ការលុបលាងផ្ទៃមុខបានផ្ដល់សារៈប្រយោជន៍ជាច្រើនចំពោះស្បែកមុខ ជាពិសេសអាចជួយការពារនូវបញ្ហាកើតមុន និង ការពារប្រតិកម្មនានាបាន។ ផ្ទុយទៅវិញបើសិនជាលោកអ្នកមិនបានសម្អាតផ្ទៃមុខឱ្យបានស្អាតល្អនោះ ពិតជាធ្វើឱ្យមានផលប៉ះពាល់ ចំពោះសុខភាពស្បែកមុខយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យផ្ទៃមុខងាយនឹងបាត់បង់នូវសោភ័ណភាព ហើយធ្វើឱ្យឆាប់ជ្រីវជ្រួញថែមទៀតផង។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាងការលុច្ស ពន្យល់អំពីសារៈប្រយោជន៍នៃការលុបលាងផ្ទៃមុខ។
អ្វីទៅគឺជាការលុបលាងមុខ?
ការលុបលាងមុខគឺជាការលាងជម្រះនូវមេរោគ ធូលី ឬក៏ជាតិខ្លាញ់ដែលកកនៅលើផ្ទៃមុខ ដែលត្រូវបានគេបែងចែកជា២ គឺការលុបលាងមុខ ដោយទឹកធម្មតា និងការប្រើផលិតផលលុបលាងមុខសម្រាប់ជម្រះក្អែលមេរោគនៅលើផ្ទៃមុខ និងជម្រះនូវជាតិខ្លាញ់ដែលកកនៅលើផ្ទៃមុខ។
វិធីលុបលាងមុខ
ជាទូទៅដើម្បីឱ្យស្បែកមុខស្អាតក្នុងមួយថ្ងៃ គប្បីសម្អាតផ្ទៃមុខឱ្យបានពីពីរទៅបីដងក្នុង១ថ្ងៃ គឺពេលព្រឹក ពេលថ្ងៃត្រង់ និងមុនពេលទទួលទានដំណេក។
- ការលុបលាងមុខនៅពេលព្រឹក ៖ ការលុបលាងមុខនៅពេលព្រឹកព្រលឹមគឺមានសារៈប្រយោជន៍បំផុតសម្រាប់ស្បែកមុខ អាចធ្វើឱ្យមុខមានភាពស្រស់ថ្លានៅពេលព្រឹកព្រលឹម។ ជាដំបូងត្រូវលុបលាងមុខដោយប្រើផលិតផលលាងមុខ ដែលមានលក្ខណៈ សមស្របទៅនឹងស្បែកមុខរបស់លោកអ្នក។ ត្រូវប្រើដៃស្រាលៗញីនៅលើផ្ទៃមុខ តែមិនត្រូវឱ្យចូលភ្នែកនោះទេ នៅពេលដែលលាង សម្អាតហើយត្រូវយកកូនកន្សែងទន់ហើយស្អាតមកជូតមុខចេញ ដោយជូតថ្នមៗជាការស្រេច។
- ការលុបលាងមុខនៅពេលថ្ងៃត្រង់ ៖ ការលុបលាងមុខនៅពេលថ្ងៃក៏មិនខុសពីការលុបលាងនៅពេលព្រឹកព្រលឹមទេ។ ដោយបន្ទាប់ពីលុបលាងមុខហើយ លោកអ្នកគួរតែមានផលិតផលសម្រាប់ប្រើ ដើម្បីការពារពន្លឺព្រះអាទិត្យមកលាបនៅលើផ្ទៃមុខ ជាការស្រេច។
- ការលុបលាងមុខនៅមុនពេលទទួលទានដំណេក ៖ នៅមុនពេលទទួលទានដំណេកលោកអ្នកត្រូវតែសម្អាតខ្លួនប្រាណឱ្យបានស្អាត ជាពិសេសគឺផ្ទៃមុខតែម្ដងដោយគ្រាន់តែប្រើផលិតផលដែលសមស្របទៅនឹងស្បែកមុខ ដើម្បីលាងជម្រះនូវមេរោគនៅលើផ្ទៃមុខ និងជាតិខ្លាញ់ ជាពិសេសនៅពេលដែលលាងសម្អាតផ្ទៃមុខហើយលោកអ្នកគួរតែមានផលិតផលសម្រាប់លាបលើផ្ទៃមុខ ដើម្បីឱ្យមុខរឹតតែមានភាពស្រស់ស្អាតហើយមានសំណើមថែមទៀតផង។
សារៈប្រយោជន៍នៃការលុបលាងមុខ
ការលុបលាងផ្ទៃមុខមានសារៈប្រយោជន៍ណាស់ ព្រោះអាចលាងជម្រះនូវភាពកខ្វក់ សារជាតិខ្លាញ់ និងមេរោគផ្សេងៗ ដែលកកនៅលើផ្ទៃមុខ ដែលធ្វើឱ្យផ្ទៃមុខមានភាពស្រស់ថ្លា អាចការពារកុំឱ្យកើតមុន ឬកន្ទួលរមាស់នៅលើផ្ទៃមុខ រួមទាំងការពារ ភាពជ្រីវជ្រួញទៀតផង។
ផលប៉ះពាល់ចំពោះអ្នកដែលមិនបានលុបលាងមុខ
បើលោកអ្នកមិនបានយកចិត្ដទុកដាក់នៅក្នុងការលាងសម្អាតផ្ទៃមុខ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឱ្យផ្ទៃមុខកើតមុន បណ្ដាលឱ្យស្បែកមុខឆាប់ជាំស្រអាប់ ងាយនឹងប្រតិកម្ម ឡើងនូវកន្ទួលរមាស់ ជាពិសេសធ្វើឱ្យផ្ទៃមុខពុំមានភាពស្រស់ថ្លា ស្ងួតខ្លាំងធ្វើឱ្យឆាប់ជ្រួញ ឬក៏ធ្វើឱ្យមានសារជាតិខ្លាញ់ច្រើនងាយនិងកើតមុនថែមទៀតផង។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែយកចិត្ដទុកដាក់បំផុតនៅក្នុងការថែរក្សាផ្ទៃមុខ។ ជាពិសេសត្រូវជ្រើសរើសនូវផលិតផលដែលមានគុណភាពខ្ពស់ ហើយប្រើឱ្យសមស្របជាមួយនឹងផ្ទៃមុខរបស់លោកអ្នកផងដែរ។ កាលណាលោកអ្នកធ្វេសប្រហែសនៅក្នុងការសម្អាតផ្ទៃមុខ ងាយនឹងធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកបាត់បង់នូវភាពស្រស់ស្អាតបានយ៉ាងងាយ។
Leave a Reply