ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ត្រូវបានប្រារឰធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងថ្ងៃ១៤-១៥កើត និងថ្ងៃ១រោចខែកត្ដិក។ ឆ្នាំនេះព្រះរាជពិធីនេះត្រូវបានប្រារឰឡើងនៅក្នុងថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា។ នេះជាពិធីបុណ្យប្រពៃណីជាតិមួយដែលមានការរៀបចំជាលក្ខណៈជាតិជាព្រឹត្ដិការណ៍ដ៏ធំសម្បើម និងមានការសប្បាយរីករាយជាច្រើនជាមួយផ្ទាំងទស្សនីយភាពក្នុងការប្រណាំងទូក បណ្ដែតប្រទីប និងមានការបាញ់កាំជ្រួចផងដែរ។
ព្រះរាជពិធីបុណ្យអុំទូកមានអាយុកាលជាច្រើនឆ្នាំ
ព្រះរាជពិធីបុណ្យនេះជាបុណ្យប្រពៃណីជាតិខ្មែរដែលមានអាយុតាំងពីបុរាណកាលមកម្ល៉េះ ហើយព្រះរាជពិធីត្រូវបានចែង ទុកក្នុងឯកសារជាតិ និងអន្ដរជាតិ ព្រមទាំងតាមសិលាចារឹកនៃប្រាសាទខ្មែរផងដែរ។ ពិធីបុណ្យអុំទូកត្រូវបានធ្វើឡើងក្នុងគោល បំណងដើម្បីរម្លឹកដល់បុព្វបុរសខ្មែរជំនាន់ដើមដែលទទួលបានជ័យជំនះលើកងទ័ពចាមក្នុងយុទ្ធសាស្ដ្រសង្គ្រាមជើងទឹក។ ពិធីនេះបាន ចម្រើនខ្លាំងនាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សរ៍ទី១២ និងសម័យលង្វែកនាព.ស២០៧១ គ.ស១៥២៨។ នាពេលបច្ចុប្បន្នព្រះរាជពិធីនេះកាន់តែមានការប្រារឰពិធីដោយសេចក្ដីសោមនស្ស សប្បាយរីករាយ និងមានកាន់តែភាពអធិកអធមពីប្រជាពលរដ្ឋទាំងជាតិ និងអន្ដរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនៃការក្រកួតប្រណាំងទូកកាន់តែមានភាពសប្បាយរីករាយ និងមានការប្រែប្រួលពីចំនួនសមាជិកដែលចូលរួមក្នុងការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ។
ការចូលរួមប្រកួតប្រណាំងទូក
កាលពីឆ្នាំមុនការចូលរួមប្រណាំងទូកមានចំនូន៤២៤ទូកដែលបានប្រកួតក្នុងព្រះរាជពិធីដ៏មហោឡារិកនេះ ហើយនៅក្នុងឆ្នាំនេះវិញគឺមានចំនួន៣៨៤ទូក សរុបចំនួន១៩២គូ និងមានអ្នកចូលរួមប្រហែលជា២៣០០០នាក់។ ទូកទាំងអស់ដែលបានចូលរួម ការប្រកួតគឺមកពីគ្រប់បណ្ដាខេត្ដក្នុងប្រទេស ពិសេសគឺតាមបណ្ដាខេត្ដដែលនៅជាប់ដងទន្លេមេគង្គ និងដងទន្លេសាប។ ហើយខេត្ដក្រុង ដែលមានទូកច្រើនជាងគេដូចជាខេត្ដកណ្ដាល កំពង់ចាម ព្រៃវែង និងខេត្ដកំពង់ឆ្នាំងជាដើម ដែលមានការចូលរួមរាប់រយទូកក្នុងមួយឆ្នាំៗ។ ចំពោះពានរង្វាន់ឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនដែរ សម្រាប់ទូកដែលទទួលជ័យលាភី។
ការប្រែប្រួលសម្រាប់ការប្រកួត
ចំពោះបទបញ្ជានៃការប្រកួតនៅក្នុងឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ហើយអ្វីដែលប្រែប្រួលនោះគឺការបន្ថយការ គូពិសេសសម្រាប់ឆ្នាំនេះគឺនៅត្រឹមតែ១៥គូប៉ុណ្ណោះ ដែលឆ្នាំមុនមានទៅដល់៣០គូ។ គូពិសេសទាំងនោះគឺជាគូដែលជ្រើសរើស ដោយមានការរៀបចំរបស់សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន។ មួយវិញទៀតគឺមានការពង្រឹងវិន័យនៃការចូលរួមប្រកួត ចូលរួមអុំ និងបទបញ្ជាផ្ទៃក្នុងដែលធ្លាប់មានមកផងដែរ ហើយការពង្រឹងនេះក៏បានធ្វើជារៀងរាល់ឆ្នាំផងដែរ។
ទឹកទន្លេមានសភាពធំជាងឆ្នាំមុន
ក្នុងឆ្នាំនេះទឹកទន្លេមានកម្រិតធំជាងឆ្នាំមុនៗ ដោយសារតែភ្លៀងចុងវស្សាទើបធ្វើឱ្យទឹកស្រកយឺត។ ឆ្នាំមុនព្រះរាជពិធី បុណ្យអុំទូកបានប្រារឰធ្វើឡើងនៅក្នុងថ្ងៃទី១១ដល់ថ្ងៃទី១៣ តែឆ្នាំនេះនៅពេលដែលបានដូរចន្ទគតិគឺត្រូវនឹងដើមខែវិច្ឆិកាវិញម្ដង ដូច នេះធ្វើឱ្យទឹកមានសភាពធំជាងឆ្នាំមុន។ បើទោះបីជាកម្រិតទឹកមានសភាពជន់ជាងឆ្នាំមុន តែកម្រិតទឹកទន្លេសាបមានកម្រិតប្រហាក់ប្រហែលនឹងទឹកទន្លេមេគង្គ ដូចនេះចរន្ដទឹកហូរមិនអាចធ្វើឱ្យទឹកហូរខ្លាំងនោះទេ។ ផ្ទុយទៅវិញបើសិនជាទឹកទន្លេមេគង្គស្រកលឿនជាងទឹកទន្លេសាប ទឹកអាចហូរខ្លាំងដែលអាចបង្កការលំបាកដល់ការអុំទូក។ សរុបសេចក្ដីមកទោះបីជាឆ្នាំនេះទឹកមានសភាពធំ តែមិនអាចបង្កភាពរាំងស្ទះអ្វីដល់ការរៀបចំបច្ចេកទេសនោះទេ ហើយថែមទាំងមិនអាចធ្វើឱ្យមានបញ្ហាក្នុងការប្រារឰព្រះរាជពិធីបុណ្យអុំទូកនោះឡើយ។ ទោះបីជាឆ្នាំនេះទឹកជន់ខ្លាំង ឬមានសភាពតិចក៏ដោយ ក៏ខាងគណៈកម្មាធិការបច្ចេកទេសនៅតែរៀបចំជំនួយជារៀងរាល់ឆ្នាំ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋដែលបានចូលរួមក្នុងការប្រកួត ហើយនៅឆ្នាំនេះដោយសារតែទឹកនៅធំ ដូចនេះត្រូវបានបង្កើននាវាសង្គ្រោះ និងកម្លាំងសង្គ្រោះផងដែរ។
ការប្រណាំងទូកជាកីឡាប្រពៃណី
បុណ្យអុំទូកបានបង្ហាញយ៉ាងច្បាស់នូវកីឡាបែបប្រពៃណីជាតិមិនជាកីឡាសុទ្ធសាធ ដែលមានការប្រកួតប្រជែងរកទូក ដែលអុំលឿនជាងគេក្នុងប្រទេសនោះទេ។ ការប្រណាំងទូកត្រូវរៀបចំបែងចែកប្រកួតតាមផែន ដែលមានចាត់ចំណាត់ថ្នាក់ទៅតាមផែននីមួយៗ។ តែអ្វីដែលពិសេសនោះគឺសម្រាប់តែគូពិសេសប៉ុណ្ណោះដែលត្រូវប្រើប្រាស់ក្រូណូម៉ែត្រ ដើម្បីចុចកំណត់ពេល ហើយធ្វើចំណាត់ថ្នាក់ថេរវេលានៃការអុំរបស់ទូកពិសេសនីមួយៗ។ ការប្រណាំងទូកនេះមិនមែនជាការប្រកួតដើម្បីចាញ់ឈ្នះនោះទេ នេះគឺជាពិធីបុណ្យកម្សន្ដតាមបែបប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ។ ដូចនេះសូមលោកដែលជាកីឡាករប្រណាំងទូកទាំងអស់នៅតែបន្ដការ គោរពនូវវិន័យដែលផ្ដល់ដោយគណៈកម្មាធិការ ធ្វើយ៉ាងណាឱ្យពិធីបុណ្យជាតិកាន់តែមានភាពសប្បាយរីករាយ។
ការប្រណាំងគូពិសេស
ទូកពិសេសដែលបានចាត់ទុកថាជាទូកលឿនជាងគេនោះគឺរៀបចំជាផែនពិសេសដោយឡែកសម្រាប់ធ្វើការប្រកួតគ្នា ដូចជារៀងរាល់ឆ្នាំដែរ។ ទូកផែនធម្មតានៅថ្ងៃទីមួយ និងទីពីរ អុំពីរជើងដោយផ្លាស់ប្ដូរខ្សែទឹក ឯថ្ងៃទីបីអុំតែមួយជើងប៉ុណ្ណោះ ដោយធ្វើការចាប់ឆ្នោតជ្រើសរើសខ្សែទឹក។ រីឯចំពោះទូកស្ថិតក្នុងផែនពិសេសនោះគឺអុំ២ទៅ៣ថ្ងៃ ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹក។
បណ្ដាំផ្ញើ
ព្រះរាជពិធីបុណ្យអុំទូកជាព្រឹត្ដិការណ៍មួយឆ្នាំមានម្ដង ដូចនេះថ្ងៃដែលពិសេសនេះពិតជាមានការប្រព្រឹត្ដទៅដោយភាព សប្បាយរីករាយ និងអធិកអធម ដែលមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងឱកាសនេះ។ ទីក្រុងភ្នំពេញជាកន្លែងមានសោភ័ណភាព សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអន្ដរជាតិមកកម្សាន្ដ ដូចនេះសូមលោកអ្នកដែលបានចូលរួមពិធីដ៏អស្ចារ្យនេះ សូមមេត្ដាជួយថែរក្សានូវបរិស្ថាន ដើម្បីឱ្យទីក្រុងនៅតែមានសោភ័ណភាពទាក់ទាញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply