ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលមានការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន។ បើតាមរបាយការណ៍ ក៏ដូចជាការអង្កេតរបស់អង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញឲ្យដឹងថា ការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកនៅកម្ពុជានៅតែមានកំណើនខ្ពស់នៅឡើយ បើទោះបីជាស្ថិតិរបស់ក្រសួងផែនការកាលពីឆ្នាំ២០១០ប្រកាសថា ស្ថានភាពមរណភាពរបស់មាតាត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងដំណាក់កាលចុងក្រោយនេះក៏ដោយ។
បើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ កាលពីពេលថ្មីៗនេះឲ្យដឹងថា ប្រជាពលរដ្ឋក្នុងចំណោម២៤ខេត្ត រាជធានី និងក្រុង ដែលក្នុងនោះមានខេត្តចំនួន៤ ដែលមិនបានទទួលសេវាថែទាំសុខភាព និងការសម្រាលកូនគ្រប់គ្រាន់នៅឡើយ។ លោក អានទ្រូ ម៉ាទីន (Andrew Martin) នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ បានថ្លែងពីអត្រាស្លាប់របស់មាតា និងទារកកាលពីពេលថ្មីៗនេះថា ព្រោះតែនៅតាមបណ្ដាខេត្តទាំងនេះ ស្ថិតនៅឆ្ងាយពីប្រជុំជន ពេទ្យពុំមានជំនាញវិជ្ជាជីវៈ និងខ្វះសម្ភារៈប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា សម្រាប់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង អត្រាស្លាប់របស់មាតា និងទារក បើគិតជាភាគរយមានចំនួន ២១,២%។ ចំណែកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី វិញមានតែ ៣០,១% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងតំបន់មួយចំនួនទៀត ដូចជាទីប្រជុំជន រាជធានីភ្នំពេញ និងជនបទ ដែលអត្រានេះមានកំណើនរហូតដល់ជាង ៨០%។ លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យ បានឲ្យដឹងថា អ្វីដែលជាការប្រឈមថែមទៀតនោះ គឺអត្រានៃការស្លាប់របស់ស្ត្រីដែលមានអាយុចន្លោះពី១៥ ដល់៤៩ឆ្នាំ ក្រោយពេលសម្រាលរយៈពេល៤១ថ្ងៃ ប្រមាណ២៦% កើតចេញពីកង្វះការថែទាំ ស្លេកស្លាំង និងអាហារមិនគ្រប់គ្រាន់។
រីឯក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការផ្នែកសុខភាពបានរកឃើញថា អ្វីដែលនៅតែបន្តកើតមាននោះ គឺដោយសារតែការជួយសង្គ្រោះយឺតយ៉ាវរបស់ពេទ្យជំនាញ ស្ថានភាពផ្លូវនៅពុំទាន់ធានា និងការគិតយឺតចំពោះប្រជាពលរដ្ឋនៅពេលសម្រាលកូនជាដើម។
នាយកប្រចាំប្រទេសរបស់អង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ លោក អានទ្រូ ម៉ាទីន បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាប្រឈមនៃអត្រាស្លាប់មាតា និងទារក ក្នុងពេលសម្រាលកូនរបស់ពលរដ្ឋនៅខេត្តចំនួន៤ មានខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី នៅតែមានកំណើនខ្ពស់នៅឡើយ។ លោកបន្តថា នោះបើប្រៀបធៀបទៅនឹងខេត្តក្រុងមួយចំនួនទៀត អាចនិយាយបានថា អត្រានេះស្ថិតនៅក្នុងដំណាក់កាលនៃការប្រកាសអាសន្ន។ លោកបានបន្ថែមថា៖ «យើងឃើញហើយថា នៅខេត្តព្រះវិហារ អត្រាស្លាប់របស់ទារកក្នុងពេលសម្រាល មានចំនួន៩៥នាក់ ក្នុងចំណោមអ្នកផ្ដល់កំណើត១ពាន់នាក់ នោះបើគេប្រៀបធៀបទៅនឹងទីក្រុងភ្នំពេញ អត្រាស្លាប់ក្នុងពេលសម្រាលមានតែ១៣នាក់ ក្នុងចំណោមអ្នកផ្តល់កំណើត១ពាន់នាក់។ ចំណែកខេត្តមណ្ឌលគិរី និងរតនគិរី អត្រាស្លាប់របស់មាតា និងទារក មានចំនួន៨២នាក់ ក្នុងចំណោមអ្នកផ្តល់កំណើត១ពាន់នាក់។ ជាពិសេសខេត្តមណ្ឌលគិរី រតនគិរី គឺជាខេត្តជាប់លេខ២ ដែលមានអត្រាស្លាប់ខ្ពស់ ខណៈខេត្តព្រះវិហារ និងស្ទឹងត្រែង មានកម្រិតខ្ពស់បំផុត ដែលមានអ្នកស្លាប់ចំនួន១៨០នាក់ ក្នុងចំណោមអ្នកផ្ដល់កំណើត១ពាន់នាក់»។
លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យចាត់ទុកថា អ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាល ដែលធ្វើឡើងដោយក្រសួងផែនការនេះ នៅមិនទាន់អាចឆ្លើយតបឲ្យបានពេញលេញពីតម្រូវការដែលពលរដ្ឋកំពុងប្រឈមនៅតាមសហគមន៍នៅឡើយទេ។ អត្រាស្លាប់មាតា និងទារកក្នុងពេលសម្រាលកូនរបស់ខេត្ត៤ មានដូចជាខេត្តកែប និងខេត្តកោះកុងជាដើមដែលមានអត្រាស្លាប់ខ្ពស់ជាងគេ រហូតដល់៤៣៧នាក់ ក្នុងចំណោមការផ្តល់កំណើត១ម៉ឺននាក់កាលពីឆ្នាំ២០០០។ ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ២០៦នាក់ ក្នុងចំណោមអត្រាផ្ដល់កំណើត១០ម៉ឺននាក់កាលពីឆ្នាំ២០១០។ បើទោះជាបែបនេះក្តី ស្ថិតិជំរឿនប្រជាសាស្ត្រក្នុងឆ្នាំ២០០៨ រកឃើញថា អត្រានៃការស្លាប់ក្នុងពេលសម្រាលកូននៅតែមានកំណើនខ្ពស់ ពោលគឺអត្រានេះមានចំនួន៤៦០នាក់ ក្នុងចំណោម១០ម៉ឺននាក់។ ក្នុងន័យនេះលោកថា តួលេខនេះនៅតែជាការប្រឈមខ្ពស់នៅឡើយ ដែលជាការព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា។ លោកបានបន្តថ្លែងឲ្យដឹងថា៖ «ពីព្រោះថា អត្រាស្លាប់របស់មាតាមិនទាក់ទងតែមួយគត់ទៅលើវិស័យសុខាភិបាលទេ សំខាន់ទាក់ទងទៅលើវិស័យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន បើប្រជាជនមិនអាចចាកផុតពីភាពអត់ឃ្លាន ពីភាពក្រីក្រ មិនអាចកាត់បន្ថយអត្រាស្លាប់របស់មាតាហ្នឹងលឿនទេ»។
អត្រានៃការស្លាប់នៅតែមានកម្រិតខ្ពស់បែបនេះ ទើបអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសុខភាពបង្ហាញការព្រួយបារម្ភថា ផែនការអភិវឌ្ឍសហស្សវត្ស (MDG) របស់រដ្ឋាភិបាលដែលជាគោលដៅទី៥ ក្នុងចំណោមគោលដៅចំនួន៩ នឹងមិនអាចសម្រេចជោគជ័យតាមការកំណត់បានទេ។ លោក អានទ្រូ ម៉ាទីន នាយកប្រចាំប្រទេសរបស់អង្គការសកម្មភាពដើម្បីសុខភាព បានយល់ឃើញថា ដើម្បីកាត់បន្ថយបញ្ហាលើផ្នែកនេះ ដរាបណារដ្ឋាភិបាលបង្កើនប្រព័ន្ធសេវាថែទាំសុខភាពប្រកបដោយគុណភាព បង្កើនការអប់រំនៅតាមមណ្ឌលសុខភាព លើកទឹកចិត្តពលរដ្ឋក្នុងសហគមន៍ជនបទ ក្នុងការទទួលយកសេវាថែទាំសុខភាពឲ្យបានទៀងទាត់ និងជាពិសេស ត្រូវធានាថា សេវាដែលផ្ដល់ជូនពលរដ្ឋ គឺជាកាតព្វកិច្ចដែលរដ្ឋត្រូវបំពេញដោយមិនគិតកម្រៃជាដើម។ លោកបានបន្តឲ្យដឹងថា៖ «រដ្ឋាភិបាលគួរបង្កើនការវិនិយោគបន្ថែមទៀតទៅលើអ្នកផ្ដល់សេវាសុខភាពរបស់រដ្ឋ និងគួរបង្កើនគុណភាពទៅលើអ្នកផ្ដល់សេវាផ្នែកសុខភាពឲ្យបានពេញលេញ ហើយនិងបង្កើនគុណភាពថែទាំសុខភាពដល់ប្រជាជន និងទាមទារជាចាំបាច់នៅពេលដែលបម្រើការជាមួយសហគមន៍ត្រូវជម្រុញពួកគេឲ្យយកចិត្តទុកដាក់ ដើម្បីឲ្យទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពមុនពេលសម្រាល និងត្រូវបង្កើនគុណភាពដល់បុគ្គលិកបម្រើសេវាសុខភាពឲ្យមានកម្រិតយល់ដឹងខ្ពស់។ តែជាអកុសល នៅតាមមណ្ឌលសុខភាពមិនទាន់មានសម្ភារៈគ្រប់គ្រាន់ក្នុងការបម្រើសេវានេះនៅឡើយ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ កន្លងទៅ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានបើកយុទ្ធនាការគាំទ្រកម្មវិធីកំណែទម្រង់ និងពន្លឿនគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ការចូលរួមរបស់ UNFPA នេះ គឺជាផ្នែកមួយដើម្បីធ្វើឲ្យប្រសើរឡើង សម្រាប់សេវាថែទាំសុខភាព និងជាមធ្យោបាយកាត់បន្ថយអត្រាការស្លាប់របស់មាតា និងទារកក្នុងពេលសម្រាលកូន។ បើតាមរបាយការណ៍របស់អង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រតាមរយៈការអង្កេតប្រជាសាស្ត្រឆ្នាំ២០១០ របស់រដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ភាគរយនៃការសម្រាលកូនតាមបែបវិទ្យាសាស្ត្រ ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឬពេទ្យឆ្មបសម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង អត្រាដែលទទួលបានសេវាលើផ្នែកនេះពីអ្នកជំនាញ នៅមានកម្រិតទាបនៅឡើយ ពោលគឺចន្លោះប្រមាណពី២០ទៅ៣០%។ អត្រានេះ បើប្រៀបធៀបដូចគ្នាទៅនឹងទីប្រជុំជន រាជធានីភ្នំពេញ និងជនបទ មានការវិវត្តកើនឡើងចន្លោះជាង៦០ទៅជាង៩០%។
របាយការណ៍នោះរកឃើញទៀតថា ចំពោះខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អត្រានៃការស្លាប់ក្នុងពេលសម្រាលកូនខ្ពស់ជាងគេទី២ ក្នុងចំណោម២៤ខេត្ត-ក្រុង ដែលក្នុងនោះអ្នកស្លាប់ចំនួន៨២នាក់ ក្នុងចំណោមនៃការផ្ដល់កំណើតដំណាលគ្នា១ពាន់នាក់។ អត្រានៃកំណើននេះកើនឡើងពីរដងគិតជាមធ្យមភាគ បើប្រៀបធៀបនៅទូទាំងប្រទេសដែលមានអត្រានៃការស្លាប់៤៥នាក់ ក្នុងចំណោមការផ្ដល់កំណើត១ពាន់នាក់ និងមានកំណើនច្រើនជាង៦ដង ខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ដែលអត្រានៃការស្លាប់ក្នុងពេលសម្រាលកូនមានតែ១៣នាក់ ក្នុងចំណោមកូនកើតរស់១ពាន់នាក់។ ចំណែកខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អត្រានៃការស្លាប់ក្នុងពេលសម្រាលកូនខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេស ដែលមានអ្នកស្លាប់ចំនួន៩៥នាក់ ក្នុងចំណោមការផ្ដល់កំណើត១ពាន់នាក់។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី បានឲ្យដឹងបន្ថែមទៀតថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសឡាវ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលរកឃើញថា អត្រានៃការស្លាប់របស់មាតា និងទារកខ្ពស់ជាងគេនៅឡើយ។ បើយោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១០ របស់ក្រសួងផែនការដែលប្រកាសដាក់ឲ្យប្រើប្រាស់នាពេលកន្លងទៅនេះ បានបង្ហាញថា មរណភាពមាតាត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងដំណាក់កាលចុងក្រោយនេះ។ ស្ត្រីដែលមានផ្ទៃពោះ៩នាក់ ក្នុងចំណោម១០នាក់ ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូនពីអ្នកផ្ដល់សេវាជំនាញ នៅគ្រាសម្រាលកូន៧នាក់ ក្នុងចំណោម១០នាក់ ត្រូវបានជួយពីអ្នកផ្ដល់សេវាជំនាញ ហើយការសម្រាលកូននៅមណ្ឌលសុខភាពរបស់រដ្ឋ បានកើនឡើង នោះបើប្រៀបធៀបទៅរយៈពេលប៉ុន្មានឆ្នាំមុន។
បើទោះជាបែបនេះក្តី លោក កែម ឡី ចាត់ទុកថា កម្មវិធីអភិវឌ្ឍសហស្សវត្សរបស់រដ្ឋាភិបាលនឹងមិនអាចសម្រេចក្នុង ឆ្នាំ២០១៥ បានទេ។ លោកគិតថា ព្រោះនៅមានតំបន់មួយចំនួនទៀត ដូចជាខេត្តព្រៃវែង កំពត ក្រុងព្រះសីហនុ និងក្រុងប៉ៃលិន ជាដើម ដែលមានអត្រាអ្នកស្លាប់ក្នុងពេលសម្រាលកូនខ្ពស់នៅឡើយ។ អត្រានៃការស្លាប់របស់មាតា និងទារក ស្ថិតនៅចន្លោះពី៤០០ទៅ៩០០នាក់ ក្នុងចំណោមអ្នកផ្ដល់កំណើត១០ម៉ឺននាក់៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
Leave a Reply