សាលារាជធានីភ្នំពេញ បានកំពុងសម្តែងការព្រួយបារម្ភចំពោះបញ្ហាបរិស្ថានសម្រាម ដែលចេះតែកើតឡើងជាលំដាប់ពី១ថ្ងៃទៅ១ថ្ងៃនៅជុំវិញរាជធានីភ្នំពេញ។ បច្ចុប្បន្នសម្រាមនៅរាជធានីភ្នំពេញ បានកើនឡើងពី១២០០រហូតដល់ទៅ១៣០០តោនក្នុងមួយថ្ងៃ។ តាមការប៉ាន់ស្មានទុក យ៉ាងយូរបំផុត១០ឆ្នំាខាងមុខ រាជធានីភ្នំពេញត្រូវរកទីលានចាក់សម្រាមថ្មីបន្ថែមទៀត។
ក្នុងកិច្ចប្រជុំស្ដីពី «រួមគ្នាដើម្បីទីក្រុងស្អាត» នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នំា២០១២ នៅសាលា : យុវជរាជធានីភ្នំពេញ បានលើកឡើងថា ដោយពិនិត្យទៅលើការគ្រប់គ្រងកាកសំណល់នៅរាជធានីភ្នំពេញនាអំឡុងឆ្នំា២០០០ឃើញថាបរិមាណសម្រាមប្រចំាថ្ងៃមានប្រមាណ៦០០តោន ហើយមកដល់ពេលបច្ចុប្បន្នបរិមាណសម្រាមបានកើនឡើង រហូតដល់ទៅ១២០០តោនទៅ១៣០០តោនក្នុង១ថ្ងៃ។ ចំពោះទីលានចាក់សម្រាមចាស់ត្រូវបានបិទលែងប្រើប្រាស់ស្របពេលដែលទីលានចាក់សំរាមថ្មីមួយទៀត ដែលមានផ្ទៃដីជាង៣០ហិកតា ត្រូវបានបើកឲ្យប្រតិបត្ដិការ ហើយមានគម្រោងប្រើប្រាស់តែជាង១០ឆ្នំាប៉ុណ្ណោះ។
ដោយផ្អែកតាមការកើនឡើងនៃបរិមាណសម្រាមបែបនេះ យ៉ាងយូរបំផុត១០ឆ្នំាខាងមុខ រាជធានីភ្នំពេញត្រូវរកដីសម្រាប់ធ្វើទីលានចាក់សម្រាមថ្មី១កន្លែងទៀត។ កាលពីពេលកន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា មិនអនុញ្ញាតិឲ្យកម្ពុជាក្លាយជាទីលានចាក់សម្រាមរបស់ប្រទេសដទៃ និងត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវផលប៉ះពាល់ដល់សុខភាព និងគ្រោះមហន្ដរាយទៅលើបរិស្ថាន ដែលកើតឡើងពីសំណល់ប្រកបដោយគ្រោះថ្នាក់។
បើតាមប្រសាសន៍របស់ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថានៅក្នុងអង្គប្រជុំនោះថា៖«យើងត្រូវយកចិត្ដទុកដាក់ គ្រប់គ្រងសំណល់ថង់ប្លាស្ទិក ធ្វើយ៉ាងណាមិនឲ្យហោះហើររាយប៉ាយតាមទីសាធារណៈ នាមុនដំណាច់ឆ្នំា២០១៥»។ លោកបានឲ្យដឹងបន្តថា ទៅថ្ងៃអនាគតផ្ទៃដីនៅរាជធានីភ្នំពេញទំាងមូលនឹងក្លាយទៅជាកន្លែងចាក់សម្រាម ហើយប្រភពទឹកលើដី និងក្រោមដីនឹងទទួលរងនូវការបំពុលជាក់ជាពុំខាន។ ដោយឃើញនូវកត្តាខាងលើនេះហើយទើបសាលារាជធានីភ្នំពេញបានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងសំណល់ក្នុងទីក្រុង ដូចជាការប្រមូលសំណល់ថ្មពិលការរៀបចំទីលានចាក់សម្រាមថ្មី ការកែលម្អកិច្ចសន្យា ប្រមូលសម្រាម ការអុវត្ដកម្មវិធីញែកសម្រាមឲ្យនៅដាច់ពីគ្នានិងការដាក់ឲ្យប្រតិបត្ដិវិធានការផាកពិន័យចំពោះការចោលសម្រាមគ្មានសណ្ដាប់ធ្នាប់តាមផ្សារ តាមទីសាធារណៈជាដើម។
សម្រាម និងកាកសំណល់ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភពនៃមេរោគដែលអាចបណ្ដាលឱ្យកើតមានជម្ងឺផ្សេងៗជាច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀត សម្រាមក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង និងភាពស្រស់ស្អាតនៃបរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ ក្រោយពីការបោះបង់ចោលសំណល់ ការជ្រើសរើសទីលានចាក់សំណល់ក៏ជារឿងសំខាន់។ ភាគច្រើននៃការទទួលខុសត្រូវ លើការជ្រើសរើសទីលានចាក់សំណល់ជាការទទួលខុសត្រូវរបស់ភ្នាក់ងារដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនោះផងដែរ លោកអ្នកជាប្រជាពលរដ្ឋក៏គប្បីជ្រាបអំពីបញ្ហានេះ។ ចំពោះសំណល់ដែលសល់ពីការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនអាចយកទៅ កែច្នៃធ្វើសម្ភារៈប្រើប្រាស់ផ្សេងៗ ឬក៏សារធាតុមានប្រយោជន៍ជាច្រើនផ្សេងៗទៀត។ ហេតុនេះសូមលោកអ្នកប្រើប្រាស់ ត្រូវតែចេះបែងចែកប្រភេទសំណល់ ឬសម្រាមឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលយកមកកែច្នៃបន្ដទៀត ដោយលៃលកយ៉ាងណាប្រើឱ្យអស់ធនធានដែលមាន។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២
Leave a Reply