សម្រាប់លោកស្រីអ្នកនាងមួយចំនួន ក្រោយពេលទើបតែរៀបការហើយ ប្រាកដជាមិនទាន់ចង់បានកូនភ្លាមៗទេ។ ចំពោះលោកស្រីអ្នកនាងមួយចំនួនទៀតក៏មិនចង់បានកូនច្រើនដែរ ព្រោះសេដ្ឋកិច្ចគ្រួសារមិនទាន់ប្រសើរ និងពុំទាន់មានពេលវេលាគ្រប់គ្រាន់ ដែលត្រូវមើលថែទាំកូន។ ជាហេតុធ្វើឱ្យលោកស្រីអ្នកនាងត្រូវសម្រេចចិត្ដពន្យារកំណើត។ ការពន្យារកំណើតមានច្រើនបែបយ៉ាង ដែលងាយស្រួលដល់លោកស្រីអ្នកនាងជ្រើសរើសយកវិធីណាមកប្រើប្រាស់ក៏បាន។
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត បានធ្វើការបកស្រាយបំភ្លឺជូនប្រិយ មិត្ដអានឱ្យបានស្វែងយល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
មធ្យោបាយពន្យារកំណើត ជាអ្វី?
មធ្យោបាយពន្យារកំណើតគឺជាការពន្យារមិនឱ្យមានកូនដោយចៃដន្យ មិនឱ្យមានកូនច្រើន ឬមិនឱ្យមានកូនញឹកញាប់ពេក គឺត្រូវឱ្យមានកូនរង្វើលបន្ដិច។ ក្នុងរយៈពេល៣ឬ៤ឆ្នាំ លោកអ្នកអាចឱ្យមានកូន១ទៀត ទើបជាការល្អប្រសើរដល់ម្ដាយ និងបុត្រ។ ព្រោះកាលណាមានកូនញឹកញាប់ពេកបណ្ដាលឱ្យម្ដាយ និងកូនមានសុខភាពមិនល្អ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
ប្រភេទមធ្យោបាយពន្យារកំណើត
បច្ចុប្បន្ននេះ មានមធ្យោបាយសម្រាប់ពន្យារកំណើតច្រើនយ៉ាង ដែលអាចជ្រើសរើសបានដូចជា ៖
1 . ការពន្យារកំណើតតាមបែបធម្មជាតិ ៖ ជាវិធីមួយដែលស្វាមីភរិយាធ្វើការរួមភេទ ហើយបុរសត្រូវដកលិង្គចេញ មុនពេលចេញទឹកកាម។ មួយទៀតអាចរួមភេទដោយគិតទៅតាមពេលវេលានៃការធ្លាក់មេជីវិតស្ដ្រី។
2 . ការពន្យារកំណើតដោយដាក់កង ៖ គឺជាវិធីមួយដែលមានប្រសិទ្ធភាពសម្រាប់ស្ដ្រីដែលប្រើកងដាក់នៅក្នុងស្បូន ដើម្បីរារាំងមិនឱ្យមានកូន។ ការដាក់កងមានច្រើនប្រភេទ ដែលកងនីមួយៗមានជាតិថ្នាំដូចគ្នា ហើយជាកងដាក់ក្នុងស្បូនដូចគ្នា។ ការពន្យារកំណើតដោយដាក់កងអាចធ្វើទៅបានភ្លាមៗ បន្ទាប់ពីដាក់បញ្ចូលទៅក្នុងស្បូន។
3 . ការពន្យារកំណើតដោយពាក់ស្រោមអានាម័យ ៖ គឺជាឧបករណ៍ដែលគេផលិតឡើង សម្រាប់បុរសពាក់នៅលើប្រដាប់ភេទ ដើម្បីការពារនៅពេលរួមរ័កមិនឱ្យមានកូន។ ការប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ ទាមទារឱ្យបុរសត្រូវយល់ដឹងពីរបៀបនៃការប្រើ ដូចជាចេះបើកកញ្ចប់ស្រោមដោយប្រុងប្រយ័ត្នកុំឱ្យរហែក របៀបពាក់ស្រោមនៅលើប្រដាប់ភេទនៅពេលឡើងរឹង និងចេះពីរបៀបដោះស្រោមអនាម័យចេញ ក្រោយពេលរួមភេទហើយ។ ការពន្យារកំណើតដោយប្រើប្រាស់ស្រោមអនាម័យ មិនត្រឹមតែការពារមិនឱ្យមានកូនទេ ថែមទាំងការពារមិនឱ្យឆ្លងជម្ងឺកាមរោគផ្សេងៗ។
4 . ថ្នាំគ្រាប់ពន្យារកំណើត ៖ គឺជាថ្នាំសម្រាប់ស្ដ្រីលេបមិនឱ្យមានកូនមានប្រសិទ្ធភាព បើសិនស្ដ្រីមានការលេបថ្នាំជាប់រហូត ពុំមានការភ្លេចលេបថ្នាំនៅថ្ងៃណាមួយ។ ថ្នាំគ្រាប់ពន្យារកំណើតមានជាតិអ័រម៉ូន ហើយស្ដ្រីដែលជ្រើសរើសយកវិធីនេះ លុះត្រាតែស្ដ្រីត្រូវមានលក្ខណៈគ្រប់គ្រាន់ ដូចជាមានការចងចាំនៃការលេបថ្នាំបានល្អ។ ថ្នាំគ្រាប់ពន្យារកំណើតក៏មានការហាមស្ដ្រីខ្លះមិនឱ្យប្រើប្រាស់ថ្នាំគ្រាប់នេះដែរ ដូចជាស្ដ្រីជក់បារី ស្ដ្រីដែលមានជម្ងឺលើសឈាម ទឹកនោមផ្អែម បេះដូង មហារីកសុដន់ រលាកថ្លើម ជម្ងឺសរសៃប្រសាទជាដើម។
5 . ថ្នាំចាក់ពន្យារកំណើត ៖ គឺជាថ្នាំចាក់សម្រាប់ស្ដ្រីការពារមិនឱ្យមានកូន ដែលចាក់ម្ដងអាចការពារបានរយៈពេល៣ខែ ហើយមិនរំខានដល់ការរួមភេទ។ ថ្នាំចាក់ពន្យារកំណើតផ្សំឡើងដោយជាតិអ័រម៉ូនប្រ៉ូហ្សេស្ទីន។ ស្ដ្រីខ្លះប្រើប្រាស់ថ្នាំចាក់ពន្យារកំណើត ពុំមានផលរំខានអ្វីទេ។ ប៉ុន្ដែស្ដ្រីខ្លះមានផលប៉ះពាល់ ដូចជាឈឺសុដន់ សុដន់ឡើងធំ ឡើងទម្ងន់ ធ្លាក់ឈាមតិចៗពេលមានរដូវជាដើម។
គោលបំណងនៃការពន្យារកំណើត
សម្រាប់អ្នកដែលបានធ្វើការពន្យារកំណើត គឺក្នុងគោលបំណងមិនចង់ឱ្យមានកូនដោយចៃដន្យ និងមិនចង់បានកូនច្រើន។ ម្យ៉ាងទៀតកាលណាមានកូនច្រើន អាចធ្វើឱ្យសុខភាពម្ដាយ និងបុត្រមានសុខភាពមិនល្អ។ ពួកគាត់គ្មានលទ្ធភាពរកស៊ីចិញ្ចឹមកូនច្រើន នាំឱ្យកូននីមួយៗត្រូវលំបាកវេទនា និងធ្វើឱ្យជីវភាពគ្រួសារមិនបានធូរធារ។ កូនច្រើនត្រូវរំខានដល់ការងាររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែទាំកូននីមួយៗ និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ។
ប្រការគួរប្រតិបត្ដិមុនពេលពន្យារកំណើត
ស្ដ្រីទូទៅមិនអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតតាមតែខ្លួនចង់បាននោះទេ ព្រោះស្ដ្រីម្នាក់ៗនៅពេលធ្វើការ ពន្យារកំណើតមិនមានអាយុស្រករគ្នានោះទេ ឬមានសុខភាពដូចគ្នាឡើយ។ ដូចនេះចាំបាច់ណាស់ ស្ដ្រីគួរតែទៅជួបគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យសុខភាព និងពិភាក្សាថាត្រូវពន្យារកំណើតតាមវិធីណាមួយ ឱ្យសមស្របទៅតាមសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ នៅពេលដែលគ្រូពេទ្យបានណែនាំឱ្យពន្យារកំណើតតាមវិធីណាមួយ ដូចជាឱ្យពន្យារដោយការលេបថ្នាំគ្រាប់ ពេលនោះស្ដ្រីត្រូវដឹងពីវិធីប្រើត្រូវប្រើនៅពេលណាជាដើម។ បើមានការភ្លេចថ្ងៃណាមួយ ដែលមិនបានលេបថ្នាំ ឬចង់បញ្ឈប់លេបថ្នាំ និងមានអាការណាមួយដែលលេប ទៅធ្វើទុក្ខនៅក្នុងខ្លួន ស្ដ្រីត្រូវមកជួបគ្រូពេទ្យជាបន្ទាន់។
ដំបូន្មានអ្នកឯកទេស
នៅពេលដែលធ្វើការពន្យារកំណើតតាមវិធីណាក៏ដោយ ស្ដ្រីត្រូវចេះតាមដានពីសុខភាពខ្លួនឯង ដើម្បីចៀសវាងកុំឱ្យមាន ផលវិបាកនៅក្នុងខ្លួន ដោយសារតែស្ដ្រីមានជម្ងឺអ្វីមួយកើតឡើងក្រោយពេលជ្រើសរើសមធ្យោបាយពន្យារកំណើតនោះមកប្រើ។ នេះជាហេតុធ្វើឱ្យសុខភាពមិនត្រូវយកវិធីពន្យារកំណើតនោះមកបន្ដទៀតបាន។ ដូចនេះស្ដ្រីត្រូវគិតគូរពីសុខភាពទូទៅសំខាន់ជាង ហើយសូមចងចាំថា កាលណាខ្លួនមានអាយុកាន់តែច្រើន កាន់តែមានជម្ងឺ សុខភាពត្រូវទ្រុឌទ្រោម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply