នៅពេលរដូវបុណ្យអុំទូកមកដល់មនុស្សរាប់លាននាក់ចូលរួម ក្នុងកាលៈទេសៈនេះរដ្ឋមន្ដ្រីសុខាភិបាលបានអំពាវនាវកុំឱ្យ អ្នកកើតជម្ងឺផ្ដាសាយចូលរួមពិធីនេះ។ ប៉ុន្ដែមន្ដ្រីជំនាញអង្គការសុខភាពពិភពលោកបាននិយាយថា វាមិនបង្កឱ្យមានបញ្ហានោះទេ គួរតែបង្វែរពិធីបុណ្យនេះដើម្បីបង្កើនការយល់ដឹងពីជម្ងឺផ្ដាសាយ A/H1N1 ដល់ប្រជាពលរដ្ឋជំនួសវិញ។
ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីសុខាភិបាលបានប្រាប់ឱ្យដឹងថា នៅពិធីបុណ្យអុំទូកខាងមុខនេះ ក្រសួងសុខាភិបាលនឹងចែកខិត្ដប័ណ្ណអប់រំចំនួន៥០០,០០០សន្លឹកដល់អ្នកចូលរួមពិធីបុណ្យនេះ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពី គ្រោះថ្នាក់នៃមេរោគផ្ដាសាយថ្មីA/H1N1។ ឯកឧត្ដមបានបន្ដថា “ខ្ញុំសូមឱ្យអ្នកមានជម្ងឺផ្ដាសាយថ្មី A/H1N1 កុំចូលរួមពិធីបុណ្យនេះ ចាំជាសះស្បើយចាំចូលរួម”។
គិតត្រឹមថ្ងៃទី៩ តុលា កន្លងមកនេះ កម្ពុជាមានមនុស្សចំនួន១៣០នាក់បានរកឃើញថា ឆ្លងមេរោគនេះ ក្នុងនោះ៣នាក់បានស្លាប់។ ខេត្ដក្រុងចំនួន៨ត្រូវបានប្រកាសថា មានអ្នកឆ្លងជម្ងឺនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបន្ដថា មនុស្សភាគច្រើន ឈឺដោយសារជម្ងឺនេះមិនចាំបាច់ព្យាបាលដោយវេជ្ជសាស្ដ្រទេ គ្រាន់តែសម្រាកនៅផ្ទះទទួលទានទឹកឱ្យបានច្រើន លេបថ្នាំ ប៉ារ៉ាសេតាមុលបញ្ចុះកម្ដៅ នោះនឹងជាសះស្បើយដោយឯកឯង។ ប៉ុន្ដែប្រសិនបើអ្នកជម្ងឺមានអាការហត់ពិបាកដកដង្ហើមដែលជារោគសញ្ញាធ្ងន់ធ្ងរនៃជម្ងឺនេះ សូមទាក់ទងមន្ដ្រីប្រចាំការរបស់យើងតាមរយៈទូរស័ព្ទ១១៥, ០១២ ៤៨៨ ៩៨១ និង០៨៩ ៦៦៩ ៥៦៧។
ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្ដថា អ្នកមានជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺហឺត ទឹកនោមផ្អែម បេះដូង របេង អេដស៍ ក្រលៀន ជម្ងឺថ្លើម ស្ដ្រីមានផ្ទៃពោះ និងអ្នកមានជម្ងឺធាត់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ មេរោគនៃជម្ងឺនេះសាហាវណាស់ ចំពោះអ្នកជម្ងឺមានជម្ងឺប្រចាំកាយ”។ ក្រសួងសុខាភិបាលក៏បានជូនដំណឹងទៅគ្លីនិកឯកជនឱ្យជួយសហការបញ្ជូនអ្នកសង្ស័យកើតជម្ងឺនេះ មកមន្ទីរពេទ្យសុខាភិបាលចុះអន្ដរាគមន៍ឱ្យបានទាន់ពេលវេលា។
ជាវិធានការដែលប្រជាពលរដ្ឋចូលរួមអនុវត្ដ ឯកឧត្ដម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា “ការកាត់បន្ថយការចម្លង អាស្រ័យលើបុគ្គលម្នាក់ៗ វិធានការអនាម័យមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការចម្លងជម្ងឺនេះ ដែលបច្ចុប្បន្នក្រសួង សុខាភិបាលបានសហការជាមួយក្រសួងអប់រំដើម្បីឱ្យលោកគ្រូអ្នកគ្រូអប់រំកូនសិស្សរបស់ខ្លួនឱ្យធ្វើអនាម័យ។
មានប្រជាពលរដ្ឋរាប់លាននាក់ចូលរួមពិធីបុណ្យអុំទូក វាមិនមែនជាឱកាសធ្វើឱ្យមានការរាតត្បាតខ្លាំងក្លាទេ ប៉ុន្ដែផ្ទុយ ទៅវិញ យើងអាចប្រើពិធីបុណ្យនេះដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋជំនួសវិញ។ ជាបទពិសោធន៍កន្លងមក ប្រទេសមួយចំនួនមានមេរោគនេះ ហើយមានប្រជាពលរដ្ឋចូលរួមពិធីបុណ្យច្រើន ប៉ុន្ដែនៅពេលចប់ពិធីបុណ្យមិនមានករណីឆ្លងធ្ងន់ធ្ងរកើតឡើងទេ។
លោក Nima ASGARI អ្នកជំនាញផ្នែកសុខភាពសាធារណៈអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ ថា អ្នកកើតជម្ងឺផ្ដាសាយថ្មី A/H1N1 មិនបង្កឱ្យមានអត្រាស្លាប់ខ្ពស់នោះទេ ដោយមានអត្រាស្លាប់ប្រមាណ៤.០០០នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគនេះ៣៤០.០០០នាក់។ ជម្ងឺនេះអាចឆ្លងទូទាំងប្រទេសកម្ពុជា ប៉ុន្ដែនៅពេលមានអ្នកឆ្លងជម្ងឺនេះច្រើន យើងនឹងប្ដូរយុទ្ធសាស្ដ្រនៃការធ្វើតេស្ដ ដោយយើងមិនធ្វើតេស្ដគ្រប់ករណីទេ ផ្ទុយទៅវិញយើងនឹងធ្វើតេស្ដសម្រាប់អ្នកមានអាការធ្ងន់ធ្ងរ ប៉ុណ្ណោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply