នៅប៉ុន្នានជាជិតមួយខែកន្លងមកនេះ មានបញ្ហាភ្ញាក់ផ្អើលជាច្រើនទាក់ទិនទៅនឹងការរាតត្បាតពីជម្ងឺអ៊ីវី៧១នៅតាមបណ្តាខេត្តក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននៅមិនទាន់មានការសាបរលាបទៅវិញនៅឡើយ។ ការណ៍នេះ បានធ្វើឲ្យកម្លាំងអាជ្ញាធរខេត្តក្រុងមួយចំនួនកំពុងបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសំខាន់មួយនេះ ។
បើតាមមន្ត្រីសុខភាពសាធារណៈរបស់ខេត្តសៀមរាបបានឱ្យដឹងថា ជម្ងឺពងបែកលើដៃជើង និងក្នុងមាត់ ដែលភាសាអង់គ្លេសហៅថាអ៊ីវី៧១ ដែលបាននឹងកំពុងរាតត្បាតលើកុមារកម្ពុជាមួយចំនួននិងបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេសនោះ គឺមិនទាន់កើតមានធ្ងន់ធ្ងរនៅក្នុងខេត្តដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជានៅឡើយទេ។ តែទោះយ៉ាងណា ក៏គេត្រូវតែចាត់វិធានការការពារជាបន្ទាន់ចំពោះជម្ងឺឆ្លងប្រភេទនេះ ដើម្បីកុំឱ្យចម្លងទៅកុមារកាន់តែកើនឡើងៗបាន។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មួយ ដោយមានរថយន្តសង្គ្រោះនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង ដើម្បីជួយសង្គ្រោះកុមារដែលកើតជម្ងឺពងបែកលើដៃជើង និងក្នុងមាត់ ព្រមទាំងធ្វើការតាមដានជាប្រចាំទៅលើជម្ងឺនោះផងដែរ។ ក្រៅពីបានរៀបចំក្រុមគ្រូពេទ្យដើម្បីឆ្លើយតបជាបន្ទាន់ គឺមន្ទីរសុខាភិបាលក៏បានរៀបចំភ្នាក់ងារសុខភាព ឱ្យចុះធ្វើការអប់រំប្រជាពលរដ្ឋនៅតាមតំបន់ ឱ្យបានយល់អំពីកិច្ចការពារ និងអាចជៀសផុតពីជម្ងឺនេះផងដែរ។ លោកវេជ្ជបណ្ឌិតបានបន្តថា៖ «ជម្ងឺនេះ គឺឆ្លងដោយសារតែបញ្ហាអនាម័យ វាមិនមែនដូចសារស៍ (SARS)ទេ ហើយយើងបានរៀបចំផ្សព្វផ្សាយទៅអស់ហើយតាមមណ្ឌលសុខភាព តាមមន្ទីរពេទ្យ។ យើងបានសហការជាមួយខាងមន្ទីរពេទ្យកុមារអង្គរ ផលិតចេញជាខិតប័ណ្ណ ឱ្យទៅតាមមណ្ឌលសុខភាព ដើម្បីឱ្យគាត់ផ្សព្វផ្សាយបន្ត អប់រំបន្ត»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានអាស៊ីសេរី។
តែទោះជាយ៉ាងណា មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចបញ្ជាក់បានច្បាស់លាស់ទេថា តើមានកុមារចំនួនប៉ុន្មាននៅក្នុងខេត្តនេះ ដែលបានកើតជម្ងឺពងបែក លើដៃជើង និងក្នុងមាត់នោះទេ ពីព្រោះតែនៅក្នុងមន្ទីរពេទ្យរដ្ឋ មិនមានកុមារកើតជម្ងឺនេះចូលទៅព្យាបាលទេ គឺមានតែមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែន ដែលទទួលព្យាបាលកុមារកើតជម្ងឺនេះ។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជាអនុប្រធានមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែនបានមានប្រសាសន៍ថា ចាប់តាំងពីមន្ទីរពេទ្យរបស់លោកបានចាប់ផ្ដើមទទួលព្យាបាលកុមារពីឆ្នាំ១៩៩៩មក គឺបានជួបប្រទះកុមារដែលកើតជម្ងឺនេះ ហើយកាលពីពេលថ្មីៗមន្ទីរពេទ្យរបស់លោកក៏បានទទួលព្យាបាលកុមារដែលកើតជម្ងឺនេះដែរ ក៏ប៉ុន្តែឆ្នាំនេះហាក់ដូចជាវាមានសភាពធ្ងន់ធ្ងរ ដោយសារវីរុសប្រែទៅជាកាចសាហាវ ដែលបណ្ដាលឱ្យកុមារខ្លះស្លាប់។ លោកវេជ្ជបណ្ឌិតបានបន្តថា៖ «យើងជួបប្រហែលជា៥ទៅ៦ករណី។ ជម្ងឺនៅក្នុងមន្ទីរពេទ្យរបស់យើង នៅផ្នែកពិគ្រោះជម្ងឺក្រៅ។ យើងឃើញរោគសញ្ញា ប៉ុន្តែជម្ងឺហ្នឹង វាស្រាលហើយយើងឱ្យត្រឡប់ទៅផ្ទះ ហើយយើងតាមដានលើកលែងតែកុមារដែលមានបញ្ហានេះធ្ងន់ធ្ងរ ដែលគាត់មិនអាចញ៉ាំបានដោយសារពងបែកនៅនឹងមាត់ឈឺ ដូច្នេះយើងត្រូវការដាក់សម្រាកពេទ្យ»។ លោកវេជ្ជបណ្ឌិត បានពន្យល់ថា ជម្ងឺពងបែកលើដៃ ជើង និងមាត់ គឺឆ្លងមកពីវីរុសម្យ៉ាង ដែលគម្រាមកំហែងទៅលើក្មេងអាយុក្រោម៥ឆ្នាំ។ វីរុសប្រភេទនោះ អាចចម្លងពីក្មេងដែលឈឺទៅកាន់អ្នកផ្សេងទៀត តាមរយៈការប៉ះពាល់សំបោរ ឬការថើប និងប្រើប្រាស់វត្ថុផ្សេងទៀតជាមួយអ្នកជម្ងឺជាដើម។
នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ន ចាប់តាំងពីមានការភ្ញាក់ផ្អើលអំពីជម្ងឺពងបែកលើដៃជើង និងក្នុងមាត់មក គឺឪពុកម្តាយរបស់កុមារមួយចំនួនបានផ្អាកមិនយកកូនតូចៗទៅសាលា និងយកទៅក្នុងទីផ្សារដែលមានប្រជុំហ្វូងមនុស្សកុះករទេ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានអះអាងថា បើទោះបីជាទូទាំងប្រទេសកំពុងមានការភ្ញាក់ផ្អើលអំពីជម្ងឺពងបែកលើដៃជើង និងក្នុងមាត់ក៏ដោយ ក៏នៅខេត្តសៀមរាប មិនបានធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសទេ ក្នុងមួយរយៈពេលមកនេះ។ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ការហោះហើរដែលដឹកជញ្ជូនអ្នកទេសចរបរទេស នៅតែមានចំនួនពី ២៥ទៅ៣០ជើងក្នុង១ថ្ងៃៗ ហើយចំនួនអ្នកទេសចរបរទេស មានតែកើនឡើងមិនថយចុះ ដោយសារតែការភ័យខ្លាចនឹងជម្ងឺពងបែកលើដៃជើង និងក្នុងមាត់នោះទេ។ លោកបានឱ្យដឹងបន្តថា ពេលបច្ចុប្បន្នក្នុង១ថ្ងៃៗមានអ្នកទេសចរបរទេសប្រមាណ៥ពាន់នាក់ បានចូលមកទស្សនាប្រាសាទបុរាណនៃខេត្តសៀមរាប។
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងប្រឹងប្រែងធ្វើការរួមគ្នាបានរំពឹងទុកថា គេនឹងពង្រឹងការតាមដាន ដើម្បីរកឱ្យឃើញករណីថ្មីៗនៃស្ថានភាពធ្ងន់ធ្ងររបស់ជម្ងឺនេះ នៅពេលប៉ុន្មានខែខាងមុខនេះទៀត។ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានឱ្យដឹងថា យោងតាមការស្រាវជ្រាវ គេបានរកឃើញកុមារចំនួន៧៨នាក់ ដែលមន្ទីរពេទ្យគន្ធបុប្ផានៅទីក្រុងភ្នំពេញ និងមន្ទីរពេទ្យផ្សេងទៀត បានជួបប្រទះ។ ក្នុងចំណោមករណីនោះ គឺអ្នកជម្ងឺចំនួន៥៤នាក់បានស្លាប់។ ក្នុងវិធានការឆ្លើយតបដើម្បីទប់ស្កាត់ជម្ងឺនេះ រដ្ឋាភិបាលកម្ពុជាដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក បានដាក់ចេញនូវគោលការណ៍ចាប់ផ្ដើមពង្រឹងការតាមដានរោគសញ្ញាសរសៃប្រសាទ និងផ្លូវដង្ហើម ព្រមទាំងរោគសញ្ញាគន្លឹះមួយចំនួនទៀត ក្នុងចំណោមអ្នកកើតជម្ងឺដែលពងបែក ដៃជើង និងក្នុងមាត់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគ EV-71 នោះ។
រីឯស្ថានភាពទាក់ទិនទៅនឹងជម្ងឺអ៊ីវី៧១នេះនៅទីក្រុងភ្នំពេញវិញ បើតាមប្រភពព័ត៌មានផ្សេងៗកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមអ្នកភូមិបុរីកីឡាក្នុងក្រុងភ្នំពេញបាននិយាយនៅថ្ងៃសៅរ៏នេះថា កូនៗរបស់ពួកគេ១២នាក់ត្រូវបានធ្វើតេស្តរកឃើញដោយមន្ទីរពេទ្យគន្ធបុប្ផាថា មានផ្ទុក មេរោគអ៊ីវី។ ឥឡូវកុមាររងគ្រោះដែលមានអាយុចន្លោះពីជាង១ឆ្នាំ ដល់ ១២ ឆ្នាំ ទាំងនោះត្រូវបានឪពុកម្ដាយរបស់ពួកគេ ព្យាបាលដោយ ថ្នាំដែលផ្ដល់ឲ្យពីមន្ទីរពេទ្យនៅឯផ្ទះ។ ប្រភពដដែលបានឲ្យដឹងថា កុមារទាំងនោះមានអាការៈក្ដៅខ្លួន ចេញពងបែក ហៀរទឹករងៃពេញដៃជើង ជារោគសញ្ញានៃជម្ងឺដែលបណ្ដាពីមេរោគ EV71 ។ បច្ចុប្បន្ន ជម្ងឺប្រភេទនេះមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារនៅឡើយទេ ប៉ុន្តែវិធានការការពារ គឺទី១ត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ បន្ទាប់ពីទៅប៉ះពាល់អ្នកជម្ងឺរួចមក។ ទី២ គឺកុំប៉ះពាល់ និងត្រូវជៀសវាងការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកជម្ងឺ ហើយជាពិសេសកុំឱ្យយកកុមារដែលមានជម្ងឺទៅលេងជាមួយនឹងកុមារផ្សេងទៀតដែលមិនមានជម្ងឺ។
បើលោកអ្នកចង់ដឹងព័ត៌មានលម្អិតអំពីជម្ងឺនេះ សូមអានបទសម្ភាសន៍រវាងគេហទំព័រសុខភាពកម្ពុជា និងលោកវេជ្ជបណ្ឌិត លីចេងហ៊ុយ «ជម្ងឺចម្លែក ឬជម្ងឺអ៊ីវី៧១: បទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ»។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២
Leave a Reply