បច្ចុប្បន្ន កម្ពុជាកំពុងតែជួបឧបសគ្គក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជម្ងឺអ៊ីវី៧១ ដែលទើបតែផ្ទុះឡើងនៅកម្ពុជាកាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែឥឡូវនេះកម្ពុជាត្រូវជួបឧបសគ្គថ្មីមួយទៀត គឺការរីករាលដាលនៃជម្ងឺគ្រុនឈាមនៅទូទាំងប្រទេសដែលគេប៉ាន់ស្មានថា អាចនឹងមានរីករាលដាលជាលក្ខណៈទ្រង់ទ្រាយធំដូចកាលឆ្នាំ២០០៧។ តើកម្ពុជាត្រូវតែប្រកាសអាសន្នពីជម្ងឺមួយនេះឬយ៉ាងណា?ហើយថាតើកម្ពុជានឹងត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ? បើប្រិយមិត្តអ្នកអានចង់ជ្រាបច្បាស់អំពីបញ្ហានេះ សូមតាមអានជាមួយការចេញផ្សាយរបស់គេហទំព័រសុខភាពកម្ពុជាដូចតទៅនេះ៖
កាលពីម្សិលមិញ មន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា ជម្ងឺគ្រុនឈាមដែលកំពុងរាតត្បាតលើកុមារ បានសម្លាប់កុមារកម្ពុជា៦០នាក់ហើយ គិតមកដល់សប្ដាហ៍ទី២៧ នៃឆ្នាំ២០១២នេះ។ ក្នុងនោះ មានអ្នកជម្ងឺគ្រុនឈាម ១៥ ៥៩៧នាក់ បានមកព្យាបាលក្នុងមន្ទីរពេទ្យ។ គ្រូពេទ្យនៅខេត្តតាកែវ ក៏បានឲ្យដឹងដែរថា ជម្ងឺគ្រុនឈាមនៅក្នុងពេលនេះ ត្រូវតែប្រកាសអាសន្នដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីការរាតត្បាតនៃជម្ងឺ និងប្រញាប់យកកូនមកមន្ទីរពេទ្យ នៅពេលកូនក្ដៅខ្លួនខ្លាំង និងហាមប្រើថ្នាំក្រៅពីប៉ារាសេតាម៉ុលដើម្បីបន្ថយកម្ដៅទៅតាមកម្រិតទម្ងន់របស់កុមារ។ គ្រូពេទ្យជំនាញផ្នែកជម្ងឺកុមារនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវរូបនេះ ក៏បានអះអាងបន្ថែមថា ក្នុងមន្ទីរពេទ្យនេះបានទទួលកុមាររាល់ថ្ងៃជាង២០នាក់ ដែលសង្ស័យកើតជម្ងឺគ្រុនឈាម។
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ វេជ្ជបណ្ឌិត តែ វ៉ាន់ថា ថ្លែងកាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២ម្សិលមិញថា ជម្ងឺគ្រុនឈាម កំពុងរាតត្បាតកុមារកើនឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នៅក្នុងរដូវវស្សានេះ។ លោកវេជ្ជបណ្ឌិត បន្តថា កុមារឈឺគ្រុនឈាមដែលក្រុមគ្រូពេទ្យទទួលឲ្យសម្រាកមានចំនួន៦០នាក់ ហើយមានកុមារជិត៥០ទៅ៦០នាក់ទៀត កំពុងរង់ចាំគ្រូពេទ្យជួយសង្គ្រោះ។ ប៉ុន្តែដោយគ្រូពេទ្យមមាញឹកព្យាបាល មិនទាន់បានបូមយកឈាមគ្រប់អ្នកជម្ងឺថ្មីយកទៅវិភាគនៅឡើយទេ។ ជម្ងឺគ្រុនឈាមក្នុងរយៈពេល៣ខែចុងក្រោយនេះ មានកុមារជាង៣០០នាក់ បានមកសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ លោកថ្លែងឲ្យដឹងបន្ថែមថា៖«មានកូនឈឺ សង្ស័យមានគ្រុនឈាម គួរចៀសវាងកុំប្រើប្រាស់សេវានៅក្នុងភូមិ ជួនកាលវាជាការដាក់សេរ៉ូមនៅផ្ទះនោះ វាធ្វើឲ្យក្មេងរឹតតែគ្រោះថ្នាក់ថែមទៀត ធ្វើឲ្យក្មេងលើសជាតិទឹក ហើយគាត់ភ្លេចគិតថា ក្មេងវានឹងវិវឌ្ឍចូលដំណាក់កាលមួយធ្ងន់ធ្ងរ នៅថ្ងៃទី៤ ឬទី៥ ហើយយើងពិបាកជួយសង្គ្រោះ»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានអាស៊ីសេរី។
ស្ត្រីម្នាក់មកពីភូមិព្រៃទូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បានអះអាងថា កូនប្រុសគាត់អាយុជាង៤ឆ្នាំ ក្ដៅខ្លួនខ្លាំង និងស្រែកឈឺក្នុងពោះ។ គាត់ព្យាបាលកូនដោយគ្រូពេទ្យភូមិ២ថ្ងៃ កូនគាត់នៅតែក្ដៅត្រជាក់ៗ។ កាលពីរសៀលថ្ងៃច័ន្ទ ទី១៦ កក្កដា គាត់សង្ស័យកូនឈឺគ្រុនឈាម ក៏បានយកកូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ៖ «ម្សិលមិញវាប្រកាច់ រឹងដៃរឹងជើង ហើយភ្នែកស្លឺឡើងលើ»។
កុមារាឈ្មោះ ឡុង ផេង អាយុ១៣ឆ្នាំ កំពុងតែមានឈាមហូរតាមច្រមុះ ដៃជាប់សេរ៉ូម បានប្រាប់ឲ្យដឹងថា គាត់ក្ដៅខ្លួន៤ថ្ងៃហើយ។ គ្រូពេទ្យបានជោះឈាមគាត់យកទៅពិនិត្យ រួចដឹងថា គាត់ឈឺគ្រុនឈាម។ គ្រូពេទ្យកំពុងជួយសង្គ្រោះ ប៉ុន្តែគាត់នៅតែហូរឈាមតាមច្រមុះ។ គាត់បានបញ្ជាក់ថា៖ «ក្ដៅញាក់ៗ ហើយឈឺក្បាល»។
យុវជនអាយុ ១៥ឆ្នាំ ឈ្មោះ សុភ័គ្រ មកពីភូមិ២ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងផងដែរថា គាត់ទៅការបងនៅខេត្តបាត់ដំបង ហើយបានក្ដៅខ្លួន។ គ្រូពេទ្យនៅបាត់ដំបង ក្រោយពីជោះឈាមគាត់រួចប្រាប់ថា គាត់មានជម្ងឺគ្រុនឈាម និងគ្រុនពោះវៀន។
គាត់ត្រូវក្រុមគ្រួសារដឹកមកព្យាបាលបន្តនៅខេត្តតាកែវ កាលពីយប់ថ្ងៃច័ន្ទ ទី១៦ ខែកក្កដា។ គ្រូពេទ្យខេត្តតាកែវ ទើបជោះឈាម មិនទាន់ប្រាប់ថា គាត់មានជម្ងឺអ្វីនៅឡើយ ប៉ុន្តែគ្រូពេទ្យបានចាក់សេរ៉ូម និងផ្ដល់ថ្នាំលេបបន្ថយកម្ដៅ គាត់នៅតែក្ដៅខ្លួនខ្លាំង ចុកក្នុងពោះ និងឈឺក្បាល។
ប្រធានមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ច ម៉េងចួ បានថ្លែងថា ក្រសួងធ្លាប់បានជូនដំណឹងដល់សាធារណជនឲ្យប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម នៅក្នុងឆ្នាំ២០១២ អាចមានការរាតត្បាតប្រហាក់ប្រហែលឆ្នាំ២០០៧ កន្លងទៅ។ លោកមានប្រសាសន៍បន្តថា គិតដល់ថ្ងៃ៧ ខែកក្កដា ឆ្នាំ២០១២ មានកុមារកើតជម្ងឺគ្រុនឈាមចំនួន ១៥.៥៩៧នាក់ ក្នុងនោះបានស្លាប់ ៦០នាក់។ កុមារស្លាប់ និងកើតជម្ងឺគ្រុនឈាមភាគច្រើនមានអាយុពី៥ឆ្នាំ ទៅ៩ឆ្នាំ។ លោកបន្តថា អ្នកជម្ងឺគ្រុនឈាមដែលមកពីខេត្តតាកែវ កំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ មាន៥៣៦នាក់ ក្នុងនោះបានស្លាប់ចំនួន២នាក់។
ជាមួយគ្នានេះ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ វេជ្ជបណ្ឌិត តែ វ៉ាន់ថា បានឲ្យដឹងបន្តថា ក្រៅពីជម្ងឺគ្រុនឈាម ជម្ងឺគ្រុនឈីកវី (CHIKV) ក៏មានកើតលាយឡំដែរ។ ក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកយកឈាមអ្នកជម្ងឺទៅពិនិត្យ។ លោកសុំឲ្យពលរដ្ឋទូទៅរហ័សយកកូនមកកាន់មន្ទីរពេទ្យនៅពេលកូនចៅ មានអាការៈក្ដៅខ្លួនខ្លាំង និងក្ដៅសន្លឹម។
បើយោងតាមរបាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា អត្រាកើតមានជម្ងឺគ្រុនឈាមខ្ពស់ គឺមាននៅខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ឧត្តរមានជ័យ សៀមរាប និងខេត្តកណ្ដាល។ ជម្ងឺគ្រុនឈាមក៏កំពុងផ្ទុះរាតត្បាត នៅខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តកែបនាពេលបច្ចុប្បន្នផងដែរ។ ករណីឈឺកើនឡើងនេះ បណ្តាលមកពីមូលហេតុ៤យ៉ាង គឺ៖
1 . ដោយឆ្នាំ២០១២ ជាឆ្នាំទី៥ នៃវដ្ដការរាតត្បាត រាប់ពីឆ្នាំ២០០៧មក។ នៅឆ្នាំ២០១២ សន្ទស្សន៍មូសខ្ពស់ជាងឆ្នាំ២០០៧ ច្រើនខ្លាំង។
2 . ដោយសន្ទស្សន៍អ្នកជម្ងឺដើមឆ្នាំ២០១២ ខ្ពស់ជាងឆ្នាំ២០០៧ ដែលជាឆ្នាំរាតត្បាតធំ។
3 . ដោយប្រជាពលរដ្ឋបានយកកូនមកព្យាបាលនៅសេវាសាធារណៈ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។
4 . កុមារជាង១ម៉ឺននាក់ដែលគ្រូពេទ្យព្យាបាល វិនិច្ឆ័យថា គ្រុនឈាម តាមពិត មិនមែនសុទ្ធតែគ្រុនឈាមទាំងអស់ទេ គឺមានច្រឡំគ្រុនឈីកវី ព្រោះថាគ្រុនឈីកវីមួយចំនួនមានសញ្ញាប្រហែលគ្រុនឈាមប្រភេទស្រាល។
របាយការណ៍ដដែលបានសរសេរថា ការពិនិត្យឈាមដែលរើសដោយចៃដន្យយកមកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួន៥០នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ឃើញថា៤២% វិជ្ជមានវីរុសគ្រុនឈាម ៤៦% វិជ្ជមានវីរុសគ្រុនឈីកវី ២% វិជ្ជមានវីរុសគ្រុនឈាមផងគ្រុនឈីកវីផង និង១២% អវិជ្ជមានវីរុសគ្រុនឈាម ឬអវិជ្ជមានវីរុសគ្រុនឈីកវី៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២
Leave a Reply