គ្រោះថ្នាក់ចរាចរណ៍នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៅលើសកលលោក។ ការមានទំនួលខុសត្រូវក្នុងការបើកបរ ដោយការមិនបើកបរនៅពេលស្រវឹង ការចេះត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ និងការចេះយោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមក គឺជាកត្តាដ៏ចាំបាច់មួយក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងនៅជុំវិញពិភពលោកទាំងមូល។ តើនៅដើមឆ្នាំនៃឆមាសទី១នេះ ក្រសួងមហាផ្ទៃ បានបំពេញតួនាទីអ្វីខ្លះដើម្បីការពារ ក៏ដូចជាសម្រួលការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រួប?
កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១២ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រជុំនោះថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ១៧% ក្នុងនោះអ្នកស្លាប់ថយចុះ០៣% និងអ្នករបួសថយចុះ១៨% បើធៀបនឹងឆមាសទី១ឆ្នាំ២០១១ កន្លងមក ។ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្រោយពីកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ រហូតមកដល់ពេលនេះយើងបានអនុវត្តការងារសំខាន់ៗមួយចំនួន ដោយសំដៅពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូចតទៅ៖
1 . បានបញ្ចូលខ្លឹមសារអប់រំសុវត្ថិភាពចរាចរណ៍ទៅក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីដាស់តឿនប្រជាពលរដ្ឋឱ្យជៀសវាងនូវការបើកបរក្រោមឥទ្ធពលនៃជាតិស្រវឹង។
2 . បានហ្វឹកហាត់ និងពង្រឹងសមត្ថភាពគ្រូបង្រៀនបើកបរ និងសមាសភាពគណៈកម្មការប្រឡងផ្តល់ប័ណ្ណបើកបរ ព្រមទាំងបានបង្កើតការយល់ដឹងអំពីការគ្រប់គ្រងអ្នកបើកបរ ការគ្រប់គ្រងយានយន្ត និងសុវត្ថិភាពដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកទំនិញ និងអ្នកដំណើរ។ ទន្ទឹមនេះ ក្រសួងក៏បានកាត់បន្ថយជាអតិបរមានូវករណីល្មើសផ្នែកបច្ចេកទេសរថយន្ត ដូចជាការតទ្រុង តកន្ទុយ និងកង្វះភ្លើងបំភ្លឺ ជាដើម។ល។
3 . បានដំណើរការអនុវត្តន៍វិធានការបង់ប្រាក់ពិន័យ នៅអង្គភាពនគរបាលចរាចរចំពោះអ្នកបើកបររថយន្តដើម្បីជម្រុញឱ្យអ្នកបើកបរកាន់តែយល់ដឹង និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក និងរួមចំណែកដល់ការកាត់បន្ថយអំពើអសកម្មនានារបស់មន្រ្តីអនុវត្តន៍ច្បាប់។
4 . បានបំពាក់បន្ថែមឧបករណ៍បច្ចេកទេសត្រួតពិនិត្យល្បឿន ត្រួតពិនិត្យជាតិស្រវឹង និងបានបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់មន្រ្តីអំពីវិធីប្រើប្រាស់ និងនីតិវិធីប្រតិបត្តិការ។ ជាពិសេស ក្រសួងក៏បានបំពាក់ម៉ាស៊ីនថត(កាមេរ៉ា) ត្រួតពិនិត្យស្ថានភាពចរាចរណ៍ដែលបានការជួយឧបត្ថម្ភពីប្រទេសជាមិត្ត និងវិស័យឯកជនដើម្បីបម្រើដល់ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញផងដែរ។
5 . បានបម្រើបណ្តាញទូរស័ព្ទទំនាក់ទំនង ដោយឡែកជាមួយប្រជាពលរដ្ឋអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ដែលអាចជួយដោះស្រាយកង្វល់ ឬសំណូមពរប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសចរាចរណ៍។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព។
គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១០ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួនប្រមាណ១លាន៣សែននាក់ និងរបួសប្រមាណពី២០លានទៅ៥០លាននាក់ ដែលភាគច្រើនកើតឡើងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដើម្បីធ្វើឱ្យការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាន់តែមានប្រសិទ្ធភាពក្នុងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានផ្តល់អនុសាសន៍ដល់អភិបាលស្នងការនគរបាលខេត្តរាជធានី ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ចិញ្ចើមផ្លូវ និងទប់ស្កាត់ការប្រើប្រាស់ផ្លូវក្នុងគោលបំណងផ្សេងៗពីការធ្វើចរាចរណ៍។ ជាមួយគ្នានេះ ត្រូវបន្តធ្វើការត្រួតពិនិត្យគោលដៅដើមទីជាប្រចាំ ដើម្បីកែតម្រូវនិងវិនិច្ឆ័យតាមច្បាប់ដោយផ្តោតសំខាន់ទៅលើករណីល្មើសបច្ចេកទេសយានយន្តក្នុងការដឹកជញ្ជូនទំនិញសំពីងសំពោង ការដឹកជញ្ជូនអ្នកដំណើរលើសចំណុះ ការដឹកជញ្ជូនដី ថ្ម ខ្សាច់ ជ្រុះរាយប៉ាយដោយគ្មានគ្របដណ្តប់ និងការត្រួតពិនិត្យលិខិតស្នាមអ្នកបើកបរ និងយានយន្ត។
កាលពីឆ្នាំ២០១១ កន្លងទៅនេះ កម្ពុជាមានអត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន៥.០៩៦ករណី បណ្តាលឱ្យស្លាប់មនុស្ស១.៨៩៥នាក់ របួសចំនួន៨.៧៣៩នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំដែលអត្រានេះនៅមានកម្រិត ខ្ពស់នៅឡើយ។ លោកឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យមន្ត្រី ជំនាញត្រូវរៀនសូត្រដកពិសោធន៍ល្អៗពីបណ្តាប្រទេសដែលទទួលបាន ជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ដូចជា ការគ្រប់គ្រងអ្នកបើកបរ ការគ្រប់គ្រងបច្ចេកទេសយានយន្ត ការបង្កើនមធ្យោបាយដឹកជញ្ជូនសាធារណៈជំនួសមធ្យោបាយផ្ទាល់ខ្លួន ការបំពាក់ឧបករណ៍បច្ចេកទេស និងការលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តន៍ច្បាប់ដើម្បីដកស្រង់ ធ្វើការសាកល្បងអនុវត្ត ឬធ្វើកំណែទម្រង់កិច្ចការរបស់យើងឱ្យសមស្របទៅនឹងតថភាព និងតម្រូវការជាក់ស្តែងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការធ្វើការបណ្តុះបណ្តាល និងធ្វើតេស្តអ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញធុនធំដែលកំពុងបើកបរតាមក្រុមហ៊ុននានា។ ដោយឡែកចំពោះរថយន្តឆ្លងដែនកម្ពុជា-ថៃ គួរតម្រូវឱ្យមានអ្នកបើកបរមកពីប្រទេសរបស់ខ្លួនធ្វើការបើកបរ និងត្រូវធ្វើការព្រមាន ឬអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ដល់ក្រុមហ៊ុនដឹកជញ្ជូនណាដែលមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍។
អត្ថបទដោយ ៖ សៀង វីរៈ
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២
Leave a Reply