យុទ្ធនាការ​​​​​កម្ចាត់​​​​មូសអង្កាម

ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់​មូសអង្កាម​នៅ​រាជធានី ដើម្បីធ្វើ​ការទប់​ស្កាត់ការ​រីករាល​ដាលជម្ងឺ​ដំបៅ​រមាស់​លើរាងកាយ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានថ្លែង​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង កាលពី​ដើមខែ​មីនា​ថា ខាង​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជម្ងឺ​គ្រុនចាញ់​បានធ្វើ​ការសហការ​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​រាជធានី ក្នុងការ​ចុះពិនិត្យ​មើលទីតាំង​ ដែលមាន​ករណីផ្ទុះ​មូសអង្កាម​នេះច្រើន​ជាងគេ ដើម្បី​រិះរក​វិធានការណ៍​ទប់ស្កាត់​ជាបន្ទាន់។ លោកថ្លែងថា ៖ “ករណី​មូសអង្កាម​នេះ យើង​សូមអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យចេះ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី ក្នុងការ​រៀបចំ​ផ្ទះសម្បែង​ឱ្យមាន​អនាម័យ​ជានិច្ច​ដើម្បី កម្ចាត់​ជម្រក​មូសប្រភេទ​នេះ”។

លោកវេជ្ជបណ្ឌិត ឌួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​ជម្ងឺ​គ្រុនចាញ់​បានមាន​ប្រសាសន៍ថា កាលពី​ខែមុន​លោក បាន​ឮ​ការរអ៊ូរ​ទាំរបស់​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហានេះ បន្ទាប់មក​លោកបាន​ធ្វើការ​សាកល្បង​បាញ់ថ្នាំ​សម្លាប់ដង្កូវទឹក និង​សម្លាប់មូស អង្កាម​នៅខ័ណ្ឌ​សែនសុខ ក្រោយមក​បានទទួល​ជោគជ័យ​១០០ភាគរយ។ ដូច្នេះលោក​បានស្នើ​ឱ្យមន្ទីរ​សុខាភិបាល​បើក​​​​​យុទ្ធនា​ការបាញ់ ថ្នាំ​សម្លាប់​មូសអង្កាម និង​មូសខ្លា​គ្រុនឈាម​បន្ដទៀត ទៅកាន់​តំបន់ដែល​ផ្ទុះមូស​ប្រភេទនេះ​ច្រើនជាងគេ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជម្ងឺឱ្យ ​បានទាន់​ពេលវេលា។ លោកថ្លែងថា ៖ “យើងបាន​ឧបត្ថម្ភ​ថ្នាំបាញ់​សម្លាប់មូស​ចំនួន២០០លីត្រ​ទៅឱ្យ​មន្ទីរសុខាភិបាល ដើម្បីបន្ដ​ យុទ្ធនាការ​នេះ។

មូលហេតុដែលនាំឱ្យ​កើត​មាន​មូស​អង្កាម

វាពាក់ព័ន្ធទៅនឹងកត្ដាបោះចោល​សម្រាម​នៅក្នុង​លូទឹកស្អុយ​ធ្វើឱ្យ​កកស្ទះ​ដែលមិន​អាចឱ្យ​ទឹកហូរ​ចេញក្រៅ​បាន ទើបបង្កើត​ ឱ្យទៅ​ជាដង្កូវទឹក ទី២ការ​រុះរើ​សំណង់ថ្មីៗ ទី៣ប្រជាពលរដ្ឋ​មិនចេះ​អនាម័យ​ផ្ទះសម្បែង ដោយទុក​សម្បក​កង់ សម្បកដូង​ចោល ផ្ដេសផ្ដាស​ ទី៤ប្រជាពលរដ្ឋ​មិនបាន​កាយសម្រាម​នៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក ឬធ្វើការ​កប់ដី​នៅក្នុង​ថ្លុកដែល​អាចដក់​ទឹកបាន។​

លោក ង៉ាន់ ច័ន្ទថា ប្រធានកម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនឈាម​បានមាន​ប្រសាសន៍ថា ទាក់ទង​នឹងបញ្ហា​មូសអង្កាម វាមិន មែន​ជាការ​ទទួលខុសត្រូវ​របស់លោក​ទេ ប៉ុន្ដែក្នុង​នោះលោក​គ្រាន់តែ​ចូលរួម​កិច្ចសហការ​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​រាជធានី​តែ ​ប៉ុណ្ណោះ។ លោកបន្ដថា មូសអង្កាម​មិនបណ្ដាល​ឱ្យមនុស្ស​កើតមាន​ជម្ងឺ​គ្រុនឈាម​ទេ ប៉ុន្ដែវា​អាចបង្ក​ឱ្យទៅ​ជាកម​រមាស់ ដំបៅ និងមាន​ផលរំខាន​ដល់ការ​រស់នៅ​ប៉ុណ្ណោះ។ លោកថ្លែងថា ៖ “បើតាម​ការសិក្សា​ពីក្រៅ​ប្រទេស​បានឱ្យ​ដឹងថា មូសអង្កាម​អាចមាន​ផល ប៉ះពាល់​ធ្វើឱ្យ​មនុស្សកើត​មានជម្ងឺ​រលាកស្រោមខួរក្បាល ហើយមូស​ប្រភេទនេះ​ភាគច្រើន​កើតនៅក្នុង​រដូវក្ដៅ គិតចាប់ពី​ខែមករា​ដល់ មេសា និងអាច​បញ្ចប់ទៅវិញ​នៅក្នុង​រដូវធ្លាក់​ភ្លៀង។

លោក ភិន សុផល អាយុ៣៥ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់បឹងកេងកង៣​បានឱ្យដឹងថា សព្វថ្ងៃនេះ ប្រជាជន​នៅក្បែរ​ លំនៅដ្ឋាន​របស់លោក​មានការ​រអ៊ូរទាំ​ចំពោះការ​រាតត្បាត​មូសប្រភេទ​តូចៗនៅ​គ្រប់ទីកន្លែង។ លោកថ្លែងថា ៖ ​“មូសនេះវា​បានខាំ​ខ្ញុំ និង​ប្រជាជន​រស់នៅ​ក្បែរគ្នា ឱ្យកើត​មានជម្ងឺ​ដំបៅ​ពេញដៃ ជើង រមាស់ និងក្ដៅខ្លួន​ស្ទេញៗ​ថែមទៀត​ផង។ លោកថា ៖ ​“ចាប់ពីម៉ោង​ ​៥ល្ងាច​រហូតទៅ នៅក្នុង​ផ្ទះខ្ញុំមិន​បាច់អង្គុយ​ទេ គឺមូស​ប្រភេទតូចៗ​មិនដឹងហើរ​ចេញមក​ពីប្រភព​ណាទេ បានមក​ខាំគ្រួសារ​ខ្ញុំសព្វ ទីកន្លែង​ ហើយសូម្បី​តែបាញ់​ថ្នាំមូស ​ឬក៏​អុជធូបមូស​ក៏វាមិនខ្លាច​ដែរ”។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *