ទំនាក់ទំនងនៃជម្ងឺទឹកនោមផ្អែម និងជម្ងឺរលាកបាតភ្នែក គឺមានលក្ខណៈយ៉ាងស្អិតរមួតបំផុត ដោយសារជម្ងឺទឹកនោមផ្អែមជាជម្ងឺម្យ៉ាងដែលកើតមកពីបំលាស់ប្ដូរមិនប្រក្រតីក្នុងការដុត និងសន្សំសារជាតិស្ករនៅក្នុងរាងកាយ ដែលជាហេតុធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអាចធ្វើឱ្យភ្នែកស្រវាំង ពីព្រោះតែកម្លាំងនៃក្រសែភ្នែកផ្លាស់ប្ដូរទៅតាមកម្រិតជាតិស្ករដែលមិនទៀងទាត់នោះ។ នេះជាបញ្ហាមួយដែលត្រូវយកចិត្ដទុកដាក់បំផុតចំពោះលោកអ្នកដែលមានជម្ងឺទឹកនោមផ្អែម ដែលត្រូវតែគិតគូរឱ្យបានល្អចំពោះសុខភាពភ្នែក។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីជម្ងឺរលាកបាតភ្នែកនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើកិច្ចសម្ភាសន៍ជាមួយលោក វេជ្ជបណ្ឌិត ងី ម៉េង អនុប្រធាននៃកម្មវិធីជាតិសម្រាប់សុខភាពភ្នែក។
អ្វីទៅជាជម្ងឺរលាកបាតភ្នែកដែលកើតលើអ្នកជម្ងឺទឹកនោមផ្អែម?
លោកអ្នកបានដឹងហើយថា ជម្ងឺទឹកនោមផ្អែមជាជម្ងឺដែលមានការបំលាស់ប្ដូរមិនធម្មតា ដែលធ្វើឱ្យភ្នែកមានបញ្ហាទៅជា ស្រវាំង។ រយៈពេលវែងក្នុងសរសៃឈាមតូចនឹងមានការផ្លាស់ពេញរាងកាយ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ភ្នែកអ្នកជម្ងឺ។ ហើយអ្វី ដែលសំខាន់នោះគឺធ្វើឱ្យរេទីន(បាតភ្នែក)កាន់តែទ្រុឌទ្រោមអាចបណ្ដាលឱ្យកើតជម្ងឺទឹកដក់ក្នុងភ្នែក ហើយទីបំផុតអ្នកជម្ងឺអាចពិការភ្នែកបាន។ ក្រៅពីនេះអ្នកជម្ងឺទឹកនោមផ្អែមអាចទទួលរងនូវការកើតជម្ងឺភ្នែកឡើងបាយបានលឿនបំផុត ដោយសារតែជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់។
មូលហេតុបង្កជម្ងឺរលាកបាតភ្នែកទៅលើអ្នកជម្ងឺទឹកនោមផ្អែម
បាតភ្នែករបស់អ្នកជម្ងឺទឹកនោមផ្អែមមានអាការទន់ខ្សោយមកពីការផ្លាស់ប្ដូរសរសៃឈាមតូចៗ ដែលបញ្ជាឈាមឱ្យទៅចិញ្ចឹមសរសៃរេទីន(បាតភ្នែក)មានទំហំផ្លាស់ប្ដូរ ដោយនៅត្រង់កន្លែងខ្លះធំជាងធម្មតាឆ្លាស់គ្នានឹងសរសៃឈាមតូចៗ។ ក្នុងករណី ធ្ងន់ធ្ងរ អាចមានសរសៃឈាមថ្មីកើតឡើង ដុះចេញជាមែកធាង ហើយចាក់ចូលក្នុងបាតភ្នែក។ សរសៃឈាមថ្មីទាំងនោះមានលក្ខណៈ ស្ដើងខុសពីធម្មតា ពេលដែលសរសៃឈាមនោះបែក ឈាមនឹងហូរចូលក្នុងបាតភ្នែក ហើយធ្វើឱ្យភ្នែកស្រវាំងមួយរំពេច។ សរសៃ ប្រសាទភ្នែកគឺជាផ្នែកមួយដ៏មានសារៈសំខាន់របស់ភ្នែក វាមានតួនាទីទទួលរូបភាពដូចជាហ្វីលថតរូបអ៊ីចឹងដែរ។ រូបភាពដែលលេច ឡើងលើបាតភ្នែក នឹងត្រូវបញ្ជូនទៅខួរក្បាលតាមរយៈសរសៃប្រសាទ។ បើសរសៃប្រសាទនោះត្រូវខូចខាត ឈាមនឹងមិនអាចរត់ទៅចិញ្ចឹមបាតភ្នែកគ្រប់គ្រាន់បានទេ ហើយរូបភាពដែលទទួលបានក៏មិនច្បាស់ដែរ។
ដំណាក់កាលនៃជម្ងឺរលាកបាតភ្នែក
គ្រូពេទ្យបានពិនិត្យឃើញថាអ្នកដែលកើតជម្ងឺទឹកនោមផ្អែមអាយុលើសពី៣០ឆ្នាំឡើងទៅ។ ហើយបើកើតជម្ងឺនេះពី១៥ឆ្នាំ នឹងធ្វើឱ្យអ្នកជម្ងឺប្រឈមមុខនឹងការកើតជម្ងឺរលាកបាតភ្នែករហូតដល់ទៅ៦០5។ សម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលមានអាយុ ក្រោម៣០ឆ្នាំ ហើយកើតជម្ងឺនេះចាប់ពី១៥ឆ្នាំឡើងទៅ នឹងអាចទទួលរងនូវការកើតជម្ងឺនេះរហូតដល់៩៨5។ ជម្ងឺរលាកបាតភ្នែកគឺចែកចេញជាពីរដំណាក់កាល ៖
1 . ដំណាក់កាលទីមួយ ៖ ក្នុងដំណាក់កាលនេះ ជម្ងឺរលាកបាតភ្នែកមិនទាន់មានការប៉ះពាល់គំហើញទេ ប្រហែលជា៨០5 នៃអ្នកជម្ងឺមិនមានអាការការស្រវាំងភ្នែកនៅឡើយទេ។ អ្នកជម្ងឺភាគច្រើនមិនបានសង្កេតឃើញភាពខុសប្រក្រតីផ្សេងៗរបស់ភ្នែកខ្លួនឯងឡើយ លើកលែងតែក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល ទើបអាចបណ្ដាលឱ្យគំហើញប្រែប្រួលជាញឹកញាប់។ អាការបែបនេះអាចដឹងបានលុះត្រាតែមានការត្រួតពិនិត្យវិនិច្ឆ័យជម្ងឺពីគ្រូពេទ្យតែប៉ុណ្ណោះ ដែលអាចពិនិត្យមើលភាពមិនប្រក្រតីរបស់សរសៃឈាមនៅត្រង់បាតភ្នែក ឬអាចរីករួមមានទំំហំមិនស្ថិតស្ថេរ។ សរសៃឈាមត្រង់ចំណុចខ្លះអាចប៉ោង ដូចជាក្រពះមនុស្សអ៊ីចឹង ធ្វើចរន្ដឈាមរត់មិនបានល្អ។
2 . ដំណាក់កាលទីពីរ ៖ ដំណាក់កាលទីពីរកើតមានឡើងនៅពេលដែលឈាមរត់ទៅចិញ្ចឹមបាតភ្នែកកកស្ទះធ្វើឱ្យគំហើញកាន់តែខ្សោយទៅៗ រហូតអាចដល់បាត់បង់គំហើញទាំងស្រុងបាន។ នៅក្នុងដំណាក់កាលនេះអ្នកជម្ងឺត្រូវតែទទួលបានការថែទាំយ៉ាងដិតដល់ពីគ្រូពេទ្យ ព្រោះថាការស្ដារគំហើញឱ្យមានឡើងវិញមានការពិបាក។ ពេលឈានចូលដល់ដំណាក់ទីពីរនេះ អ្នកជម្ងឺអាចមានការស្រវាំងភ្នែកមួយរំពេច ដោយមិនមានការឈឺចាប់ទេ នេះដោយសារតែសរសៃឈាមថ្មីខុសប្រក្រតីដុះចេញមកពីបាតភ្នែក ឬ អាចដុះចេញពីចំណុចស្នូលរបស់បាតភ្នែក។
ការព្យាបាលជម្ងឺរលាកបាតភ្នែក
គ្រូពេទ្យនឹងធ្វើការពិចារណាទៅលើអាយុ ប្រវត្ដិនៃការព្យាបាល រួមទាំងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជម្ងឺទឹកនោម ផ្អែម រហូតដល់ការវិវត្ដន៍ដល់ដំណាក់កាលធ្ងន់ធ្ងរនៃជម្ងឺរលាកបាតភ្នែក មុននឹងធ្វើការសម្រេចចិត្ដព្យាបាល។ វិធីព្យាបាលដែលមានលក្ខណៈប្រសើរជាងគេ គឺការបាញ់កាំរស្មីឡាស៊ែរចូលទៅក្នុងរេទីន(បាតភ្នែក)។ វិធីនេះគឺជាការប្រើប្រាស់កម្ដៅ ដើម្បីទប់ស្កាត់ កុំឱ្យទឹកលឿងជ្រាបចេញពីសរសៃឈាម នៅពេលដែលបាតភ្នែកកំពុងហើម។ ក្នុងករណីធ្ងន់ធ្ងរ ការបាញ់កាំរស្មីឡាស៊ែរនេះអាចជួយ ឱ្យបាតភ្នែកជាប់នឹងសាច់ដុំភ្នែកខាងក្នុងផងដែរ។ នៅក្នុងដំណាក់កាលទីមួយ អ្នកជម្ងឺត្រូវព្យាបាលដោយការបាញ់កាំរស្មីឡាស៊ែរ ឱ្យបានយ៉ាងតិចម្ដងដែរ ព្រោះនឹងជួយកាត់បន្ថយការរីកលូតលាស់របស់ជម្ងឺរលាកបាតភ្នែក។ ក្នុងដំណាក់កាលទីពីរវិញ ការព្យាបាលធ្វើឡើងគ្រាន់តែជួយទប់ស្កាត់ការបាត់បង់គំហើញរបស់អ្នកជម្ងឺកុំឱ្យកាន់តែធ្ងន់ធ្ងរជាងមុនតែប៉ុណ្ណោះ ដោយអ្នកជម្ងឺត្រូវបាញ់កាំរស្មី ឡាស៊ែរឱ្យបានយ៉ាងតិច៣ដង ដោយអាស្រ័យទៅស្ថានភាពរបស់ជម្ងឺ។
ការការពារជម្ងឺរលាកបាតភ្នែក
អ្នកមានជម្ងឺរលាកបាតភ្នែកត្រូវយកចិត្ដទុកដាក់បំផុតចំពោះការថែរក្សាសុខភាពរបស់ខ្លួន គឺត្រូវគ្រប់គ្រងជាតិស្ករ សម្ពាធ ឈាម និងជាតិខ្លាញ់ក្នុងឈាមឱ្យបានល្អទៅតាមកម្រិតដែលគ្រូពេទ្យបានណែនាំ។ សម្រាប់អ្នកជម្ងឺស្ថិតក្នុងដំណាក់កាលទី១ត្រូវធ្វើ លំហាត់ប្រាណឱ្យបានជាប្រចាំ។ បើចំពោះអ្នកជម្ងឺដែលនៅក្នុងដំណាក់កាលទី២វិញ គួរតែធ្វើលំហាត់ប្រាណឱ្យសមល្មមបានហើយ ត្រូវចៀសវាងកីឡាណាដែលធ្វើឱ្យប៉ះពាល់ខ្លាំង ដូចជាការគ្រវីក្បាល ឬកីឡាណាដែលត្រូវប្រើសាច់ដុំជាដើម។
ដំបូន្មានអ្នកជំនាញ
ការតាមដានចំពោះជម្ងឺរលាកបាតភ្នែកនៅដំណាក់កាលដំបូងជាវិធីដែលល្អបំផុតក្នុងការការពារភាពពិការភ្នែក។ ទោះបីជា គ្មានរោគសញ្ញាណាមួយបង្ហាញក៏ដោយ ក៏គួរតែទៅត្រួតពិនិត្យភ្នែកឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំដែរ។ ហើយបើការពិនិត្យឃើញថាមានជម្ងឺរលាកបាតភ្នែក អ្នកជម្ងឺត្រូវតែមកពិនិត្យភ្នែកឱ្យបានញឹកញាប់ និងជាប្រចាំ ដើម្បីធ្វើការតាមដានពីស្ថានភាពជម្ងឺ និងដើម្បីការពារភាពធ្ងន់ធ្ងរណាមួយដែលអាចកើតមានឡើង។ គ្រូពេទ្យនឹងអាចជួយស្ដារគំហើញរបស់លោកអ្នកបានទាន់ពេលវេលា។
Leave a Reply