កាលពេលថ្មីៗនេះ បណ្តាសមាជិកសភានៅសហរដ្ឋអាម៉េរិក បានយល់ព្រមឲ្យប្រើប្រាស់ឱសថមួយ ដែលអាចកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ដល់ទៅ៧៥ភាគរយ។ ឱសថដែលមានឈ្មោះថា ទ្រូវ៉ាដា (Truvada) អាចប្រើបានចំពោះពលរដ្ឋដែលឋិតនៅក្នុងស្ថានភាពងាយឆ្លងមេរោគអេដស៍ រួមបញ្ចូលទាំងជនដែលដៃគូរួមភេទរបស់គេ មានផ្ទុកមេរោគរួចហើយផងដែរ។ ប៉ុន្តែ ស្ថាប័នឈ្មោះ Food And Drug Administration (FDA) នៃសហរដ្ឋអាម៉េរិក បាននិយថា ឱសថនេះមិនមែនជំនួសវិធីដទៃទៀតដែលបង្ការការឆ្លងមេរោគអេដស៍ដូចជាស្រោមអនាម័យជាដើមនោះទេ។យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីភ្នាក់ងារឱសថអាមេរិក FDA បានអនុម័តកាលពីថ្ងៃទី១៦កក្កដា ឱ្យដាក់លក់នៅលើទីផ្សារនូវថ្នាំបង្ការជម្ងឺអេដស៍ឈ្មោះទ្រូវ៉ាដាហើយ។ នេះជាថ្នាំបង្ការជម្ងឺអេដស៍សម្រាប់បណ្តាមនុស្សដែលងាយរងគ្រោះដោយសារជម្ងឺអេដស៍។ បើយោងតាមអាជ្ញាធរបានឲ្យដឹងថា ការប្រើថ្នាំនេះ អាចជាការរួមចំណែកកាត់បន្ថយការឆ្លងជម្ងឺនេះថ្មីៗបានថែមទៀតផង។ ក្រោយពីទទួលអនុសាសន៍របស់គណៈកម្មាធិការ ពួកអ្នកជំនាញការមកពីទីភ្នាក់ងារត្រួតពិនិត្យស្បៀងអាហារ និងថ្នាំពេទ្យអាមេរិក FDA បានយល់ព្រមឱ្យមន្ទីរពិសោធន៍ផលិតថ្នាំពេទ្យអាមេរិក GILEAD SCIENCES ចេញលក់ថ្នាំនេះដើម្បីកាត់បន្ថយការឆ្លងវីរុសហ៊ីវ ចំពោះបណ្តាមនុស្សដែលងាយរងគ្រោះឆ្លងវីរុសនេះ។ ក្នុងសេចក្តីប្រកាសដដែល FDA បានបញ្ជាក់ថា ថ្នាំទ្រូវ៉ាដា លេបរាល់ថ្ងៃបង្ការមុនពេលប៉ះពាល់ជាមួយវីរុសហ៊ីវ ដោយរួមបញ្ចូលជាមួយការអនុវត្តពិធីបង្ការពេលរួមភេទនានាទៀត ដូចជាការប្រើស្រោមអនាម័យព្រមទាំងវិធានការបង្ការផ្សេងៗទៀត ដើម្បីរារាំងការឆ្លងវីរុសហ៊ីវចំពោះបណ្តាមនុស្សពេញវ័យដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត ។
ស្តាប័ន FDA ក៏បានទទូចផងដែរថា បើទោះជាមានថ្នាំទ្រូវ៉ាដាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអនុវត្តការបង្ការគួរឱ្យជឿទុកចិត្តឯទៀតៗឡើយ។ ការផ្តល់ភ្លើងខៀវរបស់ FDA នេះ ធ្វើឡើងមុនពេលជិតដល់សន្និសីទអន្តរជាតិស្តីពីជម្ងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ កក្កដា ក្រោមប្រធានបទ«ផ្លាស់ប្តូរនិន្នាការនៃការឆ្លងជម្ងឺអេដស៍ ដើម្បីបញ្ចប់វា»។ លោកស្រី ម៉ាហ្គ្រេត ហាំប៊ឺគ (MAGARET HAMBURG) នាយិការបស់FDA ថ្លែងថា ការយល់ព្រមឱ្យដាក់លក់ថ្នាំទ្រូវ៉ាដា គឺជាការកំណត់ពីដំណាក់កាលសំខាន់មួយនៃការតស៊ូរបស់យើងដើម្បីប្រឆាំងនឹងជម្ងឺអេដស៍ ។ លោកស្រីបានគូសបញ្ចាក់ថា ក្នុង១ឆ្នាំៗមនុស្សពេញវ័យ និងមនុស្សវ័យជំទង់អាមេរិកប្រមាណ៥០.០០០នាក់ ត្រូវបានពិនិត្យឃើញឃើញថាបានឆ្លងវីរុសហ៊ីវ បើទោះបីជាមានវិធីបង្ការនានាក៏ដោយ ចំពោះយុទ្ធសាស្ត្រនៃការអប់រំ និងការព្យាបាលពន្យារអាយុសម្រាប់បណ្តាអ្នករស់នៅជាមួយវីរុសនេះក្តី។ ចំណែកឯទិសដៅរបស់អាមេរិក គឺត្រូវកាត់បន្ថយចំនួនអ្នកឆ្លងវីរុសថ្មីឱ្យបាន២៥% រហូតដល់ឆ្នាំ២០១៥។
បើតាមក្រុមអ្នកតស៊ូមតិសុខាភិបាលសាធារណៈ បាននិយាយថា ការអនុម័តនេះ អាចជួយកាត់បន្ថយការរីករាលដាលនូវមេរោគអេដស៍ ដែលឆ្លងដល់មនុស្សថ្មីប្រមាណ៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយ នៅសហរដ្ឋអាមេរិក។ ពលរដ្ឋ អាមេរិកប្រមាណ១,២លាននាក់ មានផ្ទុកមេរោគអេដស៍ ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿថា នឹងវិវត្តទៅជាជម្ងឺអេដស៍ បើសិនជា ពួកគេមិនព្យាបាលជាមួយឱសថព្យាបាលមេរោគអេដស៍ទេ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏របបនៃការព្យាបាលត្រូវបានគេប៉ាន់ស្មានថា ត្រូវចំណាយប្រមាណ១៤ពាន់ដុល្លារក្នុងមួយឆ្នាំ ដោយធ្វើឲ្យមនុស្សភាគច្រើន មិនមានប្រាក់ចំណាយ។ ផលប៉ះពាល់បន្ទាប់បន្សំនៃថ្នាំគ្រាប់នេះ រួមមានជម្ងឺរាករូស ចង់ក្អួត ឈឺពោះ ឈឺក្បាល និងស្រកទម្ងន់ជាដើម។ សមត្ថភាព បង្ការថ្មីរបស់ថ្នាំគ្រាប់Truvada នេះ ក៏បានបង្ហាញពីការខ្វែងគំនិតគ្នាអំពីការគ្រប់គ្រងជម្ងឺនេះក្នុងចំណោមអ្នករស់នៅក្នុងសហគមន៍មេរោគអេដស៍ផងដែរ។ ចំណែកឯមូលនិធិសុខាភិបាលជម្ងឺអេដស៍ ក៏បានស្នើឲ្យ FDA ទាត់ចោលវិធានការថ្មីនេះ ដោយនិយាយថា អ្នកជម្ងឺអាចមានការយល់ខុសពីសុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់ស្រោមអនាម័យ៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២
Leave a Reply