នាំ​គ្នា​ផ្អើល​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដើម្បី​កុំ​ឲ្យ​ឆ្លង​វីរុស​អ៊ីវី​៧១​

ស្រប​ពេល​ដែល​មេរោគ​អ៊ីវី​៧១​កំពុង​បន្ត​សកម្ម​ភាព​រាត​ត្បាត​ដល់​កុមារ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា ហើយ​ចំ​ពេល​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​សាលា​នៅ​រាជ​ធានី​ភ្នំពេញ​និង​តម្រូវ​ឲ្យ​ខេត្ត​មួយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បិទ​ទ្វារ​សាលា​រៀន​ជា​បន្ត​បន្ទាប់​ផង​ដែរ​នោះ ​ ក៏​មាន​ពាក្យ​ចចាម​រ៉ាម​មក​ថា​ ប្រជា​ជន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នាំ​គ្នា​ផ្អើល​ទិញ​ទឹក​គោ​ជល់​លាយ​ជាមួយ​ទឹ​ក​ឃ្មុំ​យក​មក​ផឹក​ដើម្បី​កុំ​ឆ្លង​វីរុស​អ៊ីវី​៧១។​ តើ​ពាក្យ​ចចាម​រ៉ាម​ដែល​គេ​លើក​ឡើង​នោះ ជា​ការ​ពិត​ដែរ​ឬ​ទេ?​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​លោក​អ្នក​តាម​ដាន​ជា​មួយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ខណៈ​ពេល​ដែល​មេរោគ​អ៊ីវី៧១​ បាន​នឹង​កំពុង​តែធ្វើ​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​ចំពោះ​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​តូចៗ​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌​មាន​នៃ​ការ​ឆ្លង​មេរោគ​នេះ កាន់​តែ​ល្បីគ្រ​ប់​ទិស​ទី​ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅ ត្រូវ​ចេះមើ​ល​កូនៗ​របស់​ខ្លួន​ ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។​

ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជាការ​ប្រកាស​ពី​ក្រសួង​សុខា​ភិបាល​នូវ​ការ​រីក​រាល​ដាល​ការ​ឆ្លង​មេរោគ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន ឆ្លៀត​យក​ឱកាស​នេះ ទៅ​បំផុស​បំផុល នូវ​ព័ត៌​មាន​មិន​ពិត ដោយ​បាន​និយាយ​តៗ​គ្នា​ថា​ ត្រូវ​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំដើម្បី​លាយ​គ្នា​ហើយ​ពិសារ​ទៅ ពេល​នោះ​នឹង​អាច​ជៀស​ផុត ការ​ឆ្លង​មេរោគ​នេះ​ ជាក់​ជា​មិន​ខាន​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ពាក់​ព័ន្ធ និង​មូល​ដ្ឋាន បាន​នឹង​ចាត់​វិធាន​ការណ៍​ ចំពោះ​បញ្ហា​នេះ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ កុំ​ឲ្យ​មាន​ការ​ចាញ់​បោក ជន​ខិល​ខូច​ទាំង​នោះ។ រឿង​រ៉ាវ និង​ពាក្យ​ចចាម​អារ៉ាម​ និង​ការ​និយាយ​បោក​ប្រាស់​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ ឃុំ​រហាត់​ទឹក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ត្រូវ​បាន​ឮ​ដំណឹង​មុន​គេ និង​បែក​ធ្លាយ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ។​

ស្រ្តី​ម្នាក់​ដែល​បាន​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំ​សម្រាប់​លាយ​ឲ្យ​ចៅ​តូច របស់​ខ្លួន​ទើប​តែ​មាន​អាយុ​២​ឆ្នាំផឹ​ក​នោះ ​បាន​​ប្រាប់​​​ឲ្យ​​អ្ន​ក​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​គាត់​ទិញ​ទឹក​គោ​ជល់ និង​ទឹក​ឃ្មុំ​លាយ​គ្នា​ផឹក​នោះ គឺ​ដើម្បី​ ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ EV-71 ដែលប​ច្ចុប្បន្ន​ បាន​ឆ្លង​ទៅ​លើ​កុមារ​ជា​ច្រើន​នាក់ និង​បាន​សម្លាប់​ កុមា​រកម្ពុជា​ជាង​៦០​នាក់​រហូត​មក​ដល់​ពេល​នេះ​ផង​ដែរ។ ស្រ្តី​រូប​នេះបា​ន​បន្ត​ថា រឿង​ហេតុ និង​ការ​និយាយ​ត​គ្នា​ខាង​លើ​នេះ ​បានកើ​ត​ឡើង​អស់ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែល​ម្នាក់ៗ​ ទាំង​ប្រុស​ទាំង​ស្រី ក្មេង​ចាស់​ជា​ច្រើន នៅ​ផ្សារ​រហាត់​ទឹ​ក​ ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ បាន​ទិញ​គោជ​ល់ និង​ទឹក​ឃ្មុំ លាយ​គ្នា​ផឹក ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ EV-71 ។ សូម្បី​តែ​មនុស្ស​ចាស់​ ក៏​បាន​ទិញ​គោជ​ល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដែរ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​ខាង​លើ​នេះ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ នៅ​តំបន់​នោះ​បាន​ផឹក​រួច​ហើយ។​

រី​ឯ​កញ្ញា ភារុណ ជា​បុគ្គលិក​អង្គការ​ហាការ​ នៅ​ទី​ក្រុង​ភ្នំពេញ​ បាន​ប្រាប់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ឲ្យដឹ​ង​កាល​ពីព្រឹក​មិញ​នេះថា​ សូម្បី​កញ្ញា និង​ក្រុម​គ្រួសារ​ ក៏​បាន​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​ផឹក​កាល​ពី​ម្សិល​មិញ​ផង​ដែរ ព្រោះ​ដោយ​សារ​បង​ថ្លៃ​របស់​កញ្ញា​ដែល​រស់​នៅ​ស្រុក​ថ្ម​គោល​ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​ការពារ​ពី​ការ​ឆ្លង​នៃ​ជម្ងឺ​អីវី​៧១​នេះ។ កញ្ញា​បាន​បញ្ជាក់​ថា ដំបូង​ពេល​ឮ​ដំណឹង​នេះ ​កញ្ញា​និង​ក្រុម​គ្រួសារ​មិន​ទាន់​ហ៊ាន​ជឿ​ទេ តែ​ដោយ​សារ​ឃើញ​អ្នក​ជិត​ខាង​កញ្ញា​ទិញ​ផឹក និង​ឮ​ល្បី​នៃ​ការ​ឆ្លង​នៃ​ជម្ងឺ​នេះ​ ទើប​កញ្ញា​ និង​គ្រួសារ​ទិញ​ផឹក​តែ​ម្តង​ទៅ ហើយ​កញ្ញា ក៏​ថែម​ទាំង​ពោល​ពាក្យ​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល។​ រី​ឯ​អ្នក​ដែល​រស់​នៅ​ជិត​ផ្ទះ​កញ្ញា​ គឺ​អ្នក​ស្រី យឹម​ សាត​ ក៏​មាន​ប្រសាសន៍​ស្រដៀង​ទៅ​នឹង​កញ្ញា​ភារុណ​ផង​ដែរ​ទាក់​ទិន​ទៅ​នឹង​ការ​ទិញ​ភេជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹ​កឃ្មុំ​ដើម្បី​ផឹក​នេះ។​

ទាក់​ទិន​នឹង​បញ្ហា​នេះ អភិ​បាល​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ លោក​ អ៊ី​ ឡុង បាន​ឲ្យ​ដឹង​ថា​ ពាក្យ​ចចាម​អារ៉ាម​នេះលោ​ក​បាន​ឮ​កាល ពី​ពេល​ថ្មីៗ​នេះ ដែរ​ ប៉ុន្តែ​មិន​ទាន់​ល្បី​ខ្លាំង​នោះ​ទេ។ ដូច្នេះ​ លោក​បាន​សង្ក​ត់​ធ្ងន់​ថា​ បើ​មាន​ករណី​នេះ​កើត​ឡើង​មែន​នៅ​ឃុំរ​ហាត់​ទឹក ខេត្ត​បន្ទាយ​មានជ័យ​នេះ លោក​នឹង​សុំ​កិច្ច​សហការ​ជាមួយ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ ជូន​ប្រជា​ពល​រដ្ឋ​ភា្លម​ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​ជន​ខិល​ខូច​ទាំង​នោះ។

​សូម​បញ្ជាក់​ថា ចាប់​ពី​ដើម ឆ្នាំ​២០១២ រហូត​មក​ដ​​ល់​ខែ​​កក្កដា​​នេះ មាន​​កុមារ​​កម្ពុជា​​ជាង​​៦០​​នាក់​​បាន​​ស្លាប់​​​ដោយ​សារ​​មេរោគ​​ EV-71​ និង​​មាន​ជាង៧​០ក​រណីហើ​យ​ដែល​បាន​កើត​លើ​កុមារ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។ កាល​ពីថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១​២ ​ក្រសួង​សុខា​ភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ថា ជម្ងឺ​ពងបែក​ដៃ​ជើង​ និង​ក្នុង​មាត់​ជា​ញឹក​ញាប់​បង្ក​ឡើង​ដោយ កុក​សាគី​វីរុស​ A16 ដែល​បង្ក​ឲ្យ​មាន​ជម្ងឺ​ស្រាល​ ដោយ​ពុំ​ចាំ​បាច់​ទទួល​ការ​ព្យាបា​ល​ពី​បុគ្គលិក​សុខា​ភិបាល និង​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ។​

ក៏​ប៉ុន្តែ​ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់​ក៏​អាច​បង្ក​ផង​ដែរ​ដោយ​សារ Enterovirus ដែល​ក្នុង​នោះ​មាន​វីរុស​អ៊ី​វី​៧១​ ដែល​អាច​បង្ក​ឲ្យ​មាន​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។ ជ​ម្ងឺព​ង​បែក​ដៃ​ជើង និង​ក្នុង​មាត់​ជា​ទូទៅ​ កើត​ក្នុង​ចំណោម​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​១០​ឆ្នាំ តែ​ភាគ​ច្រើន គឺ​កើត​ក្នុង​ចំណោម​កុមារ ដែល​មាន​អាយុ​តិច​ជាង​៥ឆ្នាំ​ ហើយ​កុមារ​ដែល មាន​អាយុ​តិច ងាយ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ។​

រយៈ​ពេល​ចាប់​ពី ឆ្លង​រោគ​ដល់​ចេញ រោគ​សញ្ញា​ជា​ទូទៅ​៣​ទៅ​៧​ថ្ងៃ ហើយ​រោគ​សញ្ញា​ញឹក​​ញាប់​នៃ​ជម្ងឺ​នេះ ​គឺ​ក្ដៅ​ខ្លួន​ដែល​មាន​រយៈ​ពេល​ពី​២៤ ទៅ​៤៨​ម៉ោង។ ជម្ងឺ​នេះ ជា​ទូទៅចា​ប់​ផ្ដើម​ឡើង ដោយ​មាន​ក្ដៅខ្លួន ​ការ​បរិភោគ​ថយ​ចុះ អស់​កម្លាំង​ និង​ភាគ​ច្រើន​មាន​ឈឺ​បំពង់​ក។ មន្រ្តី​សុខា​ភិបាល បាន​និយាយ​ថា ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់ ជាជម្ងឺ​ឆ្លង​ដែល​អាច​ឆ្លង​ ពីម​នុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយ​ការ​ប៉ះ​ពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ កំហាក​ ទឹក​មាត់ ទឹក​រងៃ​ដែល​ចេញ​ពី​ពង​បែក ឬ​លាមក​ នៃ​អ្នក​ជម្ងឺ។ អ្នក​ជម្ងឺ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ខ្លាំង​បំផុត​ក្នុង​កំឡុង​សប្ដាហ៍​ទីមួយ​នៃ​ជម្ងឺ​ តែ​គាត់​អាច​ចម្លង​ជម្ងឺ​ បាន​រហូត​ដល់​ច្រើន​សប្ដាហ៍​ក្រោយ​ទៀត។ ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់ មិន​អាច​ចម្លង​ពី​សត្វ​ចិញ្ចឹម ឬ​សត្វ​ដទៃ​ទៀតបាន​​ឡើយ។​

ជាមួយ​គ្នា​ការ​រាត​ត្បាត​នៃ​ជម្ងឺ​ខាង​លើ​នេះ រាជ​រដ្ឋា​ភិបាល បាន​សម្រេច​ឲ្យ​សិស្ស​សាលា ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា ឆ្នាំ​២០១២ នេះ​តទៅ​នៅ​ទូទាំង​ប្រទេស ពោល​មុន​វិសម្ស​កាល​ទៅ​ទៀត ដែល​ការ​ប្រកាស​ឲ្យ​ឈប់​នេះ​ ត្រូវ​បាន​មតិ​ខ្លះលើ​ក​ឡើង​ថា មក​ពី​ខ្លាច​ឆ្លង​មេ​រោគ​អ៊ីវី៧១​នេះ ប៉ុន្តែ​ត្រូវ​បាន​មន្រ្តី​ជំនាញ ធ្វើកា​រ​បដិ​សេធ​ចោល​។ កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្មេងៗ​នៅ​ខេត្ត​បាត់​ដំបង​ចំនួន​៣​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​នេះ​ ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​ព្យា​បាល​ទាន់​ពេល​វេលា។ ចំណែក​ឯ​ខេត្ត​កំពង់​ចាម​វិ​ញ​ ជម្ងឺ​អ៊ីវី​នេះ​បាន​ឆក់​យក​ជីវិត​កុមារ​នៅ​ក្នុង​ខេត្ត​នេះ​អស់​ចំនួន​២​នាក់​មក​ហើយ​ និង​មាន​ក្មេង​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​កើត​មាន​ជម្ងឺ​នេះ។ ជា​ពិសេស​សាលារៀ​ន​ជាង​១០០០​ក​ន្លែង​នៅ​ទូទាំ​ង​ប្រទេស​ត្រូវ​បាន​បិទ​ និង​ផ្អាក​ការ​សិក្សា​ជាប​ណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា​ ឆ្នាំ​២០១២​។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះវិ​ញ​ ក៏​មាន​សេចក្តី​ប្រកាស​អំពី​ការ​បិទ​ទ្វារ​សាលា​ផង​ដែរ ដោយ​ខ្លាច​ឆ្លង​មេរោគ​នេះដ​ល់​កូន​សិស្ស​ ​ខណៈ​ដែល​កុមារ​ជន​ជាតិ​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​រួច​មក​ហើយ​នោះ។​

អត្ថ​បទដោ​យ ៖ សៀង ​វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *