បញ្ហាបេះដូងចំពោះអ្នកជម្ងឺទឹកនោមផ្អែមគឺដោយសារតែកម្រិតជាតិស្ករឡើងខ្ពស់ ហើយបំផ្លាញសរសៃឈាម ធ្វើឱ្យសរសៃឈាមទាំងនោះកាន់តែឡើងក្រាស់រឹងហើយរួញ។ ហេតុនេះទើបបណ្ដាលឱ្យមានការលំបាកក្នុងលំហូរនៃចរន្ដឈាម។ ដោយសារតែបញ្ហានេះហើយទើបអ្នកជម្ងឺទឹកនោមផ្អែមត្រូវប្រឈមមុខជាមួយជម្ងឺបេះដូងជាច្រើនប្រភេទ។
នៅក្នុងលេខនេះ លោកវេជ្ជបណ្ឌិត សុខ ប៊ុណ្ណា អ្នកឯកទេសជម្ងឺទឹកនោមផ្អែមប្រចាំគ្លីនិកទឹកនោមផ្អែម អាយ អ៊ីម អាយ បរិយាយជូនលោកអ្នកអំពីផលវិបាកនៃជម្ងឺទឹកនោមផ្អែមលើសរសៃឈាម តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជារោគសញ្ញានៃជម្ងឺគាំងបេះដូង?
រោគសញ្ញាគ្រោះថ្នាក់នៃជម្ងឺគាំងបេះដូង មានដូចជាការឈឺចាប់ដើមទ្រូង សម្ពាធឈាមមិនធម្មតា មានអារម្មណ៍ថារមូលៗ រកកលក្អួតចង្អោរជាដើម។ ការឈឺចាប់នោះរីកសាយភាយរហូតដល់ស្មា ក ឬដៃ ជាពិសេសនៅដៃផ្នែកខាងឆ្វេង។ ការមានអារម្មណ៍ថាមិនមានផាសុកភាពនៅលើទ្រូង ខ្សោយ បែកញើស ចង់ក្អួត ដកដង្ហើមដាច់ៗ គឺជារោគសញ្ញាដែលគួរឱ្យកត់សម្គាល់។ បន្ថែមលើសពីនេះទៀត រោគសញ្ញាមួយចំនួននៃជម្ងឺគាំងបេះដូង មានដូចជាវិលមុខ ធីងធោង ឈឺពោះ ឬក្រពះ ពិបាកក្នុងការដកដង្ហើម ស្លេកស្លាំង ត្រជាក់បែកញើសជាដើម។ អ្នកជម្ងឺទឹកនោមផ្អែមរយៈពេលយូរគឺប្រហែលជាមិនមានការឈឺចាប់នៅលើទ្រូង ទេ។ ប្រសិនបើលោកអ្នកមានអាការដូចខាងលើ លោកអ្នកគួរតែទៅរកការព្យាបាលជាបន្ទាន់។
មូលហេតុដែលអ្នកជម្ងឺទឹកនោមផ្អែមត្រូវប្រឈមជាមួយជម្ងឺបេះដូង
បញ្ហាបេះដូងចំពោះអ្នកជម្ងឺទឹកនោមផ្អែមគឺដោយសារតែកម្រិតជាតិស្ករឡើងខ្ពស់ ហើយបំផ្លាញសរសៃឈាម ធ្វើឱ្យសរសៃឈាមទាំងនោះកាន់តែឡើងក្រាស់រឹងហើយរួញ។ ហេតុនេះទើបបណ្ដាលឱ្យមានការលំបាកក្នុងលំហូរនៃចរន្ដឈាម។ អ្នកជម្ងឺទឹកនោមផ្អែមមានកម្រិតជាតិខ្លាញ់ខ្ពស់នៅក្នុងសរសៃឈាម ដោយសារតែអសកម្មភាពនៃអាំងស៊ុយលីន និងកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម។ ជាតិខ្លាញ់ដែលនៅក្នុងសរសៃឈាមរារាំង និងបន្ទុចបង្អាក់នូវចរន្ដឈាម។ ជាតិស្ករខ្ពស់នៅក្នុងឈាមរយៈពេលយូរ បំផ្លាញនូវប្រូតេអ៊ីនដែលនៅក្នុងសាច់ដុំបេះដូង ដែលវាជះឥទ្ធិពលជាអវិជ្ជមានដល់សមត្ថភាពរបស់បេះដូង។
កត្ដាប្រឈមមុខនឹងគ្រោះថ្នាក់នៃជម្ងឺគាំងបេះដូងចំពោះអ្នកជម្ងឺទឹកនោមផ្អែម
កត្ដាប្រឈមនឹងគ្រោះថ្នាក់ចម្បងនៃជម្ងឺគាំងបេះដូងគឺកើនឡើងតាមអាយុភេទ កត្ដាតំណពូជ ការប្រើប្រាស់ថ្នាំជក់ ការកើនឡើងនូវជាតិខ្លាញ់ខ្ពស់ក្នុងឈាម សម្ពាធឈាមខ្ពស់ អសកម្មភាពនៃរាងកាយ ភាពធាត់ហួស និងការលើសទម្ងន់ ជម្ងឺទឹកនោមផ្អែម និងការតប់ប្រមល់ផ្លូវចិត្ដ។
ផលវិបាកលើសរសៃឈាមធំៗ
ផលវិបាកនៃសរសៃឈាមធំៗគឺជាផលវិបាកដែលបណ្ដាលឡើងដោយការបំផ្លាញសរសៃឈាមធំៗ ជាពិសេសសរសៃ ឈាមបេះដូង ខួរក្បាល និងសរសៃឈាមតភ្ជាប់ទៅនឹងអវយវៈ ដោយសារតែមិនមានការគ្រប់គ្រងជម្ងឺទឹកនោមផ្អែមឱ្យបានល្អ។ ផលវិបាកទាំងនេះកើតឡើងដោយសារការកើតជម្ងឺទឹកនោមផ្អែមរយៈពេលយូរ។ សារធាតុខ្លាញ់ខាប់កករឹង ហើយឈាមកកនៅក្នុងសរសៃឈាម ឬកាត់បន្ថយនូវលំហូរនៃចរន្ដឈាម។ ប្រសិនបើឈាមដែលផ្គត់ផ្គង់ទៅឱ្យសាច់ដុំបេះដូងត្រូវបានកាត់បន្ថយ ដោយសារតែសន្ទះមួយនោះ ជម្ងឺគាំងបេះដូងនឹងអាចកើតឡើង។ ប្រសិនបើការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលត្រូវបានកាត់បន្ថយ នោះជម្ងឺដាច់ សរសៃឈាមក្នុងខួរក្បាលអាចកើតឡើង។ ប្រសិនបើការផ្គត់ផ្គង់ឈាមទៅកាន់អវយវៈត្រូវបានកាត់បន្ថយ ឬស្ទះ អាចបណ្ដាលឱ្យមានដំបៅរលួយបាន។
វិធីដែលអ្នកជម្ងឺទឹកនោមផ្អែមអាចការពារជម្ងឺបេះដូង
ជាការពិតវាមិនមានវិធីសាស្ដ្រណាឱ្យច្បាស់លាស់ ដើម្បីការពារកុំឱ្យកើតជម្ងឺបេះដូងនោះទេ ប៉ុន្ដែមានវិធីសាស្ដ្រមួយចំនួន ដែលអាចកាត់បន្ថយនូវគ្រោះថ្នាក់នៃជម្ងឺបេះដូង។ វិធីសាស្ដ្រទាំងនោះរួមមាន ៖
- ឈប់ពិសាបារី ឬស្រា និងគប្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- បរិភោគអាហារដែលមិនប្រៃ ផ្អែម ឬខ្លាញ់ពេក
- ត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីរក្សានូវសម្ពាធឈាម និងជាតិស្ករឱ្យនៅកម្រិតធម្មតា
- បញ្ចុះទម្ងន់ ប្រសិនបើលើសទម្ងន់ និងរក្សាទម្ងន់ឱ្យស្ថិតនៅកម្រិតធម្មតា។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលមានជម្ងឺទឹកនោមផ្អែមគប្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រោះផលវិបាកនៃជម្ងឺនេះមានច្រើនប្រការ។ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់ នៅពេលដែលមានបញ្ហាមិនក្រក្រតី។ សម្រាប់លោកអ្នកដែលមានក្រុម គ្រួសារមានជម្ងឺនេះ គប្បីមានការប្រុងប្រយ័ត្ន ព្រោះលោកអ្នកមានអត្រាប្រឈមមុខនឹងជម្ងឺខ្ពស់ជាងអ្នកធម្មតា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply