លោកអ្នកមួយចំនួនតែងតែគិតថា អាការហើមពោះអាចបណ្ដាលមកពីការទទួលទានចំណីខុស ឬចំណីអាហារណាដែល មិនល្អបង្កឱ្យមានជម្ងឺ ដូចជារាករូស ទល់ខ្យល់ជាដើម។ អាការទល់ខ្យល់នេះបើបានបន្សាំទុករយៈពេលពីរទៅបីថ្ងៃមិនព្រម បញ្ចេញខ្យល់នោះ អាចក្លាយទៅជាអាការហើមពោះ។ ប៉ុន្ដែបើតាមវេជ្ជសាស្ដ្រវិញ អាការហើមពោះគឺអាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារមិនដំណើរការល្អ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេសជម្ងឺសួតនិងហឺត នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដើម្បីបកស្រាយពីអាការហើមពោះ។
អាការហើមពោះ គឺជាអ្វី?
អាការហើមពោះបង្កឡើងដោយសារតែប្រដាប់រំលាយអាហារមិនដំណើរការល្អ និងក្រពះកិនអាហារមិនម៉ដ្ឋល្អ មិនអាច ចែករំលែកទៅឱ្យសរីរាង្គផ្សេងៗបាន។ ម្យ៉ាងទៀតអាការហើមពោះនេះអាចបណ្ដាលមកពីការទទួលទានអាហារមិនត្រឹមត្រូវ ឬ អាហារខូចគុណភាព អាហារសល់ និងពោរពេញទៅដោយមេរោគ។
មូលហេតុបណ្ដាលឱ្យមានអាការហើមពោះ
មានហេតុផលច្រើនយ៉ាងដែលបង្កឱ្យលោកអ្នកមានអាការហើមពោះ ដូចជាការទទួលទានអាហារ ឬភេសជ្ជៈណាដែល មានជាតិហ្គាសឬអាស៊ីតច្រើន។ មួយវិញទៀតការទទួលទានសាច់ច្រើនក៏អាចបង្កឱ្យមានអាការហើមពោះដែរ ព្រោះនៅពេលដែល អាហារធ្វើដំណើរមកដល់ក្រពះ ក្រពះពិបាកកិនហើយជាតិសាច់នៅដុំៗ ដល់ពេលក្លាយជាលាមក បញ្ចេញចោលធ្វើឱ្យពិបាកបន្ទោរបង់ ក៏ចាប់ផ្ដើមមានអាការចុកពោះហើយក្លាយមានអាការហើមពោះតែម្ដង។ ម្យ៉ាងទៀតលោកអ្នកដែលអង្គុយធ្វើការងារច្រើន ពោះវៀនមិនអាចធ្វើចលនាបត់បែនបានល្អ បណ្ដាលឱ្យស្ទះខ្យល់ក៏អាចធ្វើឱ្យហើមពោះបានផងដែរ។ លោកអ្នកមួយចំនួនទៀតមាន ជម្ងឺរាករូសហើយនៅពេលដែលប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់ជម្ងឺរាកមិនបានត្រឹមត្រូវ បែរជាទល់ខ្យល់វិញ បញ្ហានេះក្លាយទៅជាអាការ ហើមពោះ។ មូលហេតុមួយផ្សេងទៀតក៏អាចបណ្ដាលមកពីការស្ទះពោះវៀន ឬអាចមកពីការរលាកស្រោមពោះដែលទុកយូរក៏បង្កឱ្យមានអាការហើមពោះផងដែរ។
រោគសញ្ញានៃអាការហើមពោះ
មុនដំបូងអាការហើមពោះធ្វើឱ្យលោកអ្នកតឹងពោះ ឆ្អល់ពោះ ចុកពេញពោះ ហើយនៅពេលដែលលោកអ្នកគោះឮសម្លេង ដូចវាយស្គរ។ រោគសញ្ញាបែបនេះលោកអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលមកពីលោកអ្នកមានជម្ងឺផ្សេងៗទៀត ដូចជា ជម្ងឺក្រពះ ជម្ងឺពោះវៀនធំ ដែលឈឺរ៉ាំរ៉ៃទើបតែចាប់ផ្ដើមរើឡើងវិញ បន្ទាប់ពីលោកអ្នកទទួលទានចំណីដែលមានជាតិហ្គាស និងអាស៊ីតច្រើន ព្រោះថាអាហារទាំងនេះបានជំរុញឱ្យមានអាការហើមពោះ ដោយបង្កក្លាយទៅជាជម្ងឺផ្សេងៗទៀត។
វិធីព្យាបាលអាការហើមពោះ
វិធីព្យាបាលអាការហើមពោះនេះត្រូវព្យាបាលតាមរោគសញ្ញា ប្រសិនបើវាមានអាការហើមពោះដោយទល់ខ្យល់ខ្លាំង ត្រូវ ជ្រើសរើសវិធីយ៉ាងណាបំបាត់ការទល់ខ្យល់តាមរយៈការប្រើប្រាស់ថ្នាំសុងឱ្យខ្យល់ចេញតាមមាត់ ឬតាមរន្ធគូទ។ វិធីព្យាបាលមួយ ទៀតត្រូវរកមូលហេតុដែលបង្កឱ្យមានអាការហើមពោះជាមុនសិន។ ព្រោះអាការប្រភេទនេះអាចបណ្ដាលមកពីការរលាកក្រពះ ឈឺ ពោះវៀន ឬបញ្ហាផ្សេងៗទៀត។ ដូច្នេះប្រសិនបើលោកអ្នកមានអាការហើមពោះត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យ ជំនាញពិនិត្យរកមូលហេតុ ទើបការព្យាបាលមានប្រសិទ្ធភាព។ មិនត្រូវលេបថ្នាំបំបាត់អាការហើមពោះមុនពេលវេជ្ជបណ្ឌិតណែនាំឡើយ ព្រោះលោកអ្នកអាចទទួលគ្រោះថ្នាក់ដល់ជីវិតបានដោយសារតែមានប្រតិកម្មថ្នាំ ដោយការប្រើប្រាស់ថ្នាំអត់ចំទិសដៅនៃមុខ សញ្ញាជម្ងឺ។ ម្យ៉ាងទៀត ប្រសិនបើហើមពោះដោយសារការស្ទះពោះវៀន គឺត្រូវការការវះកាត់ជាបន្ទាន់ ព្រោះទុកយូរអ្នកជម្ងឺអាច ថប់ដង្ហើមស្លាប់មួយរំពេច។
វិធីការពារអាការហើមពោះ
ដើម្បីការពារកុំឱ្យមានអាការបែបនេះកើតឡើង លោកអ្នកត្រូវចៀសវាងទទួលទានអាហារណាដែលមានសារជាតិហ្គាស ឬអាចបង្កើតជាសារជាតិហ្គាសច្រើននៅក្នុងពោះ។ មិនគួរបរិភោគអាហារដែលនៅសេសសល់ហើយជូរផ្អូមខូចគុណភាពនោះទេ ព្រោះ អាហារទាំងនេះអាចបង្កឱ្យមានអាការក្អួតចង្អោរ រាករូស និងឈានដល់ទល់ខ្យល់ ហើមពោះតែម្ដង។ គប្បីទទួលទានបន្លែ ឱ្យបានច្រើន មិនត្រូវបរិភោគសាច់សត្វច្រើនពេកទេព្រោះអាចបង្កឱ្យមានអាការហើមពោះ ហើយពិបាកបន្ទោរបង់លាមកផងដែរ។
ផលប៉ះពាល់នៃអាការហើមពោះ
ប្រសិនបើមានអាការហើមពោះ លោកអ្នកគួរតែទៅរកគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុត ព្រោះបើទុកយូរអាចរីករាលដាលបង្កឱ្យមានជម្ងឺពោះវៀន ឬក្រពះ ជាពិសេសអាចរលាកស្រោមពោះទៀតផង។ លើសពីនេះបើទុកយូរអាចបង្កផលប៉ះពាល់ដល់ សរីរាង្គផ្សេងៗ ដូចជាជម្ងឺស្អិតពោះវៀន ឬជម្ងឺក្រពះរ៉ាំរ៉ៃ។ ក្នុងករណីព្យាបាលបានជាសះស្បើយហើយមិនអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ នោះជម្ងឺអាចរើនូវរោគសញ្ញានេះឡើងវិញ ហើយមិនអាចព្យាបាលជារហូតតែម្ដង។
ដំបូន្មានអ្នកជំនាញ
អាការហើមពោះងាយនឹងកើត ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្នក្នុងការទទួលទានចំណីអាហារ។ លោកអ្នកត្រូវចៀសវាងទទួលទានអាហារ ឬភេសជ្ជៈណាដែលផ្ដល់នូវថាមពលបង្កើតជាតិហ្គាស និងអាស៊ីត ព្រោះមានផលប៉ះពាល់ដល់ក្រពះនិងពោះវៀនលំបាកក្នុងការកិនបំបែក និងទទួលយកសារជាតិទាំងនេះទៅបំលែងសម្រាប់ចិញ្ចឹមសរីរាង្គផ្សេងៗ។ ម្យ៉ាងទៀតបើលោកអ្នកជួបប្រទះនូវអាការហើមពោះ ត្រូវរួសរាន់ទៅមន្ទីរពេទ្យដើម្បីពិនិត្យឱ្យទាន់ពេលវេលាដើម្បីព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply