វិធី​បំបាត់​សរសៃ​នៅលើ​ស្បែក

មិនថា​ស្នាមជាំ​អុចខ្មៅ អាចម៍រុយ ឬស្នាម​សម្លាក​អ្វី​នោះទេ សុទ្ធតែ​អាចរក​វិធី​ព្យាបាល​បាន​ទាំងអស់ សូម្បីតែស្នាម​សរសៃ នៅលើ​ស្បែក​ក៏ដោយ។ ស្នាម​សរសៃ​នេះមាន​សភាព​ដូចជា​សរសៃ​ឈាម​ដែលអាច​មើលឃើញ​នៅលើ​ស្បែក មានខ្លះ​ក្រហម ខៀវ និង​មានស្នាម​ឆ្វេចឆ្វាច ឬប៉ោង​ដែលមាន​ការ​ប្រែប្រួល​ទៅតាម​ទំហំ​របស់វា។ ស្នាម​សរសៃ​នៅលើ​ស្បែកនេះ​អាចមាន​នៅលើ​ផ្ទៃមុខ ឬ​ស្បែក​ដងខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅ​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ផស្ស​មេហ្គាប៊ែល នឹង​បកស្រាយ​អំពី​បញ្ហា​ស្នាម​សរសៃ​នេះ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុ​ដែលមាន​ស្នាម​សរសៃ

ស្នាម​សរសៃ​កើតឡើង​ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា លោកអ្នក​ខ្លះគឺ​កើត​ដោយសារ​ការ​ប្រើប្រាស់​ផលិតផល​ខុសនឹងប្រភេទ​ស្បែក ជាហេតុ​ធ្វើឱ្យ​សរសៃ​ឈាម​ខ្សោយ ទើប​បណ្ដាល​ឱ្យមាន​ចេញ​សរសៃ​នៅលើ​ផ្ទៃមុខ។ មួយ​វិញទៀត​គឺ​បណ្ដាល​មកពី​កត្ដា តំណពូជ​របស់​មនុស្ស​ម្នាក់ៗ ដែល​ធ្វើឱ្យ​សរសៃ​ឈាម​ខ្សោយ ដូចនេះ​ងាយ​ធ្វើឱ្យ​សរសៃ​វ៉ែនខ្សោយ។ ហើយ​ករណី​បែបនេះ​គឺ​ភាគច្រើន កើតមាន​នៅត្រង់​ជើង ធ្វើឱ្យ​សរសៃ​រីកធំ មើលទៅ​គួរឱ្យ​កត់​សម្គាល់។ ចំពោះ​លោកអ្នក​ដែលមាន​ជម្ងឺ​រលាក​សរសៃ​ក៏ជា​កត្ដា​មួយ ដែល​ធ្វើឱ្យ​កើតមាន​សរសៃ​នៅលើ​ស្បែកនេះ​ផងដែរ។

ផល​ប៉ះពាល់​នៃ​សរសៃ​នៅលើ​ស្បែក

បើសិន​ជាមាន​សរសៃ​តូចៗ​ក្រហម ឬខៀវ​នៅលើ​ផ្ទៃមុខ ឬ​ស្បែក​ដងខ្លួន គឺ​នឹងធ្វើ​ឱ្យ​សម្រស់​របស់​លោកអ្នក​ធ្លាក់ចុះ​មួយកម្រិត។ ចំពោះ​សរសៃ​ដែលលេច​ឡើង​ធំដែល​មកពី​មាន​ដំណើរការ​មិនធម្មតា​នៃ​សរសៃ​ឈាម បណ្ដាល​ឱ្យ​ក្លាយ​ទៅជា​រមាស់ ដំបៅ ព្រោះ​ឈាម​មិនល្អ ដូចនេះ​ធ្វើឱ្យ​ឈាម​ច្រាល​មិនមាន​ការ​ផ្លាស់ប្ដូរ។

វិធី​ព្យាបាល​បំបាត់​សរសៃ​នៅលើ​ស្បែក

ចំពោះ​សរសៃ​តូចៗ​អាច​ព្យាបាល​ដោយ​វិធីចាក់​ថ្នាំ ដើម្បី​កម្ទេច​សរសៃ​ដែល​លេចឡើង​នោះ មួយទៀត​អាចបាញ់​ឡេស៉ើ ឬ​ដុតគល់​សរសៃ​ដើម្បី​ព្យាបាល​សរសៃ​នោះ។ ក្រៅពី​នេះ​គ្រូពេទ្យ​ជំនាញ​នៅមាន​វិធី​ព្យាបាល​ជាច្រើន​ប្រភេទ​ទៀត ប៉ុន្ដែ​ភាគច្រើន​គេច្រើន​និយម​ព្យាបាល​ដោយការ​ប្រើ​ឡេស។ រីឯការ​លេចឡើង​សរសៃធំ​ៗ​ដែលមាន​សរសៃ​កប់នៅ​ជ្រៅនោះ មិនអាច​ប្រើឡេស៉ើ​ដើម្បី​ព្យាបាល​បានទេ ទាល់តែ​ចាក់​ប្រភេទថ្នាំ​ម្យ៉ាង​ចូលទៅ​ក្នុង​សរសៃ ហើយ​ធ្វើការ​សង្កត់ឱ្យ​ណែន​ដើម្បី​ឱ្យខូច​សរសៃ​នោះ ដំណើរ​ការឡើង​វិញ។ វិធីមួយ​ទៀតគឺ​វះកាត់​សរសៃ​នោះចេញ​តែម្ដង ឬ​វះកាត់​ហើយបាញ់​ឡេស៉ើ​ស៊កចូល​វ៉ែនបែប​នេះមាន​ភាពងាយ ស្រួលជាង​ការ​វះកាត់​ទាញ​សរសៃ​ចេញ។

ដំបូន្មាន​អ្នក​ជំនាញ

សម្រស់ និង​សុខភាព​ជាបញ្ហា​សំខាន់។ ដូចនេះ​រាល់បញ្ហា​ដែល​កើតមាន​ត្រូវទៅ​ជួប​ពិគ្រោះ​ពិនិត្យ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការកើត​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ បញ្ហា​សុខភាព​ទាំងអស់​ដែលមាន​ការ​ព្យាបាល ​និង​ពិនិត្យ​ដែលចេញ​ពី​វេជ្ជបញ្ជា​ត្រឹមត្រូវ​ជាប្រការ​ដ៏ដែល​លោកអ្នក​គួរតែ​អនុវត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *