ពេលនេះ សូមលោកអ្នកបន្ដជ្រាបអំពីវីតាមីនបេ៣(ព៣) ជាពិសេសអំពីតួនាទី និងអត្ថប្រយោជន៍របស់វា នៅលើទំព័រ ទស្សនាវដ្ដី សុខភាពយើង ជាបន្ដទៅទៀត។
តួនាទីវីតាមីនបេ៣
វីតាមីនបេ៣ ឬហៅជាភាសាគីមីសាស្ដ្រថា នីយ៉ាស៊ីន(ណិាចិនេ) ឬវីតាមីនប៉េប៉េ (ភភ) មានតួនាទីពិសេសៗដូចតទៅ ៖
- ផ្ដល់ថាមពល ៖ វីតាមីនបេ៣មានតួនាទីសំខាន់ក្នុងការផ្ដល់ថាមពល ពេលមានប្រតិកម្មគីមីសាស្ដ្រទាំងឡាយរបស់សរីរាង្គកាយ។
- ចូលរួមការផលិតអ័រម៉ូន ៖ វីតាមីនបេ៣អាចចូលរួមក្នុងដំណើរការផលិតអ័រម៉ូនរបស់រាងកាយមនុស្ស។
- ជួយបំលាស់ប្ដូរប្រព័ន្ធប្រសាទ ៖ វីតាមីននេះដើរតួនាទីផងដែរនៅក្នុងការបំលាស់ប្ដូរប្រព័ន្ធប្រសាទ។
- ការពារបេះដូង និងសរសៃឈាម ៖ វីតាមីនបេ៣ជាអ្នកការពារបេះដូង ដោយវាអាចកាត់បន្ថយកម្រិតជាតិខ្លាញ់ កូឡេស្ដេរ៉ុល និងជាតិខ្លាញ់ទ្រីគ្លីសេរីដនៅក្នុងឈាម ជួយកាត់បន្ថយសម្ពាធឈាមអាកទែរ(ជម្ងឺលើសឈាម) និងអាចទប់ស្កាត់ ជម្ងឺសរសៃឈាមរឹងបានទៀតផង។
- សម្រួលការរំលាយអាហារ ៖ វីតាមីនបេ៣អាចជួយធ្វើឱ្យការរំលាយអាហាររឹតតែប្រសើរឡើង និងប្រឆាំងនឹងរោគរាក រូសផងដែរ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនបេ៣
មនុស្សត្រូវទទួលទានចូលទៅក្នុងខ្លួនជាប្រចាំថ្ងៃនូវជាតិវីតាមីនបេ៣ ក្នុងបរិមាណចំនួនពី១១ទៅ១៤មីលីក្រាម សម្រាប់មនុស្សពេញវ័យទូទៅ។ ដោយឡែកចំពោះស្ដ្រីមានផ្ទៃពោះ តម្រូវការវីតាមីនបេ៣អាចកើនដល់ទៅ១៦មីលីក្រាម រីឯអ្នកមានជម្ងឺ ឬស្ដ្រីបំបៅដោះកូនក៏មានតម្រូវការខ្ពស់ផងដែរ ប្រមាណជា១៥មីលីក្រាមក្នុង១ថ្ងៃ។
កង្វះវីតាមីនបេ៣ នាំឱ្យប៉ះពាល់ដល់សុខភាព
បើសិនពេលមនុស្សយើងទទួលទានវីតាមីនបេ៣នេះមិនគ្រប់គ្រាន់ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនោះ មានដូចជារបកស្បែក(ជម្ងឺស្បែក និងភ្នាសមុយកឺ) រោគតានតឹងអារម្មណ៍ ជម្ងឺផ្លូវចិត្ដ អស់កម្លាំង គេងមិនលក់ លែងឃ្លានបាយ រលាកសន្លាក់ ឬវិបត្ដិទឹកចិត្ដ។
ចំណីអាហារដែលមានជាតិវីតាមីនបេ៣
វីតាមីនបេ៣មាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- គ្រាប់ធញ្ញជាតិ
- ស៊ុតពណ៌លឿង
- សាច់ត្រី
- បន្លែក្រៀម
- មេស្រាបៀ
- កាហ្វេកែច្នៃ។
ពេលដែលត្រូវប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ៣
ជំពូកមនុស្សដែលគួរតែប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ៣ជាជំនួយបន្ថែមមានដូចតទៅ ៖
- អ្នកដែលអាចប្រឈមនឹងជម្ងឺបេះដូង និងជម្ងឺសរសៃឈាមរឹង ជាពិសេសអ្នកដែលមានប្រវត្ដិក្រុមគ្រួសារធ្លាប់កើត ឬអ្នកដែលមានជាតិកូឡេស្ដេរ៉ុលឡើងខ្ពស់ជាដើម
- ស្ដ្រីដែលបំបៅកូនដោយទឹកដោះ (តម្រូវការអាចឡើងដល់ទៅ១ទៅ៣ក្រាម ដោយលេបច្រើនដងក្នុង១ថ្ងៃ)
- អ្នកដែលឧស្សាហ៍មានអាការវិលមុខ និងហ៊ឹងត្រចៀក(ជាពិសេសជម្ងឺម៉ានីញ៉ែ)។
តម្រូវការថ្នាំវីតាមីនបេ៣ជាប្រចាំថ្ងៃ
ជាប្រចាំថ្ងៃ មនុស្សត្រូវទទួលទានគ្រាប់ថ្នាំវីតាមីនបេ៣នេះ ប្រមាណជាពី១០០ទៅ១០០០មីលីក្រាមនៅក្នុងស្ថានភាពធម្មតា ជាពិសេសទៅតាមការវិនិច្ឆ័យរោគរបស់គ្រូពេទ្យព្យាបាល។ រីឯក្នុងករណីបំបៅដោះកូន អាចតម្រូវឱ្យលេបគ្រាប់ថ្នាំពី១០០០ ទៅ៣០០០មីលីក្រាម។
-
ករណីបង្ការ ៖ ប្រើប្រាស់គ្រាប់ថ្នាំពី៥០ទៅ១០០មីលីក្រាមក្នុង១ថ្ងៃ
ករណីកង្វះខ្លាំង ៖ តម្រូវការអាចមានកម្រិតខ្ពស់ពី៥០០ទៅ៥០០០មីលីក្រាម។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
Leave a Reply