វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ ៖ រកឃើញ​ហើយ​ឬ?

ថ្មីៗ​នេះ មាន​ព័ត៌មាន​គួរឱ្យ​ចាប់​អារម្មណ៍​ស្ដីពី​ការ​រកឃើញ​វ៉ាកសាំង​ប្រឆាំង​នឹង​មេរោគ​អេដស៍។ ព័ត៌មាន​នេះ​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​ព័ត៌មាន​ជាច្រើន​នៅលើ​ពិភព​លោក​ចាប់​អារម្មណ៍។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា មានការ​ងឿងឆ្ងល់​ជាច្រើន​បាន​ចោទសួរ​រកការ​ពិត ប៉ុន្ដែ​មិនសូវ​ជាមាន​ប្រភព​យក​ជាការ​បាន​នោះទេ។ ពេលនេះ​ទស្សនាវដ្ដី សុខភាពយើង សូម​ចូលខ្លួន​មក​បង្ហាញជូន​មុនគេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចាប់​តាំងពី​ការ​រកឃើញ​មេរោគ​អេដស៍​ដំបូង​កាលពី​ឆ្នាំ១៩៨១​មកនោះ ការ​ស្រាវជ្រាវ​អំពី​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍ នេះ ពិតជា​សស្រាក់​សស្រាំ​បំផុត ចំណាយ​ទាំង​ធនធាន​ថវិកា ទាំង​ធនធាន​មនុស្ស នេះ​មិនទាន់​គិតពី​ពេលវេលា​ដែល​ចំណាយ​ដល់​ទៅ ជិត​៣០ឆ្នាំ​មកហើយ។ ជា​រឿយៗ​តែងតែ​មានការ​ប្រកាស​អំពី​លទ្ធផល​នៃការ​ស្រាវជ្រាវ​នេះ នៃការ​សិក្សា​នោះ និង​នៃការ​សាកល្បង នោះ​ជាដើម។ ជា​អាទិការ​សាកល្បង​នៅ​ប្រទេស​ថៃបាន​បង្ហាញ​លទ្ធផល​អំពី​ជោគជ័យ​ខ្លះៗ​នៃការ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ អេដស៍ កាលពី​ខែកញ្ញា ឆ្នាំ​២០០៩​កន្លងមក​នេះ។

ការ​សាកល្បង​ដែលមាន​ឈ្មោះថា RV 144 ឬ​ហៅម្យ៉ាង​ទៀតថា ជាការ​សាកល្បង“ថៃ” គឺជា​ការ​សាកល្បង​ដំណាក់​កាល ទី៣ ដោយ​បេក្ខភាព​វ៉ាក់សាំង​ចំនួន​២មុខ គឺ ALVAC-HIV និងAIDSVAX ។ ការ​សាកល្បង​នេះ​ធ្វើឡើង​ទៅលើ​ក្រុម​មនុស្ស​ទាំង​បុរស និង​ស្ដ្រី ចំនួន​១៦០០០​នាក់ ដែល​មិនមាន​ផ្ទុក​មេរោគ​អេដស៍ មាន​អាយុ​ពី១៨​ទៅ៣០​ឆ្នាំ និងមាន​អត្រា​ប្រឈម​នឹងការ​ឆ្លង មេរោគ​ជាមធ្យម។ ពាក់​កណ្ដាល​នៃក្រុម​មនុស្ស​ស្ម័គ្រចិត្ដ​ដែល​ចូលរួម​ក្នុងការ​សាកល្បង​នេះ បាន​ទទួលយក​បេក្ខភាព​វ៉ាក់សាំង និង​ពាក់​កណ្ដាល​ទៀត​ទទួលយក​សារធាតុ​គ្មានជាតិ​ថ្នាំ​(placebo)។ ការ​សិក្សានេះ​កើតឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្ដិ​ការណ៍​នៃដៃ​គូ ជាច្រើន បូករួម​ទាំង​ក្រសួង​សុខាភិបាល​នៃ​ប្រទេសថៃ​ផងដែរ ដោយ​ដាក់ឱ្យ​មាននូវ​កម្មវិធី​ប្រឹក្សា និង​ផ្ដល់​ព័ត៌មាន​ទៅលើ​ការ​បង្ការ បូករួម​ទាំងការ​ចែក​ស្រោម​អនាម័យ​ផងដែរ។ តាមពិត ការ​សាកល្បង​នេះបាន​ចាប់ផ្ដើម​ឡើង​តាំងពី​ឆ្នាំ២០០៣​មកម្ល៉េះ។

ការ​សាកល្បង​នេះធ្វើ​ឡើងក្នុង​គោល​បំណង​ពីរគឺ

1 . កាត់​បន្ថយ​ករណី​ឆ្លង​មេរោគ​អេដស៍​នៅក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ដ ដែល​ទទួល​បាន​បេក្ខភាព​វ៉ាក់សាំង ដោយ​ប្រៀប ធៀប​ជាមួយ​អ្នក​ដែល​ទទួល​សារធាតុ​គ្មានជាតិ​ថ្នាំ

2 . កាត់​បន្ថយ​បរិមាណ​មេរោគ​នៅក្នុង​ឈាម ចំណោម​អ្នកដែល​ទទួល​វ៉ាក់សាំង ហើយ​ឆ្លងមេរោគ​នៅពេល​កំពុង​សិក្សា សាកល្បង ប្រៀបធៀប​ជាមួយ​អ្នកដែល​ទទួល​សារធាតុ​គ្មានជាតិ​ថ្នាំ។

ជាលទ្ធផល​នៃការ​អង្កេត​ស្រាវជ្រាវ​នេះបាន​ឱ្យដឹង​ថា ក្នុងនោះ​មាន​មនុស្ស​តិចតួច​បំផុត​ដែលបាន​ឆ្លង​មេរោគ​(១២៥នាក់)។ ក្នុង​ចំណោម​ពួកគាត់​នោះ មាន​៥១នាក់​ដែលបាន​ទទួល​បេក្ខភាព​វ៉ាក់សាំង រីឯ​៧៤នាក់​មិនបាន​ទទួល​វ៉ាក់សាំង ដែល​ទទួលតែ​សារធាតុ​គ្មានជាតិ​ថ្នាំ។ ក្នុង​រយៈពេល​៣ឆ្នាំ​កន្លះ ការ​ថមថយ​នៃ​គ្រោះថ្នាក់​ឆ្លងមាន​កម្រិត​៣១%។ នៅក្នុង​ចំណោម​អ្នក​ដែលបាន​ឆ្លង​មេរោគអេដស៍ មិនមាន​លក្ខណៈ​ខុសគ្នា​នៃកម្រិត​បន្ទុក​មេរោគ​នៅក្នុង​ឈាម​នោះទេ ក្នុង​ចំណោម​មនុស្ស​ទាំងពីរ​ក្រុម។

ជារួម​លទ្ធផល​នៃការ​សាកល្បង​ថៃនេះ​បានលើក​ឡើងនូវ​ចម្ងល់​ជាច្រើន និងអាច​ធ្វើឱ្យ​មានការ​តម្រង់​ទិស​ទៅរក​ការ​ស្រាវ ជ្រាវ​ផ្សេងៗ​ទៀត ដើម្បី​យល់​កាន់តែ​ច្បាស់នូវ​លក្ខណៈ​ប្រព័ន្ធ​ការពារ​រាងកាយ ជាពិសេស​ភាព​មិនខុស​គ្នានៃ​កម្រិត​បន្ទុក​មេរោគ នៃមនុស្ស​ទាំងពីរ​ក្រុមនេះ និង​របៀប​នៃការ​កែលម្អ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំងនេះ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *