ឈាមហូរតាមផ្លូវឬប្រព័ន្ធរំលាយអាហារគឺជាជម្ងឺម្យ៉ាងដែលកើតឡើងដោយសារជម្ងឺក្រពះ ដោយគេចែកចេញជាពីរប្រភេទ គឺការហូរឈាមតាមផ្លូវរំលាយអាហារផ្នែកខាងលើ“តាមមាត់” និងផ្លូវរំលាយអាហារផ្នែកខាងក្រោម គឺហូរឈាមតាមផ្លូវក្រោម“ទ្វារលាមក”។ ជម្ងឺនេះអាចបង្កការលំបាកយ៉ាងខ្លាំងដល់សុខភាពលោកអ្នកថែមទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសជម្ងឺពោះវៀន ក្រពះ និងថ្លើម នៃមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីបកស្រាយអំពីការហូរឈាមនេះ។
ជម្ងឺឈាមហូរតាមផ្លូវរំលាយអាហារគឺជាអ្វី?
ជម្ងឺឈាមហូរតាមផ្លូវរំលាយអាហារគឺជាជម្ងឺដែលមានឈាមហូរតាមមាត់ ឬតាមទ្វារលាមក ខណៈពេលដែលអ្នកជម្ងឺបត់ ជើងធំ ឬក្អួតចេញមកក្រៅមានឈាមមកជាមួយ។ ជម្ងឺនេះមានពីរប្រភេទផ្សេងគ្នា គឺការហូរឈាមតាមផ្លូវលើ“តាមមាត់” និង ឈាមហូរតាមផ្លូវក្រោម“តាមទ្វារលាមក”។ ហូរឈាមតាមផ្លូវលើគឺជាការចេញឈាមតាមមាត់លាយជាមួយចំណីអាហារពេលមានក្អួត។ ចំពោះឈាមហូរតាមផ្លូវក្រោម គឺហូរតាមទ្វារលាមក ហើយលាមកនោះមានពណ៌ខ្មៅ ឬមានពណ៌ក្រហមស្រស់ទៀតផង។
រោគសញ្ញាជម្ងឺហូរឈាមតាមផ្លូវរំលាយអាហារ
ជម្ងឺនេះធ្វើឱ្យលោកអ្នកមានរោគសញ្ញាចុកចុងដង្ហើម ជួនរាលមកផ្នែកខាងស្ដាំ ឬខាងឆ្វេងចាក់ដោតទៅឆ្អឹងខ្នង មានអាការ ក្អួតចង្អោរ ភើជាដើម។ ក្រោយពេលលោកអ្នកទទួលទានអាហារចូលទៅមួយម៉ោង ឬពីរម៉ោង ក៏បង្ហាញអាការចុកសៀត។ ប្រសិនបើក្នុងរយៈពេលពី៤ម៉ោងឬ៦ម៉ោងក្រោយមកទើបមានអាការឈឺចាប់ប្រាកដមានជម្ងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារក្រោម ក្រពះ ជិតពោះវៀនតូច ពេលនោះអ្នកជម្ងឺចាប់ផ្ដើមក្អួតធ្លាក់ឈាមតាមមាត់ និងហូរឈាមតាមការបត់បន្ទោរបង់ធំ។
មូលហេតុបណ្ដាលឱ្យមានជម្ងឺឈាមហូរតាមផ្លូវរំលាយអាហារ
មូលហេតុនៃជម្ងឺនេះមានច្រើនយ៉ាង ដូចជាលោកអ្នកមានជម្ងឺក្រពះដំបៅរយៈពេលយូរមិនព្យាបាល ឬក៏ព្យាបាល មិនបានជាត្រឹមត្រូវ នាំឱ្យជម្ងឺដំបៅក្រពះនេះកើតឡើងជាថ្មី ហើយប៉ះនឹងស្លាកស្នាមចាស់ក៏បណ្ដាលឱ្យមានឈាមហូរ។ ក្រពះមាន ៤ស្រទាប់ នៅពេលដែលមានដំបៅនៅស្រទាប់ទី១ និងទី២ជាលក្ខណៈធម្មតា។ លុះដំបៅដល់ស្រទាប់ទី៣ នឹងក្លាយទៅជាជម្ងឺធ្ងន់ធ្ងរ ព្រោះស្រទាប់នេះសម្បូរទៅដោយសរសៃឈាម នាំឱ្យស៊ីសរសៃឈាមដាច់ ឈាមហូរមកមានចំនួនច្រើនធ្វើឱ្យអ្នកជម្ងឺក្អួតធ្លាក់ឈាម។ ប៉ុន្ដែបើសាច់ត្រង់សរសៃឈាមនោះតិច ឈាមនឹងហូរចុះក្រោមតាមផ្លូវលាមក លាមកនឹងមានពណ៌ខ្មៅ និងលាយទៅដោយឈាម ស្រស់ទៀតផង។ ម្យ៉ាងទៀតជម្ងឺដំបៅក្រពះ ដែលបណ្ដាលឱ្យមានឈាមហូរក្នុងប្រព័ន្ធរំលាយអាហារ ក៏អាចមកពីក្រពះបញ្ចេញជាតិអាស៊ីតលើសលប់ ដោយសារលោកអ្នកគិតច្រើន ប្រើប្រាស់ខួរក្បាលគ្មានពេលសម្រាក ឬក៏ដេកមិនលក់ កត្ដាទាំងនេះហើយដែលបានជំរុញឱ្យក្រពះរលាក។ ក្រៅពីនោះក៏មានថ្នាំមួយចំនួនអាចបណ្ដាលឱ្យរលាកក្រពះផងដែរ ដូចជាពពួកថ្នាំសរសៃជាដើម ធ្វើឱ្យអ្នកជម្ងឺធ្លាយក្រពះដោយគ្មានការឈឺចាប់។
វិធីព្យាបាលជម្ងឺហូរឈាមតាមផ្លូវរំលាយអាហារ
ការព្យាបាលជម្ងឺនេះគឺប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់កុំឱ្យអាស៊ីតបញ្ចេញទឹកច្រើន។ ព្រោះបើមិនប្រើប្រាស់ថ្នាំដើម្បីទប់ជាតិ អាស៊ីតដែលបញ្ចេញនោះទេ ធ្វើឱ្យក្រពះកាន់តែងាយនឹងរងគ្រោះយ៉ាងខ្លាំង។ ជម្ងឺនេះច្រើនកើតមានទៅលើបុរសប្រហែល ៨០ភាគរយ។ ចំពោះស្ដ្រីវិញមានត្រឹមតែ២០ភាគរយតែប៉ុណ្ណោះ។ ប្រសិនបើជម្ងឺនេះបង្កឡើងដោយសារមេរោគនោះ គ្រូពេទ្យច្រើនផ្ដល់ឱ្យពពួកថ្នាំ“ផ្សះ”ឬថ្នាំសម្លាប់មេរោគ ហើយការព្យាបាលនេះត្រូវប្រើពេលវេលារយៈពេលជាងមួយខែ ឬ៤២ថ្ងៃទើបជាសះស្បើយ។
វិធីការពារជម្ងឺឈាមហូរតាមផ្លូវរំលាយអាហារ
ប្រសិនបើលោកអ្នកមានអាការដូចខាងលើនេះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលការព្យាបាលឱ្យបានទៀងទាត់ និងកាត់បន្ថយការគិតច្រើន ហើយទទួលទានអាហារឱ្យបានទៀងទាត់ និងទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ ព្រោះសកម្មភាព នេះអាចជួយការពារដល់ការបញ្ចេញជាតិអាស៊ីតក្រពះច្រើន និងមិនធ្វើឱ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗ។
ផលប៉ះពាល់នៃជម្ងឺឈាមហូរតាមផ្លូវរំលាយអាហារ
ការបណ្ដែតបណ្ដោយ ឬមិនធ្វើការព្យាបាលជម្ងឺ បណ្ដាលឱ្យធ្លាយក្រពះទៅតាមវិសាលភាពនៃការរលាក ឬដំបៅ។ ក្រោយពេលធ្លាយ អ្នកជម្ងឺអាចមានរលាកដល់ស្រោមពោះថែមទៀតផង។ ប៉ុន្ដែប្រសិនបើជម្ងឺកើតឡើងដោយសារមេរោគវិញនោះ មេរោគនឹងជ្រាបចូលក្នុងឈាមធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។ ក្រោយពេលធ្លាយក្រពះ ជម្ងឺនឹងរីករាលដាលដល់លំពែង ក្រពះ ថ្លើម ពោះវៀនតូច ធំ និងប្រមាត់ ដោយសារតែទឹកក្រពះដែលពោរពេញទៅដោយជាតិអាស៊ីត ហៀរចេញទៅប៉ះធ្វើឱ្យរលាកសរីរាង្គទាំងនេះ។
ដំបូន្មានអ្នកជំនាញ
ជម្ងឺហូរឈាមតាមផ្លូវរំលាយអាហារ ភាគច្រើនកើតឡើងបណ្ដាលមកពីអ្នកជម្ងឺគិតច្រើន ដេកមិនលក់ ទទួលទានអាហារ មិនទៀងពេលវេលា ដែលជំរុញឱ្យប្រព័ន្ធរំលាយអាហារជួបប្រទះនូវបញ្ហាផ្សេងៗ ដែលមានតួនាទីបញ្ជូនទៅក្រពះមានការរអាក់រអួល ហើយក៏បង្កឱ្យមានជម្ងឺ។ ដើម្បីចៀសវាង និងទប់ស្កាត់នោះ លោកអ្នកគួរកាត់បន្ថយបញ្ហាខាងលើឱ្យបានច្រើន និងស្វែងរកថ្នាំ មកព្យាបាលឱ្យទាន់ពេលវេលា បើមិនដូច្នោះទេវាអាចបណ្ដាលឱ្យធ្លាយក្រពះពិបាកព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply