កាលពីលេខមុនៗ លោកអ្នកបានជ្រាបហើយអំពីប្រការនានាទាក់ទងនឹងការពិនិត្យផ្ទៃពោះមុនពេលសម្រាល ជាពិសេសការពិនិត្យសុខភាពលើកដំបូងពេលចាប់មានផ្ទៃពោះ និងការពិនិត្យនៅខែបន្ដបន្ទាប់មកទៀតជាដើម។ នៅលេខនេះ លោកអ្នកនឹងបន្ដជ្រាបអំពីការពិនិត្យផ្ទៃពោះនៅខែទី៨ និងខែទី៩ ដែលជាខែហៀបប្រសូតទារក។
ការពិនិត្យផ្ទៃពោះ និងការតាមដានសុខភាពមាតានិងទារកមុនពេលសម្រាល គឺជាប្រការចាំបាច់បំផុត។ នៅប្រទេសជឿន លឿន ស្ដ្រីមានផ្ទៃពោះអាចត្រូវដាក់ទណ្ឌកម្ម និងផាកពិន័យបើសិនជាខកខានឬមិនបានទៅជួបគ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យផ្ទៃ ពោះឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅប្រទេសយើង កាតព្វកិច្ចនេះនៅធូររលុង ស្ថិតនៅលើកម្រិតស្ម័គ្រចិត្ដ។
ការពិនិត្យផ្ទៃពោះនៅខែទី៨
ប្រសិនបើទារកក្នុងផ្ទៃខ្ជិលច្រអូស និងមានការលូតលាស់យឺតខ្លាំងពេក គ្រូពេទ្យអាចមានវិធានការនានាដើម្បីទប់ទល់នឹង ការរីកលូតលាស់យឺតយ៉ាវរបស់ទារកក្នុងផ្ទៃ។ នៅខែទី៨នេះ អ្វីដែលជាបច្ចាមិត្ដរបស់គភ៌នៅចុងបញ្ចប់នៃការវិវឌ្ឍន៍ គឺការប្រសូត ឬសម្រាលមុនកំណត់(មិនគ្រប់ខែ) ការឡើងសម្ពាធឈាម ជម្ងឺទឹកនោមផ្អែម។ល។ គ្រូពេទ្យរោគស្ដ្រី និងគ្រូពេទ្យព្យាបាលអាចមាន វិធានការណ៍គ្រប់គ្រាន់ក្នុងការចាត់វិធានការប្រកបទៅដោយប្រសិទ្ធភាព និងជឿទុកចិត្ដបាន។ ពោលគឺការពារប្រសើរជាងព្យាបាល។
ការតាមដានផ្ទៃពោះនៅខែទី៩
ថ្ងៃដែលអស្ចារ្យ និងជាថ្ងៃរង់ចាំជិតមកដល់ហើយ។ ការត្រួតពិនិត្យផ្ទៃពោះ គួរតែត្រូវបានបង្កើនល្បឿន ដើម្បីស្គាល់ និងដឹងពីស្ថានភាពដែលត្រូវសម្រាល ជាពិសេសត្រូវតាមដានសុខភាពម្ដាយ និងសុខភាពទារកក្នុងផ្ទៃឱ្យបានរឹតតែប្រសើរឡើង។
១ . សម្ពាធឈាម
តើលោកស្រីអ្នកនាងមានឡើងប៉ោងមុខ ហើមដៃ ឬលិបភ្នែកគោលដែរឬទេ? មិនមែនជារឿងចម្លែកពេកនោះទេ ព្រោះថាការហើមតិចៗកើតឡើងនៅចុងបញ្ចប់នៃការមានគភ៌ គឺកើតមានជារឿយៗ។ អាការៈទាំងនេះកើតមានឡើងដោយសារ ការលើសទម្ងន់ ការប្រែប្រួលនៃអ័រម៉ូន ការបំពេញតួនាទីយឺតនៃតម្រង់នោម និងសរសៃឈាមវ៉ែន។ គ្រូពេទ្យព្យាបាលនឹងធ្វើការ វិនិច្ឆ័យឱ្យដឹងថាការឡើងប៉ោងឬហើមនេះតើជារឿងធម្មតាឬអាការៈរោគមិនធម្មតា ដែលតម្រូវឱ្យមានការប្រកាសអាសន្នដែរឬទេ។ ប្រសិនបើម្រាមដៃក៏មានហើម ឬឡើងប៉ោងបន្ដិចៗដែរ សូមដោះចិញ្ចៀនចេញឬសូមកុំពាក់វាតែម្ដង។
២ . ការវាយតម្លៃទំហំអាងត្រគាក
តើត្រូវសម្របតម្រូវយ៉ាងនោះនៅក្នុងករណីទារកមានព្រលឹង ធាត់ទ្រលុកទ្រលន់ និងអាងត្រគាករបស់ស្ដ្រីតូចចង្អៀតឬ? គេគិតទៅដល់ការសម្រាលតាមផ្លូវក្រោមឬផ្លូវធម្មជាតិ បើសិនជាទំហំអាងត្រគាក(ការវាស់ទំហំអាងត្រគាកដោយថតវិទ្យុសាស្ដ្រ) មានទំហំធំ និងអនុគ្រោះ។ ប៉ុន្ដែក្នុងករណីទារកធាត់ទ្រលុក ហើយម្ដាយមានអាងត្រគាកតូច ការប្រសូតត្រូវធ្វើឡើងដោយការវះកាត់។
៣ . ការត្រួតពិនិត្យមាត់ស្បូន
គ្រូពេទ្យត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីប្រវែងមាត់ស្បូន ទំហំមាត់ស្បូនដែលអាចបើក ភាពយឺតយារ និងទីតាំងរបស់ ទារកនៅក្នុងផ្ទៃ។
ចំណាំ ៖ ការកំណត់ពេលវេលាប្រសូតសម្រាប់ទារកគឺជាការសំខាន់ខ្លាំងណាស់។ ទារកដែលមិនបានប្រសូតចំថ្ងៃកំណត់ត្រូវ មានវិធានការណ៍ជួយ។ ប្រសិនបើទារកកើតមុនថ្ងៃកំណត់នោះ គឺករណីកើតមិនគ្រប់ខែ។ តែបើកើតក្រោយថ្ងៃកំណត់ គឺករណីក្រ សម្រាល ដែលការប្រសូតត្រូវមានអន្ដរាគមន៍ពីគ្រូពេទ្យ។
ប្រការដែលត្រូវទៅជួបគ្រូពេទ្យ
តាំងពីមានផ្ទៃពោះ ស្ដ្រីត្រូវរងនូវការបម្រែបម្រួលជាខ្លាំង។ រោគសញ្ញាមួយចំនួនតម្រូវឱ្យស្ដ្រីមានផ្ទៃពោះយកចិត្ដទុកដាក់ និងត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយគ្មានការបង្អែរបង្អង់ ជាពិសេសក្នុងករណីដូចតទៅ ៖
– ករណីលោកស្រីអ្នកនាងមានគ្រុនក្ដៅ ព្រោះវាអាចជារោគសញ្ញាដំបូងនៃជម្ងឺមិនធ្ងន់ធ្ងរដែលកើតមាននៅលើទារក។
– លោកស្រីអ្នកនាងមានអារម្មណ៍ថា មានជម្ងឺរលាកផ្លូវបង្ហូរទឹកនោម។ បើមិនបានព្យាបាលជម្ងឺនេះឱ្យបានត្រឹមត្រូវនោះទេ វាអាចបង្កឱ្យមានការសម្រាលមិនគ្រប់ខែបានដែរ។
– ពេលដែលលោកស្រីអ្នកនាងមានការហូរឈាម ឬសារធាតុទឹកណាមួយមិនធម្មតា
– ពេលគភ៌នៅអាយុពី៥ទៅ៨ខែ លោកស្រីអ្នកនាងមានអារម្មណ៍ថាទារកកម្រើកតិចជាង ឬខុសពីមុន។ ករណីនេះ លោកស្រីអ្នកនាងត្រូវទៅមន្ទីរសម្ភព ឬមណ្ឌលសុខភាព ដើម្បីឱ្យគ្រូពេទ្យធ្វើការត្រួតពិនិត្យតាមដាន។ គ្រូពេទ្យអាចប្រើឧបករណ៍ ដើម្បីវាស់
ចង្វាក់បេះដូងរបស់ទារក។ សូមចងចាំថា ទារកធំលូតលាស់នៅក្នុងផ្ទៃរបស់លោកស្រីអ្នកនាង ហើយមានសភាពរឹតតែ ចង្អៀតឡើង។
– លោកអ្នកមានការកន្ដ្រាក់ស្បូន ឈឺម្ដងៗ ឬអាចញឹកញាប់ពី៥ទៅ៦ដងក្នុង១ថ្ងៃ។ អាការៈនេះអាចបញ្ជាក់បានតាមរយៈ ការពិនិត្យឆ្លុះមើលចលនាកន្ដ្រាក់។
– ក្នុងករណី លោកស្រីអ្នកនាងឡើងទម្ងន់ខ្លាំង និងឆាប់រហ័ស ដោយលាយជាមួយអាការៈឈឺក្បាល ហើម និងព្រិលភ្នែក (សម្លឹងឃើញបាំងស្រមោលសពីមុខ)។ ព្រោះវាអាចជាករណីឡើងសម្ពាធឈាម។
សូមប្រុងប្រយ័ត្ន
សូមចងចាំថា ការកន្ដ្រាក់អាចធ្វើឱ្យទារកកើតចេញមកបាន។ ត្រូវហៅ ឬប្រាប់គ្រូពេទ្យក្នុងករណីដែលការកន្ដ្រាក់រឹតតែ កើតមានញឹកញាប់ទៅ។ លោកស្រីអ្នកនាងអាចដឹងបានតាមរយៈការមានអារម្មណ៍ថា រឹងក្បាលពោះ និងប៉ះលែងដឹង។ អាការៈ នេះច្រើនតែមានលាយជាមួយការឈឺចាប់ពោះ ម្ដុំថ្ងាសក្រោមតិចៗ និងឈឺត្រង់តម្រង់នោម(ត្រង់កន្ដៀតក្អម)។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
Leave a Reply