កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ខ្លួនមានភាពល្បីល្បាញជាងមួយទសវត្សរ៍មកហើយ ដោយ លោកមានបច្ចេកទេសជាច្រើនក្នុងការបញ្ចេញទេពកោសល្យប្លែកៗ ស្ទីលថ្មីៗក្នុងការច្រៀង និងសម្ដែង។ សព្វថ្ងៃតារារះចែងចាំង ដ៏ត្រដែតរូបនេះនៅតែមមាញឹកជាមួយនឹងការថតបទថ្មីៗជាច្រើនទៀត ដើម្បីកំដរអារម្មណ៍ប្រិយមិត្ដជាបន្ដបន្ទាប់។ ក្រៅពីមានទឹក ដមសម្លេងដ៏ក្រអួនក្រអៅហើយនោះ កំពូលតារាចម្រៀងរូបនេះបានធ្វើឱ្យសុភាពនារីមួយចំនួនមានការចាប់អារម្មណ៍នឹងរូបរាងស្រស់ សង្ហារបស់លោកផងដែរ។
រូបភាពទស្សនាវដ្ដីសុខភាពយើងពេលនេះ លោកព្រាប សុវត្ថិ បានចូលខ្លួនមកបកស្រាយពីការថែរក្សាសុខភាព និងសម្រស់របស់លោកផ្ទាល់ ដើម្បីឱ្យប្រិយ មិត្ដអ្នកអានទាំងអស់ ជាពិសេសប្រិយមិត្ដដែលគាំទ្រចំពោះរូបលោកទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាព យើង។
ប្រវត្ដិមុនឈានចូលសិល្បៈ
ព្រាប សុវត្ថិ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៧។ លោកបានបញ្ចប់បាក់ឌុបនៅក្នុងឆ្នាំ១៩៩១នៅសាលាទួល គោក។ នៅក្នុងឆ្នាំ១៩៨៤ លោកបានប្រឡងទៅសិក្សានៅវៀតណាមរយៈពេល៧ឆ្នាំទទួលបានចំណាត់ថ្នាក់លេខមួយ តែលោកមិន បានទៅសិក្សាទេ ដោយមិនមានការអនុញ្ញាតពីក្រុមគ្រួសារ។ មកដល់ក្នុងអំឡុងឆ្នាំ១៩៩២ រយៈពេលដែលលោកបានធ្វើជាទាហាន លោកក៏បានឆ្លៀតពេលទៅច្រៀងតាមរង្គសាលនានា។ លុះរហូតដល់ឆ្នាំ១៩៩៧ លោកបានជួបជាមួយលោកគ្រូ ម៉ម សុគន្ធា ហើយក៏មានការណែនាំឱ្យលោកចូលច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។ ចាប់ពីពេលដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចូលច្រៀងឱ្យផលិតកម្មរស្មីហង្សមាស លោកបានខិតខំសាងកេរ្ដិ៍ឈ្មោះឱ្យមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។ បទ ចម្រៀងដំបូងដែលលោកបានទទួលការគាំទ្រច្រើនពីសំណាក់មហាជននោះ គឺបទ អូនជាបេះដូងបង រហូតមកដល់រយៈពេលប៉ុន្មានឆ្នាំ នេះទៀតមានដូចជាបទ ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា មេអំបៅលោមស្នេហ៍ ដំរីថ្នមស្នេហ៍ គ្រាន់តែស្រឡាញ់ហេតុអ្វីពិបាកម្ល៉េះ ដឹកឆ្កែតាមរកប្រពន្ធ បើសិនជា និងមានបទដែលទើបតែចេញថ្មីនេះទៀតដូចជាបទ ញញឹមលួចស្នេហ៍ ហេតុអ្វីស្គាល់ រនោច ខ្លាចចិត្ដជាដើម។
ការថែរក្សាសម្រស់
សុខភាព និងសម្រស់សម្រាប់តារាចម្រៀងគឺជាកត្ដាសំខាន់ណាស់។ ខាងក្រោមនេះគឺជាវិធីនៃការថែទាំសុខភាព និង សម្រស់របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលលោកបានអនុវត្ដជាប្រចាំ។
ការថែរក្សាស្បែកមុខ ៖ លោកមិនទម្លាប់ប្រើផលិតផលជំនួយស្បែក ឬការពារស្បែកជាប្រចាំនោះទេ គឺសម្រាប់តែការ ថតសម្ដែងណាដែលតម្រូវឱ្យថតនៅកណ្ដាលថ្ងៃខ្លាំង ទើបលោកប្រើជាប្រភេទឡេការពារកម្ដៅថ្ងៃ។
ការថែរក្សាស្បែកដងខ្លួន ៖ ក្នុងការការពារចំពោះស្បែកដងខ្លួនក៏ដូចគ្នានឹងស្បែកមុខដែរ គឺឱ្យតែនៅពេលណាដែលមាន ការថតសម្ដែងនៅក្រោមពន្លឺថ្ងៃខ្លាំង លោកតែងតែប្រើប្រភេទឡូសិនការពារកម្ដៅថ្ងៃ។ បើមិនដូច្នោះទេស្បែកនឹងអាចមានបញ្ហា ដោយសារត្រូវកម្ដៅថ្ងៃខ្លាំង។ ជាអ្នកសិល្បៈគឺចៀសមិនផុតពីការដើរថតសម្ដែងទាំងពេលព្រឹក ថ្ងៃ និងយប់នោះទេ។
ការថែរក្សាសក់ ៖ បញ្ហាសក់ជារឿងធម្មតាមួយសម្រាប់លោក លោកមិនសូវជាយកចិត្ដទុកដាក់ទៅលើបញ្ហាសរសៃសក់ ឱ្យបានល្អនោះទេ លោកគ្រាន់តែចាប់អារម្មណ៍ទៅលើក្លិនល្អ ឬមិនល្អតែប៉ុណ្ណោះ។ លោកកក់សក់ជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃលោកកក់ ចំនួនពីរដង។
ការថែរក្សាភ្នែក ៖ សុខភាពភ្នែកជាបញ្ហាដែលត្រូវការការពារ និងព្យាបាលឱ្យបានត្រឹមត្រូវនៅពេលមានបញ្ហា។ រាល់ ពេលដែលថតសម្ដែងឬពេលចេញទៅក្រៅម្ដងៗ លោកតែងតែពាក់វ៉ែនតាដើម្បីការពារកម្ដៅថ្ងៃ និងធូលីដី។ បើមិនដូច្នេះទេវាអាច បង្កឱ្យទៅជាស្រវាំងភ្នែក។
ការថែរក្សាសុខភាពមាត់ធ្មេញ ៖ លោកមិនឱ្យថ្លោះធ្លោយកើតជាបញ្ហាមាត់ធ្មេញនោះទេ គឺជារៀងរាល់បីខែម្ដង លោកតែងទៅពិនិត្យ និងសម្អាតធ្មេញជាមួយទន្ដពេទ្យដែលមានឯកទេស។ ទោះជាយ៉ាងណាលោកក៏មិនបោះបង់ទម្លាប់ដ៏ល្អដែរ គឺ សម្អាតធ្មេញក្នុងមួយថ្ងៃបីដងជាប្រចាំ។
រូបភាពទស្សនាវដ្ដីសុខភាពយើងការថែទាំសុខភាពរាងកាយ
ការទទួលទានដំណេក ៖ សម្រាប់លោកការទទួលទានដំណេកគឺមិនសូវជាបានគ្រប់គ្រាន់នោះទេ ដោយសារតែមាន ភាពមមាញឹកនឹងការងារ។ ទោះជាយ៉ាងណាលោកនៅតែព្យាយាមរកពេលទំនេរសម្រាកថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពី បញ្ហាទាំងឡាយ។ បើគេងមិនបានច្រើនក៏មិនអាចធ្វើឱ្យសុខភាពមិនល្អដែរ អាចធ្វើឱ្យស្បែកមិនល្អ ខ្វះជាតិសំណើម និងអារម្មណ៍មិន ល្អផងដែរ។
ការទទួលទានអាហារ ៖ ក្នុងមួយថ្ងៃលោកទទួលទានអាហារបីពេលជាទៀងទាត់ ប៉ុន្ដែរាល់ពេលសម្រាកពីការងារនៅផ្ទះ ពេលខ្លះលោកមិនទទួលទានអាហារពេលព្រឹកនោះទេ ដោយគិតថាលោកមិនសូវបញ្ចេញកម្លាំងធ្វើការ។ តែទោះជាយ៉ាងណាសម្រាប់ លោក ការទទួលទានអាហារឱ្យបានគ្រប់គ្រាន់ជាបញ្ហាសំខាន់ណាស់សម្រាប់សុខភាព។ លោក សុវត្ថិ ចូលចិត្ដទទួលទានមុខម្ហូបអាហារ ខ្មែរ។
លំហាត់ប្រាណ ៖ ជារៀងរាល់ពេលទំនេរលោកក៏ចូលចិត្ដហាត់ប្រាណ និងលេងកីឡាផងដែរ។ កីឡាដែលលោកចូលចិត្ដ មានដូចជាហែលទឹក វាយប៉េងប៉ុង និងធ្វើការហាត់ប្រាណដូចជាដើរ ឬរត់ជាដើម។
បំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាអ្នកសិល្បៈហើយនោះ លោកមិនទាន់បានគិតគូរនោះទេ គ្រាន់តែបានដឹងថាចាំនៅពេលដែលគិតរួចរាល់ នឹងបង្កើតឡើងតែម្ដង។
បណ្ដាំផ្ញើរបស់ ព្រាប សុវត្ថិ
សុខភាពជារឿងសំខាន់ណាស់ សូមផ្ដាំផ្ញើទៅប្រិយមិត្ដទាំងអស់ថា គប្បីនៅពេលទំនេរឆ្លៀតទទួលទានដំណេកឱ្យបានគ្រប់ គ្រាន់ និងការទទួលទានអាហារ គប្បីមើលថាអាហារប្រភេទណាគួរទទួលទាន និងអាហារណាដែលមិនគួរទទួលទាន។ បើការថែទាំ សុខភាពមិនបានល្អនោះទេ វានឹងស្ដែងចេញបញ្ហាណាមួយទៅថ្ងៃមុខជាមិនខាន។
ប្រវត្ដិរូបសង្ខេប
ឈ្មោះ ៖ ព្រាប សុវត្ថិ
អាយុ ៖ ៣៤ឆ្នាំ
ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ២២ ឧសភា ១៩៧៦
ទីកន្លែងកំណើត ៖ កោះធំ ខេត្ដកណ្ដាល
កម្ពស់ ៖ ១.៧៥ម៉ែត្រ
ទម្ងន់ ៖ ៧០គីឡូក្រាម
បងប្អូន ៖ កូនទោល
អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
ស្ថានភាពគ្រួសារ ៖ រៀបការរួច មានកូន៣នាក់
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Leave a Reply