ជម្ងឺ​ទឹកនោម​ប្រៃ

ជម្ងឺ​ទឹកនោម​ប្រៃ​ពុំសូវ​មានការ​ចាប់អារម្មណ៍​នោះឡើយ ទោះបីជា​មនុស្ស​ភាគច្រើន​តែងតែ​និយាយ​អំពីជម្ងឺ​ទឹកនោម​ផ្អែម ក៏ដោយ។ ប៉ុន្ដែ​ពេលនេះ ជម្ងឺ​ទឹកនោម​ប្រៃ​ក៏ជា​បញ្ហាមួយ​ផ្ដល់​គ្រោះថ្នាក់​ដល់​សុខភាព និង​បំផ្លាញ​សរីរាង្គ​របស់​លោកអ្នក​ឱ្យមាន​ការ ប្រែប្រួល​ខ្លាំងក្លា​ផងដែរ។ ម្យ៉ាងទៀត​ជម្ងឺនេះ​កើតមាន​ទូទៅ​មិន​ចំពោះ សូម្បី​តែកូន​ក្មេង ឬ​មនុស្សចាស់​ក៏មាន​ជម្ងឺ​ទឹកនោម​ប្រៃ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​អំពីជម្ងឺ​ទឹកនោម​ប្រៃ​ដែលបង្ក​គ្រោះថ្នាក់​យ៉ាងណា​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​លោក វេជ្ជបណ្ឌិត លឹម វឌ្ឍនា អ្នក​ឯកទេស​ជម្ងឺ​តម្រងនោម និងជា​ប្រធានផ្នែក​មជ្ឈមណ្ឌល ជា ស៊ីម លាងឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

ជម្ងឺ​ទឹកនោម​ប្រៃ​ជាអ្វី?

ជម្ងឺ​ទឹកនោមប្រៃ​គឺជា​ការ​បញ្ចេញ​សារជាតិ​មិនធម្មតា​ដែល​កើតឡើង​ដោយសារ​ជម្ងឺ​អ្វីមួយ​នៅក្នុង​ទឹកនោម ដែល​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម​មានលើសពី​៥០មីលីក្រាម​ក្នុង២៤​ម៉ោង ព្រោះ​ជាទូទៅ​ទឹកនោម​បញ្ចេញ​បាន​តិចជាង​៣០មីលីក្រាម​ប៉ុណ្ណោះ ក្នុង២៤​ម៉ោង។ ជាធម្មតា​វត្ដមាន​ជម្ងឺ​ទឹកនោមប្រៃ​នេះបាន​បង្ហាញ​ខ្លួន ឬ​ត្រូវរក​ឃើញ​នៅពេល​ដែលអ្នក​ជម្ងឺ​មកជួប​គ្រូពេទ្យ​ពេល​មាន អាការ​ហើម និង​ជម្ងឺ​រលាក​តម្រងនោម។ ជម្ងឺ​ទឹកនោម​ប្រៃនេះ​បែងចែក​ជា៣​យ៉ាងផ្សេង​គ្នា ៖

1 . ជម្ងឺ​ទឹកនោមប្រៃ​កើតឡើង​ដោយសារ​ធម្មជាតិ គឺជា​ទឹកនោម​ប្រៃដែល​កើតឡើង​តិចជាង​៥០មីលីក្រាម​ក្នុង​២៤ម៉ោង ។

2 . ជម្ងឺ​ទឹកនោមប្រៃ​កើតឡើង​ដោយសារ​ការងើប​អង្គុយ ឈរ ឬដេក គឺជា​ជម្ងឺ​កើតឡើង​តាមរយៈ​ជម្ងឺ​ផ្សេងៗ​មួយចំនួន បូកផ្សំ​ចូលគ្នា។

3 . ទឹកនោម​ប្រៃ​ស្ដែងចេញ​ឱ្យឃើញ​ពីអាការ​អ្នកជម្ងឺ ដូចជា​រលាក​តម្រងនោម ខ្សោយ​តម្រងនោម ឬហើម​ជាដើម។

មូលហេតុ​ដែល​បង្កឱ្យ​មានជម្ងឺ​ទឹកនោម​ប្រៃ

ជម្ងឺនេះ​ជាទូទៅ​កើតឡើង​ដោយសារ​ខ្លួនឯង ឬក៏​អាចកើត​មានឡើង​ដោយសារ​ជម្ងឺដទៃ​ទៀត។ តួយ៉ាង​ដូចជា​ករណី ជម្ងឺទឹកនោម​ផ្អែម ជាទូទៅ​បានផ្ដល់​នូវ​ផលវិបាក​​ទាំងនេះ។ ព្រោះ​បើមិន​ធ្វើការ​ព្យាបាល​ទប់ស្កាត់ វាអាច​ធ្វើឱ្យ​ខូច​តម្រងនោម ហើយ​ក៏មាន​ជម្ងឺ​ទឹកនោម​ប្រៃចេញ​មក។ ជម្ងឺ​ទឹកនោម​ប្រៃ​ជាទូទៅ​គេច្រើន​ហៅថា ជម្ងឺ​រលាក​តម្រងនោម។

រោគសញ្ញា​ជម្ងឺ​ទឹកនោម​ប្រៃ

អ្នកជម្ងឺ​ទឹកនោម​ប្រៃ មុនដំបូង​មាន​រោគសញ្ញា​ហើម ហើយ​អ្នកជម្ងឺ​មាន​អាការ​ហេវហត់ គ្មាន​កម្លាំង​កំហែង ចុះខ្សោយ ផ្លូវភេទ ហើយ​អ្នកជម្ងឺ​បញ្ចេញ​ទឹកនោម​ច្រើន អាចមាន​ប្រូតេអ៊ីន​លើសពី​៥០មីលីក្រាម​ក្នុង​២៤ម៉ោង។ លោកអ្នក​មួយចំនួន​មិនបាន ចាប់​អារម្មណ៍​ថាខ្លួន​មានជម្ងឺ​នេះឡើយ លុះ​ឈានដល់​កម្រិតមួយ​ធ្ងន់ធ្ងរ​សុខភាព​ចុះខ្សោយ​យ៉ាងខ្លាំង​ទើបទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ទើបដឹង​ថាខ្លួន​មានជម្ងឺ​ទឹកនោម​ប្រៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ទឹកនោម​ប្រៃ

វិធី​ព្យាបាល​គឺពឹងផ្អែក​ទៅលើ​លទ្ធផល​នៃជម្ងឺ​មួយៗ ប្រសិនបើ​វាកើតឡើង​ដោយសារ​ការ​រលាក​តម្រងនោម​នោះគឺ​គ្រូពេទ្យព្យាបាល​ជម្ងឺ​រលាក​តម្រងនោម។ ប្រសិនបើ​កើតឡើង​ដោយសារ​ការ​រលាក​ប្លោកនោម​ត្រូវ​ព្យាបាល​ទៅតាម​នោះ។ ប៉ុន្ដែ​អ្នកជម្ងឺ ទឹកនោមប្រៃ​មួយចំនួន​កើតឡើង​ដោយ​ឯងៗ ហើយ​មានតិចតួច​ដែលមាន​តិចជាង​១ក្រាម​ក្នុង​២៤ម៉ោង។ ហើយ​បើធ្វើការ​ពិនិត្យ​ទៅ ក្នុង​ទឹកនោម ឃើញមាន​គ្រាប់​ឈាមស។ គ្រូពេទ្យ​ផ្ដល់ថ្នាំ​ព្យាបាល​ទៅតាម​អាការរោគ​ទាំងនេះ។ ម្យ៉ាងទៀត​លោកអ្នក​មួយចំនួន​មានជម្ងឺ​លើសឈាម​ខ្លាំង ក៏អាច​ប្រឈមមុខ​នឹង​កើតជម្ងឺ​ទឹកនោម​ប្រៃ​នេះដែរ។ ចំពោះ​វិធី​ព្យាបាល​គឺត្រូវ​ធ្វើ​ទៅតាម​ការវិនិច្ឆ័យ​តាម មុខ​ជម្ងឺ​នីមួយៗ​របស់អ្នក​ជម្ងឺ​តែម្ដង។ ខណៈពេល​ដែល​គ្រូពេទ្យ​កំពុងតែ​យកចិត្ដ​ទុកដាក់​ព្យាបាល​នោះ អ្នកជម្ងឺ​អាច​វិវឌ្ឍន៍​លឿនលឿន​ទៅមុខ​ដោយមាន​កត្ដា​បីយ៉ាង ដូចជា​បន្ទាប់ពី​ព្យាបាល​ហើយនោះ​អាការ​ហើម​ចាប់ផ្ដើម​ស្រក។ ទីពីរ ទឹកនោម​អាចកើន​ច្រើនមក​វិញ ហើយ​ច្រោះចេញ​មកតាម​ការ​កំណត់​ច្បាស់លាល់។ ទីបី វិធី​ព្យាបាល​តាមការ​ប្រើប្រាស់​ថ្នាំផ្សះ ធ្វើឱ្យ​ជម្ងឺ​អាចឆាប់​ជាសះស្បើយ​ទាំង​អាការហើម និងជម្ងឺ​រលាក​ផ្សេងៗ ជាពិសេស​រលាក​តម្រងនោម និង​ប្លោកនោម​តែម្ដង។

វិធី​ការពារ​ជម្ងឺ​ទឹកនោម​ប្រៃ

ដើម្បី​ការពារ​ជម្ងឺ​ទឹកនោម​ប្រៃ ក្រោយពេល​ព្យាបាល​អ្នកជម្ងឺ​ត្រូវតែ​ឧស្សាហ៍​មកជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ និង​ប្រើថ្នាំ​ទប់ស្កាត់​ជម្ងឺនេះ​ក្រែង​រើឡើង​វិញដោយ​ប្រការ​ណាមួយ។

ផល​ប៉ះពាល់​នៃជម្ងឺ​ទឹកនោម​ប្រៃ

ជម្ងឺ​ទឹកនោម​ប្រៃ​គឺជា​ជម្ងឺដែល​ធ្វើឱ្យ​តម្រងនោម​មានការ​ចុះខ្សោយ។ នៅពេល​ដែល​តម្រងនោម​ចុះខ្សោយ​គឺបណ្ដាល​ឱ្យខូច ក្រលៀន អ្នកជម្ងឺ​ចាំបាច់​ត្រូវតែ​ដូរ​ក្រលៀន​ចេញ បន្ទាប់មក​អាច​ប្រើវិធី​លាងឈាម​ផងដែរ។ មិនតែ​ប៉ុណ្ណោះ​ប្រសិនបើ​ជម្ងឺ​ទឹកនោម ប្រៃ​នេះធ្លាក់​ដល់​កម្រិតមួយ​មិនអាច​ព្យាបាល​កើត អ្នកជម្ងឺ​អាច​ប្រឈមមុខ​នឹងការ​ស្លាប់​បាត់បង់​ជីវិត។ ព្រោះបើ​តម្រងនោម​ចុះខ្សោយ​ហើយ វាបាន​ទាញយក​សរីរាង្គ​ផ្សេងៗ ដូចជា​សរសៃ​ឈាម​បេះដូង សរសៃ​ខួរក្បាល ក្រពះ ពោះវៀន​ជាដើម មិនអាច​ដំណើរការ និង​ផ្លាស់ប្ដូរ​នូវ​ចរន្ដឈាម​បាននោះ​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មានអាការ​ហើម​មុខមាត់ ឬ​ដៃជើង ត្រូវ​រួសរាន់​មកកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​ឱ្យទាន់​ពេល វេលា ព្រោះ​អាការ​បែបនេះ​លោកអ្នក​កំពុងតែ​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ។ ម្យ៉ាងទៀត​លោកអ្នក​អាចកើត​ជម្ងឺ​ទឹកនោម​ប្រៃ និង ជម្ងឺ​មួយចំនួន​ទៀត ដូចជា​ជម្ងឺខ្សោយ​តម្រងនោម រលាក​ប្លោកនោម​ជាដើម។ មានតែ​គ្រូពេទ្យ​តែប៉ុណ្ណោះ​ដែលអាច​ដឹងថា លោកអ្នក​មានជម្ងឺ​អ្វី​ក្រោយពេល​ធ្វើការ​ពិនិត្យ និង​វិនិច្ឆ័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *