ភាពភ័យរន្ធត់ ខ្លាច តក់ស្លុត អាចធ្វើឱ្យអារម្មណ៍លោកអ្នកដែលមានចិត្ដសាស្ដ្រមិនរឹងមាំងាយប្រឈមមុខនឹងបញ្ហាផ្លូវចិត្ដច្រើនជាងអ្នកធម្មតា។ យ៉ាងណាមិញកុមារគឺជាវ័យមួយដែលកំពុងលូតលាស់ទាំងផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ កុមារត្រូវបានយកចិត្ដទុកដាក់យ៉ាងសំខាន់ទៅលើសុខភាព ជាពិសេសបញ្ហាផ្លូវចិត្ដ។ ដូច្នេះបើកុមារទទួលរងនូវការបន្លាច សម្លុត ឬវាយដំ ផ្លូវចិត្ដកុមារគឺទន់ខ្សោយ។ នេះគឺជាបញ្ហាមួយដែលត្រូវមានការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្ដកុមារនៅពេលអនាគត។
ការបន្លាចនឹងធ្វើឱ្យមានផលប៉ះពាល់ចំពោះសុខភាពផ្លូវចិត្ដកុមារ។ ដើម្បីស្វែងយល់ពីបញ្ហានេះទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ដនៃគ្លីនិកសាន់រ៉ាយ។
ការយកចិត្ដទុកដាក់ទៅលើតម្រូវការរបស់កុមារ
កុមារជាមនុស្សជំនាន់ក្រោយដែលត្រូវកសាងបុគ្គលិកលក្ខណៈសមត្ថភាពរបស់ខ្លួន ដើម្បីបន្ដវេនកសាងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលនាថ្ងៃអនាគត ពោលកុមារគឺជាទំញំងស្នងឫស្សី។ លោកអ្នកគប្បីយកចិត្ដទុកដាក់ចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ដរបស់កុមារ ដោយបំពេញសិទ្ធិ ផ្ដល់នូវតម្រូវការចាំបាច់ផ្នែកចំណីអាហារ ជម្រក ការថែទាំ កិច្ចការពារ ផ្ដល់ភាពកក់ក្ដៅ ក្ដីស្រឡាញ់ និងការអប់រំរៀនសូត្រ ដើម្បីឱ្យកុមារអាចដុះដាលបានល្អទាំងផ្នែករាងកាយ បញ្ញាស្មារតី និងមានសុខភាពល្អ។ នៅពេលដែលកុមារទទួលបាននូវតម្រូវការជាមូលដ្ឋាន ដូចជាម្ហូបអាហារ សម្លៀកបំពាក់ ជម្រក ការលេងកម្សាន្ដ សេចក្ដីស្រឡាញ់ និងសន្ដិសុខគ្រប់គ្រាន់នោះ កុមារនឹងមានអារម្មណ៍ល្អ និងអាចលូតលាស់បានយ៉ាងប្រពៃទាំងផ្នែករាងកាយ ផ្លូវចិត្ដ និងប្រាជ្ញាស្មារតី។
ការយកចិត្ដទុកដាក់ទៅលើបញ្ហាសុខភាពផ្លូវចិត្ដរបស់កុមារ
កុមារដែលមិនបានទទួលនូវសេចក្ដីត្រូវការជាមូលដ្ឋានសម្រាប់ការលូតលាស់ ពួកគេអាចកើតមានបញ្ហាសុខភាពផ្លូវចិត្ដ និងបញ្ហាអាកប្បកិរិយាមួយចំនួន។ ដើម្បីដឹងថាកុមារមានបញ្ហាសុខភាពផ្លូវចិត្ដឬអត់នោះ លោកអ្នកចាំបាច់ត្រូវស្ដាប់នូវអ្វីៗ ដែលកុមារនិយាយ ឬជាអាកប្បកិរិយាដែលគេសម្ដែងចេញ។ ហើយលោកអ្នកក៏ត្រូវសង្កេតនូវរាល់ទង្វើរបស់កុមារ ដូចជានៅពេល ដែលលោកអ្នកនិយាយជាមួយកុមារ ពេលលេងម្នាក់ឯង ឬនៅពេលកុមារលេងជាមួយក្មេងដទៃទៀត។ នៅពេលនោះ លោកអ្នក នឹងអាចមើលឃើញពីសញ្ញាទុក្ខព្រួយជាច្រើនរបស់កុមារដែលមានលក្ខណៈខុសៗគ្នាទៅតាមអាយុរបស់កុមារ។ ដូចនេះនៅពេលដែលលោកអ្នកបានសង្កេតឃើញថាអាកប្បកិរិយា ឬពាក្យសម្ដីដែលខុសប្លែកធម្មតារបស់កុមារ លោកអ្នកគប្បីទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ដកុមារ ដើម្បីបានជ្រាប និងបញ្ចៀសកុមារពីបញ្ហាផ្លូវចិត្ដនៅពេលខាងមុខ។
កុមារជាវ័យងាយរងគ្រោះផ្នែកសុខភាពផ្លូវចិត្ដ
បញ្ហាសុខភាពផ្លូវចិត្ដរបស់កុមារអាចទទួលរងនូវឥទ្ធិពលមិនល្អគ្រប់ស្ថានភាព ប្រសិនបើកុមារមិនបានទទួលការថែទាំឱ្យបានដិតដល់។ ជម្ងឺផ្លូវចិត្ដមានទាំងផ្លូវចិត្ដកុមារ និងផ្លូវចិត្ដមនុស្សចាស់។ កន្លងមកលោកអ្នកមួយចំនួនមិនទាន់បានស្វែងយល់ពីសុខភាពផ្លូវចិត្ដកុមារនោះទេ ដោយគិតថាកុមារមិនទាន់ចេះរកប្រាក់ មិនទាន់ជួបបញ្ហាលំបាកដែលត្រូវដោះស្រាយ និងមិនទាន់ចេះគិតច្រើន។ ផ្ទុយទៅវិញកុមារក៏មានការគិតពិចារណា មានអារម្មណ៍សប្បាយ មិនរីករាយ ពិបាកចិត្ដដូចមនុស្សធំដែរ។ ដូចនេះបើមានហេតុការណ៍ ឬបញ្ហាអ្វីមួយដែលធ្វើឱ្យប៉ះទង្គិចទៅដល់អារម្មណ៍ និងផ្លូវចិត្ដរបស់កុមារ គឺកុមារងាយប្រឈមមុខនឹងបញ្ហាសុខភាព ផ្លូវចិត្ដណាស់ ដូចជាការវាយដំ សម្លុត គំរាម ឬការបន្លាចជាដើម។
ការបន្លាចប៉ះពាល់ដល់ផ្លូវចិត្ដកុមារ
ការបន្លាចកុមារគឺធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ដរបស់កុមារ បណ្ដាលឱ្យចិត្ដសាស្ដ្ររបស់កុមារចុះខ្សោយ នៅពេលបច្ចុប្បន្នក៏ដូចជាពេលខាងមុខផងដែរ។
1 . នៅពេលបច្ចុប្បន្ន ៖ កុមារមួយចំនួនបានទទួលរងឥទ្ធិពលនៃការបន្លាចដែលអាចបណ្ដាលកុមារឆាប់ភ័យខ្លាច តក់ស្លុត រន្ធត់នឹងសម្លេងខ្លាំងៗ ងាយចុះចាញ់នឹងបញ្ហាដែលកើតឡើងចំពោះមុខ។ បញ្ហាទាំងអស់នេះនឹងក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរបើសិនជាមិនមានការយកចិត្ដទុកដាក់ថែទាំឱ្យបានល្អចំពោះផ្លូវចិត្ដកុមារ។ ព្រោះបើកុមារមានកត្ដាចិត្ដសាស្ដ្រមិនរឹងមាំតាំងពីតូច នៅពេលដែលធំឡើងកុមារនឹងក្លាយទៅជាបុគ្គលមួយដែលមានផ្លូវចិត្ដមិនរឹងមាំ ទន់ជ្រាយ គិតគូរមិនបានវែងឆ្ងាយ និងងាយទទួលភាព បញ្ហាចំពោះមុខ។ ដូចនេះគឺទាមទារឱ្យមានការយកចិត្ដទុកដាក់អប់រំចំពោះកុមារឱ្យបានល្អ ទាំងផ្នែកចំណេះដឹងទូទៅ និងផ្នែកចិត្ដសាស្ដ្រផងដែរ។ ការបន្លាចអាចធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាផ្លូវចិត្ដរបស់កុមារដែលកំពុងលូតលាស់ប្រែទៅជាចុះខ្សោយ។
2 . នាពេលអនាគត ៖ មនុស្សធំដែលមានកត្ដាចិត្ដសាស្ដ្រមិនរឹងមាំ គឺបណ្ដាលមកពីពេលនៅតូចធ្លាប់រងការភ័យខ្លាច មានការបន្លាច សម្លុតជាច្រើន។ ដូចនេះបុគ្គលដែលមិនសូវរឹងមាំផ្នែកសុខភាពផ្លូវចិត្ដ ភាគច្រើនគឺបណ្ដាលមកពីការជះឥទ្ធិពលទៅលើផ្លូវចិត្ដតាំងពីកុមារភាព។ បើសិនជាការបន្លាចមានភាពភ័យខ្លាំង ឬតក់ស្លុតខ្លាំង ហើយកុមារមានកត្ដាចិត្ដសាស្ដ្រខ្សោយមកពីការសម្លុតបន្លាចតាំងពីតូចមកស្រាប់ទៀត គឺកុមារងាយនឹងមានបញ្ហាផ្លូវចិត្ដ និងអាចឈានទៅដល់ជម្ងឺផ្លូវចិត្ដទៀតផង ដូចជាភ័យខ្លាច រន្ធត់ បាក់ស្បាត មិនហ៊ានចេញក្រៅ ភ័យនៅពេលឮសម្លេងខ្លាំងៗ ឬឆាប់រន្ធត់។ បើធ្ងន់ធ្ងរជាងនេះទៅទៀត គឺអាចធ្វើឱ្យកុមារ ទៅជាវិកលចរិតក៏ថាបានដែរ។ នេះហើយជាលទ្ធផលអវិជ្ជមានសម្រាប់កុមារដែលរងការបន្លាច សម្លុត ឬវាយដំជាដើម។ ហេតុនេះ ការអប់រំផ្នែកផ្លូវចិត្ដរបស់កុមារតាំងពីតូចមិនបានល្អគឺកុមារងាយក្លាយជាមនុស្សដែលមិនមានភាពក្លាហានរឹងប៉ឹង ជាពិសេសនឹងអាចក្លាយទៅជាអ្នកគិតខ្លីចង់បញ្ចប់ជីវិតនៅពេលដែលមានបញ្ហាលំបាក និងស្មុគស្មាញ។
ដំបូន្មានអ្នកជំនាញ
ឪពុកម្ដាយគប្បីយកចិត្ដទុកដាក់ឱ្យបានល្អចំពោះសុខភាពផ្លូវចិត្ដរបស់កូន។ លោកអ្នកមិនត្រូវលេងបន្លាចកុមារដើម្បីឱ្យកុមារស្ដាប់តាមនោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការលូតលាស់ផ្នែកចិត្ដសាស្ដ្ររបស់កុមារ។ បើសិនជាមានធ្វើឱ្យប៉ះពាល់ទៅដល់ផ្នែកផ្លូវចិត្ដកុមារធ្ងន់ធ្ងរ គឺកុមារងាយប្រឈមមុខនឹងបញ្ហាផ្លូវចិត្ដ ហើយធ្វើឱ្យចិត្ដសាស្ដ្ររបស់កុមារទន់ខ្សោយ។ មាតាបិតាទាំងឡាយគប្បីអប់រំកូនដោយក្ដីស្រឡាញ់ថ្នាក់ថ្នម ចៀសវាងការវាយដំ សម្លុត និងបន្លាច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply