគំហុក ផ្ដល់ភាពប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមហ៊ុននានា ដែលជាកម្លាំងចលករបោះទុនមករកស៊ីនៅកម្ពុជា។ ដោយឡែកចំពោះតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជាក៏ចាប់ចុះផងដែរ ពីតម្លៃមួយលីត្រ៥៦០០រៀលមកត្រឹម៣០០០រៀលគួរជាទីរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនដែលប្រកបរបរកស៊ីរត់ម៉ូតូឌុប និងតាក់ស៊ីបានធ្វើការស្វាគមន៍យ៉ាងខ្លាំងបន្ទាប់ពីមានការបញ្ចុះតម្លៃប្រេងដោយនឹកស្មានមិនដល់។ ប៉ុន្ដែចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០០៩មកនេះ តម្លៃប្រេងសាំង ហាក់បីដូចជាងើបឡើងវិញជាលំដាប់ បើទោះបីជាប្រេងសាំងនៅតាមបណ្ដាប្រទេសមួយចំនួនមិនទាន់ប្រកាសតម្លៃសមស្របណាមួយ ឱ្យស៊ីចង្វាក់ទៅនឹងតម្លៃទីផ្សារបច្ចុប្បន្នក៏ដោយ ក៏ប្រទេសកម្ពុជាអាចប្រឈមមុខទៅនឹងបញ្ហាប្រេងថែមទៀតនាពេលខាងមុខនេះ។ បើគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩នេះតម្លៃប្រេងសាំងនៅតាមស្ថានីយនានាមានតម្លៃរហូតដល់៤២០០រៀល ដែលជាតម្លៃមួយ ខ្ពស់បើប្រៀបនឹងប្រាក់ចំណូល ព្រមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចនាពេលនេះ។
កម្ពុជាអាចក្លាយជាថៅកែប្រេង
កន្លងមកក្រុមហ៊ុនប្រេងអាមេរិកមួយបានប្រកាសថានឹងផ្ដល់លាភសក្ការៈមួយយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា ដែលអាចទាញផលបានមកពីការរុករកប្រេងនៅតំបន់សមុទ្រកម្ពុជានៅក្នុងឆ្នាំ២០១១ខាងមុខនេះ ដោយរកប្រាក់ចំណូលបានចំនួន១៧៤លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ប៉ុន្ដែរហូតមកទល់ពេលនេះហាក់បីដូចមិនទាន់ប្រកាសជាផ្លូវការនៅឡើយអំពីចរន្ដចេញចូលនៃកំណើនប្រេងនៅឡើយនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្ដដាក់ទៅលើការរុករកប្រេងរបស់ក្រុមហ៊ុនទាំងនោះ ដើម្បីជាសេចក្ដីតម្រូវការមួយសម្រាប់ពលរដ្ឋកម្ពុជាទូទៅក្នុងការប្រកបអាជីវកម្មផ្សេងៗ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុនមកពីប្រទេសជប៉ុនមួយផ្សេងទៀតបានធ្វើសំណើជូនទៅសម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន ដើម្បីសុំសិទ្ធិរុករកប្រេងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជា ដែលតំបន់នោះត្រូវបានអ្នកជំនាញការរបស់ប្រទេសជប៉ុនធ្វើការស្រាវជ្រាវ រកឃើញថាមាន៤តំបន់ជាទីតាំងដែលសម្បូរទៅដោយជាតិប្រេង។ លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចនាយករដ្ឋមន្ដ្រីបានឱ្យដឹង ថាលោក យ៉ូសីយុគី ការហ្គាវ៉ា ប្រធានក្រុមហ៊ុន“ម៉ូអូកូ”បានប្ដេជ្ញាចិត្ដថា នឹងចូលរួមក្នុងការ
រុករកប្រេងក្នុងតំបន់៤ ហើយក្រុមហ៊ុននេះ ក៏បានដាក់សំណើទៅអាជ្ញាធរប្រេងកាតរួចហើយដែរ។ លោក អ៊ាង សុផល្លែត បានបន្ដទៀតថា អនាគតប្រទេសកម្ពុជាអាចទទួល ប្រាក់ចំណូលបានមកពីការរុករកប្រេងយ៉ាងច្រើនលើសលប់ ហើយតម្លៃប្រេងនៅលើទីផ្សារប្រទេសកម្ពុជាក៏មានតម្លៃសមរម្យ សម្រាប់បម្រើការឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ព្រោះសម្ដេចនាយករដ្ឋមន្ដ្រីបានស្វាគមន៍ចំពោះការស្នើសុំរបស់ក្រុមហ៊ុន “ម៉ូអូកូ”នេះ ដោយសម្រេចដោយមានការដេញថ្លៃទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply