ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺគ្រុនចាញ់ បានថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងការថយចុះនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ក៏នៅតែមានការព្រួយបារម្ភណ៍ជាខ្លាំងផងដែរ ចំពោះជនចំណាកស្រុក ដែលនៅក្នុងឆ្នាំនេះ មានចលនាជនចំណាកស្រុកទៅធ្វើការនៅតំបន់គ្រុនចាញ់មានចំនួនច្រើនគួរឲ្យកត់សម្គាល់។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់បានឲ្យដឹងថា ស្ថានភាពជម្ងឺគ្រុនចាញ់ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២ មានការថយចុះជាងឆ្នាំ២០១១នៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២។ ចំនួនអ្នកកើតមានជម្ងឺគ្រុនចាញ់ដែលមកសម្រាកព្យាបាលដោយសេវាសាធរណៈ បូករួមទាំងភ្នាក់ងារសុខភាពភូមិ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ មានចំនួន ៣៥.៧១៣នាក់។ ចំនួននេះ បានថយចុះ ២៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ ដែលមាន៤៦.៣៦៣នាក់ក្នុងរយៈពេលដូចគ្នានេះ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារជម្ងឺគ្រុនចាញ់មាន៣១នាក់នៅឆ្នាំ២០១១ និង២៨នាក់នៅឆ្នាំ២០១២។
របាយការណ៍ដដែលបានបង្ហាញថា ករណីស្លាប់ដោយសាជម្ងឺគ្រុនចាញ់នេះ ភាគច្រើនជាអ្នកធ្វើចំណាកស្រុកទៅធ្វើការក្នុងតំបន់គ្រុនចាញ់ និងជាពិសេសអ្នកដែលទៅរកស៊ីក្នុងវិស័យឯកជន ដែលព្យាបាលមិនជាហើយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៅហើយ ទើបចូលមករកព្យាបាលនៅតាមសេវាព្យាបាលសារធារណៈយឺតពេល។ ក្នុងករណីនេះ អ្នកខ្លះស្លាប់តាមផ្លូវ ខ្លះស្លាប់ពេលចូលមកដល់មន្ទីរពេទ្យរដ្ឋដោយសារយឺតពេល ឬហួសពេលក្នុងការជួយសង្គ្រោះ។ ចំពោះអ្នកសង្ស័យកើតមានជម្ងឺគ្រុនចាញ់ដែលមករកសេវារដ្ឋ តាំងពីដំបូងមានអត្រាស្លាប់ទាបជាងអ្នកដែលមកទទួលការព្យាបាលយឺតយ៉ាវ។
ក្នុងត្រីមាសទី៣នៃឆ្នាំ២០១២នេះ មុង១លាន៣សែន នឹងត្រូវចែកជូនផ្ដាច់ ដល់ជនចំណាកស្រុកដែលទើបនឹងចូលទៅតាំងទីលំនៅបណ្ដើរៗ ក្នុងតំបន់ប្រឈមនឹងជម្ងឺគ្រុនចាញ់ និងការផ្តល់ជូនដល់ជនចល័ត ខ្ចីប្រើប្រាស់ដោយមានការធានាពីអង្គភាព ឬម្ចាស់ការដ្ឋានកសិកម្ម ម្ចាស់សាងសង់គមនាគន៍ធារាសាស្ដ្រ ម្ចាស់អាជីវកម្មរ៉ែ ឬភាគីណាមួយ ក្នុងករណីជនចល័តនោះ ទៅស្នាក់នៅបណ្ដោះអាសន្ន ដើម្បីធ្វើការនៅតំបន់គ្រុនចាញ់។ ចែកមុងជូនផ្ដាច់ដល់ប្រជាជន ដែលរស់នៅអចិន្ដ្រៃយ៍ក្នុងភូមិ ដែលប្រឈមនឹងជម្ងឺគ្រុនចាញ់ ប៉ុន្ដែពួកគេនៅមិនទាន់បានទទួលមុងក្នុង យុទ្ធនាការកាលពីពេលថ្មីៗនេះនៅឡើយទេ ដោយសារខ្វះមុង។
ជាទូទៅ ដើម្បីសម្រេចគោលបំណងក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជម្ងឺគ្រុនចាញ់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់មាន៣កត្តាបីយ៉ាងសំខាន់ៗគឺ៖
1 . ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ត្រូវសម្រាន្តនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារមិនឲ្យមូសដែកគោលញី ចម្លងគ្រុនចាញ់ តាមរយៈការជម្រុញឲ្យប្រជាជន ដែលរស់នៅជាអចិន្ដ្រៃយ៍ ឬធ្វើចំណាកស្រុកដែលតែងតែចូលទៅប្រកបរបរក្នុងតំបន់គ្រុនចាញ់។
2 . ការធានាឲ្យមាននូវសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ដែលត្រូវចាប់ផ្ដើមពីថ្នាក់ភូមិ។ ក្នុងនោះពុំតម្រូវឲ្យបង់ថ្លៃសេវាសាធារណៈចំពោះការព្យាបាលជម្ងឺគ្រុនចាញ់នោះទេ។
3 . ការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ប្រកាន់ឥរិយាបទមានសុវត្ថិភាព ក្នុងការបង្ការ ឬការទទួលសេវា ធ្វើរោគវិនិច្ឆ័យជម្ងឺគ្រុនចាញ់ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងមានសុវត្ថិភាព។
ជម្ងឺគ្រុនចាញ់នៅទូទាំងសកលលោកកាលពីឆ្នាំ២០០០ដល់២០១០ បានថយចុះ២៥% ក្នុងចំណោម៩៩ប្រទេសដែលមានជម្ងឺគ្រុនចាញ់។ ក្នុងនោះអ្នកកើតជម្ងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះ៥៤%។ កាលពីឆ្នាំ២០១១ អត្រាអ្នកឈឺជម្ងឺគ្រុនចាញ់ នៅកម្ពុជាបានថយចុះយ៉ាងច្រើន គឺ៣៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ដែលជាហេតុនាំឲ្យ កម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សឆ្នាំ២០១៥ បាន៤ឆ្នាំមុនកាលកំណត់។ អត្រាស្លាប់គ្រុនចាញ់ ក្នុងប្រជាជនកម្ពុជា១សែននាក់ បានថយចុះពី១៤,៣នាក់ នៅឆ្នាំ១៩៩៨ មកនៅត្រឹម ០,៦៧នាក់ នាឆ្នាំ២០១១ ខណៈដែលគោលដៅអភិវឌ្ឍន៍សហសវត្សកំណត់ត្រឹមតែ០,៧៨នាក់។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២
Leave a Reply