ការហាត់កីឡាមានសារៈប្រយោជន៍ណាស់ចំពោះសុខភាពរាងកាយ។ កីឡាមានច្រើនប្រភេទ ដូចជាកីឡាបាល់ទាត់ វាយកូនគោល បាល់បោះ រត់ និងហែលទឹកជាដើម។ ការហែលទឹកគឺជាកីឡាមួយប្រភេទសម្រាប់ធ្វើឱ្យចលនារបស់លោកអ្នកមាន ភាពរស់រវើក ដែលជំរុញឱ្យអ្នកហាត់បញ្ចេញនូវសារធាតុពុលចេញពីក្នុងខ្លួនមកខាងក្រៅ ដើម្បីចៀសវាងការកើតជម្ងឺផ្សេងៗ។
លោក ហែម ថុន ជាអគ្គលេខាធិការរបស់សហព័ន្ធហែលទឹក និងជាគ្រូបង្វឹកកីឡាហែលទឹកជម្រើសជាតិកម្ពុជា នឹងបក ស្រាយតាមរយៈទស្សនាវដ្ដី សុខភាពយើង អំពីផលប៉ះពាល់ និងផលប្រយោជន៍នៃការហាត់កីឡាហែលទឹក។
វ័យត្រូវហាត់ហែលទឹក
ភាគច្រើនតាមទ្រឹស្ដីនៅលើពិភពលោកយើងនេះបាននិយាយថា មនុស្សត្រូវចេះហែលទឹកមុនចេះដើរ ព្រោះមនុស្សមិន ទាន់ចេះដើរទេគឺចេះវារ ប៉ុន្ដែគេយកទារកទៅដាក់ឱ្យហែលទឹកគឺអាចចេះហែលទឹកមុនចេះដើរ នេះគឺជាការស្រាវជ្រាវរបស់អ្នក វិទ្យាសាស្ដ្រ។ ជាការប្រសើរបំផុតបើកុមារចាប់ផ្ដើមរៀនហែលទឹកពីអាយុ៤ទៅ៥ឆ្នាំ ព្រោះជាវ័យមួយដែលល្អ កុមារនៅវ័យនេះមាន ឆ្អឹងទន់ សាច់ទន់ វាងាយស្រួលហាត់ជាងមនុស្សដែលពេញវ័យ។ ការហែលទឹកជាខ្នាតអន្ដរជាតិសម្រាប់កីឡាករគឺមាន៤របៀប ទីមួយគឺការហែលដោយសេរី ទីពីរគឺហែលរបៀបផ្ងារ ទីបីគឺហែលជារបៀបកង្កែប និងទីបួនគឺហែលរបៀបមេអំបៅ។
ផលប្រយោជន៍នៃការហែលទឹក
អ្នកប្រាជ្ញជនជាតិក្រិចពីដើមបាននិយាយថា “បើអ្នកមិនចេះហែលទឹក ដូចជាអ្នកដែលមិនចេះអក្សរ” បានន័យថាជីវិតរបស់ លោកអ្នកបាត់មួយកំណាត់ ដល់ពេលណាយើងធ្វើដំណើរតាមទឹក តាមបឹង តាមសមុទ្រ បើសិនជាមានគ្រោះថ្នាក់ លោកអ្នកប្រាកដជា ស្លាប់ដោយសារតែមិនចេះហែលទឹក។ ដូច្នេះផលប្រយោជន៍ទីមួយ លោកអ្នកអាចរួចជីវិតនៅពេលដែលមានគ្រោះថ្នាក់នៅក្នុងទឹក ទីពីរកាលណាចេះហែលទឹកសុខុមាលភាពរបស់អ្នកហែលទឹកសម្បូរបែបគ្រប់សរីរាង្គទាំងអស់។ កីឡាហែលទឹកអាចឱ្យលោកអ្នកធ្វើ ចលនាបានគ្រប់សារពាង្គកាយទាំងអស់ ដោយមានការកម្រើកទាំងភ្នែក ច្រមុះ មាត់ ស្មា ជង្គង់ និងអ្វីៗទាំងអស់ ពោលគឺផ្ដល់ផល ប្រយោជន៍គ្រប់កន្លែងទាំងអស់សម្រាប់រាងកាយ។ ការហែលទឹកអាចព្យាបាលជម្ងឺបានទៀត ដូចជាសន្លាក់សាច់ដុំ លើសឈាមជាដើម នេះគឺជាការរកឃើញរបស់អ្នកវិទ្យាសាស្ដ្រ។ ជម្ងឺទាំងនេះអាចធ្វើការព្យាបាលដោយការហែលទឹក ដើម្បីសម្រួលដល់រាងកាយរបស់ អ្នកជម្ងឺ។ កាលណាហាត់កីឡាហែលទឹកគឺអាចជួយពង្រីកប្រព័ន្ធសាច់ដុំ និងប្រព័ន្ធដកដង្ហើម។ បើប្រព័ន្ធដកដង្ហើមមិនរីកលូតលាស់ទេ នោះ បានន័យថាហាត់មិនត្រឹមត្រូវទេ នេះគឺជាផលប្រយោជន៍ដែលគេសម្គាល់ទៅលើប្រព័ន្ធដកដង្ហើម និងប្រព័ន្ធសាច់ដុំ។
ផលប៉ះពាល់នៃការហាត់មិនបានត្រឹមត្រូវ
ការហាត់កីឡាមិនបានសមស្របដោយគ្មានវិធីសាស្ដ្រ គ្រូគ្មានជំនាញច្បាស់លាស់ អាចធ្វើឱ្យអ្នកហាត់លើសកម្លាំង ឆាប់បាក់ កម្លាំង ជាពិសេសគឺវ័យដែលក្មេងៗតែម្ដង។ ការបាក់កម្លាំងធ្វើឱ្យអ្នកហាត់ហែលនោះឈឺ ជាពិសេសដោយសារការហាត់ខុសពេលខុស វេលា ការហាត់ច្រើនលើសកម្រិត ធ្វើឱ្យអ្នកហាត់មានស្មារតីមិនល្អ ឆាប់វិលមុខ ឆាប់អស់កម្លាំង ឆាប់ខ្សោយប្រព័ន្ធដកដង្ហើមជា ដើម។ ពេលចាប់ផ្ដើមហាត់គឺត្រូវគិតតាំងពីកម្ពស់ ទម្ងន់ និងអាយុរបស់អ្នកហាត់ ដើម្បីចៀសវាងមានផលលំបាកទៅថ្ងៃក្រោយ។
ដំបូន្មានអ្នកជំនាញ
បើសិនជាលោកអ្នកចេះហែលទឹក វាធ្វើឱ្យរូបរាងកាយមានចលនាល្អគ្រប់កន្លែង ប៉ុន្ដែត្រូវតែហាត់ទៅតាមក្បួនខ្នាត។ កីឡាអ្វីក៏ដោយ មិនមែនតែកីឡាហែលទឹកទេ បើសិនជាយើងអនុវត្ដបានត្រឹមត្រូវទៅតាមការណែនាំរបស់អ្នកដែលមានបទ ពិសោធន៍ គឺផ្ដល់មកវិញនូវសុខុមាលភាពល្អ មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងអាចព្យាបាលជម្ងឺបានទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply