ទោះបីមានការយកចិត្ដទុកដាក់ទប់ស្កាត់ទៅលើជម្ងឺប្រភេទនេះ ពីសំណាក់មន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាលយ៉ាងណាក្ដី តែការបារម្ភចំពោះជម្ងឺនេះនៅតែជាកម្មវត្ថុសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរទាំងអស់។ នាដើមឆ្នាំ២០១០ជម្ងឺផ្ដាសាយបក្សីH1N1 មានការថយចុះជាលំដាប់ ដោយសារតែប្រជាពលរដ្ឋទូទៅបានយល់ដឹងពីវិធានការណ៍ការពារ និងទប់ស្កាត់ដែលមានការចង្អុលបង្ហាញពីមន្ដ្រីជំនាញសុខាភិបាល និងទទួលបាននូវការផ្សព្វផ្សាយផ្សេងៗតាមប្រព័ន្ធឃោសនានានា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ប្រាប់ ទស្សនាវដ្ដី សុខភាពយើង ថា វ៉ាក់សាំងការពារជម្ងឺH1N1បាននាំចូលមកដល់កម្ពុជាហើយ ហើយនឹងត្រៀមចាក់ការពារជូនប្រជាជនទូទាំងប្រទេសតែម្ដង ជាពិសេសនៅតាមតំបន់មួយចំនួនដែលមន្ដ្រីជំនាញរកឃើញថា អាចប្រឈមមុខទៅនឹងជម្ងឺនេះច្រើនជាងគេ។ លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំចាក់ការពារជម្ងឺនេះទទួលបានពីការឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក ចាប់ចាក់ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះក្នុងតំបន់ ដែលមានទីតាំងនៅជុំវិញរាជធានីភ្នំពេញ ដូចជាខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំងជាដើម ។ ប៉ុន្ដែមន្ដ្រីជំនាញនឹងបន្ដការចាក់ថ្នាំនេះឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់ខេត្ដ-ក្រុងទាំងអស់ ក្រោយពេលដែលអង្គការសុខភាពពិភព លោកបានផ្ដល់នូវវ៉ាក់សាំងជាបន្ដបន្ទាប់។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ដទៀតថា ក្រសួងសុខាភិបាលទើបតែទទួលបានថ្នាំចាក់ការពារជម្ងឺH1N1នេះចំនួន៣ម៉ឺនដុសតែប៉ុណ្ណោះ ហើយក្រសួងនឹងធ្វើការចាក់ការពារចែកចេញជាបីក្រុម។ ក្រុមទី១ចាក់ទៅលើស្ដ្រីមានផ្ទៃពោះ ក្រុមទី២ចាក់ទៅលើកុមារមានអាយុចាប់ពី៦ខែដល់អាយុក្រោម២ឆ្នាំ និងក្រុមទី៣ចាក់ការពារទៅលើមន្ដ្រីក្រសួងសុខាភិបាលតែម្ដង ដោយហេតុថា មន្ដ្រីទាំងនោះចុះទៅធ្វើការងារបង្ការជម្ងឺនេះផ្ទាល់ជាមួយនឹងអ្នកមានផ្ទុកមេរោគH1N1។ បន្ទាប់ពីចាក់ទៅលើក្រុមទាំងបីនេះហើយ ក្រសួងសុខាភិបាលមានបំណងចាក់ថ្នាំប្រភេទនេះការពារដល់អ្នកមានជម្ងឺរ៉ាំរ៉ៃ និងចាស់ជរាមួយចំនួនទៀតផង។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ដទៀតថា ប្រសិនបើបងប្អូនបានចាក់ថ្នាំការពារមេរោគនេះហើយ គឺអាចការពារបានមួយជីវិតតែម្ដង។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ រហូតមកទល់ពេលនេះ ជម្ងឺ AH1N1បានកើនឡើងរហូតដល់៥៦២ករណីគិតត្រឹមចុងខែកុម្ភៈឆ្នាំ២០១០នេះ។ បច្ចុប្បន្នក៏មានការថយចុះស្ទើរទាំងស្រុងផងដែរ ដោយក្នុងខែខ្លះមន្ដ្រីជំនាញរបស់លោករកឃើញមានម្នាក់ឬអត់តែម្ដង។ បន្ទាប់ពីមានការទប់ស្កាត់ដោយមានការពន្យល់ពីវិធីការពារផ្សេងៗ អត្រាធ្លាក់ចុះស្ទើរមួយរយភាគរយដែលបានឆ្លងមកលើមនុស្ស។ ប៉ុន្ដែលោកបារម្ភថា នៅថ្ងៃខាងមុខនេះអាចមានរលកវីរុស ថ្មីមួយទៀតនឹងបន្ដកើតមាននៅកម្ពុជា ព្រោះពេលនេះក្រសួងសុខាភិបាលកំពុងតែធ្វើការយកចិត្ដទុកដាក់ទប់ស្កាត់លើករណីថ្មីនេះ ដោយមានការចូលរួមដោយមន្ដ្រីជំនាញអន្ដរក្រសួងផងដែរ។ ហើយបច្ចុប្បន្ននេះក្រុមមន្ដ្រីទាំងអស់បានធ្វើការផ្សព្វផ្សាយអំពីការទប់ស្កាត់ និងទទួលវ៉ាក់សាំងការពារមេរោគAH1N1នេះជូនប្រជាពលរដ្ឋទូទៅ។
Leave a Reply