កាលពីពេលកន្លងមក មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសឲ្យគ្រប់បណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួនដឹងអំពីភាពប្រឈមដោយការបិទទ្វារមន្ទីរពេទ្យ ប្រសិនបើមន្ទីរពេទ្យមួយនេះ ខ្វះខាតជំនួយជាច្រើនពីសប្បុរសជនបន្ថែមទៀតនោះ។ ក្តីកង្វល់នេះ បានកំពុងតែរសាត់បន្តិចម្តងៗ បន្ទាប់ពីមានការជួយជាបន្តបន្ទាប់ពីសំណាក់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក អង្គការជាតិ-អន្តរជាតិ ព្រមទាំងការរ៉ៃអង្គាសពីសំណាក់សិល្បៈករ សិល្បៈការនីខ្មែរមួយចំនួនផងដែរ។
នៅថ្ងៃចន្ទ ទី១៦ខែកក្កដា ឆ្នាំ២០១២នេះ សមាគមកាកបាទក្រហម បានប្រគល់ថវិកាមួយលានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាដែលពិនិត្យនិងព្យាបាលជម្ងឺកុមារ ក្រោយពីមន្ទីរពេទ្យនេះ ប្រកូកប្រកាសស្វែងរកមូលនិធិគាំទ្រដល់ដំណើរការរបស់ខ្លួននោះ។ ថ្លែងនៅក្នុងពិធីប្រគល់ថវិការនាស្នាក់ការកណ្តាលរបស់ខ្លួន លោកជំទាវ ប៊ុន រ៉ានី បានមានប្រសាសន៍ថា ថវិការដែលផ្តល់នៅគ្រានេះ គឺជាការចែករំលែក និងបន្ធូរបន្ថយស្ថានភាពលំបាកខាងហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់កាកបាទក្រហមកម្ពុជា ដែលបានចែករំលែកថវិការរបស់ខ្លួនដល់មន្ទីរពេទ្យរបស់លោក។ លោកបន្តថា មន្ទីរពេទ្យគន្ធបុបា្ផនេះ គឺផ្តល់សេវាពិនិត្យ សម្រាក និងព្យាបាលកុមារប្រកបដោយប្រសិទិ្ធភាពនិងដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានអូស្ត្រាលី។
ចំណែកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ មូលនិធិបាយ័នក៏បានផ្តល់ការឧបត្ថម្ភនូវទឹកប្រាក់ចំនួន៣០ម៉ឺន ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមក្នុងការជួយសង្រ្គោះកុមារដែលមកសំរាកព្យាបាលជម្ងឺ។ ថវិកា៣០ម៉ឺនដុល្លារ នេះ ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន នាំយកទៅផ្តល់ជូនដល់លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ នេះ គឺជាការឧបត្ថម្ភបន្ទាន់មួយ បន្ទាប់ពីលោកជំទាវ បានជ្រាបពីតម្រូវការ និងបញ្ហាប្រឈមនានារបស់មន្ទីរពេទ្យក្នុងការចំណាយលើសេវាព្យាបាលជូនកុមារកម្ពុជា ខណៈដែលបច្ចុប្បន្នមានកុមារជាច្រើននាក់កំពុងជួបប្រទះនូវជម្ងឺទូទៅ ជាពិសេសជម្ងឺគ្រុនឈាម ហើយបានមកសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យនេះ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រកម្ពុជាថ្មី។
លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានអោយដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានសាខាចំនួន៥ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន៤កន្លែង និង១កន្លែងនៅក្នុងខេត្តសៀមរាប។ ដោយសារតែការព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា មានប្រសិទ្ធភាព ទើបបានជាមន្ទីរពេទ្យ ទទួលអ្នកជម្ងឺកុមារមានការកើនឡើងជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ។ លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានបញ្ជាក់អោយដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យត្រូវចំណាយថវិការហូតដល់ប្រមាណ៣៥លានដុល្លារ។
នៅក្នុងឱកាសនោះ លោក ជំទាវ ហ៊ុន ម៉ាណា ក៏បានកោតសរសើរពីទឹកចិត្តដ៏សប្បុរស និងការលះបង់ខ្ពស់របស់លោក សាស្រ្តាចារ្យ ប៊ែរ រីជន័រ នាយកមន្ទីរពេទ្យគន្ធបុប្ផានេះផងដែរ។ លោក ជំទាវ បានបញ្ជាក់ថា នេះជាលើកដំបូងបំផុតរបស់ មូលនិធិបាយ័ន ដែលបរិច្ចាគថវិកាសម្រាប់ការចូលរួមជួយសង្រ្គោះកុមារកម្ពុជាទាំងឡាយ ហើយមូលនិធិបាយ័ននឹងខិតខំបន្តទៀតដើម្បីស្វែងរកលទ្ធភាពជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងនាមមូលនិធិគន្ធបុប្ផា និងជំនួសមុខអោយលោកនាយកមន្ទីរពេទ្យ លោក ដេនីស ឡូរ៉ង់ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការជួយឧបត្ថម្ភនូវទឹកប្រាក់ដ៏ធំធេងរបស់មូលនិធិបាយ័ននាពេលនេះ ហើយតាមរយៈជំនួយសប្បុរសធម៌៣០ម៉ឺនដុល្លានេះ នឹងរួមចំណែកជួយដល់កុមារកម្ពុជា ដែលទទួលសេវាមិនយកប្រាក់ពីមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងឱកាសនេះដែរ លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ក៏បានផ្តល់នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លាបន្ថែមទៀតផងដែរ។ ចំណែកឯ លោក សៀង ឡេង និងលោកស្រី សោម លីដា ក៏បានចូលរួមនូវថវិកាចំនួន១លានរៀលផងដែរ។ ថវិការសរុប ដែលឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានានាឱកាសនោះរួមមានចំនួន៣១ម៉ឺនដុល្លា និង១លានរៀល។
គួរបញ្ជាក់ថា ចាប់តាំងពីការបង្កើតមន្ទីរពេទ្យគន្ធបុប្ផានាឆ្នាំ១៩៩២មក ថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាទាំងគ្រប់សាខា គឺបានមកពីការសម្តែងតូរ្យតន្រ្តីរបស់លោកវេជ្ជបណ្ឌិត Richner តាមរយៈការលក់សំបុត្រទស្សនាការសម្តែងរបស់លោក និងសប្បុរសជននានា។ រីឯកុមារកម្ពុជារាប់លាននាក់ ដែលមានជម្ងឺ បានមកទទួលសេវាពីមន្ទីរពេទ្យនេះ ដោយសារតែសេវាឥតគិតថ្លៃ និងប្រកបដោយប្រសិទ្ធិភាព។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២
Leave a Reply