វិធី​សម្រាក​ចិត្ដកាយ និង​លំហាត់​ដកដង្ហើម

ការ​សម្រាក​ចិត្ដកាយ​ជាវិធី​មួយ​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍​របស់​លោកអ្នក ក្រៅពី​ដើរ​លម្ហែកាយ។ វិធីនេះ​អាចមាន​លក្ខណៈ​ខុសប្លែក​ទៅនឹង​វិធី​លម្ហែកាយ និង​លម្ហែ​អារម្មណ៍ដែល​ត្រូវការ​ទីកន្លែង​ដែលមាន​សភាព​សប្បាយ​រីករាយ។ ផ្ទុយ​ទៅវិញ ការធ្វើ​វិធី​សម្រាក​ចិត្ដកាយ​នេះគឺ​ទាមទារ​ឱ្យ​លោកអ្នក​នៅកន្លែង​ដែលគ្មាន​អ្នក​រំខាន ដើម្បី​ធ្វើ​ចលនា​ដកដង្ហើម​ឱ្យស្ងប់​អារម្មណ៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទង​ទៅនឹង​វិធី​សម្រាក​ចិត្ដកាយ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃ​គ្លីនិក​សាន់រ៉ាយ។

វិធី​សម្រាក​ចិត្ដកាយ

វិធី​សម្រាក​ចិត្ដកាយ​គឺជា​វិធីដ៏​មានសារៈ​ប្រយោជន៍​ក្នុងការ​កាត់​បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ដ​របស់​មនុស្ស។ វិធីនេះ​ត្រូវបាន​អនុវត្ដ​នៅក្នុង​វិធី​សមាធិ​បែប​បុរាណ​ក៏ដូចជា​វិធី​តាម​បែប​ចិត្ដសាស្ដ្រ​ផងដែរ។ វិធី​សម្រាក​ចិត្ដកាយ​ភាគច្រើន​អនុវត្ដ​តាម​លំហាត់​ដកដង្ហើម។ ការ​សាកល្បង​ទៅលើ​វិធីនេះ​ពិតជា​ធ្វើឱ្យ​លោកអ្នក​បាន​សេចក្ដី​សុខស្រួល​ក្នុងចិត្ដ និង​កាយ ហើយ​មាន​អារម្មណ៍​ស្ងប់​ទៀតផង។ វិធីនេះ​គឺជា​ការ​ព្យាបាល​ម្យ៉ាង​ដែល​លោកអ្នក​អាច​អនុវត្ដ​បានដោយ​មិន​ចាំបាច់​មានជម្ងឺ​អ្វីមួយ​នោះទេ។ លំហាត់​នេះអាច​អនុវត្ដបាន​គ្រប់​ពេលវេលា ហើយ​ចំណាយ​ពេល​ប្រមាណ​១០នាទី​ប៉ុណ្ណោះ។ ជាការ​ប្រសើរ​លោកអ្នក​គួរធ្វើ​លំហាត់​នេះ​នៅក្នុង​បន្ទប់​មួយស្ងាត់ស្ងៀម និង​គ្មានអ្នក​រំខាន។

វិធី​លំហាត់​ដកដង្ហើម

ខាងក្រោម​នេះគឺជា​ជំហាន​បន្ដបន្ទាប់​ក្នុងការ​ធ្វើ​លំហាត់​ដកដង្ហើម ៖

  • ផ្ដើមធ្វើ​លំហាត់​ដោយ​ដេក​សណ្ដូក ឬអង្គុយ​ក្នុង​ស្ថានភាព​ងាយស្រួល​តាម​ដែល​លោកអ្នក​ចូលចិត្ដ បន្ទាប់មក​បិទភ្នែក
  • ប្រមាណ​១០នាទី​ក្រោយមក គប្បី​ផ្ចង់​អារម្មណ៍​ទៅលើ​ចង្វាក់​ដង្ហើម
  • បន្ទាប់មក​ត្រូវផ្ចង់​អារម្មណ៍​ទៅលើ​ខ្យល់​ដង្ហើម​យឺតៗ ចេញចូល​តាម​ច្រមុះ
  • គប្បី​ដកដង្ហើម​ចូល​រហូត​រាប់ដល់​បី ហើយ​ដកដង្ហើម​ចេញវិញ​រាប់ដល់​បីដូចគ្នា។

សារៈ​ប្រយោជន៍​នៃការ​ធ្វើវិធី​សម្រាក​ចិត្ដកាយ

ការធ្វើ​វិធី​សម្រាក​ចិត្ដកាយ និង​លំហាត់​ដកដង្ហើម​នេះមាន​សារៈ​ប្រយោជន៍​ក្នុងការ​ជួយដល់លោកអ្នក​ដែលមាន​បញ្ហា​ផ្នែក​អារម្មណ៍ និង​ផ្លូវចិត្ដ។ ក្នុង​រយៈពេល​ពីរសប្ដាហ៍​បន្ទាប់​ដែល​លោកអ្នក​បាន​អនុវត្ដ​លំហាត់​ដកដង្ហើម​នេះជា​រៀងរាល់​ថ្ងៃ លោកអ្នក​នឹង មាន​អារម្មណ៍​ថាបាន​សម្រាក​ចិត្ដកាយ​យ៉ាង​សុខស្រួល។ ក្រោយមក​ទៀត​នៅពេល​ដែល​លោកអ្នក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ហើយ​នោះ លោកអ្នក​អាចធ្វើ​លំហាត់​សម្រាក​ចិត្ដកាយ​នេះបាន​គ្រប់ស្ថានភាព ដូចជា​នៅពេល​ដែលធ្វើ​ដំណើរ​តាមរថយន្ដ​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ធ្វើវិធី​សម្រាក​ចិត្ដមាន​អត្ថ​ប្រយោជន៍​ជួយ​ទប់ស្កាត់​បញ្ហា​ផ្លូវចិត្ដ ដូចជា​ការគិត​ច្រើន មាន​អារម្មណ៍​តានតឹង ភាពស្មុគ ស្មាញ​ក្នុងចិត្ដ​ជាដើម។ ដូចនេះ​ការអនុវត្ដ​វិធីនេះ​គឺ​ពិតជា​ជួយដល់​លោកអ្នក​បានមួយ​ចំណែក​ផងដែរ។ ការ​អនុវត្ដ​វិធី​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​ឱ្យ​ក្លាយជា​ទម្លាប់​នោះ​សុខភាព​របស់​លោកអ្នក​ប្រាកដ​ជារឹងមាំ​ក្នុងការ​ទប់ស្កាត់​ជម្ងឺ​ទាំងឡាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *