វិធាន​ការ​កាត់​បន្ថយការ​ប្រើប្រាស់​ថាមពល

តម្លៃភ្លើង​បច្ចុប្បន្ន​៧២០រៀល​ក្នុង១​គីឡូវ៉ាត់​ម៉ោង​នៅភ្នំពេញ ដែល​ចេញដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ តម្លៃនេះ​បើ ប្រៀប​ធៀប​ទៅនឹង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​សមាជិក​នៅក្នុង​ផ្ទះច្រើន ការ​ប្រើប្រាស់​ច្រើន​ពិតជា​ពិបាក ក្នុង​ការ​ទប់ទល់​នឹងការ​ចំណាយ​នេះណាស់។ ហេតុនេះ​ការសន្សំ​សំចៃ​ថាមពល​ត្រូវតែ​រួមគ្នា​អនុវត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​អំពី​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​ដែលដើរ​ដោយ​ចរន្ដអគ្គិសនី ជាមួយ​ទស្សនាវដ្ដី សុខភាពយើង សំដៅ​រួម​ចំណែក​កាត់​បន្ថយការ​ប្រើប្រាស់​ឱ្យអស់​ថាមពល​តិច​បំផុត។

ថ្លៃភ្លើង​កាន់តែ​ថ្លៃ ត្រូវតែ​កាត់​បន្ថយ

មាន​ឧបករណ៍​ដើរដោយ​ចរន្ដ​មួយចំនួន ដែល​លោកអ្នក​ត្រូវកា​រ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ លោកអ្នក​មួយចំនួន​គ្រាន់តែ​ដឹងពី​របៀប​នៃការ​ប្រើប្រាស់ តែមិន​ដឹងពី​របៀប​ដែល​ប្រើដោយ​អស់​ថាមពល​តិច​នោះទេ។ សូម​ស្វែងយល់​ពី​ឧបករណ៍​ទាំងនោះ។

1 . អំពូល​ភ្លើង ៖ អំពូល​ពងមាន់​៦០វ៉ាត់ បើកចោល​ក្នុង១​ថ្ងៃ១​ម៉ោង ខាតថ្លៃ​ភ្លើង​ក្នុង១​ខែ១.២៩៦​រៀល ឬក្នុង​១ឆ្នាំ ១៥.៥៥២​រៀល។ អំពូល​ម៉ែត្រ​៣៦វ៉ាត់​(មិនគិត​ការ​បាត់បង់​ទៅលើ​កូនជ្រូក) បើបើក​ចោលក្នុង​១ថ្ងៃ១​ម៉ោង នឹង​ខាតបង់​ថ្លៃភ្លើង ក្នុង១ខែ​៧៧៧​រៀល ឬ​ក្នុង១ឆ្នាំ​៩.៣២៤​រៀល។ ហេតុនេះ​លោកអ្នក​ត្រូវ​ថែទាំ​ឧបករណ៍​អំពូល​ភ្លើងយ៉ាង​ទៀងទាត់​ជានិច្ច ដោយសារ​ការសម្អាត​គម្រប​គោមភ្លើង​អំពូល និងបន្ទះ​ចំណាំង​ពន្លឺ​ក្នុងគោម ដើម្បី​ឱ្យអំពូល​ភ្លើង​ស្អាត និង​ផ្ដល់នូវ​ពន្លឺ​យ៉ាងមាន​ប្រសិទ្ធភាព យើងត្រូវ​សម្អាត​ជានិច្ច​រៀងរាល់​៣-៦ខែ។ ក្រៅពីនេះ​លោកអ្នក​ក៏ត្រូវ​ចៀសវាង​នូវ​ប្រការ​មួយចំនួន​ដូចជា ៖

  • ចៀសវាង​ការបើក​ភ្លើងចោល​នៅពេល​ដែលគ្មាន​មនុស្ស​នៅ
  • កាត់បន្ថយ​ចំនួន​អំពូល​ភ្លើង​នៅកន្លែង​ដែលយើង​អាច​ពឹងផ្អែក​ទៅលើ​ពន្លឺ​ថ្ងៃបាន
  • កាត់​បន្ថយការ​ប្រើអំពូល​ភ្លើង​ដែលគ្មាន​គុណភាព
  • គប្បី​ប្រើ​អំពូល​ម៉ែត្រ​ជំនួស​អំពូល​ពងមាន់
  • លោកអ្នក​ត្រូវប្ដូរ​អំពូល​ម៉ែត្រ​ដែលស៊ី​ភ្លើង៤០​វ៉ាត់ចេញ ព្រោះ​បច្ចុប្បន្ននេះ​មានទាំង​ប្រភេទ​៣៦វ៉ាត់ និង​៣២​វ៉ាត់។

2 . ម៉ាស៊ីន​ត្រជាក់ ៖ បច្ចុប្បន្ន​នេះការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ចាំបាច់​ណាស់ ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ដែល​កម្ដៅ ឡើង​ខ្លាំង។ បើទោះ​បីជា​លោកអ្នក​មួយចំនួន​ត្រូវការ​ម៉ាស៊ីន​ត្រជាក់​យ៉ាងណា​ក៏ដោយ ក៏​លោកអ្នក​ចាំបាច់​ត្រូវតែ​មានការ​សន្សំ​សំចៃ ដែរ។ ការ​សន្សំ​សំចៃបាន​លុះត្រា​តែ​លោកអ្នក​អនុវត្ដ​តាមវិធី​ដូច​ខាងក្រោម ៖

  • កាត់​បន្ថយការ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ទាបពេក
  • កាត់​បន្ថយការ​បើកទ្វារ​បន្ទប់​ឱ្យខ្យល់​ត្រជាក់​ចេញទៅ​ក្រៅ
  • កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ពី២៥-២៦​អង្សាសេ
  • បើកកង្អារ​បឺតខ្យល់​នៅពេល​ដែល​ចាំបាច់ បើកវា​នៅពេល​ដែលមាន​អារម្មណ៍​ថា​អាកាសធាតុ​ខាងក្នុង​បន្ទប់​អាប់អួ ហើយ មួយ​សន្ទុ្ហ​ក្រោយមក​បិទវិញ ព្រោះ​ពេលបើក​កង្ហារ​បឺតវា​នឹងបឺត​ខ្យល់​ត្រជាក់​ពីម៉ាស៊ីន​ត្រជាក់​ចេញក្រៅ​ផងដែរ។
  • បិទ​ម៉ាស៊ីន​ត្រជាក់​កម្លាំង​១សេះ​(១២ ០០០ BTU) ឱ្យបាន​មុន១ម៉ោង​ក្នុង​១ថ្ងៃ កាត់បន្ថយ​ភ្លើងបាន​២១គីឡូ​វ៉ាត់ក្នុងមួយ​ខែ សន្សំសំចៃ​ប្រាក់បាន​១៥.១២០​រៀល/ខែ។
  • បើបិទ​កាន់តែ​ឆាប់​ក្នុងមួយ​ថ្ងៃ១​ម្គង ក្នុង១​ផ្ទះ​នឹងសន្ថំ​សំចៃ​ភ្លើង គិតជា​ប្រាក់ក្នុង​១ខែ​១៥.១២០​​រៀល ឬ​១៨១.៤៤០រៀល ក្នុង​មួយឆ្នាំ​ក្នុងមួយ​គ្រួសារ

ទន្ទឹមនឹង​សន្សំ​សំចៃ​នេះ លោកអ្នក​ក៏ត្រូវ​មានការ​ថែទាំ​ល្អ និងការ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​ដូចជា

  • សម្អាត​តម្រង និង​ប្រដាប់​ធ្វើឱ្យ​ត្រជាក់​យ៉ាងតិច​១ខែ​ម្ដង
  • សម្អាតបន្ទះ​បញ្ចេញ​កម្ដៅ​រៀងរាល់​៦ខែ​ម្ដង
  • ត្រូវ​សម្អាត​សន្ទះ​សំណាញ់ និងសន្ទះ​ទុយោ​នៅក្នុង​ប្រដាប់​ធ្វើឱ្យ​ត្រជាក់​រៀងរាល់​៦ខែម្តង។ ការ​សម្អាត​ដូចពោល​ខាងលើ ឱ្យ​បានទៀង​ទាត់​រៀងរាល់​៦ខែម្តង។ ត្រួត​ពិនិត្យ និងកែ​សម្រួល​ឆ្នួនទុយោ​ទឹក​ត្រជាក់ និង​ទុយោ​ខ្យល់ត្រជាក់​ឱ្យស្សិត​ក្នុង​លក្ខណៈ​ដែលល្អ និង​ជួសជុល​វាបើ​ចាំបាច់។

3 . កុំព្យូទ័រ ៖ ប្រើប្រាស់​ចាំបាច់​សម្រាប់​ការងារ​គ្រប់ស្ថាប័ន​ទាំងអស់។ អ្នក​ប្រើប្រាស់​ទាំងឡាយ​មិនដែល​គិតពី​ការ​សន្សំ សំចៃ​ថាមពល​ចំពោះ​ការប្រើ​កុំព្យូទ័រ​នោះ។ ខាង​ក្រោយនេះ​ជាប្រការ​គួរ​យល់ដឹង​មួយចំនួន​ទៅលើ​ការ​ប្រើប្រាស់​កុំព្យូទ័រ ៖

  • កាត់​បន្ថយការ​បើក​ម៉ាស៊ីន​កុំព្យូទ័រ​ទុកចោល​យូរ ព្រោះ​ចំណាយ​ភ្លើង​ច្រើន។
  • ដកឌុយ​ចេញនៅ​ពេល​ដែល​ឈប់​ប្រើការ
  • បិទម៉ូនីទ័រ​នៅពេល​ដែល​មិនប្រើ​លើសពី​១៥នាទី
  • ប្រើ​កុំព្យូទ័រ​ដែល​កំណត់​ម៉ោង​បិទម៉ូនីទ័រ​បាន។

លោកអ្នក​ប្រើប្រាស់​ទាំងអស់​គប្បី​ដឹងថា បើបើក​កុំព្យូទ័រ​ម៉ូនីទ័រ​១៥អ៊ិញ​ចោលក្នុង​១ថ្ងៃ​៣ម៉ោងនឹង​ខាតបង់​ថ្លៃភ្លើង​១២៦រៀល ឬ​៣.១៥០​រៀលក្នុង​១ខែ​(២៥ថ្ងៃ​សម្រាប់​ថ្ងៃ​ធ្វើការ) ឬ​៣៧.៨០០​រៀលក្នុង​១ឆ្នាំ។ ជ្រើសរើស​ប្រើ​កុំព្យូទ័រ​ដែលមាន​ប្រព័ន្ធ សន្សំ​សំចៃ​ថាមពល ព្រោះប្រព័ន្ធ​នេះនឹង​ប្រើប្រាស់​កម្លាំងភ្លើង​ថយចុះ​៥៥%​ក្នុង​ខណៈ​ដែល​រង់ចាំ​ការងារ។ បើប្រើ​កុំព្យូទ័រ​ម៉ូនីទ័រ​ទំហំ ១៤​អ៊ិញ អានុភាព​៩០វ៉ាត់ ប្រើការ​មួយថ្ងៃ​២ម៉ោង​វានឹង​ស៊ីភ្លើង​៥.៤​គីឡូវ៉ាត់​ក្នុង១​ខែ គិតថ្លៃ​ភ្លើង​ប្រហែល​៣.៨៨៨​រៀល​ក្នុង​១ខែ។

បណ្ដាំ​ផ្ញើ

លោកអ្នក​នឹង​ទទួល​ជ្រាប​ជាបន្ដ​ទៀត​អំពី​ប្រការ​ទាំងឡាយ​ដែលគួរ​ធ្វើ​ចំពោះ​ឧបរណ៍​ប្រើប្រាស់ ដែល​ដើរ​ដោយ​ចរន្ដអគ្គិសនី​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។ សូម​រងចាំ​អានដោយ​ក្ដី​អនុគ្រោះ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *