សព្វថ្ងៃនេះជម្ងឺពុកឆ្អឹងកំពុងកើតមានយ៉ាងច្រើន ពិសេសទៅលើរាងកាយស្ដ្រីមានវ័យចំណាស់ ចាប់ពីអាយុ៤៥ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយពេលដែលស្ដ្រីទាំងនោះអស់រដូវ។ ជម្ងឺពុកឆ្អឹងកើតឡើងដោយសារតែថមថយជាតិកំបោរ និងសារជាតិរឹងដែលជាអ្នក ទ្រទ្រង់រាងកាយ ជាហេតុធ្វើឱ្យឆ្អឹងចុះខ្សោយយ៉ាងឆាប់រហ័ស។ ជម្ងឺនេះកើតមានចំពោះស្ដ្រីគ្រប់រូប នៅពេលដែលអស់រដូវ។លោកវេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល អ្នកឯកទេសជម្ងឺទូទៅមកពីប្រទេសបារាំង ប្រចាំនៅគ្លីនិក ទេព ផន ជម្រាបជូនលោក អ្នកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺពុកឆ្អឹងជាអ្វី?
ពុកឆ្អឹងជាជម្ងឺម្យ៉ាងដែលបណ្ដាលមកពីធាតុផ្សំជាច្រើនមុខមានការថយចុះ ដូចជាជាតិកំបោរ និងសារធាតុរឹងនៅក្នុង សារពាង្គកាយ ជាពិសេសស្ដ្រីនៅពេលអស់រដូវ។ ព្រោះជាតិខ្លាញ់ត្រូវបានកាត់បន្ថយ ហើយជាតិកំបោរក៏ថយចុះជាលំដាប់ ទើបឈាន ទៅដល់កើតជម្ងឺពុកឆ្អឹងនេះតែម្ដង។
មូលហេតុបណ្ដាលឱ្យមានជម្ងឺពុកឆ្អឹង
ជម្ងឺនេះកើតមានមកពីហេតុផលធម្មជាតិជាច្រើនគួបផ្សំដូចជា ៖
រោគសញ្ញាជម្ងឺពុកឆ្អឹង
រោគសញ្ញាជម្ងឺនេះគឺផ្ដើមចេញពីការឈឺសន្លាក់ដៃជើង និងដឹងតាមរយៈការពិនិត្យឈាមរកមើលជាតិកំបោរក្នុងខ្លួន។ ស្ដ្រីអស់រដូវមានជម្ងឺពុកឆ្អឹង មិនបញ្ចេញនូវរោគសញ្ញាខាងក្រៅដូចជម្ងឺដទៃទៀតឡើយ ទាល់តែពិនិត្យទើបឃើញតែម្ដង។ ម្យ៉ាងទៀតដើម្បីឱ្យដឹងកាន់តែច្បាស់ គេអាចថ្លឹងឆ្អឹងហើយពិនិត្យអំពីគុណភាពឆ្អឹងថា តើជម្ងឺពុកឆ្អឹងនេះចូលដល់ដំណាក់កាលណា ឬក៏ពិនិត្យឈាមរកសារជាតិកំបោរ ពេលនោះគ្រូពេទ្យនឹងឱ្យថ្នាំទៅតាមកម្រិតជម្ងឺ ដើម្បីទ្រទ្រង់ឆ្អឹងឱ្យមានភាពរឹងមាំជាងមុន។ លក្ខណៈបែបនេះក៏មិនមែនទូទៅនោះទេ ព្រោះស្ដ្រីមួយចំនួននៅមានជាតិកំបោរច្រើន ក៏គុណភាពឆ្អឹងនៅរឹងមាំទៅតាមនោះដែរ។
វិធីព្យាបាលជម្ងឺពុកឆ្អឹង
ព្យាបាលជម្ងឺពុកឆ្អឹងឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកជម្ងឺទាំងអស់គួរទទួលទានទឹកដោះគោដែលមានសារជាតិកាល់ស្យូម និងថ្នាំ ដែលមានជាតិកំបោរឱ្យបានទៀងទាត់។ គប្បីឧស្សាហ៍មកពិគ្រោះជាមួយនឹងគ្រូពេទ្យឱ្យបានទៀងទាត់។ ប៉ុន្ដែការព្យាបាលនេះមិនអាច ជាសះស្បើយមួយរយភាគរយនោះទេ តែអាចបានខ្លះដែរ ចំពោះអ្នកជម្ងឺដែលជួបគ្រោះថ្នាក់ផ្សេងៗ ដូចជារអិលដួល ឬប៉ះទង្គិច ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ឆ្អឹង។
វិធីការពារជម្ងឺពុកឆ្អឹង
លោកអ្នកដែលមានវ័យចំណាស់ ជាពិសេសស្ដ្រីដែលអស់រដូវត្រូវឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ជម្ងឺផ្សេងៗ ជាពិសេសជម្ងឺពុកឆ្អឹង ព្រោះស្ដ្រីភាគច្រើនស្ទើរតែ៩០ភាគរយទៅហើយដែលមានជម្ងឺពុកឆ្អឹង ព្រោះភាគ ច្រើននៃជម្ងឺនេះកើតឡើងចំពោះតែស្ដ្រីដែលមានអាយុចន្លោះពី៤៥ទៅ៥៥ឆ្នាំ មិនអាចចៀសផុតបានឡើយ។
ផលប៉ះពាល់នៃជម្ងឺពុកឆ្អឹង
អ្នកជម្ងឺពុកឆ្អឹងងាយនឹងរងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាដួល ឬមានគ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលឱ្យឆ្អឹងនោះ ឆាប់បាក់បានយ៉ាងងាយ។ តួយ៉ាងដូចជាស្ដ្រីវ័យចំណាស់មួយចំនួន គ្រាន់តែដើររអិលដួលបន្ដិចបន្ដួចក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ហើយប្រឈមមុខទៅនឹងការបាក់ឆ្អឹងយ៉ាងឆាប់រហ័ស ភាពរឹងមាំនៃឆ្អឹងចុះខ្សោយ ហើយមិនអាចធ្វើការទប់ស្កាត់ដោយវិធីសាស្ដ្រ ណាមួយនោះទេ។
ដំបូន្មានអ្នកជំនាញ
ដើម្បីរក្សានូវសុខភាពរបស់អ្នកជម្ងឺពុកឆ្អឹង គួរចៀសវាងរអិល ដួល ឬគ្រោះថ្នាក់ផ្សេងៗ ព្រោះអាចងាយរងគ្រោះបាក់ឆ្អឹង យ៉ាងឆាប់រហ័ស។ ហើយការព្យាបាលមិនងាយស្រួលដូចឆ្អឹងមនុស្សដែលមានអាយុស្ថិតក្រោម៣០ឆ្នាំនោះទេ ព្រោះឆ្អឹងដែលបានបាក់ ទៅហើយពិបាកតភ្ជាប់មកវិញ ព្រោះតែឆ្អឹងលោកអ្នកពុកទៅហើយ។ លោកអ្នកគួរតែទទួលទានទឹកដោះគោដែលមានកាល់ស្យូម និងទទួលទានថ្នាំដែលមានសារជាតិកំបោរឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០
Leave a Reply