អាងត្រគាកស្ដ្រីមានតួនាទីសំខាន់់ណាស់ ជាសរីរៈភេទរបស់ស្ដ្រី និងជាឧបសម្ព័ន្ធផ្សេងទៀតនៅក្នុងអាងត្រគាកដែលគួបផ្សំដោយស្បូន ទ្វារមាស ដៃស្បូន ប្រព័ន្ធផ្លូវទឹកនោម និងប្រព័ន្ធផ្លូវបញ្ចេញលាមកជាដើម។ មិនតែប៉ុណ្ណោះអាងត្រគាកក៏ជាអ្នកទ្រទ្រង់នូវសរីរៈផ្សេងៗទៀតរបស់ស្ដ្រីដែលអាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ដោយសារមេរោគទៀតផង។ ផ្ទុយទៅវិញបើអាងត្រគាកមានជម្ងឺហើយ នឹងធ្វើឱ្យមានការប៉ះពាល់យ៉ាងច្រើន ហើយប្រឈមមុខនឹងជម្ងឺធ្ងន់ធ្ងរផងដែរ ប្រសិនបើមិនព្យាបាលឱ្យទាន់ពេល វេលាទេនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត មិត្ដ ផេង ឯកទេសរោគស្ដ្រី និងសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកវិសាល ដើម្បីធ្វើការបកស្រាយអំពីផលប៉ះពាល់ចំពោះជម្ងឺរលាកអាងត្រគាកស្ដ្រីដូចខាងក្រោម។
ជម្ងឺរលាកអាងត្រគាកស្ដ្រីគឺជាអ្វី?
ជម្ងឺរលាកអាងត្រគាកស្ដ្រី តែងតែកើតមានឡើងចំពោះស្ដ្រីវ័យក្មេងក្នុងវ័យបន្ដពូជមានអាយុក្រោម២៥ ឬ៣០ឆ្នាំ ហើយ ជម្ងឺនេះបង្កឡើយដោយសារការកង្វះអនាម័យ បណ្ដាលឱ្យមានមេរោគត្រង់ទ្វារមាស ដោយពុំមានការសម្អាតរហូតដល់កំណយូរៗ ទៅវារាលដាលដល់ការរលាកស្បូន រលាកដៃស្បូន និងអូវែរ និងរលាកដល់ឧបសម្ព័ន្ធផ្សេងទៀត។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺរលាកអាងត្រគាកស្ដ្រី
មូលហេតុចម្បងដែលឈានដល់ការរលាកអាងត្រគាកនោះ គឺបង្កឡើងដោយជម្ងឺប្រមេះទឹកបាយ និងជម្ងឺបង្កដោយមេរោគក្លាមីឌីយ៉ា។ មិនតែប៉ុណ្ណោះជម្ងឺនេះកើតទៅលើស្ដ្រីដែលពុំមានការថែទាំ និងអនាម័យទ្វារមាសឱ្យបានល្អត្រឹមត្រូវ។ បាក់តេរីដែលទំជាប់នឹងទ្វារមាសបង្កជាមេរោគចម្លងទៅ ហើយធ្វើដំណើរតាមលំដាប់លំដោយរហូតដល់មាត់ស្បូន ស្បូន និងដៃស្បូន។ ករណីផ្សេងទៀត ស្ដ្រីមួយចំនួនមានជម្ងឺនេះក៏ដោយសារតែមានការចម្លងតាមឈាមផងដែរ។ ស្ដ្រីនោះមានបាក់តេរីក្នុងឈាម ហើយបានជ្រៀត ចូលមកដល់ស្បូនតាមសរសៃឈាម ក៏បង្កឱ្យមានជម្ងឺរលាកអាងត្រគាក។ មូលហេតុផ្សេងទៀត ស្ដ្រីដែលប្រឈមនឹងជម្ងឺនេះគឺ ដោយសារមេរោគរបេង ដូចជារបេងសួត របេងពោះវៀនជាដើម ព្រោះជម្ងឺរបេងនេះអាចធ្វើឱ្យរលាកស្បូន ឬអាងត្រគាកនេះដែរ។ ស្ដ្រីមួយចំនួនអាចឆ្លងតាមការរួមភេទដោយមានដៃគូច្រើន ហើយពិសេសនោះការរួមភេទដែលពុំមានសុវត្ថិភាពគ្រប់គ្រាន់។ លើសពី នេះរោគសង្គមមួយចំនួនក៏ជាដើមហេតុបង្កឱ្យមានបញ្ហារលាកអាងត្រគាកនេះដែរ។ មិនតែប៉ុណ្ណោះការដាក់កងក្នុងស្បូនក៏ជាកត្ដា គួបផ្សំដែលធ្វើឱ្យស្ដ្រីងាយនឹងរងគ្រោះដោយសារជម្ងឺនេះដែរ។
រោគសញ្ញាជម្ងឺរលាកអាងត្រគាកស្ដ្រី
ជម្ងឺនេះបានបង្ហាញឱ្យដឹងអំពីរោគសញ្ញាមួយចំនួន ដូចជាអាការរោគក្ដៅខ្លាំង ក្ដៅខ្លួនរ៉ាំរ៉ៃ ឈឺចុកចាប់ក្រោមផ្ចិត ឈឺឆ្អឹងខ្នងត្រគាក និងចង្កេះ ហើយរោគសញ្ញាសំខាន់នោះគឺធ្លាក់សញឹកញាប់រ៉ាំរ៉ៃ។ ប្រសិនបើស្ដ្រីស្ថិតក្នុងវ័យបន្ដពូជ វ័យគឺជារោគសញ្ញាបន្ទាប់បន្សំទៀតផង។ បន្ទាប់មករមាស់ទ្វារមាស នោមឈឺ ឈឺចាប់ពេលរួមភេទ ហូរខ្ទុះតាមទ្វារមាស។
វិធីព្យាបាលជម្ងឺរលាកអាងត្រគាកស្ដ្រី
ដើម្បីព្យាបាលជម្ងឺនេះ អ្នកជម្ងឺត្រូវសម្រាកនៅមន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យតាមដានដោយដាក់ថ្នាំសម្លាប់មេរោគខ្លាំង ហើយប្រើរយៈពេលយូរ។ នៅក្នុងករណីធ្ងន់ធ្ងរ ក្រោយពេលព្យាបាលដោយថ្នាំមិនទទួលបាននូវជោគជ័យ គ្រូពេទ្យអាចព្យាបាល ដោយវិធីវះកាត់ដៃស្បូន ឬវះកាត់ស្បូនទាំងមូលតែម្ដង។ បើក្នុងករណីអ្នកជម្ងឺមិនធ្វើការព្យាបាលទេនោះ ចំនួន៤៥ទៅ៨៥ភាគរយនៃស្ដ្រីដែលកើតជម្ងឺរលាកអាងត្រគាក អាចក្លាយទៅជាអ្នកខ្វះសមត្ថភាពក្នុងការបន្ដពូជ។ មិនតែប៉ុណ្ណោះអាចបង្កើនឱ្យមានគ្រោះថ្នាក់ មានគភ៌នៅក្រៅស្បូន រហូតដល់ពី៧ទៅ១០ដងខ្ពស់ជាងស្ដ្រីធម្មតា។
វិធីការពារជម្ងឺរលាកអាងត្រគាកស្ដ្រី
ដើម្បីការពារកុំឱ្យមានជម្ងឺនេះ ស្ដ្រីគ្រប់រូបត្រូវធ្វើអនាម័យទ្វារមាសឱ្យបានទៀងទាត់។ ត្រូវជ្រើសរើសវិធីរួមភេទ ដែលមានសុវត្ថិភាព។ ប្រសិនបើស្ដ្រីមានដៃគូរួមភេទច្រើន ត្រូវមានការប្រុងប្រយ័ត្នការពារឱ្យបានល្អក្រោយពេលរួមភេទ។ ព្រោះការពារចំពោះការរួមភេទ មិនមែនការពារតែជម្ងឺអេដស៍មួយនោះទេ។
ផលប៉ះពាល់ចំពោះជម្ងឺរលាកអាងត្រគាកស្ដ្រី
ផលប៉ះពាល់នៃជម្ងឺរលាកអាងត្រគាកស្ដ្រីគឺអាចបណ្ដាលឱ្យស្ដ្រីគ្រប់រូបពុំមានសមត្ថភាពមានកូន។ ប្រសិនបើមានកូនអាច ស្ថិតនៅក្រៅស្បូន អាចប្រឈមមុខនឹងជម្ងឺមហារីកមាត់ស្បូន ទារកអាចស្លាប់នៅក្នុងផ្ទៃ រលូតកូន ទារកកើតមកស្លាប់ អាចបង្កឱ្យ រលាកភ្នែកទារកដែលទើបនឹងកើតជាដើម។ មិនតែប៉ុណ្ណោះអាចធ្វើឱ្យស្ដ្រីមានជម្ងឺស្អិតពោះវៀន ឈឺចាប់ក្នុងពោះផ្នែកខាងក្រោមរ៉ាំរ៉ៃ និងប៉ះពាល់ដល់ការកង្វះសមត្ថភាពក្នុងការរួមភេទទៀតផង។ ប្រសិនបើជម្ងឺនេះកើតឡើងរ៉ាំរ៉ៃ ដែលឈានដល់ការរលាកផ្លូវទឹកនោម នឹងអាចរាលដាលដល់ប្រព័ន្ធផ្លូវលាមកទៀតនោះ ធ្វើឱ្យអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរ។ ចំពោះស្ដ្រីដែលរលាកអាងត្រគាកធ្ងន់ធ្ងរ រហូតមានការខូចខាតដៃស្បូនទៅហើយនោះ មិនអាចព្យាបាលឱ្យជាដូចដើមបានឡើយ ព្រោះសន្លាក់ក្នុងអាងត្រគាកបានរុញច្រានឱ្យដៃស្បូនរួមត្បៀត បង្កើនគ្រោះថ្នាក់នៃការមានគភ៌ក្រៅស្បូន។ ហើយបើទារកស្ថិតនៅក្នុងដៃស្បូនទៀតនោះ ដៃស្បូនអាចបែកបណ្ដាលឱ្យហូរឈាមយ៉ាងច្រើន ធ្វើឱ្យស្ដ្រីមានគ្រោះថ្នាក់ដល់អាយុជីវិត។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីត្រូវតែធ្វើអនាម័យខ្លួនប្រាណ ជាពិសេសទ្វារមាសឱ្យញឹកញាប់ និងត្រឹមត្រូវ ដើម្បីបញ្ចៀសនូវជម្ងឺផ្សេងៗដែលឆ្លងតាមបាក់តេរីតាមទ្វារមាស ព្រោះអាចបង្កឱ្យជម្ងឺជាច្រើនជ្រៀតចូល ដូចជាជម្ងឺរលាកអាងត្រគាកជាដើម។ ម្យ៉ាងទៀតស្ដ្រី ដែលរួមភេទច្រើន ត្រូវជ្រើសរើសការរួមភេទបែបណាឱ្យមានសុវត្ថិភាពល្អ និងចេះការពារគ្រប់កាលៈទេសៈ។
Leave a Reply