តម្រងនោមមានតួនាទីសម្រាប់បញ្ចេញនូវជាតិពុលចេញពីក្នុងខ្លួន ហើយលោកអ្នកមួយចំនួនដែលប្រឈមមុខនឹងជម្ងឺ ខ្សោយតម្រងនោះអាចធ្វើឱ្យសុខភាពមានការទ្រុឌទ្រោម និងស្រុតចុះជាលំដាប់។ ការកកស្ទះក្នុងពេលបញ្ចេញជាតិពុលនិងការរអាក់រអួល អាចធ្វើឱ្យអ្នកជម្ងឺមានការលំបាកយ៉ាងខ្លាំង។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា អ្នកឯកទេសជម្ងឺតម្រងនោម និងជាប្រធានផ្នែកលាងឈាមមជ្ឈមណ្ឌលជា ស៊ីម បានបកស្រាយពីជម្ងឺខ្សោយតម្រងនោម តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺខ្សោយតម្រងនោមជាអ្វី?
ជម្ងឺខ្សោយតម្រងនោមគឺជាការថយចុះនូវភារកិច្ចបញ្ចេញជាតិពុលចេញពីក្នុងខ្លួន។ ការថយចុះមានពីរយ៉ាង គឺការថយចុះ បន្ដិចម្ដង និងការថយចុះយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀតជម្ងឺតម្រងនោមមានការចែកចេញជាពីរផ្នែក ទីមួយគឺជាជម្ងឺតម្រងនោមស្រួច ស្រាវ ទី២គឺជាជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។
1 . ជម្ងឺខ្សោយតម្រនោមស្រួចស្រាវចែកចេញជាបីផ្នែកផ្សេងទៀតគឺ ៖
- ជម្ងឺមុនតម្រងនោម ៖ ជាជម្ងឺដែលកើតចេញពីការខ្វះជាតិទឹក ជាពិសេសលោកអ្នកមួយចំនួនដែលមានជម្ងឺរាករូស ក្អួត តែម្ដង ព្រោះមិនមានជាតិទឹកគ្រប់គ្រាន់យកទៅបំពេញតម្រងនោមឱ្យបានគ្រប់គ្រាន់ ។
- តម្រងនោមឈឺខ្លួនឯង ៖ កើតចេញពីអ្នកជម្ងឺប្រើប្រាស់ថ្នាំខុសតាមក្បួនវេជ្ជសាស្ដ្រ ធ្វើឱ្យប៉ះពាល់ទៅលើតម្រងនោម ឬ ក៏អាចកើតមានជម្ងឺតម្រងនោមតែម្ដង។ ម្យ៉ាងទៀតជម្ងឺនេះក៏កើតចេញដោយសារជម្ងឺសរសៃឈាមផងដែរ។
- ជម្ងឺក្រោយតម្រងនោម ៖ ជម្ងឺនេះចាប់ផ្ដើមចេញពីបំពង់បង្ហូរនោមធ្លាក់ដល់ប្លោកនោមដែលជាកន្លែងបង្ហួរនោម។ ជម្ងឺ ប្រភេទនេះអាចកើតចេញពីក្រួសក្នុងប្លោកនោម ឬក្នុងបំពង់បង្ហូរនោមតែម្ដង ពេលខ្លះអាចធ្វើឱ្យប្លោកនោមមានអាការប៉ោងធំ ហើយប្រសិនបើគ្រូពេទ្យជួយមិនទាន់ទេនោះ អាចមានគ្រោះថ្នាក់ដល់ជីវិត ដោយសារតម្រងនោមលែងដំណើរការ។
2 . ចំពោះជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ គឺជាការថយចុះបន្ដិចម្ដងៗនូវដំណើរការច្រោះទឹកនោម ដែលកើតចេញមកពីមាន ដុំនៅក្នុងតម្រងនោម ហៅថា គីស ដែលរីកបន្ដិចម្ដងៗ ឬបណ្ដាលមកពីការរលាកប្លោកនោម មិនបានព្យាបាលឱ្យត្រឹមត្រូវ។ មេរោគរាលដាលដល់តម្រងនោម ធ្វើឱ្យមានដំបៅក្នុងតម្រងនោម បង្កើតបានជាដុំខ្ទុះហៅថា ជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។
មូលហេតុបណ្ដាលឱ្យមានជម្ងឺខ្សោយតម្រងនោម
មូលហេតុមួយក្នុងចំណោមនោះ គឺបណ្ដាលមកពីអ្នកជម្ងឺមួយចំនួនមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺលើសឈាមរ៉ាំរ៉ៃ និងដុំសាច់មួយចំនួនដែលមានតាំងពីកំណើត ហើយមានការរីកធំនៅក្នុងសាច់ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សរសៃឈាម ដែលមានតួនាទីសំខាន់សម្រាប់នាំជាតិទឹក ដើម្បីបង្គ្រប់ទឹកក្នុងតម្រងនោម។ ប៉ុន្ដែជម្ងឺខ្សោយតម្រងនោម ប្រសិនបើមានអាការរ៉ាំរ៉ៃ អាចនៅមានទឹកនោមខ្លះ អាចមានពី៤០០ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃ។ តែបើជម្ងឺខ្សោយតម្រងនោមស្រួចស្រាវ មួយថ្ងៃទឹកនោមអាចបង្ហូរទឹកនោមបានតែ៤០០មីលីលីត្រប៉ុណ្ណោះ ឬក៏អាចឈានដល់អត់ទឹកនោមសោះតែម្ដង។
រោគសញ្ញានៃជម្ងឺខ្សោយតម្រងនោម
រោគសញ្ញាដំបូងនៃជម្ងឺនេះគឺអាចធ្វើឱ្យអ្នកជម្ងឺរាករូស ដូចជាជម្ងឺអាសន្នរោគ បើមិនបានបង្គ្រប់ជាតិទឹកឱ្យបានគ្រប់ ធ្វើឱ្យសម្ពាធឈាមចុះជាលំដាប់ ហើយមិនអាចមានលទ្ធភាពនាំឈាមចេញពីបេះដូងទៅតម្រងនោមបាន ជាហេតុនាំឱ្យកើតជម្ងឺខ្សោយ តម្រងនោម។
វិធីព្យាបាលជម្ងឺខ្សោយតម្រងនោម
ការព្យាបាលជម្ងឺខ្សោយតម្រងនោមគឺធ្វើទៅតាមប្រភេទជម្ងឺ មានន័យថា ប្រសិនបើអ្នកជម្ងឺកើតនូវប្រភេទជម្ងឺខ្សោយ តម្រងនោមស្រួចស្រាវ ត្រូវព្យាបាលដោយបង្គ្រប់ជាតិទឹកឱ្យបានទាន់ពេលវេលា ក្រោយពេលអ្នកជម្ងឺរាករូស ឬក្អួតចង្អោរ។ បើព្យាបាលមិនទាន់ពេលវេលា ជម្ងឺស្រួចស្រាវអាចក្លាយទៅជាជម្ងឺរ៉ាំរ៉ៃបានយ៉ាងងាយ។ ចំពោះជម្ងឺរ៉ាំរ៉ៃត្រូវព្យាបាលដោយឱសថ ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ព្រោះអាចជួយដល់អ្នកជម្ងឺ អាចរក្សាសុខភាពបានយូរ មិនឆាប់ទ្រុឌទ្រោម។
វិធីការពារជម្ងឺខ្សោយតម្រងនោម
ប្រសិនបើឈានដល់ជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃហើយនោះ លោកអ្នកធ្វើយ៉ាងណាការពារជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាមឱ្យបានជាមុនសិន ព្រោះជម្ងឺទាំងនេះអាចជាដើមហេតុធ្វើឱ្យមានជម្ងឺខ្សោយតម្រងនោមមានការវិវឌ្ឍន៍កាន់តែខ្លាំង។ ប្រសិនបើ មិនអាចការពារបានទេ ប្រាកដជាមានគ្រោះថ្នាក់ដល់ជីវិតយ៉ាងឆាប់រហ័ស។ ដោយឡែកជម្ងឺខ្សោយតម្រងនោមស្រួចស្រាវ គ្រាន់តែ ទប់ស្កាត់ ដូចជាទទួលទានទឹកច្រើន និងលេបថ្នាំបង្ការបន្ដិចបន្ដួចអាចជាសះស្បើយវិញ។
ផលប៉ះពាល់នៃជម្ងឺខ្សោយតម្រងនោម
តម្រងនោមមានតួនាទីសម្រាប់បញ្ចេញនូវជាតិពុល បើការបញ្ចេញនូវសារជាតិពុលមិនបានគ្រប់គ្រាន់ នោះធ្វើឱ្យប្លោកនោមហើមប៉ោងខុសប្លែកពីធម្មតា។ នៅក្នុងតម្រងនោមនេះមានសារជាតិ៣យ៉ាង គឺអ៊ុយរ៉េ ក្រេអាតេនីន និងប៉ូតាស្យូម។
1 . ជាតិអ៊ុយរ៉េ ប្រសិនបើសារជាតិនេះឡើងខ្លាំង តម្រងនោមខ្សោយមិនអាចបញ្ចេញវាមកក្រៅបានទេ ព្រោះថាសារជាតិនេះមានម៉ាស់ម៉ូលីគុលតាមកម្រិត ដែលជាហេតុធ្វើឱ្យការបញ្ចេញនូវសារជាតិពុលមានការអាក់ខាន។
2 . ក្រេអាទីនីន តួនាទីរបស់ក្រេអាទីនីនក៏មិនខុសពីជាតិអ៊ុយរ៉េទេ ព្រោះសារជាតិទាំងពីរនេះទទួលបានពីចំណីអាហារ ដែលទទួលទាន ហើយបានបំលែងទៅចែករំលែកដល់ថ្លើម។ តាមពិតចំណីអាហារទាំងនោះត្រូវតែធ្វើដំណើរចេញតាមទឹកនោម តែដោយសារតម្រងនោមខ្សោយ ទើបធ្វើឱ្យសារជាតិនេះកើនឡើងនៅក្នុងសរសៃឈាមវិញ។ ការកើនឡើងលើសលប់អាចធ្វើឱ្យអ្នកជម្ងឺមានអាការក្អួតចង្អោរ ឬហត់ អាចឈានដល់ការសន្លប់ ប្រកាច់ទៀតផង។
3 . សារជាតិប៉ូតាស្យូម ប្រសិនណាជាតិប៉ូតាស្យូមកើនឡើងក្នុងឈាម នាំឱ្យបេះដូងដើរខុសចង្វាក់ ហើយអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់ភ្លាមតែម្ដង។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលមានអាការក្អួតចង្អោរ និងរាករូសជាញឹកញាប់នោះ គួរតែទៅរកគ្រូពេទ្យជំនាញដើម្បីពិនិត្យរករោគសញ្ញា។ ជាពិសេសលោកអ្នកដែលមានអាការដូចរៀបរាប់ខាងលើត្រូវទៅជួបគ្រូពេទ្យផ្នែកតម្រងនោម ចៀសវាងឱ្យជម្ងឺនេះកាន់តែធ្ងន់ និង វិវឌ្ឍន៍យ៉ាងឆាប់រហ័សនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply