រដូវវស្សា គឺជារដូវមួយដែលសម្បូរសត្វមូស និងសម្បូរមេរោគច្រើនផងដែរ ប្រសិនបើលោកអ្នករស់នៅខ្វះការយកចិត្តទុកដាក់ទៅលើអនាម័យ។ ដោយរដូវនេះជារដូវវស្សា សម្បូរទៅដោយមូសខ្លា ដែលជាហេតុនាំឱ្យមានជម្ងឺជាច្រើននោះ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យរស់នៅស្អាត និងដាក់ថ្នាំសម្លាប់មូសខ្លាឱ្យអស់ពីលំនៅដ្ឋានរបស់ខ្លួនផងដែរ។
យោងតាមការចេញផ្សាយរបស់គេហទំព័រសាលារាជធានីភ្នំពេញកាលពីពេលថ្មីនេះៗបានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំពិធីចែកជូនថ្នាំអាប៊េតដល់អាជ្ញាធរខណ្ឌទាំង០៥ក្នុងរាជធានីភ្នំពេញ ដែលប្រឈមមុខខ្លាំងចំពោះជម្ងឺគ្រុនឈាម និងផ្សព្វផ្សាយណែនាំពីវិធានការការពារការកើតជម្ងឺគ្រុនឈាម និងគ្រុនឈិកវីផងដែរ។ ពិធីនេះចែកជូនថ្នាំអាប៊េតនេះ បានប្រារព្ធឡើង នៅមណ្ឌលសុខភាពឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្នុងពិធីនោះលោកស្រី ទូច សារ៉ុម បានធ្វើការចែកជូននូវថ្នាំអាប៊េតសរុបប្រមាណ ១២.៤០០គីឡូក្រាម ដែលក្នុង នោះត្រូវចែកជូនខណ្ឌចំនួន០៥ គឺៈខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និង ខណ្ឌមានជ័យ។ លោកស្រីអភិបាលរងរាជធានី បានធ្វើការកោតសរសើរដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រចាំនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្តនៃក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំពិធីនេះឡើងដើម្បីទប់ស្កាត់គ្រុនឈាម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ព្រោះជម្ងឺនេះជាជម្ងឺកាចសាហាវដែលតែងតែយាយីដល់អាយុជីវិតកូនចៅរបស់យើង ពិសេសកុមារតូចៗ ហើយជម្ងឺនេះក៏ស្ថិតក្នុងក្តីបារម្ភរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ។ ដូច្នេះដើម្បីចូលរួមបង្កា ទប់ស្កាត់ និងលុបបំបាត់ជម្ងឺគ្រុនឈាម និងជម្ងឺគ្រុនឈិក សូមបងប្អូនប្រជាពលរដ្ឋ និង មាតាបិតាឬអាណាព្យាបាលនីមួយៗព្យាយាមអនុវត្តវិធានការណ៍សាមញ្ញមួយចំនួនដូចខាងក្រោម៖
1 . ធ្វើការបំផ្លាញនូវប្រភពដង្កូវទឹកដែលជាមូលហេតុកើតមូសខ្លា តាមរយៈការដាក់ថ្នាំអាប៊េត
2 . លុប និងកប់វត្ថុដែលអាចដក់ទឹកបានមានដូចជាចាន ឆ្នាំងបាក់បែក សំបកកំប៉ុង កង់ឡានជាដើម
3 . បំបាត់គម្ពោតរុក្ខជាតិស៊ុបទ្រុព ដែលដុះនៅជុំវិញផ្ទះ
4 . កុំដេកថ្ងៃក្នុងទីងងឹត និងដេកក្នុងមុងជ្រលក់ថ្នាំជានិច្ច
5 . កុមារ និងមនុស្សចាស់ចាំបាច់ត្រូវស្លៀកពាក់វែងៗ ការពារកុំឲ្យមូសខាំ
6 . ទ្វារ បង្អួចតាមផ្ទះនីមួយៗត្រូវបើកឲ្យពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូសខ្លា
7 . ពេលមានសមាជិកគ្រួសារណាម្នាក់មានរោគសញ្ញាគ្រុនឈាមឬគ្រុនឈិកត្រូវនាំទៅទទួលការពិគ្រោះនិងព្យាបាល តាមមណ្ឌលសុខភាពដែលនៅជិតបំផុត។
សូមជម្រាបជូនថា នៅក្នុងកម្មវិធីខាងលើនេះ គេក៏ឃើញមានការបង្ហាញពីរបៀបប្រើប្រាស់ថ្នាំអាប៊េតឲ្យមានប្រសិទ្ធខ្ពស់ ក្នុងការកំចាត់ប្រភពដែលកើតមូសខ្លាទៅតាមបរិមាណរបស់ទឹកផងដែរគឺ៖
1 . បរិមាណទឹកចាប់ពី២០ ដល់ ៥០លីត្រ ត្រូវដាក់អាប៊េត ១ភាគ២នៃស្លាបព្រា
2 . បរិមាណទឹកចាប់ពី១០០ ដល់ ២០០លីត្រ ត្រូវដាក់អាប៊េត ១ស្លាបព្រា
3 . បរិមាណទឹកចាប់ពី៣០០ ដល់ ៥០០លីត្រ ត្រូវដាក់អាប៊េត ២ស្លាបព្រា
4 . បរិមាណទឹកចាប់ពី៦០០ ដល់ ១០០០លីត្រ ត្រូវដាក់អាប៊េត ៥ស្លាបព្រា
បញ្ជាក់ ៖ ០១ស្លាបព្រាស្មើនឹង ២០ក្រាមនៃអាប៊េត។ តើលោកអ្នកបានដាក់ថ្នាំអាបេតការពារកុំឲ្យមូសកកើតហើយឬនៅ? បើនៅសូមកុំភ្លេចដាក់ផងណា!
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២
Leave a Reply