នៅពេលនេះ គេកំពុងរកឃើញថាករណីភាគច្រើនគឺមកពីប្រទេសក្រៅ ដូចជាសហរដ្ឋអាមេរិក អូស្ដ្រាលី ថៃ អ៊ែកឡង់ និងប្រទេសអង់គ្លេសជាដើម ហើយនៅក្នុងរយៈពេលក្រោយមកទៀតក៏បានរកឃើញថាជម្ងឺA(H1N1)មានការឆ្លងក្នុងប្រទេស គឺអ្នកមកពីក្រៅប្រទេសចម្លងទៅអ្នកក្នុងប្រទេស ហើយអ្នកក្នុងប្រទេសបានចម្លងបន្ដទៅឆ្លងដល់អ្នកក្នុងសហគមន៍ទៀត។ បើទោះបី ជាឥឡូវនេះការឆ្លងជម្ងឺA(H1N1)មកដល់ក្នុងសហគមន៍មានរហូតដល់៦៨ករណីក្ដី ក៏មិនមានករណីណាមួយមានរោគសញ្ញាធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ករណីទាំងអស់នៅតែស្រាល ប៉ុន្ដែមានការកើនឡើង
ភាគច្រើននៃករណីទាំងនោះសុទ្ធតែស្ថិតក្នុងដំណាក់កាលស្រាល ហើយអ្នកជម្ងឺសុទ្ធតែបានទទួល ការព្យាបាលជាសះស្បើយទាំងអស់ ប៉ុន្ដែនៅមានករណីមួយចំនួនកំពុងធ្វើការតាមដានសុខភាពនៅមន្ទីរពេទ្យ តែមិនមានលក្ខណៈធ្ងន់ ធ្ងរនោះទេ។
ហេតុអ្វីជម្ងឺA(H1N1)កើនឡើង?
គ្រប់អ្នកទេសចរណ៍ក្រៅស្រុកទាំងអស់គឺសុទ្ធតែបានឆ្លងកាត់ការពិនិត្យសុខភាពនៅតាមបណ្ដាអាកាសយានដ្ឋាន ដើម្បី តាមដានឱ្យបានដឹងទាន់ពេលវេលាពីជម្ងឺA(H1N1)ចៀសវាងការរីករាលដាលយ៉ាងឆាប់រហ័ស។ នៅកម្ពុជាការរីករាលដាលនៃជម្ងឺ A(H1N1)មានសន្ទុះមិនលឿននោះទេ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង តែទោះជាយ៉ាងណាប្រជាពលរដ្ឋទាំងអស់គួរ តែមានការប្រុងប្រយ័ត្នឱ្យបានល្អពីការបៀតបៀននៃជម្ងឺនេះ។ យ៉ាងណាមិញការថ្លោះធ្លោយឱ្យមានការឆ្លងជម្ងឺA(H1N1)មកក្នុង សហគមន៍នេះ គឺបណ្ដាលមកពីមានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានទៅធ្វើការជាកម្មករនៅប្រទេសជិតខាងដែលត្រឡប់មកវិញគឺ បានពាំនាំជម្ងឺA(H1N1)មកជាមួយដោយមិនបានដឹងខ្លួន ហើយក៏ឆ្លងបន្ដទៅអ្នកដែលនៅជុំវិញខ្លួន។
ការការពារ និងរោគសញ្ញាដែលសង្ស័យថាជាជម្ងឺA(H1N1)
ជម្ងឺA(H1N1)បានឈានដល់ចំនួន៦៨ករណីហើយ ដូចនេះសូមប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្រាប់ខេត្ដទាំង ប្រាំមួយ សូមមានការប្រុងប្រយ័ត្នការពារសុខភាពឱ្យបានល្អ អនុវត្ដអនាម័យខ្លួនប្រាណឱ្យបានស្អាតជាប្រចាំ។ ជម្ងឺនេះមានរោគ សញ្ញាដូចជាឡើងកម្ដៅខ្លួនភ្លាមៗ៣៨អង្សាសេ ឈឺក្បាល ល្ហិតល្ហៃ ក្អក ហៀរសម្បោរ រកកលចង់ក្អួត ក្អួត ឬរាក។ ការការពារជម្ងឺ នេះគឺរាល់់ពេលក្អក ឬកណ្ដាស់ សូមខ្ទប់មាត់នឹងក្រដាស កន្សែង ឬក្រមា ហើយត្រូវប្រើដោយឡែកពីគេ និងឧស្សាហ៍បោកសម្អាត បើ សិនជាក្អកហើយរកអ្វីទប់មិនទាន់។ សូមក្អកដាក់នៅកន្លែងកែងដៃ ចៀសវាងការក្អកដាក់បាតដៃ ព្រោះអាចចម្លងមេរោគទៅលើ របស់ផ្សេងៗតាមរយៈបាតដៃ។ បើសិនជាចៀសមិនផុតពីការក្អកដាក់បាតដៃ សូមប្រញាប់ទៅលាងសម្អាតចេញ។ ចៀសវាងស្ដោះ ពាសវាលពាសកាល និងគប្បីពាក់ម៉ាស់រាល់ពេលដែលនៅកន្លែងដែលមានមនុស្សច្រើន។
មុខសញ្ញាដែលត្រូវប្រុងប្រយ័ត្នជាងគេ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានធ្វើការណែនាំផងដែរ ថា ស្ដ្រីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីជម្ងឺA(H1N1)នេះ និងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ ដូចជាអ្នកជម្ងឺទឹកនោមផ្អែម ជម្ងឺ បេះដូង លើសឈាម របេង អេដស៍ និងអ្នកដែលធាត់។ លោកអ្នកដែលមានប្រភេទជម្ងឺរ៉ាំរ៉ៃប្រចាំខ្លួនគឺប្រព័ន្ធការពាររាង កាយមានការចុះខ្សោយ មិនអាចទប់ទល់នឹងមេរោគទាំងនោះបានទេ។ ដូចនេះជម្ងឺនេះកាន់តែធ្វើឱ្យរាងកាយចុះខ្សោយទ្រុឌទ្រោម ហើយកាន់តែបង្កឱ្យមានគ្រោះថ្នាក់។
វិធានការនៅតែពង្រឹងបន្ដ
អង្គការសុខភាពពិភពលោកក៏ដូចជាក្រសួងសុខាភិបាលនៅតែមានវិធានការជាបន្ដ គឺនៅតែបន្ដពង្រឹងតាមបណ្ដាច្រកព្រំ ដែនដើម្បីតាមដានពីជម្ងឺA(H1N1)នេះ ដែលមានប្រព័ន្ធតាមដានរុករកអ្នកដែលមានជម្ងឺA(H1N1)នៅតាមព្រំដែននៅក្នុងស្រុក និងកន្លែងដែលមានផ្ទុះឡើងច្រើន ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។ អង្គការសុខភាពពិភពលោកនៅតែធ្វើការបន្ដក្នុងការ បញ្ចេញសារអប់រំតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីកាត់បន្ថយល្បឿននៃជម្ងឺនេះ។ ក្រសួងសុខាភិបាលបានរៀបចំនូវកន្លែង ព្យាបាលជម្ងឺនេះ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យខេត្ដសៀមរាប កំពត កំពង់ចាម និងស្ទឹងត្រែង ដែលត្រៀមនឹងទទួលឱ្យ អ្នកដែលមានជម្ងឺផ្ដាសាយបក្សី និងជម្ងឺផ្ដាសាយធ្ងន់ធ្ងរសម្រាកព្យាបាល។ ហើយមានមន្ទីរពេទ្យដទៃក៏កំពុងតែរៀបចំ និងពង្រឹង បន្ថែមសមត្ថភាពគ្រូពេទ្យឱ្យកាន់តែខ្ពស់ក្នុងការព្យាបាលផងដែរ។
ការចូលរួមជួយទប់ស្កាត់ពីប្រជាពលរដ្ឋ
បច្ចុប្បន្នករណីដែលកំពុងកើនឡើងគ្មានករណីមួយណាគ្រោះថ្នាក់ដល់អាយុជីវិត ឬមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ ករណី ទាំងអស់កំពុងនៅស្រាល តែទោះបីជាយ៉ាងណាក៏សូមឱ្យនៅតែមានការចូលរួមជួយទប់ស្កាត់ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងស្រុក និង ក្រៅស្រុកទាំងអស់ គឺធ្វើយ៉ាងណាបញ្ចៀសខ្លួនឱ្យរួចផុតពីជម្ងឺA(H1N1)នេះ ដើម្បីកុំឱ្យមានការចម្លងកាន់តែច្រើននៅក្នុងប្រទេស របស់យើង។ ក្រុមអ្នកជំនាញបានឱ្យដឹងថា បើមានជម្ងឺA(H1N1)កើតច្រើន នៅពេលដែលវាអាចទៅផ្ដុំជាមួយមេរោគផ្ដាសាយបក្សី ឬមេរោគដទៃទៀត វានឹងអាចវិវឌ្ឍន៍ទៅជាជម្ងឺមួយដ៏ធ្ងន់ធ្ងរ។ ព្រោះមេរោគថ្មីៗទាំងឡាយកើតឡើងដោយសារមេរោគមួយបង្កាត់ ជាមួយមេរោគដទៃទៀត។ បើកើតមានរោគសញ្ញានៃជម្ងឺA(H1N1)ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់មកកាន់បណ្ដាញទូរស័ព្ទទាន់ ហេតុការណ៍ តាមរយៈទូរស័ព្ទលេខ១១៥, ០១២ ៤៨៩ ៩៨១ និង០៨៩ ៦៦៩ ៥៦៧ ដើម្បីឱ្យក្រុមឆ្លើយតបបន្ទាន់ដែលមាន រហូតដល់ទៅ១២០០នាក់ទូទាំងប្រទេស អាចចុះធ្វើការអង្កេតស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply