ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការប៉ះពាល់ជាច្រើនដល់ការរស់នៅរបស់មនុស្សយើង។ សកម្មភាពរបស់មនុស្ស បាននឹងកំពុងតែបង្កឱ្យការប្រែប្រួលកាន់តែខ្លាំងឡើង។ សូមលោកអ្នកស្វែងយល់អំពីផលប៉ះពាល់ទាំងឡាយដែលកើតឡើងដោយ សារការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត ទិន ពន្លក អ្នកសម្របសម្រួលគម្រោងនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាស ធាតុ បកស្រាយជូនលោកអ្នកអំពីការប្រែប្រួលអាកាសធាតុនេះតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមិនបញ្ឈប់ត្រឹមព្រំដែនប្រទេសទេ ពោលគឺទាំងប្រទេសជឿនលឿន និងប្រទេស កំពុងអភិវឌ្ឍន៍សុទ្ធតែរងគ្រោះដូចគ្នា។ ប៉ុន្ដែបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវរ៉ាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងរនៃផលប៉ះពាល់ពីការប្រែប្រួលអាកាស។ នេះក៏ព្រោះតែភាពក្រីក្រធ្វើឱ្យប្រជាពលរដ្ឋងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អ្នកក្រមិនមានសមត្ថភាព និងធនធានសមស្របសម្រាប់ដោះស្រាយ និងបន្សាំទៅលើការប្រែប្រួលអាកាសធាតុឡើយ។
ឧទាហរណ៍ ៖ កំណើនកម្ពស់ទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់ប្រជាជននៅបណ្ដាប្រទេសកោះ និងប្រទេសដែនដី សណ្ដទាបៗ ដូចជាបង់ក្លាដែស អេហ្ស៊ីប និងចិនជាដើម។ ភាគច្រើននៃតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ស្ថិតនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលនៅទីនោះមានក្រុងធំៗនៅក្នុងពិភពលោកប្រមាណ៣០តាំងនៅ។ កំណើនកម្ដៅពិភពលោកនឹងប៉ះពាល់ដល់ ការផ្គត់ផ្គង់ទឹក ហើយធ្វើឱ្យផលិតកម្មស្បៀងក្នុងតំបន់ត្រូពិច និងក្បែរត្រូពិចកាន់តែថយចុះ ជាទីដែលប្រទេសកំពុងអភិវឌ្ឍន៍ ភាគច្រើនស្ថិតនៅ ដែលប្រការនេះនឹងនាំឱ្យប្រជាពលរដ្ឋជាច្រើនរយលាននាក់ប្រឈមនឹងគ្រោះទុរភិក្សទៅអនាគត។ កំណើនកម្ដៅ នេះក៏ធ្វើឱ្យខូចខាតព្រៃក្រៅតំបន់ត្រូពិច នាំឱ្យបាត់បង់ប្រភេទនានា ព្រមទាំងធ្វើឱ្យជម្ងឺតំបន់ត្រូពិចរាតត្បាតទៅតំបន់ត្រជាក់បង្គួរ។
ភស្ដុតាងខ្លះៗស្ដីពីការប្រែប្រួលអាកាសធាតុ
- ភពផែនដីកំពុងកើនកម្តៅយ៉ាងឆាប់រហ័ស។ សីតុណ្អភាពកំពុងកើនឡើងរហ័សជាងកំណើនដែលធ្លាប់មានក្នុងអំឡុងពេល១០.០០០ឆ្នាំកន្លងទៅ។
- យោងតាមកំណតត្រាទសវត្សរ៍ឆ្នាំទី១៩៩០ ជាទសវត្សរ៍ដែលក្ដៅជាងគេ ហើយឆ្នាំ១៩៩៨ គឺជាឆ្នាំដែលក្ដៅជាងគេ។
- សីតុណ្ហភាពធម្យមនៃផ្ទៃផែនដីបានកើនឡើងរវាងពី០.៣ទៅ០.៦%ជ នៅក្នុងអំឡុងពេល១០០ឆ្នាំចុងក្រោយ។ សីតុណ្ហភាពនេះអាចនឹងកើនឡើង២%ជ បន្ថែមទៀតនៅក្នុងអំឡុងពេល១០០ឆ្នាំខាងមុខ ប្រសិនបើយើងនៅតែបន្ដបញ្ចេញឧស្ម័នផ្ទះ កញ្ចក់តាមកម្រិតដូចបច្ចុប្បន្ន។
- នីវ៉ូទឹកសមុទ្របានកើនឡើងប្រមាណពី១០ទៅ២៥សង់ទីម៉ែត្រ ក្នុងអំឡុងពេល១០០ឆ្នាំចុងក្រោយ ដោយសារការ រលាយទឹកកកនៅតំបន់ប៉ូល។ គេបានព្យាករណ៍ថា នឹងមានកំណើនប្រមាណ៥០សង់ទីម៉ែត្របន្ថែមទៀតត្រឹមឆ្នាំ២១០០។
- ស្ថានភាពអាកាសធាតុមិនអាចព្យាករណ៍បាន និងមិនប្រក្រតីតែងតែកើតមានជាញឹកញាប់ ដូចជាព្យុះសង្ឃរា ព្យុះភ្លៀង និងទឹកជំនន់ជាដើម។ នៅការចេញផ្សាយលេខក្រោយរបស់ទស្ថនាវដ្តី សុខភាពយើង លោកអ្នកនឹងទទួលជ្រាបកាន់តែលម្អិតជាបន្តទៀតអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
(សូមបន្តអាននៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply