ថ្នាំបង្ការ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ

មាតុភាព​ជាកាតព្វ​កិច្ច និងជា​គោលការណ៍​ចម្បង​របស់​ធម្មជាតិ​បង្កើតមក​សម្រាប់​ស្ដ្រី​គ្រប់រូប​មិនអាច​ចៀសផុត។ ការ​ប្រើប្រាស់​ថ្នាំបង្ការ​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​ជាប្រការ​ដែល​ត្រូវ​អនុវត្ដ ដើម្បី​ទាំង​សុវត្ថិភាព​ម្ដាយ និង​ទារក។ ដូច្នេះការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ និង​ប្រើប្រាស់​ថ្នាំបង្ការ​ជាកត្ដា​ចាំបាច់​សម្រាប់​ស្ដ្រី​គ្រប់រូប​ក្នុងការ​រក្សា​ទារក​នៅក្នុង​ផ្ទៃ របស់​ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អ្នកជំនាញ​ផ្នែក​រោគស្ដ្រី និង​សម្ភព និង​ជាប្រធាន​ផ្នែក​សម្ភព នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត​នឹង​បកស្រាយ​ពីសារៈ​សំខាន់​នៃថ្នាំ​បង្ការ តាម​​​​​​​រយៈ​ទស្សនាវដ្ដី សុខភាពយើង។

កត្ដា​គ្រោះថ្នាក់​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ

ស្ដ្រីខ្លះ​ពេល​ដែលមាន​ផ្ទៃពោះ​ពុំបាន​ចាប់​អារម្មណ៍​ថា​ខ្លួនឯង​មានគភ៌​នៅឡើយ​ទេ ដោយ​សារតែ​កង្វះខាត​នៃការ​យល់ដឹង​ផ្នែក​សុខភាព​ឱ្យបាន​ស៊ីជម្រៅ​អំពី​ការបាត់​រដូវ​របស់​ខ្លួន ដែល​ជាដើម​ហេតុធ្វើ​ឱ្យមាន​ការ​រលូតកូន​ដោយ​មិនដឹង​ខ្លួន​ដល់ទៅ​៥០ភាគរយ នៃស្ដ្រី​កម្ពុជា ហើយ​ស្ដ្រី​ដែល​ពពោះ​រហូត​ដល់ថ្ងៃ​កើត​រលូត​អស់ដល់​ទៅ១០០នាក់​ក្នុង​ចំណោម​ស្ដ្រី​១០០០​នាក់។ រយៈពេល​មាន​ផ្ទៃពោះ​ជាការ​ប្រឈម​មុខ​ជាមួយ​គ្រោះថ្នាក់​យ៉ាង​ច្រើន ទាំង​កត្ដា​ខាងក្នុង និង​កត្ដា​ខាងក្រៅ ហើយ​អាចមាន​ផល​ប៉ះពាល់​ទាំងម្ដាយ និងកូន​ក្នុងផ្ទៃ​ដែលអាច​ធ្វើឱ្យ​ទារក​កើតមក​គ្មាន​សុខភាព​ល្អ មិនគ្រប់​លក្ខណៈ មិនគ្រប់​ខែ ឬក៏​រលូត​មុនកើត។ ទាំងនេះ​សុទ្ធសឹង​តែជា​គ្រោះថ្នាក់​ដែល​បង្ក​ចេញពី​ការ​រស់នៅ និង​ថែរក្សា​ខ្លួន​របស់​ម្ដាយ បូករួម​ទាំងការ​ហូបចុក និង​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់។

ថ្នាំបង្ការ​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ

គ្រាប់ថ្នាំ​បង្ការ​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​គឺជា​ឱសថ​រក្សា​គភ៌ រួមមាន​ថ្នាំគ្រាប់​ជីវជាតិ​ដែក និង​វ៉ាក់សាំង​ការពារ​ជម្ងឺ​តេតាណូស ដែលជា​ថ្នាំ​ចាំបាច់​បំផុត​សម្រាប់​ស្ដ្រី​ជាម្ដាយ​គ្រប់រូប​ក្នុង​អំឡុងពេល​ដែលមាន​ពពោះ និង​ក្រោយពេល​សម្រាល​រួច។

សារៈ​សំខាន់នៃ​គ្រាប់ថ្នាំ​បង្ការ

ការ​ទទួលបាន​វ៉ាក់សាំង និង​គ្រាប់ថ្នាំ​ជីវជាតិ​ដែក​ពិតជា​មានអត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អ្នកម្ដាយ និង​ទារក ព្រោះថា​វាជា​ឱសថ​ដែលមាន​សុវត្ថិភាព និង​សមត្ថភាព​សម្រាប់ស្ដ្រី​ក្នុងការ​ថែរក្សា​បំប៉ន​ទារក និងម្ដាយ​ឱ្យមាន​សុខភាព​ល្អ ចៀសឆ្ងាយ​ពី​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​ការ​រលូត ទារក​កើតមក​មិន​ប្រក្រតី មិន​គ្រប់ខែ និង​សុវត្ថិភាព​របស់​ទារក​ក្រោយពេល​ការ​ប្រសូត​មក ជាពិសេស​មាន​សមត្ថភាព​ក្នុងការ​បំពេញ​ជាតិដែក​សម្រាប់​ស្ដ្រី​ជាម្ដាយ មាន​សារៈសំខាន់​ក្នុងការ​បង្កើន​កោលិកា​ក្រហម​របស់​ឈាម ដើម្បី​ឱ្យស្ដ្រី​មាន​សុខភាព​ល្អ និង​រឹងប៉ឹង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​ដែល​តម្រូវឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ

ការ​រស់នៅ​របស់​ស្ដ្រីមាន​គភ៌​ជាភារៈកិច្ច​មួយដ៏​លំបាក ព្រោះ​សុខភាព​របស់​លោកស្រី​អ្នកនាង​ផ្ទាល់​មាន​ឥទ្ធិពល​ក្នុងការ​លូតលាស់​របស់​ទារក ដែល​កំពុង​រស់រាន​នៅក្នុង​ជីវិត​នៅក្នុង​ផ្ទៃ។ ទារក​ត្រូវការ​ថែរក្សា​បីបាច់​យ៉ាងខ្លាំង​តាំងពី​នៅក្នុង​ផ្ទៃម្ដាយ​មកម្ល៉េះ គ្រាប់ថ្នាំ​បង្ការ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ រួមមាន​វ៉ាក់សាំង​ការពារ​តេតាណូស និង​គ្រាប់ថ្នាំ​ជីវជាតិ​ដែក​មាន​សារៈ​យ៉ាង​សំខាន់ក្នុង​ការ​ការពារ​ម្ដាយ និង​ទារក ឱ្យរួច​ផុតពី​គ្រោះថ្នាក់​នៅអំឡុង​ពេលមាន​ផ្ទៃពោះ ដូចជា​ជម្ងឺ​តេតាណូស​ទារក និងការ​ខ្វះឈាម​ក្រោយ សម្រាល​របស់​ស្ដ្រី​ជាម្ដាយ។ ថ្នាំ​ទាំងនោះ​មាន​តួនាទីយ៉ាង​សំខាន់​ក្នុងការ​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម និង​ការពារ​ដល់ម្ដាយ​គ្រប់រូប។ ស្ដ្រី​ដែលមាន​គភ៌​ប្រៀប​ដូចជា​ពាងទឹក​ដែល​ត្រូវការ​ចាក់​បំពេញ​នូវ​ចំណុច​ខ្វះខាត និងការ​បំប៉ន​តាម​វេជ្ជសាស្ដ្រ​ឱ្យបាន​ត្រឹមត្រូវ។ ការ​ទទួលបាន​ថ្នាំ​គ្រាប់ជាតិ​ដែក និង​វ៉ាក់សាំង​ការពារ​តេតាណូស​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​ពេលវេលា​កំណត់ ជាប្រការ​ដែល​អ្នកម្ដាយ​ត្រូវយក​ចិត្ដ​ទុកដាក់ ប្រសិនជា​ចង់ឱ្យ​បុត្រ​របស់​លោកអ្នក​រួចផុត​ពី​គ្រោះថ្នាក់ អំឡុង​ពេល​ដែល​ទារក​ស្ថិត​នៅក្នុង​ផ្ទៃម្ដាយ និង​មាន​សុខភាព​ល្អ​បរិបូរណ៍​នោះ។

កាល​វិភាគ​នៃការ​ទទួល​វ៉ាក់សាំង​តេតាណូស

ការ​ចាក់ថ្នាំ​តេតាណូស​ត្រូវបាន​ធ្វើឡើង​ជាទៀងទាត់ បន្ទាប់​ពីបាន​ជួប និង​ទទួល​ថ្នាំតេតាណូស​ជាលើក​ទី១​ជាមួយ​គ្រូពេទ្យ​រួចហើយ។ ខាងក្រោម​នេះជា​តារាង​ជំនួយ​ស្មារតី​ដែល​ជួយ​សម្រួល​ដល់អ្នក​ក្នុងការ​ចងចាំ​ការ​ទទួល​យកថ្នាំ​តេតាណូស​ឱ្យបាន​ត្រឹមត្រូវ ៖

  • លើកទី១ ៖ ពេល​ជួបលើក​ដំបូង​​9ទោះជា​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ក៏ដោយ​ប។
  • លើក​ទី២ ៖ យ៉ាងតិច​៤អាទិត្យ​ក្រោយ​ចាក់វ៉ាក់​សាំង​តេតាណូស​លើកទី១។
  • លើក​ទី៣ ៖ យ៉ាងតិច​៦ខែ ក្រោយ​ចាក់វ៉ាក់​សាំង​តេតាណូស​លើក​ទី២ ឬពេល​មានផ្ទៃពោះ​លើក​ក្រោយ។
  • លើក​ទី៤ ៖ យ៉ាងតិច​១ឆ្នាំ​ក្រោយ​ចាក់វ៉ាក់​សាំង​តេតាណូស​លើក​ទី៣ ឬ​ពេលមាន​ផ្ទៃពោះ​លើក​ក្រាយ។
  • លើក​ទី៥ ៖ យ៉ាងតិច​ក្រោយ​ចាក់វ៉ាក់​សាំង​តេតាណូស​លើក​ទី៤ ឬ​ពេលមាន​ផ្ទៃពោះលើក​ក្រាយ។

រាល់់ការ​ទទួលថ្នាំ​បង្ការ​តេតាណូស​ទាំងអស់​គួរតែ​ធ្វើឱ្យ​បាន​ឆាប់ បើអាច​ប្រព្រឹត្ដ​ទៅបាន​គឺបន្ទាប់​ពីរយៈពេល​អប្បបរមា ដែលបាន​កំណត់​ទុក។ ប្រសិន​បើ​យុវនារី ឬ​ស្ដ្រី​ម្នាក់​បានចាក់​ថ្នាំតេតាណូស​បាន៥ដង​ត្រឹមត្រូវ នោះនឹង​អាច​ការពារ​ទប់ទល់​ជាមួយ​ជម្ងឺ​តេតាណូស​អស់មួយ​ជីវិត ហើយ​អាច​ការពារ​កូន​របស់​លោកស្រី​អ្នកនាង​បាន​ក្រោយ​ពីការ​សម្រាល​ទៀតផង។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ជាម្ដាយ​គ្រប់រូប​ត្រូវដឹង​ខ្លួនថា ខ្លួនមាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ទារក​នៅក្នុង​ផ្ទៃ​ឱ្យបាន​ល្អ។ អ្នកស្រី គប្បី​ចាក់វ៉ាក់​សាំង​ការពារ​ជម្ងឺ​តេតាណូស ទទួលទាន​គ្រាប់ថ្នាំ​ជាតិដែក​ដើម្បី​ថែរក្សា​គភ៌​ឱ្យបាន។ លើស​ពីនេះ​ត្រូវទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ត្រឹមត្រូវ ព្រោះ​ទង្វើ​ទាំងនេះ​អាចជួយ​ឱ្យម្ដាយ និង​ទារក​រួចផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែលអាច​កើតមាន​ឡើង នៅពេល​ពពោះ។ ការ​ប្រតិបត្ដិ​តាមការ​ណែនាំ​របស់​គ្រូពេទ្យ និងធ្វើ​ឱ្យ​គ្រួសារលោក​អ្នកមាន​សុភមង្គល​ជាមិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *