ជម្ងឺធ្លាក់ស និងជម្ងឺរលាកទ្វារមាសកំពុងតែមានការរីករាលដាលយ៉ាងខ្លាំង ពេលនេះជម្ងឺនេះក៏បានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរសម្រាប់ស្ដ្រី ដូចជាធ្វើឱ្យឈឺចុកចាប់នៅខាងលើថ្ងាសទ្វារមាស ចុះទម្ងន់ អស់កម្លាំង ឧស្សាហ៍ងងឹតមុខ និងពិបាកនៅក្នុង ការរួមភេទជាដើម។ ជាពិសេសជម្ងឺទាំងនេះអាចឆក់យកជីវិតរបស់អ្នកជម្ងឺបានថែមទៀតផង បើសិនជាអ្នកជម្ងឺមានការធ្វេសប្រហែសមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា ស. អ រស់នៅទីក្រុងភ្នំពេញ អាយុ២៥ឆ្នាំ បានចែករំលែកបទពិសោធន៍ អំពីជម្ងឺធ្លាក់ស និងជម្ងឺរលាកទ្វារមាស ដើម្បីឱ្យស្ដ្រីគ្រប់រូបបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
កញ្ញា ស. អ បានរៀបរាប់ឱ្យដឹងថា នាងមិនដឹងថានាងកើតជម្ងឺនេះតាំងពីពេលណានោះទេ គ្រាន់តែចាប់អារម្មណ៍ ឃើញថាឈាមរដូវគឺមានក្លិនមិនល្អ ហើយមានធ្លាក់ទឹកសៗ ដែលកាលពីមុនមិនដែលធ្លាប់មានអាការបែបនេះឡើយ។ ដូចនេះហើយ ទើបធ្វើឱ្យនាង ស. អ សម្រេចចិត្ដមកជួបជាមួយអ្នកជំនាញ ហើយក៏បានពិនិត្យឃើញថានាងកើតមានជម្ងឺធ្លាក់ស និងជម្ងឺរលាក ទ្វារមាសកម្រិតស្រាល។ ឥឡូវនេះនាងកំពុងតែទទួលសេវាថែទាំសុខភាពនៅសមាគមសុខភាពគ្រួសារកម្ពុជារ៉ាក់។ កញ្ញា ស. អ បានរម្លឹកថា នាងតែងតែធ្វើការសម្អាតទ្វារមាសជានិច្ចមិនដែលធ្វេសប្រហែសឡីយ តែមិងដឹងជាមូលហេតុអ្វី ទើបបណ្ដាលឱ្យកើតមានជម្ងឺទាំងនេះ។
កញ្ញា ស. អ បានរៀបរាប់បន្ដទៀតថា នាងមានការព្រួយបារម្ភចំពោះសុខភាពដែរ តែពេលនេះនាងបានមកព្យាបាល ទាន់ពេលវេលា។ ជារៀងរាល់ថ្ងៃនេះ កញ្ញា ស. អ បានធ្វើអនាម័យខ្លួនប្រាណ ជាពិសេសប្រដាប់ភេទ និងទទួលទានអាហារ ដែលគ្រូពេទ្យបានណែនាំជានិច្ចមិនដែលធ្វេសប្រហែសឡើយ។
យោបល់របស់អ្នកជំនាញ
លោកស្រី គុយ ចាន់ឌី ពេទ្យឆ្មប នៅគ្លីនិកថែទាំសុខភាពរ៉ាក់បានមានប្រសាសន៍ថា ជាការពិតជម្ងឺធ្លាក់ស និងជម្ងឺ រលាកទ្វារមាសអាចបណ្ដាលមកពីកត្ដាច្រើនយ៉ាង ជាពិសេសកត្ដាគ្មានអនាម័យចំពោះទ្វារមាសតែម្ដង។ ហើយជម្ងឺទាំងនេះបានបង្កឱ្យ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាចធ្វើឱ្យមានការឈឺចាប់នៅខាងលើថ្ងាសទ្វារមាស និងបណ្ដាលឱ្យមានអាការផ្សេងជាច្រើនទៀត។ ដូចនេះដើម្បីកុំឱ្យកើតមានជម្ងឺទាំងនេះ ស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតទ្វារមាសឱ្យបានស្អាតល្អ ហើយសម្លៀកបំពាក់ខាងក្នុងត្រូវ តែមានអនាម័យជានិច្ច និងត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃផងដែរ។ នៅពេលដែលមានបញ្ហាអ្វីមួយដែលកើតនៅលើទ្វារមាស ត្រូវតែមកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីពិនិត្យ និងព្យាបាល ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការព្យាបាល។
Leave a Reply