ជម្ងឺគ្រុនឈាម គឺជាប្រភេទជម្ងឺ ដែលច្រើនកើតមានលើកុមារ។ ជម្ងឺនេះ បង្កឡើងពីមូសខ្លាខាំ។ នៅក្នុងឆ្នាំនេះ កុមារកម្ពុជាជាច្រើនសិបនាក់បានបាត់បង់ជីវិត និងរាប់រយនាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ដោយសារតែរដូវនេះជារដូវវស្សា ហេតុនេះហើយ សត្វមូសក៏មានច្រើនផងដែរ។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ ជម្ងឺគ្រុនឈាម បានសម្លាប់មនុស្ស៦៣នាក់ហើយក្នុងចំណោមអ្នកជម្ងឺជាង១ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ដែលនាពេលច្ចុប្បន្ននេះបានកើនឡើងជិត៤ដង។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ង៉ាន ចាន់ថា នាយកកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនឈាមដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បានបន្តឲ្យដឹងថា បើទោះបីជាចំនួនមនុស្សស្លាប់ ដោយសារជម្ងឺគ្រុនឈាមកើនឡើងដល់ជាង៦៣នាក់ក៏ពិតមែន ក៏ប៉ុន្តែ បើប្រៀបធៀបកាលពីឆ្នាំ២០០៧ ក្នុងរយៈពេលដូចគ្នា គឺមានការថយចុះជាខ្លាំង ដោយកាលពីឆ្នាំ២០០៧មានមនុស្សស្លាប់បាត់បង់ជីវិត ៣១៦នាក់នៅទូទាំងប្រទេស ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាង២ម៉ឺននាក់ធ្លាក់ខ្លួនឈឺ។
មូលហេតុនៃការកើនឡើងនៃជម្ងឺគ្រុនឈាមនេះ គឺបណ្ដាលមកពីមូលហេតុមួយចំនួន ដូចជាបញ្ហាអាកាសធាតុភ្លៀងធ្លាក់ខុសរដូវ និងបញ្ហាការកសាងហេដ្ឋារចនាសង្គមជាដើម។
ក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុក្ខដាក់ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺគ្រុនឈាមនេះ ដោយក្រសួងបានចាត់វិធានការចុះចែក ថ្នាំសម្លាប់ដង្កូវទឹកឬអាប៊េតចំនួន២៩០តោន ដើម្បីយកទៅដាក់នៅក្នុងពាងទឹកប្រជាពលរដ្ឋនៅទូទាំងប្រទេស។ បើយោងតាមរបាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា អត្រាកើតមានជម្ងឺគ្រុនឈាមខ្ពស់ គឺមាននៅខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ឧត្តរមានជ័យ សៀមរាប និងខេត្តកណ្ដាល។ ជម្ងឺគ្រុនឈាមក៏កំពុងផ្ទុះរាតត្បាត នៅខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តកែប នាពេលបច្ចុប្បន្ននេះផងដែរ។ បើគិតដល់មកត្រឹមដើមខែកក្កដាឆ្នាំ២០១២នេះ មានកុមារកើតជម្ងឺគ្រុនឈាម១៥.៥៩៧នាក់។ ក្នុងនោះកុមារជាង៦០នាក់បានស្លាប់បាត់បង់ជីវិត ហើយកុមារស្លាប់ និងកើតជម្ងឺគ្រុនឈាមភាគច្រើនមានអាយុពី៥ឆ្នាំ ទៅ៩ឆ្នាំ។
ដូច្នេះ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះអាយុជីវិតកូនចៅរបស់លោកអ្នក សូមលោកអ្នកអនុវត្តចំពោះវិធីសាស្រ្តមួយចំនួន និងការបង្ហាញពីរបៀបប្រើប្រាស់ថ្នាំអាប៊េតឲ្យមានប្រសិទ្ធខ្ពស់ក្នុងការកំចាត់ប្រភពដែលកើតមូសខ្លាទៅតាមបរិមាណរបស់ទឹក។ សូមចូលអាន៖«ថ្នាំអាប៊េតចែកជូនដល់ប្រជារដ្ឋក្នុងខណ្ឌចំនួន៥»។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២
Leave a Reply