ការថែរក្សាសួនក្នុងបរិវេណផ្ទះគឺជាវិធីមួយដ៏ល្អដែលធ្វើឱ្យផ្ទះ ឬលំនៅដ្ឋានរបស់លោកអ្នកមានសោភ័ណភាពគួរឱ្យ ទាក់ទាញ។ ប៉ុន្ដែប្រសិនបើលោកអ្នកមិនបានធ្វើការថែរក្សាសួនមិនបានដិតដល់នោះទេ វានឹងបណ្ដាលឱ្យលោកអ្នកជួបនូវបញ្ហា ជាច្រើនដែលលោកអ្នកស្មានមិនដល់។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយអ្នកនាង ហុក សុខគា អ្នកគ្រប់គ្រងនៅសួនសួគ៌ា នឹងធ្វើការបកស្រាយ អំពីវិធីថែរក្សាសួនក្នុងបរិវេណផ្ទះ ដើម្បីឱ្យលោកអ្នកបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
ការថែរក្សាសួនក្នុងបរិវេណផ្ទះ
ការថែរក្សាសួនក្នុងបរិវេណផ្ទះគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយការថែរក្សា និងការអភិវឌ្ឍន៍នូវសួនឡើងដើម្បីឱ្យមានសោភ័ណភាព និងមានទេសភាពល្អៗ។ សួនផ្សារភ្ជាប់រវាងជីវិតរបស់មនុស្សរស់នៅសព្វថ្ងៃទៅនឹងធម្មជាតិ។
លោកអ្នកធ្វើការបង្កើតសួនច្បារនេះឡើង គឺក្នុងគោលបំណងចង់ឱ្យអារម្មណ៍ និងខ្លួនរបស់យើងផ្សារភ្ជាប់ជាមួយធម្មជាតិ និងទេសភាពពិតៗ។ នៅពេលដែលលោកអ្នកមើលឃើញសួនផ្កា អារម្មណ៍ដែលមានបញ្ហាស្មុគស្មាញ និងភាពតប់ប្រមល់ត្រូវបានកាត់ បន្ថយបន្ដិចម្ដងៗ។ ព្រោះថាសួនជាផ្នែកមួយដែលលម្អទៅដោយក្បូរក្បាច់រចនា មានលក្ខណៈជាផ្កា ដុំថ្ម ដើមឈើ ទឹកជ្រោះ រុក្ខជាតិតូចធំ ដែលជាជម្រកដល់សត្វផ្សេងៗ(បក្សាបក្សី មេអំបៅ ត្រី…) និងទេសភាពជាចំណីចក្ខុនិងអារម្មណ៍។ ម្យ៉ាងទៀតសួនច្បារ វាជាផ្នែកមួយដ៏សំខាន់ជួយឱ្យផ្ទះសម្បែង ឬលំនៅស្ថានមានភាពគួរឱ្យទាក់ទាញ និងជាចំណាប់អារម្មណ៍។
វិធីថែទាំសួនច្បារក្នុងបរិវេណផ្ទះ
វិធីថែទាំដែលនាំមានឱ្យប្រសិទ្ធភាពជាងគេគឺចិត្ដរបស់មនុស្ស មានន័យថាការដាក់ចិត្ដទៅលើការងារ ទោះបីជាការងារនោះ លំបាកយ៉ាងណាក៏អាចធ្វើទៅបានដែរ។ នៅពេលដែលធ្វើការដាំផ្កាត្រូវដាំនៅកន្លែងដីសម្បូរទៅដោយជីវជាតិ ហើយមិនពិបាកក្នុង ការថែទាំ បន្ទាប់មកត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ ដាក់ជីទៅតាមរដូវកាលនីមួយៗ កាត់នូវអ្វីដែលខូចចេញ។ ត្រូវជ្រួយដីដាក់ជី ផ្កាប្រភេទខ្លះក៏ពិបាកក្នុងការថែទាំដែរ ប៉ុន្ដែភាគច្រើនសួនផ្កាត្រូវការពន្លឺថ្ងៃ។ គប្បីកុំប្រើប្រាស់ជីគីមីច្រើនពេក ដើម្បីកុំឱ្យមានផល ប៉ះពាល់ដល់បញ្ហាសុខភាពរបស់មនុស្ស។
ពាក្យចាស់បានពោលថា វ៉ៃបន្ទាយមួយស្រួល ប៉ុន្ដែក្នុងការថែរក្សាបន្ទាយមួយឱ្យបានគង់វង្សវាជាការលំបាក។ ហើយ សេចក្ដីស្រឡាញ់ក៏ដូចគ្នាដែរ នៅពេលដែលបែកបាក់ ឬបាត់បង់នូវសេចក្ដីស្រឡាញ់នឹងកើតទុក្ខព្រួយជាមិនខាន។ ប្រសិនណាបើលោក អ្នកបង្កើតបានជាសួនហើយត្រូវការថែរក្សា ក៏ប៉ុន្ដែប្រសិនណាបើមិនបានធ្វើការថែរក្សា និងការពារ វានឹងបណ្ដាលឱ្យមានការខូចខាត នៅបញ្ហាជាច្រើនដូចជា ៖
– ធ្វើឱ្យមានភាពចាស់ទ្រុឌទ្រោម លែងមានសោភ័ណភាពគួរឱ្យទាក់ទាញ
– ត្រូវការចំណាយពេលវេលាយូរក្នុងការស្ថាបនា និងថែរក្សាឡើងវិញ
– ចំណាយថវិកាច្រើនក្នុងការស្ថាបនា និងកែលម្អ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមិនគួរប្រើប្រាស់នូវជីគីមីច្រើនពេក ឬគួរចៀសវាងតែម្ដង ព្រោះបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស។ ព្រោះអ្វីដែលយើងធ្វើឡើង ដើម្បីចង់បាននូវការរស់នៅដែលពោរពេញទៅដោយផាសុកភាព និងសុភមង្គល។ សូមលោកស្រីអ្នកនាង កញ្ញាដែលមានបំណងចង់រចនា ឬស្ថាបនាសួនច្បារ ឬសួនទឹក គួរជ្រើសរើសនូវអ្នករចនាសួនដែលមានឯកទេស និងជំនាញច្បាស់លាស់ ចៀសវាងជ្រើសរើសអ្នកដែលមិនមានជំនាញច្បាស់លាស់ ដែលនាំឱ្យខាតពេលវេលា និងខាតទាំងថវិកា។
Leave a Reply