ការមានផ្ទៃពោះគឺទាមទារឱ្យស្ដ្រីយកចិត្ដទុកដាក់បំផុតចំពោះសុខភាព ហើយរឹតតែយកចិត្ដទុកដាក់កាន់តែខ្លាំងទៀតនោះ គឺករណីស្ដ្រីមានផ្ទៃពោះហើយមានជម្ងឺទឹកនោមផ្អែម។ ព្រោះថាស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែមងាយនឹងមានបញ្ហាច្រើន ជាពិសេសចំពោះទារក និងម្ដាយ។ ហេតុនេះទើបស្ដ្រីមានជម្ងឺទឹកនោមផ្អែមត្រូវថែរក្សាសុខភាពរបស់ខ្លួន រួមទាំងសុវត្ថិភាពរបស់ទារកផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត សេង សេរី ឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីបកស្រាយកាន់តែច្បាស់អំពីស្ដ្រីជម្ងឺទឹកនោមផ្អែម និងការមានផ្ទៃពោះ។
ប្រភេទជម្ងឺទឹកនោមផ្អែម
ជម្ងឺទឹកនោមផ្អែមត្រូវបានចែកចេញជាពីរប្រភេទធំៗ។ ប្រភេទទី១គឺអ្នកជម្ងឺទឹកនោមផ្អែមដែលប្រើប្រាស់ថ្នាំចាក់ និង ប្រភេទទី២អ្នកជម្ងឺទឹកនោមផ្អែមដែលប្រើប្រាស់ថ្នាំគ្រាប់។ ជម្ងឺទឹកនោមផ្អែមអាចកើតឡើងបានដោយកត្ដាតំណពូជ កត្ដាធាត់លើស ទម្ងន់ជាដើម ជួនកាលជម្ងឺទឹកនោមផ្អែមក៏អាចកើតចំពោះអ្នកដែលមានរូបរាងស្គមផងដែរ។
ស្ដ្រីមានជម្ងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?
ចំពោះស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទាំងពីរដែលបានរៀបរាប់ខាងលើនេះ គឺអាចមានផ្ទៃពោះបានដូចគ្នា។ ប៉ុន្ដែ មុននឹងសម្រេចចិត្ដពពោះស្ដ្រីត្រូវតែជួបគ្រូពេទ្យឯកទេសជម្ងឺទឹកនោមផ្អែមជាមុនសិន ដើម្បីត្រួតពិនិត្យ និងតាមដានជាតិស្ករ រួមទាំង ធ្វើតេស្ដឈាមដើម្បីរកជម្ងឺផ្សេងៗបន្ថែមទៀត។ ម្យ៉ាងទៀតស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែមហើយប្រើប្រាស់ថ្នាំគ្រាប់ ត្រូវផ្លាស់ប្ដូរមក ចាក់ថ្នាំវិញទៅតាមវេជ្ជបណ្ឌិតណែនាំ។ ការធ្វើបែបនេះដើម្បីឱ្យស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែមមានសុវត្ថិភាពនៅក្នុងការមានផ្ទៃពោះ ទាំងមុន និងក្រោយពេលសម្រាល។
ផលប៉ះពាល់ចំពោះស្ដ្រីមានផ្ទៃពោះដែលមានជម្ងឺទឹកនោមផ្អែម
ចំពោះស្ដ្រីដែលមានផ្ទៃពោះ និងកំពុងតែមានជម្ងឺទឹកនោមផ្អែម ហើយមិនបានមកពិភាក្សាជាមួយគ្រូពេទ្យឯកទេសជម្ងឺទឹក នោមផ្អែមមុនមានផ្ទៃពោះ ឬក៏មានជម្ងឺទឹកនោមផ្អែមទាំងមិនដឹងខ្លួននៅពេលដែលកំពុងមានផ្ទៃពោះ ពិតជាមានផលប៉ះពាល់មួយចំនួនដូចជា ៖
- គ្រោះថ្នាក់ចំពោះម្ដាយ ៖ អាចធ្វើឱ្យរលូតកូន ព្រាយក្រឡាភ្លើង ឬអាចធ្លាក់ឈាមខ្លាំង។ ជាពិសេសនៅពេលដែល សម្រាលកូនមកអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ នៅតាមតំបន់ដាច់ស្រយាល ស្ដ្រីមួយចំនួនមិនបានទៅសម្រាលនៅមន្ទីរពេទ្យ អាចធ្វើឱ្យមានគ្រោះថ្នាក់ទាំងម្ដាយទាំងកូន។ នេះជាផលប៉ះពាល់ធំបំផុតសម្រាប់ស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែម ហើយមិនបានមកពិភាក្សាជាមួយគ្រូពេទ្យ។
- គ្រោះថ្នាក់ចំពោះកូន ៖ អាចស្លាប់កូន ជួនកាលនៅពេលដែលកូនកើតមកស្លាប់ភ្លាម ឬក៏កើតបានពីរទៅបីថ្ងៃទើបស្លាប់ក៏មាន។
ដូចនេះអ្វីដែលជាសុវត្ថិភាពបំផុតសម្រាប់ម្ដាយ និងទារក គឺត្រូវមកពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនមុនពេលមានផ្ទៃពោះ។
ប្រការត្រូវធ្វើចំពោះស្ដ្រីមានផ្ទៃពោះដែលមានជម្ងឺទឹកនោមផ្អែម
សម្រាប់ស្ដ្រីដែលមានផ្ទៃពោះហើយមានជម្ងឺទឹកនោមផ្អែម ត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនដូចស្ដ្រីធម្មតា ទៅតាមវេជ្ជបណ្ឌិតណែនាំ។ ចំពោះស្ដ្រីដែលមានជម្ងឺទឹកនោមផ្អែម ប្រសិនបើលើសទម្ងន់គួរតែធ្វើការបញ្ចុះទម្ងន់មុននឹងមានផ្ទៃពោះ ព្រោះការបញ្ចុះទម្ងន់គឺអាចធ្វើឱ្យជាតិស្ករនៅក្នុងឈាមមានកម្រិតធម្មតា។ ចំណែកឯការធ្វើលំហាត់ប្រាណក៏ជាវិធីមួយដែលអាចធ្វើឱ្យមាតា និងទារកមានសុខភាពល្អ ជាពិសេសគឺអាចគ្រប់គ្រងឱ្យជាតិស្ករមានកម្រិតទាបបានថែមទៀតផង។ ប៉ុន្ដែការធ្វើលំហាត់ប្រាណត្រូវតែមានការណែនាំពីររបៀបនៅក្នុងការហាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ ពិសេសស្ដ្រីត្រូវពិភាក្សាជាមួយ នឹងគ្រូពេទ្យជំនាញឱ្យបានញឹកញាប់ ដើម្បីតាមដានសុខភាពខ្លួនឯង និងទារក។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានបងប្អូន ឬឪពុកម្ដាយមានជម្ងឺទឹកនោមផ្អែមត្រូវតែពិនិត្យរកជម្ងឺទឹកនោមផ្អែមទើបជាការប្រសើរ ព្រោះ ជម្ងឺនេះក៏អាចកើតឡើងតាមរយៈតំណពូជ មិនមែនកើតឡើងដោយឯងៗនោះទេ។ ចំណែកលោកអ្នកដែលធាត់លើសទម្ងន់ ក៏គួរតែឱ្យគ្រូពេទ្យពិនិត្យរកមើលជម្ងឺទឹកនោមផ្អែមផងដែរ ព្រោះភាពធាត់អាចបញ្ជាក់ថាមានជាតិស្ករកើនឡើង។ ការមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនគឺជាកត្ដាចាំបាច់សម្រាប់ស្ដ្រីដែលជាមាតា។ ដូចនេះនៅមុនពេលមានផ្ទៃពោះត្រូវតែមកជួបគ្រូពេទ្យជំនាញជម្ងឺទឹកនោមផ្អែម និងត្រូវមកសម្រាលកូននៅកន្លែងដែលមានសុវត្ថិភាព ទើបអាចចៀសផុតគ្រោះថ្នាក់ដែលស្មានមិនដល់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply