ថ្មីៗនេះលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើការផ្សព្វផ្សាយសៀវភៅណែនាំស្ដីអំពីមេរោគអេដស៍ និងជម្ងឺអេដស៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀតទៅលើការរីករាលដោយសារជម្ងឺអេដស៍ និងមេរោគអេដស៍ ដែលខ្លឹមសារផ្សព្វផ្សាយសៀវភៅនេះបានជំរុញយ៉ាងសំខាន់មួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជម្ងឺអេដស៍។ លើសពីនេះថែមទាំងរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនឱ្យយល់កាន់តែច្បាស់ទៀតផង។
ថ្លែងនៅក្នុងសន្ទរកថា លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរៈជនដ៏ឆ្នើមថ្នាក់ជាតិនៃ វេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជម្ងឺអេដស៍នៃកម្ពុជា បានឱ្យដឹងថាសៀវភៅនេះគឺជាសមិទ្ធិផល ថ្មីមួយទៀតសម្រាប់ធ្វើការណែនាំដល់សាធារណៈជនទាំងអស់ឱ្យមានការយល់ដឹងខ្ពស់លើការរីករាលដាលជម្ងឺអេដស៍ និងមេរោគអេដស៍ និងវិធីសាស្ដ្រថែរក្សាខ្លួនសម្រាប់អ្នកដែលមានមេរោគអេដស៍ទៀតផង។ លោកជំទាវបណ្ឌិតបានបន្ដថា ពិតមែនតែប្រទេសកម្ពុជាសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍ ដោយបានជាប់ ចំណាត់ថ្នាក់ជាប្រទេសមួយដែលទទួលបានជោគជ័យនៃការកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងជម្ងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងចំណោមប្រទេស៦នៅលើសកលលោកក៏ដោយ ក៏នៅតែមានក្ដីបារម្ភ និងមានលក្ខណៈស្មុគស្មាញ។ ព្រោះបញ្ហាប្រឈមមុខមិនអាចដោះស្រាយដោយបុគ្គលណាម្នាក់ ដោយសហគមន៍ណាមួយ ដោយតួអង្គ ឬស្ថាប័នមនុស្សធម៌ណាមួយ តែឯងនោះបានឡើយ។ ដូច្នេះហើយរដ្ឋាភិបាលចាត់ទុកថា ការប្រយុទ្ធជម្ងឺអេដស៍ជាពហុវិស័យ។
ចំណែកលោកជំទាវ ហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាបានថ្លែងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស៦ ដែលអត្រាប្រេវ៉ាឡង់មេរោគអេដស៍បានធ្លាក់ចុះ ហើយប្រជាពលរដ្ឋប្រមាណ៨០ភាគរយក្នុងចន្លោះអាយុពី១៥ឆ្នាំដល់៤៩ឆ្នាំបានយល់ដឹងពីវិធីបង្ការ ការឆ្លងមេរោគអេដស៍ និងជម្ងឺអេដស៍។ ជោគជ័យដែលសម្រេចបានមានការទទួលស្គាល់ជាអន្ដរជាតិនេះ បានមកពីការយកចិត្ដទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា កម្ពុជាបានរកឃើញការឆ្លងមេរោគអេដស៍ដំបូងនៅឆ្នាំ១៩៩១ ហើយអ្នកមានជម្ងឺអេដស៍នៅឆ្នាំ១៩៩៣។ ការឆ្លងមេរោគអេដស៍បានកើនឡើងយ៉ាងឆាប់រហ័ស ដែលរាលដាលពីទីក្រុងទៅជនបទ និងក្រុមប្រឈមមុខខ្ពស់ទៅប្រជាពលរដ្ឋទូទៅ ជាពិសេសក្នុងសង្គមគ្រួសារចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៨ ដែលជាចំណុចឆ្លងមេរោគអេដស៍ខ្ពស់បំផុត។ លោកបន្ដថា លទ្ធផលនៃការសិក្សាតាមរយៈម៉ូដែលអេមិកជម្ងឺអេដស៍នៅអាស៊ីបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនដែលមានអាយុចាប់ពី១៥ដល់៤៩ឆ្នាំ បានថយចុះជាលំដាប់ពី២ភាគរយនៅឆ្នាំ១៩៩៨មក០.៩ភាគរយនៅឆ្នាំ២០០៦ និងមក០.៧នៅឆ្នាំ២០០៩។
នៅឆ្នាំ២០០៦មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦៧.០០០នាក់ ក្នុងនោះស្ដ្រីមាន៥១ភាគរយ។ តាមរយៈនៃការសិក្សាយើងបានប៉ាន់ស្មានថា មានការឆ្លងមេរោគអេដស៍ក្នុងមួយថ្ងៃបានថយចុះ ពី១០០នាក់នៅឆ្នាំ១៩៩៨មកត្រឹម៣នាក់នៅឆ្នាំ២០០៦។ ទន្ទឹមនឹងការប្រឹងប្រែងទប់ស្កាត់នេះ ក៏មានការខិតខំទប់ស្កាត់និងអនុវត្ដន៍ គ្រប់វិធីសាស្ដ្រក្នុងការកាត់បន្ថយមេរោគអេដស៍ពីឪពុកម្ដាយមកកូនឱ្យមានកម្រិតទាបបំផុតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
Leave a Reply