ពងស្វាសមានតួនាទីសម្រាប់ផលិតទឹកកាម និងផលិតអ័រម៉ូនភេទ។ មហារីកពងស្វាសជាជម្ងឺដែលកើតមានចំពោះមនុស្ស ប្រុស ហេតុនេះបុរសទាំងឡាយគប្បីថែទាំសុខភាពបន្ដពូជដោយយកចិត្ដទុកដាក់ ព្រោះជម្ងឺមហារីកពងស្វាសនេះមិនអាចដឹងពីមូលហេតុដែលបង្កឱ្យកើតមាននោះទេ។
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា នាយិកាសេវាកម្មគ្លីនិកនៃសមាគមថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) បានសហការណ៍ជា មួយទស្សនាវដ្ដី សុខភាពយើង ដើម្បីធ្វើការបកស្រាយពីជម្ងឺមហារីកពងស្វាសនេះឱ្យប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់ពីភាពកាច សាហាវនៃមហារីកនេះ។
មហារីកពងស្វាសជាអ្វី?
ជម្ងឺមហារីកពងស្វាសជាជម្ងឺមួយដែលកើតមានលើប្រដាប់ភេទបុរស។ ជម្ងឺនេះចាប់ផ្ដើមដំបូងសម្គាល់ដោយមានដុំនៅ ត្រង់ពងស្វាស ឈឺនៅពងស្វាស មានហើម ឬរលាក ដែលរោគសញ្ញាទាំងអស់ប្រហាក់ប្រហែលទៅនឹងការរលាកពងស្វាស។
ដំណាក់កាលនៃមហារីកពងស្វាស
នៅពេលដែលរកឃើញថាដុំនោះជាដុំមហារីក គេធ្វើការបែងចែកដំណាក់កាលនៃមហារីកពងស្វាសជាបីដំណាក់កាលគឺ ដំណាក់កាលទី១ សភាពរបស់ដុំនោះមិនទាន់រីករាលដាលទៅសរីរាង្គផ្សេងៗក្នុងរាងកាយ ហើយក៏មិនទាន់បញ្ចេញរោគសញ្ញាអ្វីគួរ ឱ្យកត់សម្គាល់ដែរ។ រីឯដំណាក់កាលទី២ គេនឹងពិនិត្យដុំនោះថាមានទំហំប៉ុន្មាន ងាយស្រួលក្នុងការបែងចែកប្រភេទដុំនោះ។ ចំពោះនៅដំណាក់កាលទី៣វិញ គឺជាដំណាក់កាលធ្ងន់ធ្ងរ ហើយការព្យាបាលត្រូវធ្វើឡើងដោយការវះកាត់តាមវិធីជាច្រើន។ ការព្យាបាលដែលអាចទទួលបានជោគជ័យ១០០ភាគរយនោះ គឺភាគច្រើនអ្នកជម្ងឺត្រូវធ្វើការព្យាបាលនៅក្នុងដំណាក់កាលទីមួយ។
ការធ្វើរោគវិនិច្ឆ័យនៃមហារីកពងស្វាស
យើងអាចធ្វើការវិនិច្ឆ័យ បែងចែកពីការរលាកធម្មតា ឬជម្ងឺមហារីកពងស្វាសនេះបានគឺដោយសារការធ្វើតេស្ដឈាម។ មួយវិញទៀតមុនការធ្វើតេស្ដឈាម គ្រូពេទ្យអាចធ្វើការសាកល្បងដោយការប្រើថ្នាំផ្សះ ក្នុងករណីដែលអ្នកជម្ងឺមានរោគសញ្ញា ឈឺចាប់ ឬមានហើម នាំឱ្យមានការលំបាកចំពោះគ្រូពេទ្យក្នុងការស្ទាបរកដុំក្នុងពងស្វាស ព្រោះអ្នកជម្ងឺមានការឈឺចាប់។ បន្ទាប់ពី ប្រើថ្នាំផ្សះមួយរយៈ បើឃើញថារោគសញ្ញានេះមានការអន់ថយនោះ គេអាចធ្វើការពិនិត្យបាន។ បើមិនបានធូរស្រាលនោះទេ គ្រូពេទ្យនឹងពិនិត្យរកជម្ងឺដុំក្នុងពងស្វាស ដោយការពិនិត្យអេកូសាស្ដ្រលើពងស្វាស។ បន្ទាប់មកដើម្បីឱ្យដឹងទៀតថាដុំនោះជាដុំកាច ឬដុំស្លូត ត្រូវធ្វើតេស្ដឈាមនៅមន្ទីរពិសោធន៍។
រោគសញ្ញានៃមហារីកពងស្វាស
រោគសញ្ញាដំបូងសម្គាល់ដោយការឈឺនៅពងស្វាស មានហើម ឬរលាក។ បើសិនជាមហារីកកើតមានយូរ ជម្ងឺនឹងរីករាល ដាលទៅដល់សរីរាង្គដែលនៅក្បែរនោះ ដោយបន្ថែមរោគសញ្ញាផ្សេងទៀត ដូចជាឈឺខ្នង ឈឺចង្កេះជាដើម។ បើរាលដាលរហូត ដល់សួត គឺធ្វើឱ្យអ្នកជម្ងឺមានអាការហត់។ ក្នុងករណីដែលកោសិកាមានការលូតលាស់មិនធម្មតានៅក្នុងពងស្វាស អាចក្លាយទៅជាដុំ។ នៅពេលដែលក្លាយទៅដុំហើយ ៩៥ភាគរយនៃដុំដែលរកឃើញគឺជាដុំមហារីក។
មូលហេតុបង្កឱ្យមានមហារីកពងស្វាស
មិនមានមូលហេតុអ្វីច្បាស់លាស់ដែលបង្កឱ្យមានមហារីកពងស្វាសនេះទេ គ្រាន់តែដឹងថាជាការលូតលាស់មិនធម្មតារបស់ រាងកាយ។ ការលូតលាស់មិនធម្មតានេះគឺអាចធ្វើឱ្យគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្ដពូជ។ ការលូតលាស់មិនធម្មតានេះគឺបណ្ដាល មកពីដើមកំណើតរបស់អ្នកជម្ងឺដោយមិនដឹងពីមូលហេតុច្បាស់នោះទេ។ ក្រៅពីនេះក៏មានការសង្កេតឃើញថាមានការរលាកដែល ភាគច្រើនបណ្ដាលមកពីវីរុស លក្ខណៈបែបនេះច្រើនកើតលើកុមារដែលមានជម្ងឺស្រឡើទែន។ ក្រោយពីកើតស្រឡើទែននេះបានពីរបី ថ្ងៃមក គេក៏សង្កេតឃើញថាកុមារចាប់ផ្ដើមហើមពងស្វាស គឺដោយសារតែវីរុសម្យ៉ាងដែលប៉ះពាល់ទៅដល់ការរលាកនៅលើពងស្វាស អ្នកខ្លះរលាកម្ខាងហើយអ្នកខ្លះទៀតរលាកទាំងសងខាងតែម្ដង។ ក្រោយពីរលាក កុមារមួយចំនួនជាទៅវិញ តែអ្នកខ្លះជាទៅវិញដែរ តែពងស្វាសប្រែជារួមតូច។ រោគសញ្ញាទាំងនេះច្រើនតែមានចំពោះក្មេង ហើយពួកគេមិនបានចាប់អារម្មណ៍ទេ ទាល់តែមានការឈឺ ចាប់ខ្លាំងព្យាបាលមិនបាត់ ទើបអាណាព្យាបាលយកមកពិនិត្យ។
ផលប៉ះពាល់នៃមហារីកពងស្វាស
ជម្ងឺមហារីកពងស្វាសដ៏ដូចជាជម្ងឺមហារីកដទៃទៀតផងដែរ បើសិនជាមិនមានការយកចិត្ដទុកដាក់ព្យាបាលតាំងពីដំណាក់ កាលដំបូងនោះទេ នឹងបង្កឱ្យមានគ្រោះថ្នាក់ដល់់អាយុជីវិត។ នៅពេលមហារីកឈានដល់ដំណាក់កាលចុងក្រោយ អាចរីករាលដាល ទៅដល់សរីរាង្គដទៃ ដូចជាថ្លើម ក្រពះ សួតជាដើម ដែលសុទ្ធតែមានឱកាសបង្កឱ្យទៅជាជម្ងឺមហារីក។ ផ្ទុយទៅវិញបើសិនជា អ្នកជម្ងឺមហារីកបានពិនិត្យព្យាបាល និងតាមដានឱ្យបានល្អចាប់ពីដំណាក់កាលទីមួយ នោះនឹងអាចកាត់បន្ថយភាពគ្រោះថ្នាក់ដល់ អាយុជីវិត។
ដំបូន្មានអ្នកជំនាញ
បុរសដែលមានការលូតលាស់ផ្នែកផ្លូវភេទមិនធម្មតា គប្បីត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីបង្ការពីបញ្ហាផ្សេងៗ ក៏ដូចជាជម្ងឺមហារីកពងស្វាសនេះ។ ក្នុងវ័យលូតលាស់ បុរសទាំងឡាយត្រូវតាមដានពីការលូតលាស់រាងកាយរបស់ខ្លួន។ បុរសដែល មានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ត្រូវមកធ្វើការតាមដានដើម្បីបញ្ជាក់ពីការកើតមហារីកពងស្វាសផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply