លោកអ្នកតែងតែគិតថា ការថែរក្សា និងការបង្រៀនកូនតូចឱ្យចេះដុសធ្មេញគឺជារឿងងាយស្រួល។ ផ្ទុយទៅវិញការ បង្រៀនក្មេងតូចឱ្យចេះដុសវាជារឿងដែលលំបាក ព្រោះថាកូនក្មេងតូចដែលដុសធ្មេញចេញមកបានស្អាតល្អ គឺអាស្រ័យទៅលើឪពុកម្ដាយដែលជាអ្នកជួយថែរក្សា និងបង្រៀនកូនឱ្យបានល្អ។
នៅក្នុងទស្សនាវដ្ដី សុខភាពយើង លោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិម នឹង បកស្រាយអំពីបញ្ហានេះជូនមិត្ដអ្នកអានទាំងអស់ ឱ្យបានយល់អំពីរបៀបបង្រៀនក្មេងតូចដុសធ្មេញ។
របៀបថែរក្សាធ្មេញ
ការថែរក្សា និងការបង្រៀនក្មេងឱ្យចេះដុសធ្មេញមានសារៈសំខានណាស់ ដែលឪពុកម្ដាយត្រូវតែយល់ដឹងឱ្យបានច្បាស់។ ធ្មេញត្រូវបានគេបែងចែកជាពីរប្រភេទគឺ ធ្មេញទឹកដោះ និងធ្មេញស្រុក។ ធ្មេញចាប់ផ្ដើមដុះនៅក្នុងអំឡុងពេលក្មេងមានអាយុពី៦ខែ ទៅ១៨ខែ។ ធ្មេញទឹកដោះដុះគឺមានរយៈពេលពី៦ខែទៅ២៤ខែ រីឯធ្មេញស្រុកចាប់ផ្ដើមដុះចាប់ពីអាយុ៦ឆ្នាំទៅដល់២៥ឆ្នាំ។ ជាទូទៅនៅពេលដែលធ្មេញដុះ អញ្ចាញធ្មេញត្រូវបានបើក ជាហេតុដែលធ្វើឱ្យក្មេងឈឺឬក៏រាករូស គ្រុនក្ដៅខ្លួន ឬក៏ធ្វើឱ្យក្មេងបៀមដៃជាដើម។ រយៈពេលនៃការដុះធ្មេញពី៦ខែទៅដល់២៤ខែ គេហៅថារយៈពេលនៃការបើកអញ្ចាញគឺជារយៈពេលមួយដែលងាយ ចម្លងមេរោគណាស់ ហើយក្មេងឧស្សាហ៍ឈឺនៅក្នុងរយៈពេលនៃការបើកអញ្ចាញនេះ។ បើកូនលោកអ្នកឈឺនៅរយៈពេលនេះ ឪពុកម្ដាយគ្រប់រូបត្រូវតែដឹងពីវិធីថែរក្សាធ្មេញកូនឱ្យដុះមកបានល្អ ហើយកុំឆ្លងមេរោគ។ ពេលធ្មេញចាប់ផ្ដើមដុះដំបូង ម្ដាយត្រូវតែ ធ្វើការសម្អាតដើម្បីកុំឱ្យមានមេរោគឆ្លង។ ដូចនេះម្ដាយត្រូវតែជូតអញ្ចាញឱ្យស្អាត ដោយប្រើសំឡីដែលស្អាតមកជូត ព្រោះអញ្ចាញស្អាត ធ្មេញដុះមកគ្មានមេរោគ ដែលអាចជួយកាត់បន្ថយកុំឱ្យមានការឈឺចាប់ដល់កុមារទៀតផង។ នៅពេលធ្មេញដុះចេញមក ម្ដាយត្រូវតែធ្វើការសម្អាតធ្មេញរបស់កូនដោយប្រើសំឡីមូរឱ្យតូច ហើយជ្រលក់ជាមួយទឹកក្ដៅឧណ្ហៗ បន្ទាប់មកយកទៅជូតលើអញ្ចាញធ្មេញរបស់កុមារ នៅរៀងរាល់ពេលដែលកុមារបៅដោះឬក្រោយពេលកុមារទទួលទានជារៀងរាល់ពេល។
របៀបបង្រៀនក្មេងឱ្យចេះដុសធ្មេញ
ម្ដាយត្រូវបង្រៀនកូនឱ្យចេះសម្អាតធ្មេញពីអាយុ១ឆ្នាំទៅ១ឆ្នាំកន្លះ។ នៅពេលដែលដុសធ្មេញគឺត្រូវប្រើច្រាសដុសធ្មេញ ដែលតូចហើយទន់ ហើយមិនត្រូវដាក់ថ្នាំដុសធ្មេញដែលមានជាតិក្លអើរ៉ាយ ឬក្លុយអ័រទេ ព្រោះសារជាតិទាំងនេះធ្វើឱ្យធ្មេញរឹងមាំ តែបើនៅពេលដែលដុសធ្មេញ ក្មេងលេបចូលទៅក្នុងពោះអាចធ្វើឱ្យក្មេងពុលបាន។ ដូចនេះឪពុកម្ដាយត្រូវតែយកចិត្ដទុកដាក់បំផុត នៅពេលដែលកូនដុសធ្មេញ មិនបណ្ដោយឱ្យក្មេងដុសដោយខ្លួនឯងនោះទេ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល។ ពេលដុសធ្មេញត្រូវដាក់ថ្នាំដុសធ្មេញតែបន្ដិចបានហើយ គឺប៉ុនគ្រាប់សណ្ដែក ត្រូវគ្រប់គ្រងការដុសធ្មេញនេះរហូតដល់ក្មេង ចេះដុសដោយខ្លួនឯង។
សារៈប្រយោជន៍នៃធ្មេញ
ការឆាប់សម្អាតធ្មេញអាចឱ្យក្មេងទំពាអាហារបានល្អ ធ្មេញដុសចេញមកត្រង់ជួរល្អ ធ្វើឱ្យក្មេងញញឹមស្អាត ជួយឱ្យក្មេង និយាយបានត្រឹមត្រូវ និយាយច្បាស់ ធ្វើឱ្យមានចន្លោះដុះធ្មេញ ដើម្បីឱ្យធ្មេញស្រុកដុះមកត្រង់ជួរបានល្អមិនវៀចជាដើម។
ប្រការគួរចៀសវាង ដើម្បីថែទាំធ្មេញរបស់កុមារ
- មិនត្រូវឱ្យកុមារបៀមដៃឬខាំមេដៃទេ អាចធ្វើឱ្យធ្មេញដុះមកមិនត្រង់ជួរ
- មិនត្រូវយកក្បាលដោះឱ្យក្មេងបៅនៅពេលគេង ដែលជាហេតុធ្វើឱ្យពុកធ្មេញ
- មិនត្រូវឱ្យក្មេងប្រើពពួកថ្នាំតេត្រាស៊ីគ្លីនច្រើនពេកទេ ព្រោះធ្វើឱ្យធ្មេញលឿង ដោយចៀសវាងប្រើតាំងពីពេលកូននៅក្នុងផ្ទៃរហូតដល់កូនកើតមក។
- នៅពេលដែលក្មេងមានអាយុ១ឆ្នាំ ឪពុកម្ដាយត្រូវតែនាំកូនទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យ និងរកវិធីការពារ ឱ្យធ្មេញដុះមកបានស្អាត ហើយត្រង់ជួរល្អ។
វិធីជួយឱ្យធ្មេញស្អាត
នៅពេលដែលធ្មេញស្រុកដុះគួរតែទៅជួបគ្រូពេទ្យរកវិធីបិទនៅចន្លោះធ្មេញ ដើម្បីកុំឱ្យមានចំណីអាហារចូលទៅក្នុងធ្មេញ ដែលជាហេតុធ្វើឱ្យធ្មេញពុក។ មានថ្នាំម្យ៉ាងទៀតគឺគេដាក់លាយជាមួយទឹកដោះគោដើម្បីឱ្យក្មេងបៅ ដើម្បីរក្សាការពារធ្មេញ តែបើដាក់លើសកម្រិតក៏មានផលប៉ះពាល់ផងដែរ។ ដូចនេះប្រការដែលល្អឪពុកម្ដាយត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកវិធីការពារ។
ដំបូន្មានអ្នកជំនាញ
ឪពុកម្ដាយគ្រប់រូបមិនត្រូវធ្វេសប្រហែសនៅក្នុងការថែរក្សាធ្មេញកូនឡើយ ត្រូវតែយកចិត្ដទុកដាក់ចំពោះកូន។ បើសិនជា លោកអ្នកមានការធ្វេសប្រហែសនោះ វាអាចបង្កឱ្យមានបញ្ហាជាច្រើន ដែលជាហេតុធ្វើឱ្យលោកអ្នកបាត់បង់នូវពេលវេលា រួមទាំងថវិកាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply