មនុស្សចាស់ភាគច្រើន ជាពិសេសស្ដ្រីមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ កំពុងតែប្រឈមមុខទៅនឹងជម្ងឺស្វិតខួរក្បាលយ៉ាងច្រើន ដោយសារតែការគ្រប់គ្រង និងការទទួលទានអាហារដែលមានជាតិវីតាមីនមិនបានដិតដល់។ ស្ដ្រីក្នុងវ័យនេះបានបញ្ចប់ឈាមរដូវ អាហារបំប៉នសុខភាពមិនបានជំរុញដល់សរសៃឈាម ប្រព័ន្ធប្រសាទចិញ្ចឹមរាងកាយ និងខួរក្បាលចាប់ផ្ដើមចុះខ្សោយ កាន់តែមានអារម្មណ៍ភ្លេចភ្លាំងច្រើន រហូតមានពេលថ្ងៃខ្លះអ្នកជម្ងឺមានអាការវង្វេងវង្វាន់ទៀតផង។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀត ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងលោកវេជ្ជបណ្ឌិត ហែម សុគន្ធា ឯកទេសជម្ងឺទូទៅ និងវះកាត់ឆ្អឹងមកពីប្រទេសបារាំង និងជាគ្រូពេទ្យប្រចាំនៅគ្លីនិក ទេព ផន។
ជម្ងឺស្វិតខួរក្បាលជាអ្វី?
ជម្ងឺស្វិតខួរក្បាលគឺជាជម្ងឺមួយប្រភេទដែលកើតចេញពីការកកស្ទះសារជាតិអាមីឡូអ៊ីត នៅក្នុងកោសិកាខួរក្បាលក៏ដូចជា ការកកស្ទះសរសៃឈាមតូចៗ ដែលអ្នកវិទ្យាសាស្ដ្រហៅថាជម្ងឺសរសៃឈាមអាមីឡូអ៊ីត។ ម្យ៉ាងទៀតជម្ងឺនេះកើតឡើងដោយសារតែប្រូតេអ៊ីនមិនធម្មតា ដែលគេហៅថាប្រូតេអ៊ីនតួ វាជាអ្នកបង្កឱ្យខូចសម្បកខួរក្បាល និងអ៊ីប៉ូមេ។ អ៊ីប៉ូមេគឺជាសារជាតិម្យ៉ាង ដែលកើតមានដោយសារសារជាតិគីមី ដែលមានទំនាក់ទំនងនឹងសរសៃប្រសាទ ហើយនាំឱ្យមានការថយចុះសារជាតិអាសេទីនគូល័ន ជាដើមចមចាប់ផ្ដើមនូវការកាត់បន្ថយការចងចាំ កាត់បន្ថយការស្វែងយល់ និងខ្វះការប្រុងប្រយ័ត្ន។
រោគសញ្ញាជម្ងឺស្វិតខួរក្បាល
ការបង្ហាញមួយបានបញ្ជាក់ថា ចំពោះលោកអ្នកដែលកើតមានជម្ងឺស្វិតខួរក្បាលតែងមានការភ្លេចភ្លាំងឋិតថេរ និងខ្លាំងឡើងបន្ដិចម្ដងៗ។ ឧទាហរណ៍ថា ពេលខ្លះអ្នកជម្ងឺមិនចងចាំនូវព្រឹត្ដិការណ៍ថ្មីៗដែលទើបនឹងកើតមានឡើង ឬភ្លេចបិទទ្វារ បិទភ្លើង បិទហ្គាស ឬវត្ថុផ្សេងៗ។ ម្យ៉ាងទៀតអ្នកមានជម្ងឺនេះជាមនុស្សពិបាកនិយាយ និយាយមិនច្បាស់លាស់ ភ្លេចពាក្យសម្ដីដែលខ្លួនចង់និយាយ និងប្រែប្រួលអត្ដចរិត ចូលចិត្ដនៅស្ងៀមស្ងាត់។
មូលហេតុបណ្ដាលឱ្យមានជម្ងឺស្វិតខួរក្បាល
មានមូលហេតុមួយចំនួនដែលជំរុញឱ្យមានជម្ងឺនេះគឺអាចមានកត្ដាដូចជាអាយុ និងកត្ដាតំណពូជ។ មិនតែប៉ុណ្ណោះកើតចេញ មកពីការគិតច្រើន ឬធ្វើការច្រើនពុំមានការឈប់សម្រាកខួរក្បាល និងគ្មានពេលវេលាសម្រាប់កម្សាន្ដ ឬលម្ហែអារម្មណ៍ ដើម្បីជម្រះនូវទុក្ខកង្វល់ ឬការងារដែលស្មុគស្មាញ ធ្វើឱ្យខួរក្បាលហាក់បីដូចកកស្ទះ ឬណែនថប់ៗ ជំរុញឱ្យមានជម្ងឺនៅក្នុងកោសិកា ខួរក្បាល។ ហើយវាធ្វើឱ្យមានការកកស្ទះសារជាតិអាមេឡូអ៊ីតក៏ដូចជាសរសៃឈាមតូចៗ ដែលរត់ទៅចិញ្ចឹមខួរក្បាល ដោយសារចលនាខួរក្បាលកំពុងរងសម្ពាធក្នុងការគិតច្រើន។
វិធីព្យាបាលជម្ងឺស្វិតខួរក្បាល
ដើម្បីធ្វើការកែសម្រួលដល់អ្នកជម្ងឺស្វិតខួរក្បាល ជំហានដំបូងត្រូវតែយកអ្នកជម្ងឺទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការសួរនាំ និងពិនិត្យអាការរោគបន្ថែមទៀត ហើយឱ្យអ្នកជម្ងឺរម្លឹករឿងរ៉ាវរបស់ខ្លួនដែលបានធ្វើកន្លងមក និងមានគម្រោងធ្វើបន្ដ។ ម្យ៉ាងទៀតអ្នកជម្ងឺត្រូវបានពិនិត្យពីអតីតភាព ប្រវត្ដិគ្រួសារ ការប្រើថ្នាំជំនួយខួរក្បាលមួយចំនួនទៀត និងប្រើឱសថបញ្ឈប់ការថយចុះជាតិអាសេទីកូលីន បន្ទាប់មកអ្នកជម្ងឺត្រូវបានពិនិត្យជាបន្ដបន្ទាប់ រុករកនូវភាពប្រែប្រួលសារធាតុក្នុងសរីរាង្គ និងការថតឆ្លុះ និងពិនិត្យចលនាខួរក្បាល។ លើសពីនេះមានមធ្យោបាយព្យាបាលអ្នកជម្ងឺផ្សេងទៀត គឺការថែទាំវេជ្ជសាស្ដ្រសង្គមដោយយកអ្នក ជម្ងឺរស់នៅកន្លែងសមស្រប និងមធ្យោបាយការពារអ្នកជម្ងឺពីគ្រោះថ្នាក់ផ្សេងៗ។ ត្រូវអនាម័យងូតទឹក ស្លៀកពាក់ឱ្យបានត្រឹមត្រូវ ផ្ដល់អាហារូបត្ថម្ភឱ្យបានទៀងទាត់ និងការពារការរលាកបង្ហួរនោមផងដែរ។
វិធីការពារជម្ងឺស្វិតខួរក្បាល
ដើម្បីការពារជម្ងឺនេះ លោកអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីយកថ្នាំមកលេប ដើម្បីទប់សារជាតិអាសេទី កូលីនកុំឱ្យថយចុះ ព្រោះបើវាថយចុះនឹងខូចប្រព័ន្ធបញ្ញារបស់ប្រព័ន្ធប្រសាទ។ ម្យ៉ាងទៀតសារជាតិអាមេឡូអ៊ិតត្រូវតែការពារ ឱ្យបានល្អផងដែរ ព្រោះវាមានតួនាទីសំខាន់ណាស់សម្រាប់រត់ទៅចិញ្ចឹមសរសៃឈាមខួរក្បាល។ ប្រសិនបើអ្នកជម្ងឺមិនទទួលយក វិធីការពារខាងលើនេះឱ្យបានល្អនោះទេ អាចធ្វើឱ្យខួរក្បាលកាន់តែទទួលរងសម្ពាធខ្លាំងឡើង នឹងមានការប្រែប្រួលក្នុងការវិវឌ្ឍន៍ខួរ ក្បាលឱ្យស្ពោតស្វិតកាន់តែឆាប់រហ័ស។
ផលប៉ះពាល់នៃជម្ងឺស្វិតខួរក្បាល
ជម្ងឺនេះមានផលប៉ះពាល់ជាច្រើន ត្រូវមានអ្នកថែទាំខ្ពស់ ព្រោះអ្នកជម្ងឺបាត់ការចងចាំ។ ជាពិសេសអ្នកជម្ងឺត្រូវការ អនាម័យឱ្យបានល្អ ដោយហេតុថាពេលខ្លះអ្នកជម្ងឺអាចហូរនោមដោយមិនដឹងខ្លួន ហើយអាចមានដំបៅនៅលើរាងកាយ។ ម្យ៉ាងទៀត អ្នកជម្ងឺអាចប៉ះពាល់ទៅលើសរីរាង្គ និងកាយសម្បទាផ្សេងៗ ការចងចាំចាប់ផ្ដើមកាត់បន្ថយម្ដងបន្ដិចៗ មិនអាចធ្វើការងារប្រចាំថ្ងៃបាន ទោះបីជាកម្លាំងកំហែង ឬចលនានៅធម្មតាក៏ដោយ។ បន្ទាប់មកទៀតអ្នកជម្ងឺថយចុះទម្ងន់ មានជម្ងឺសរសៃឈាមបេះដូងថយចុះ ការស្ដាប់ និងការមើលមិនសូវច្បាស់។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលមានបងប្អូន ឬក្រុមគ្រួសារកើតមានជម្ងឺស្វិតខួរក្បាល គួរតែជ្រើសរើសរកទីកន្លែងសមរម្យណាមួយដើម្បីមើលថែអ្នកជម្ងឺ និងមានប្រដាប់ការពារផងដែរ។ ចៀសវាងអ្នកជម្ងឺប្រព្រឹត្ដអ្វីផ្ដេសផ្ដាសផ្ទុយពីការហាមឃាត់របស់គ្រូពេទ្យ ឬត្រូវតែធ្វើការយកចិត្ដទុកដាក់មើលថែខ្ពស់ផ្នែកអនាម័យ និងសុខភាព ព្រោះថាបើមិនមានការថែទាំឱ្យបានល្អទេនោះ អ្នកជម្ងឺអាចវិវឌ្ឍន៍ទៅរកជម្ងឺផ្សេងៗទៀត ដូចជាជម្ងឺរលាក និងសើស្បែកទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply